ឯកឧត្តម ពៅ សុខ ម្ចាស់ស្នាដៃសៀវភៅ “វីរបុរស ០៧១”

  • February 9th, 2020

ឯកឧត្តម ពៅ សុខ ជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលគ្រប់គ្នា​ស្គាល់​លោក​ជាទូទៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “អ្នកនិពន្ធសំរែ”។ ឯកឧត្តមកើតចំពេលប្រទេសជាតិកំពុងមានសង្រ្គាមឆ្នាំ១៩៧២ នៅភូមិព្រែករៃ ឃុំព្រែករៃ ​ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងត្រកូលកសិករ តែខាងឪពុករបស់ឯកឧត្តមមាន​ជាប់សាច់ឈាមជាអ្នកសិល្បៈបន្តិចបន្តួចពីបរមបុរាណមក។ ឯកឧត្តម​មានបងប្អូនបង្កើតចំនួន៦នាក់ ដោយ​​ឯកឧត្តម​ជាកូនទី៣​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីមាន​អាជីព​ជាអ្នកនិពន្ធកម្ពុជាមួយរូប ឯកឧត្តម​ជាហេរញ្ញឹក នៃសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកបង្កើតក្រុម “អ្នកនិព្ធក្រោមឆត្រ” កាល​ពីឆ្នាំ២០១៤ និង​ជានិពន្ធនាយក នៃ “គេហទំព័រយុវជនជំនាន់ថ្មី” ផងដែរ។ ឯកឧត្តម​ធ្លាប់ជានិពន្ធ​នាយក​រង​ទស្សនាវដ្តីរីករាយ ពីឆ្នាំ២០០៥ដល់២០០៧, ជាអ្នកនិពន្ធនៅមណ្ឌល​ព័ត៌មានស្រ្តីកម្ពុជា (WMC) ពីឆ្នាំ​២០០៤ដល់ឆ្នាំ២០១២, ជានិពន្ធ​នាយក គ្រប់គ្រងព័ត៌មាន នៅស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស និងរស្មី​ហង្សមាស HDTV ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧ និងជានិពន្ធនាយក បោះ​ពុម្ព​ផ្សាយ នៅ​ក្រុមហ៊ុន MJQE ពីចុងឆ្នាំ២០១៧ដល់ចុងឆ្នាំ២០១៩។ ហើយ​អ្វីជាតួនាទីពិសេសដែលឯកឧត្តមទើប​ទទួលបានពីការត្រាស់បង្គាប់តែងតាំងដោយ ព្រះមហា​ក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ថ្មីៗនោះ គឺ​តួនាទីជា “ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា” ដែលជាតួនាទីដ៏ឧដុង្គឧត្តមមួយ ប្រកបដោយកិត្តិយសបំផុតចំពោះរូបឯកឧត្តម។

ឯកឧត្តម ពៅ សុខ ម្ចាស់ស្នាដៃសៀវភៅ “វីរបុរស ០៧១”

ឯកឧត្តម​ចាប់ផ្តើមប្រឡូក​ក្នុង​អាជីពជាអ្នកនិពន្ធ នៅឆ្នាំ២០០៣ ប៉ុន្តែការចាប់ផ្តើមឈ្វេងយល់ពីវិជ្ជានិពន្ធ គឺតាំង​ពី​​ឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០១មក​ម្ល៉េះ។ ឯកឧត្តម​ជាអ្នក​និពន្ធ​កម្ពុជា​មួយរូបដែលមានសមត្ថភាព​និពន្ធ​ជាច្រើនផ្នែក ទាំងផ្នែក​រឿងខ្លី ស្ប៉តអប់រំ ប្រលោមលោក អត្ថបទភាពយន្ដ ភាព​យន្តឯកសារ និងបទយកការណ៍ទូរទស្សន៍ផ្សេងៗ​ជាច្រើនទៀត។ ក្រៅពីនេះ ក៏អាចនិពន្ធជាកម្រងកំណាព្យ ថែមទាំង​បាន​បោះ​ពុម្ព​ផ្សាយកាលពីឆ្នាំ២០០៧ទៀត​ផង។ ក្នុង​ចំណោមបទ​និពន្ធ​ទាំងអស់ ​​ដែលបាន​រៀបរាប់​ខាងលើនេះ ឯកឧត្តមអាច​និពន្ធ​បាន​ល្អ​ជាង​គេ គឺ​ផ្នែកកំណាព្យ អត្ថបទភាពយន្ត និងរឿងខ្លីៗ សម្រាប់ចាក់​ផ្សាយ​លើ​កញ្ចក់ទូរទស្សន៍។

