“វិថីសុភមង្គល” សៀវភៅស្នាដៃនិពន្ធរួមគ្នារបស់ស្វាមីភរិយាអ្នកនិពន្ធមួយគូ

  • September 26th, 2019

វាជារឿងមួយដ៏កម្រខ្លាំងណាស់ដែលមាន​ស្វាមីភរិយា​មួយគូគឺ លោក ហេង សុវណ្ណ និង អ្នក​នាង ឡាយ ឈីម៉ីម៉ី បានរួមគ្នាតាក់តែងនិពន្ធសៀវភៅ “វិថីសុភមង្គល” ​ឡើង ដើម្បីទុក​ជាប្រយោជន៍ដល់​បុគ្គលទាំងឡាយដែលមានបំណងចង់មានសុភមង្គលពិតប្រាកដក្នុង​ជីវិត​ ដោយ​​កន្លង​មករឿង​បែបនេះ​មិន​ធ្លាប់​កើត​មាន​​ឡើយក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ ហើយ​អ្វីដែល​រឹតតែ​ពិសេសបំផុត​នោះ ស្វាមី​ភរិយា​​អ្នក​និពន្ធ​មួយគូនេះ ថែមទាំងយក​​សៀវភៅ​ដែល​​ជា​ស្នាដៃ​និពន្ធ​​រួម​គ្នា​របស់​ខ្លួន​នេះ ចែកជាអំណោយដល់​ភ្ញៀវ​កិត្តិយសដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​រៀបអាពាហ៍​ពិពាហ៍​របស់​ខ្លួនទៀតផង ដែល​ទង្វើ​នេះ​ពិតជា​ប្រពៃ និងគួរឱ្យសរសើរខ្លាំងណាស់។

ទាក់ទង​នឹង​សៀវភៅ​ “វិថីសុភមង្គល” ខាងលើនេះ លោក ហេង សុវណ្ណ ដែល​ជា​សហនិពន្ធជាមួយភរិយាខ្លួន ​អ្នក​នាង ឡាយ ឈីម៉ីម៉ី បាន​រៀប​រាប់​បង្ហាញ​ពី​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យ​លោក​និង​ភរិយា​រួមគ្នា​​និពន្ធសៀវភៅនេះថា៖ “មុននឹងបង្ហាញពីមូលហេតុដែលនាំឱ្យខ្ញុំសរសេរសៀវភៅនេះ ខ្ញុំចង់បញ្ជាក់ផងដែរថា ក្រៅពី​អាជីពជាអ្នកនិពន្ធ ខ្ញុំជាអ្នកសារព័ត៌មានម្នាក់ដែលមានមានកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់នូវព័ត៌មាន​ជុំវិញការរស់នៅរបស់ប្រជាជនខ្មែរ​។ ក្នុងអាជីពនេះ ធ្វើឱ្យខ្ញុំមើលឃើញពីរឿងរ៉ាវជាច្រើនដែលកើតឡើងជារៀងរាល់ថ្ងៃដូចជាបញ្ហាឃាតកម្ម អត្តឃាត​ ការបោកប្រាស់គ្នា ការហែកហួរគ្នារវាងអតីតដៃគូ និងបញ្ហាចាក់ស្រះជាច្រើនផ្សេងទៀតក្នុងជីវភាពរបស់ប្រជាជនខ្មែរ កើតឡើងដោយសារតែកង្វះ​ចំណេះដឹង​ក្នុងការរស់នៅ ជាពិសេស​ជីវិតអាពាហ៍ពិពាហ៍។ មានរឿងរ៉ាវធ្ងន់ធ្ងរជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ដែលកើតចេញពីបញ្ហាទំនាក់ទំនង ដូចជាប្តីសម្លាប់ប្រពន្ធ ប្រពន្ធសម្លាប់ប្តី ឬការលែងលះដោយហេតុផលងាយៗជាច្រើន​ធ្វើ​ឱ្យមានការភ្ញាក់ផ្អើលដោយសារតែ​ភាគីនីមួយៗមិនមានចំណេះដឹង និងមិនបានត្រៀមខ្លួនល្អក្នុងនាមជាប្តី ឬក្នុងនាមជាប្រពន្ធនៅឡើយ។ យុវជន សម្រេចចិត្តរៀបការងាយៗ ដោយខ្វះការពិចារណា បន្ទាប់មកក៏បង្ករជាវិបត្តិ និងការសោកស្តាយ រហូតដល់អ្នកខ្លះសម្រេចចិត្ត​សម្លាប់ខ្លួនទាំងវ័យក្មេងក៏មាន។”

