សំ សុភារិន្ទ អ្នកនិពន្ធដែល​ធ្លាប់​ជាប់ជ័យលាភីលេខ១ទាំងវ័យក្មេងជាងគេ

  • September 25th, 2019

លោក សំ សុភារិន្ទ  កើតថ្ងៃ៦ កក្កដា ១៩៧៨ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក​មាន​ឳពុកឈ្មោះ សំ ផន (ជាសាស្ត្រាចារ្យចូលនិវត្តន៍) និង​ម្ដាយឈ្មោះ សៀង សារុន ជាមេផ្ទះ។ មានបងប្អូនបង្កើតចំនួន៥នាក់ ដោយលោកជាកូនប្រុសច្បងតែម្នាក់គត់ក្នុង​គ្រួសារ។ លោក​ចាប់​ផ្ដើម​ប្រឡូកក្នុង​វិស័យតែងនិពន្ធនៅឆ្នាំ១៩៩៨ មាន​រយៈពេល២១ឆ្នាំហើយ។ លោក​ជាអ្នក​និពន្ធ​ដែល​​ចូលចិត្តនិពន្ធទាំងប្រលោមលោក និងកំណាព្យ ព្រោះជានិស្ស័យនិងចំណូលចិត្តអានតាំងពីក្មេង  ដែលរហូត​មក​ទល់​នឹង​ពេលនេះ លោក​និពន្ធ​បោះពុម្ភស្នាដៃ​បាន១០ចំណងហើយ​ ទាំងកំណាព្យរឿង, ប្រលោមលោក និងសៀវភៅវិធីសាស្ត្រតែងអត្ថបទសារព័ត៌មាន ដែល​សុទ្ធ​តែ​ជាសៀវភៅដែលទទួលបានការគាំទ្រ​ពីប្រិយមិត្ត។​ ហើយអ្វីដែលពិសេស​បំផុត​ ដែល “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើងខ្ញុំ​ចង់​បង្ហាញ​ឱ្យ​លោក​អ្នក​បាន​ដឹង​បំផុត​នោះ ​លោក​គឺជា​អ្នកកវី​​និពន្ធ​កម្ពុជា​ដែល​ធ្លាប់ប្រឡង​​ជាប់​ជ័យ​លាភីលេខចំណាត់​ថ្នាក់​លេខ​​១​ក្នុង​​វ័យ​ក្មេងគេ ដែលកាលនោះ​លោក​ទើបតែមាន​អាយុ២០ឆ្នាំប៉ុណ្ណោះ ដោយ​រឿង​ដែល​លោក​និពន្ធ​ដាក់​ប្រឡង​​ជាប់​នោះ​ មាន​ចំណងជើងថា “ម្ចាស់ជីវិត”  ជា​ស្នាដៃផ្នែកកំណាព្យដំបូងក្នុងអាជីពតែង​និពន្ធរបស់​លោក ក្នុង​កម្មវិធី “ពានរង្វាន់អក្សរសិល្ប៍៧មករា” លើកទី២  រៀបចំ​ឡើង​​ដោយ ​“សមាគមអ្នកនិពន្ធខ្មែរ” ក្នុងឆ្នាំ១៩៩៨ ដែលរហូត​មក​ទល់​នឹង​ពេលនេះ មិនទាន់​មានអ្នកនិពន្ធវ័យក្មេងស្រករក្រោយ​រូបណាអាច​សាង​សមិទ្ធ​ផល​​ក្នុង​ការ​​ប្រឡង​តែង​និពន្ធ​ក្នុងកម្ម​វិធី​ធំ​សំខាន់បាន​ល្អ​​​បែប​នេះ​ដូច​ជារូប​លោក​ឡើយ។

ប្រវត្តិការសិក្សា និងការងារ

* ពីឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៨៩ លោកសិក្សានៅសាលាបឋមសិក្សាអង្គរកា(ស្រុកត្រាំកក់)។

* ពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩២ លោកសិក្សានៅអនុវិទ្យាល័យអង្គរកា។

* ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៦ លោកសិក្សានៅវិទ្យាល័យ១ឧសភា(ស្រុកត្រាំកក់)។

* ឆ្នាំ១៩៩៨ សិក្សាវគ្គវិក្រឹតការអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ និងបាន​ចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ នៅ​ឆ្នាំ​ដដែល​នេះ​ផងដែរ។

* ឆ្នាំ២០០០ លោកសិក្សាផ្នែក​សារព័ត៌មាន នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(ជាវិទ្យាស្ថានរបស់អង្គការយូណេស្កូ សហការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មានជាមួយក្រសួងព័ត៌មាន)។

* ពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៩ លោកសិក្សានៅមហាវិទ្យាល័យនីតិសាស្ដ្រ នៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

* ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០០ដល់ឆ្នាំ២០១៥ និងបន្ដរហូត​មក​ទល់​បច្ចុប្បន្ន… លោកបម្រើការងារនៅសារព័ត៌មានកោះសន្ដិភាព មាននាទីជាអ្នកតែងនិពន្ធ និងពិនិត្យកែសម្រួលអត្ថបទ។

ប្រវត្ដិស្នាដៃ ​និងជ័យលាភី

* រឿង “លំហជីវិត” ៖ ប្រលោមលោកអនុស្សាវរីយ៍នៃការចាប់ផ្ដើមនិពន្ធដំបូង ពេលលោក​រៀននៅវិទ្យាល័យ១ឧសភា ស្រុកត្រាំកក់ នាឆ្នាំ១៩៩៥ និងបាន​បោះពុម្ពផ្សាយក្នុង​ឆ្នាំ២០០៨។

* ទំនុកច្រៀងចំនួន៥បទក្នុង “កម្រងបទចម្រៀងអនុស្សាវរីយ៍របស់សម្ដេចតេជោ ហ៊ុន សែន” និពន្ធ​នៅខែសីហា ឆ្នាំ១៩៩៧។

* រឿង “ម្ចាស់ជីវិត” ៖ ជា​ស្នាដៃផ្នែកកំណាព្យដំបូងក្នុងអាជីព ជាប់​ជ័យលាភីចំណាត់ថ្នាក់លេខ១ “ពានរង្វាន់អក្សរសិល្ប៍៧មករា” លើកទី២ នៅឆ្នាំ១៩៩៨ រៀនចំដោយសមាគមអ្នកនិពន្ធខ្មែរ។

* រឿង “ជីវិតអ្នកប្រយុទ្ធ” ៖ រឿងខ្លី ជ័យលាភីចំណាត់ថ្នាក់លេខ១ ពីអង្គការទស្សនពិភពលោកអន្ដរជាតិ-កម្ពុជា” ក្នុងឆ្នាំ១៩៩៨ ។

* រឿង “ពេលវេលារបស់យុវវ័យ” ៖ ជ័យលាភីចំណាត់ថ្នាក់លេខ៤ ពីអង្គការទស្សនពិភពលោកអន្ដរជាតិ-កម្ពុជា” នាឆ្នាំ១៩៩៨ ។

* រឿង “សំណោកអនុស្សាវរីយ៍” ៖ ប្រលោមលោកចេញផ្សាយលើកទី១ នៅឆ្នាំ២០០០ (ជា​ស្នាដៃចេញផ្សាយលើកដំបូងក្នុងចំណោមស្នាដៃនានា) ទទួលបានប័ណ្ណសរសើរពី “សមាគមអ្នកនិពន្ធខ្មែរនៅបរទេស” និងបោះពុម្ពលើកទី២ នៅឆ្នាំ២០០៩។

* រឿង “ពេលថ្ងៃរះ” ៖ ជាស្នាដៃផ្នែកប្រលោមលោកដំបូងក្នុងអាជីព ជាប់​ជ័យលាភីចំណាត់ថ្នាក់លេខ២  “ពានរង្វាន់អក្សរសិល្ប៍ ព្រះបាទសុរា ម្រឹត” លើកទី១ ពី “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” ក្នុង​ឆ្នាំ២០០០ និងបោះពុម្ពផ្សាយនៅឆ្នាំ២០០២ បន្ទាប់មកបោះពុម្ពលើកទី២ ក្នុង​ឆ្នាំ២០០៨។ ស្នាដៃនេះក៏បានសម្រួលជាភាគនិទានចាក់ផ្សាយតាមវិទ្យុនានាផងដែរនៅឆ្នាំ២០០១។

* រឿង “សែនធ្ងន់” ៖ កំណាព្យជ័យលាភីចំណាត់ថ្នាក់លេខ៤ ពី “មហោស្រពអក្សរសិល្ប៍ពានរង្វាន់ ព្រះសីហនុរាជ” ក្នុងឆ្នាំ២០០១ រៀបចំឡើងដោយ “សមាគមអ្នកនិពន្ធខ្មែរ” និងបោះពុម្ពផ្សាយនៅឆ្នាំ២០០៣។

* រឿង “ពេលគ្មានម៉ែ” ៖ ប្រលោមលោកខ្នាតខ្លី ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅឆ្នាំ២០០៣ ពី “វិទ្យាស្ថានសិល្បៈ និងវប្បធម៌រៃយំ” និងបោះពុម្ពផ្សាយក្នុង “សៀវភៅកម្រងរឿងនិពន្ធថ្មី » ក្នុងឆ្នាំ២០០៦។

* អត្ថបទ “អង់គ្លេសក្នុងអារម្មណ៍ល្អរបស់ជនកម្ពុជា” ៖ អត្ថបទសារព័ត៌មាន ជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០០៣ ពី “ក្លឹបអ្នកកាសែតកម្ពុជា” សហការរៀបចំការប្រលងស្នាដៃអត្ថបទសារព័ត៌មានជាមួយស្ថានទូតអង់គ្លេស។

* រឿង “ស្រែករហែកមេឃ” ៖ ប្រលោមលោកជ័យលាភីចំណាត់ថ្នាក់លេខ៣ “ពានរង្វាន់ ព្រះរាជសម្ភារ” ក្នុង​ឆ្នាំ២០០៥ ពី “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” បោះពុម្ពផ្សាយនៅឆ្នាំ២០០៩។