លោក​បាន​បន្ត​ថា “ដោយមើលឃើញពីចំណុចអវិជ្ជមានទាំងអស់នេះ ខ្ញុំយល់ឃើញថា​ អាជីពជាអ្នកព័ត៌មាន និងជាអ្នកនិពន្ធមិនខុសគ្នានោះទេ គោលបំណងសំខាន់បំផុតនៃការងារនេះ គឺប្រើប្រាស់ទឹកប៊ិកដើម្បីដោះស្រាយបញ្ហា។ ហេតុនេះហើយទើបខ្ញុំចាប់ផ្តើមប្រមូលបញ្ហានានាដែលជាចំណុចអសកម្មទាំងអស់នោះ មកធ្វើការបកស្រាយ និងចែករំលែកពីបទពិសោធនមួយចំនួនដែលជាច្រកចេញ​ងាយៗតែមនុស្សគ្រប់គ្នាមិនយកចិត្តទុកដាក់ពិចារណា។ លើសពីនេះទៅទៀត ខ្ញុំក៏បានបញ្ចូលនូវ​ទិដ្ឋភាពមួយចំនួនទៀតផងដែរ ក្រៅពីអត្ថបទពាក់ព័ន្ធនឹងជីវិតអាពាហ៍​ពិពាហ៍ដើម្បី​ជួយដល់សារធារណជនទាំងអស់ឱ្យ​ចេះរស់នៅក្នុងជីវិតប្រកបដោយសន្តិភាព ព្រោះបើនិយាយពីសុភមង្គលមួយម៉ាត់មានអត្ថន័យទូលំទូលាយណាស់ ដោយក្នុងនោះរាប់ទាំងសុភមង្គលក្នុងជីវិតគ្រួសារ សុភមង្គលក្នុងការងារ ឬសុភមង្គលក្នុងការរស់នៅ​ជាទូទៅជាដើម។ អ្វីៗដែលខ្ញុំបានរៀបរាប់​ទាំងអស់​នេះហើយ គឺជា​មូលហេតុ​ធ្វើ​ឱ្យ​កើតមាន​សៀវភៅ “វិថី​សុភមង្គល” នេះ​ឡើង​នៅពេលនេះ ដែលលោកអ្នកអានរកទិញយកមកអានស្វែងយល់បាន នៅតាមបណ្ណាគារនានា និងអាចរកទិញបាននៅគ្រប់កម្មវិធីរបស់ Daily Plus ក្នុងតម្លៃ ២២.០០០រៀល(ពីរម៉ឺនពីរពាន់រៀល)។”

លោក ហេង សុវណ្ណ ដែល​ជា​ស្វាមី គឺជានិពន្ធកម្ពុជាមួយរូប​ដែលប្រកបដោយ​ទឹកដៃ និងសំនួនវោហារសព្ទក្នុងការដោះស្រាយយ៉ាង​ខ្លាំង ទាំង​បញ្ហាជីវិតនិងសង្គម​ ដែល​រហូត​មក​ទល់​នឹង​ពេលនេះ​លោក​ធ្លាប់​ត្រូវ​បាន​គេអញ្ជើញ​ឱ្យ​ធ្វើ​ជាវាគ្មិន​ចែល​រំលែក​បទពិសោធ​ចំណេះដឹង​ផ្នែក​នេះ​មិនតិច​កម្មវិធីឡើយ។ អ្នក​និពន្ធ​ដែលពោរពេញដោយគំនិតក្នុង​ការ​ដោះស្រាយបញ្ហារូបនេះ បានបញ្ចប់ការសិក្សាផ្នែកនីតិសាស្រ្ត (ច្បាប់) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីដើមឆ្នាំ​ ២០១៥ បន្ទាប់មកលោក​ក៏​បាន​បម្រើការងារនៅស្ថាប័នរដ្ឋមួយ មុននឹង​អភិវឌ្ឍ​ខ្លួន​ជាផលិតករ​កម្មវិធីវិទ្យុ, គ្រូបង្វឹក​ការតស៊ូមតិក្នុងកម្មវិធី The Perspectives Cambodia, ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃគម្រោង​តស៊ូមតិថ្នាក់ជាតិ, ពិធីករព័ត៌មានទូរទស្សន៍ និងជាអ្នកកាសែតផ្នែកអប់រំមួយរូបដូច​សព្វ​ថ្ងៃ។ ក្នុងកំឡុងពេល​ដែលលោកសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យ លោកដណ្តើមបាន ជ័យលាភីលេខ១ថ្នាក់ជាតិ ឆ្នាំ២០១៣ ផ្នែកសរសេរអត្ថបទសង្គម​ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលរៀបចំ​ឡើង​ដោយ “អង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការតម្លាភាពកម្ពុជា” និងទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធី “ជើងឯកតស៊ូមតិដើម្បីតម្លាភាពឆ្នាំ ២០១៥”។ លោក​ចូលចិត្តសរសេរណាស់ បើទោះបីជាលោក​មានពេលវេលាតិចតួចពីការងារក៏ដោយ ក៏​លោកតែងតែឆ្លៀតពេលវេលាផ្ទាល់ខ្លួនសរសេរដែរ ដូចជាសរសេរ​អត្ថបទសាកល្បង, កំណាព្យ និងបទវិភាគមួយចំនួនជាដើម​ ដែលស្នាដៃ​របស់​លោក​ភាគ​ច្រើនត្រូវបានស្នើសុំសិទ្ធិ​​ផ្សព្វផ្សាយដោយ​សារព័ត៌មានមួយ​ចំនួន​ក្នុងស្រុកជាបន្តបន្ទាប់ ព្រោះ​​ជា​ស្នាដៃ​ល្អសម្រាប់​អ្នក​អាន។

លោកបាន​បង្ហាញ​ពី​​ស្នាដៃ​តែង​និពន្ធ​ទាំង​អស់​របស់​លោក​ថា “មុន​សៀវភៅ «វិថីសុភមង្គល» ដែលជា​​ស្នាដៃ​និពន្ធ​រួម​គ្នាជាមួយភរិយា​ខ្ញុំ​នេះ កន្លងមកខ្ញុំធ្លាប់បានបោះពុម្ពសៀវភៅ២ក្បាលរួចមកហើយ ដោយទី១​សៀវភៅមាន​ចំណង​ជើងថា «គំហើញជីវិត គំនិតពទ្ធិ» បោះពុម្ពផ្សាយដើមឆ្នាំ២០១៣ និងទី២ ជាសៀវភៅជំនួយស្មារតី និងស្រាវជ្រាវពីការជ្រើសរើសជំនាញសិក្សា បោះពុម្ពឆ្នាំ២០១៥។ ឯ​​សៀវភៅ​ «វិថីសុភមង្គល» ជាសៀវភៅ​ទី៣ ដែល​បាន​បោះពុម្ពផ្សាយលើក​ទី១នៅឆ្នាំ២០១៨ និងកំពុង​រៀបចំកែសម្រួលបន្ថែមបោះពុម្ព​លើកទី២នៅឆ្នាំ២០១៩ នេះ។ ចំណែក​ឆ្នាំក្រោយៗទៀត ខ្ញុំក៏​នឹងមានស្នាដៃថ្មីៗចេញ​ផ្សាយ​ជាបន្តបន្ទាប់​ទៀតយ៉ាងហោច​ក៏​​មួយក្បាលក្នុងមួយឆ្នាំផងដែរ… ហើយសៀវភៅបន្ទាប់ដែលខ្ញុំ​កំពុងតែ​សរសេរនេះ គឺពាក់ព័ន្ធនឹងគំនិត​អប់រំរបស់​ស្ថាបនិកគ្រឹះស្ថានអប់រំ​ម្នាក់។”