* រឿង “អាសូរស្ងួន” ៖ ប្រលោមលោកបោះពុម្ពផ្សាយនៅឆ្នាំ២០០៧។

* កម្រងប្រលោមលោកខ្នាតខ្លី “ចន្ទ្រជីវី” ៖ ប្រលោមលោកខ្នាត​ខ្លីបោះពុម្ពផ្សាយក្នុង​ឆ្នាំ២០០៧។

* “វិធីសាស្ដ្រតែងអត្ថបទសារព័ត៌មាន” ៖ ស្នាដៃបោះពុម្ពផ្សាយក្នុង​ឆ្នាំ២០០៨។

* រឿង “ទ្រូងអូនកំព្រា” ៖ ប្រលោមលោកបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៩។

* ទំនុកច្រៀងមានចំណងជើងថា “ត្រាំកក់ដួងចិត្ត” ជាប់ជ័យលាភីក្នុងកម្មវិធីប្រលងទំនុកច្រៀង រៀបចំដោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០១១។

លោក​ សំ សុភារិន្ទ កវីនិពន្ធ​ដែល​ធ្លាប់​ប្រឡប​​ជាប់​ជ័យ​លាភី​យ៉ាង​ច្រើនរូប​នេះ​ បាន​ចែក​រំលែក​ជា​ចំណេះដឹង​ផ្នែក​តែង​និពន្ធ​ ដល់អ្នក​ដែលមាន​បំណង​ចង់ក្លាយជាអ្នកនិពន្ធដ៏ល្អមួយរូបដូច្នេះថា ដើម្បីក្លាយជាអ្នកនិពន្ធល្អមានការទទួលស្គាល់ពីមហាជន អ្នកនិពន្ធត្រូវមានចំណេះជំនាញពីការបណ្តុះបណ្ដាលផ្នែកតែងនិពន្ធពីស្ថាប័នជំនាញ និងការស្រាវជ្រាវយល់ដឹងដោយខ្លួនឯងតាមរយៈការ​មើលឯកសារវិធីសាស្ត្រតែងនិពន្ព និងសៀវភៅប្រលោម​លោកល្អៗ ទាំងជាតិ និងបរទេស ព្រមទាំងសុំបទពិសោធពីរៀមច្បង និងអ្នកនិពន្ធផ្សេងៗ មិនតែប៉ុណ្ណោះ ត្រូវមានចរិតមិនឆ្មើងឆ្មៃ មិនតម្កើងឫក រួសរាយរាក់ទាក់ចំពោះអ្នកផង។

លោក​បាន​បន្ថែម​មុន​នឹង​បញ្ចប់​បទ​សម្ភាសន៍​ថា ក្នុងនាមជាអ្នកនិពន្ធជា​អ្នក​និពន្ធ​កម្ពុជា​មួយ​រូប​ ខ្ញុំ​សូមសំណូមពរ​ឱ្យ​មហាជនទូទៅ ជា​ពិសេសយុវវ័យ គួរគាប់ស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន ព្រោះសៀវភៅជាប្រភពនៃចំណេះដឹង ពិសេសសូមអានរឿងប្រលោមលោក ក៏ដូចជាកំណាព្យរឿង​ឱ្យ​បាន​ច្រើន​ផង ដ្បិតវាមិនត្រឹម​តែ​ជាអក្សរសិល្ប៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃចំណេះដឹងមួយដែរ។ ស្រឡាញ់ប្រលោមលោក គឺស្រលាញ់អ្នកនិពន្ធ ស្មើនឹង​ផ្ដល់កម្លាំងចិត្តដល់អ្នកនិពន្ធ និងជួយឱ្យ​ប្រលោមលោកនៅតែមានជីវិតរស់រហូត​តទៅនិងសូមថ្លែងអំណរគុណ​ផងដែរចំពោះ​គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ដែលបាន​ផ្ដល់​កិត្តិយស​សម្ភាសន៍​រូប​ខ្ញុំ​នៅពេលនេះ។”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក​ សំ សុភារិន្ទ ជាកវី​និពន្ធ​កម្ពុជា​​មួយរូបដែលមាន​ប្រភព​ចេញ​ពីស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាកវីនិពន្ធដែល​ធ្លាប់​ជាប់ជ័យលាភីលេខ១ទាំងវ័យក្មេងជាងគេ ក្នុងឆ្នាំ១៩៩៨ ដែលជា​សម័យលោកប្រឡងនោះ។ បច្ចុប្បន្ន ក្រៅ​ពី​មានអាជីព​ជា​អ្នក​និពន្ធ​ លោក​គឺ​ជា​បុគ្គលិក​បម្រើ​ការផ្នែក​និពន្ធ និងពិនិត្យកែសម្រួលអត្ថបទនៅ “សារព័ត៌មានកោះសន្ដិភាព” ដែល​ជា​សារព័ត៌មាន​ដ៏​ល្បី​បំផុត​មួយ​នៅ​កម្ពុជា។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ សំ សុភារិន្ទ / រក្សាសិទ្ធិ ៖ cambowriter.com

 

 


error: អត្ថបទរក្សាសិទ្ធ !!