លោក​បាន​បន្ត​សម្ដី​មុន​នឹង​​បញ្ចប់​បទសម្ភាសន៍ថា ​ស្នាដៃទាំងអស់ដែលខ្ញុំបង្កើតឡើងរហូតមកដល់បច្ចុប្បន្ននេះ អាចអភិវឌ្ឍទៅបានដោយសារតែមានការជំរុញទឹកចិត្តដ៏ខ្លាំងពី​មិត្តអ្នកអានកន្លងមកដែលតែងតែគាំទ្រ និងផ្ញើសារ​ត្រឡប់ដើម្បីបញ្ចេញមតិ ក៏ដូចជាបង្ហាញពីផលដែលកើតចេញពីការយកអត្ថន័យនៃអត្ថបទនីមួយៗយកទៅអនុវត្តជាក់ស្តែង។ កម្លាំងចិត្តនេះ នឹងធ្វើឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែង​ធ្វើយ៉ាងណាដើម្បីរៀបចំនិពន្ធ និងស្រាវជ្រាវបន្ថែមដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលសាធារណជន​ចង់ឱ្យចូលរួមដោះស្រាយ។ ក្រៅពីនេះ ក៏សូមលើកទឹកចិត្តឱ្យ​មិត្តអ្នកអានទាំងអស់ចាប់ផ្តើមសាកល្បង​អានស្នាដៃដែលនិពន្ធដោយប្រជាជនខ្មែរប្រសិនបើមិនធ្លាប់អានស្នាដៃ ឬមិនចង់អានដោយសារតែគិតថាកម្រិតនៃការសរសេរមិនទាន់ល្អដូចសៀវភៅបរទេស។ តាមពិតទៅខ្ញុំមិនហ៊ានវាយតម្លៃ ឬគ្មាន​អ្វីអះអាង​ឱ្យច្បាស់ថាស្នាដៃបច្ចុប្បន្ននេះ ល្អខ្លាំង ឬមានតម្លៃត្រូវតែអាននោះទេ តែខ្ញុំសូមលើកទឹកចិត្តឱ្យលោកអ្នកសាកល្បងចាប់ផ្តើមអាន​ជាមុនសិន មុននឹងធ្វើការវាយតម្លៃ និង​សូមតាង​នាម​ឱ្យភរិយាខ្ញុំដែលជា​សហនិពន្ធសៀវភៅ “វិថីសុភមង្គល” សូម​ថ្លែង​អំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រិយមិត្តអ្នក​អាន​ទាំង​ឡាយ​ដែល​បាន​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​យើង​ខ្ញុំនេះ! ជាពិសេស​សូមអរគុណដល់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ដែល​បាន​សម្ភាសន៍​យើង​ខ្ញុំ​ចុះ​ផ្សាយ​នៅ​ពេលនេះ។”​​

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ហេង សុវណ្ណ និង អ្នកនាង ឡាយ ឈីម៉ីម៉ី ​បាន​រៀប​អាពាហ៍ពិពាហ៍ជាមួយ​គ្នានៅ ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ ចំថ្ងៃទិវាអំណានជាតិ​។ គូស្វាមីភរិយា​មួយគូនេះ គឺជា​ម្ចាស់​ស្នាដៃ​និពន្ធ​សៀវភៅ “វិថី​សុភមង្គល” ដែល​ជា​សៀវភៅ​ដ៏​ល្អប្រកបដោយគុណ​តម្លៃ​សម្រាប់​ប្រិយមិត្ត​អ្នកអានយ៉ាង​ពិតប្រាកដ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ហេង សុវណ្ណ និង ឡាយ ឈីម៉ីម៉ី  / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!