សៀវភៅ “វីរបុរស ០៧១” ស្នាដៃ​របស់ឯកឧត្តម ពៅ សុខ

ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ឯកឧត្តម ពៅ សុខ បាន​បញ្ជាក់ពីហេតុផលដែកបណ្ដាល​ឱ្យ​ឯកឧត្តមសម្រេច​ចិត្ត​និពន្ធ​បោះពុម្ពសៀវភៅប្រលោកលោក “វីរបុរស ០៧១” ដែលជាប្រលោមលោក​​លំនាំប្រវត្តិសាស្ត្រយ៉ាង​ដូច្នេះថា “បុព្វហេតុដែលបណ្ដាលឱ្យខ្ញុំនិពន្ធរឿង “វីរបុរស ០៧១” ដែលជាប្រលោមលោកលំនាំ​ប្រវត្តិ​សាស្ត្រ​​​នេះឡើង​ គឺដោយសារមើលឃើញថា ប្រវត្តិសាស្រ្តខ្មែរ ចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ ពុំសូវ​មានគេ​ចងក្រង ឬបើមានក៏ជាជនបរទេស មិនមែនខ្មែរ ហើយភាគច្រើន គេសរសេរបែបសំណេរ​ប្រវត្តិ​សាស្រ្ត មិន​មែនជារឿង ឬប្រលោមលោកលំនាំប្រវត្តិសាស្រ្ត។ ការនិពន្ធ ឬរៀបរៀងនេះឡើង គឺដើម្បីឆ្លុះបញ្ចាំងពីវិនាសកម្មរបស់ប្រទេសកម្ពុជា អំឡុងសម័យសង្រ្គាម និងបង្ហាញពី​ជីវិត​ពិតរបស់ប្រជាជនខ្មែរទូទាំងប្រទេស ដែលរស់នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ទទួលរងនូវការឈឺចាប់ រន្ធត់តក់ស្លុត វេទនាខ្លោចផ្សារ និរាសព្រាត់ប្រាស់ រកទីបំ​ផុតគ្មាន និងនិយាយអំពីវីរភាព របស់វីរជនខ្មែរមួយក្រុម ដែលបានលះបង់អាយុជីវិត រត់ភៀសខ្លួនទៅ​បង្កើតចលនា រណសិរ្ស សាមគ្គីសង្រ្គោះជាតិ នៅតំបន់ស្នួល ខេត្តក្រចេះ អំឡុងឆ្នាំ១៩៧៨។ វីរជន ដ៏​អង់អាចក្លាហាន ដែល​ជាតួអង្គសំខាន់បំផុតក្នុងរឿងនេះ គឺឈ្មោះ សម្រេច តំណាងឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និង ម៉ារ៉ានី តំណាងឱ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។”

ឯកឧត្តម ពៅ សុខ  ជូនសៀវភៅដល់ឯកឧត្តម ជ័យ ចាប និងបុគ្គលល្បីៗក្នុងវិស័យតែងនិពន្ធ

ឯកឧត្តម ពៅ សុខ បានបន្ថែមថា “រឿង “វីរបុរស ០៧១” បានបោះពុម្ពផ្សាយជាផ្លូវការណ៍តាំងពីឆ្នាំ២០១៤ មកម្ល៉េះ! ប៉ុន្តែ ការបោះពុម្ពមិន​ទាន់​​បាន​​ទូលំទូលាយ ទើបនៅឆ្នាំ២០១៩នេះ ទើបមានការបោះពុម្ពលើកទី២ និងមានលក្ខណៈទូលំ​ទូលាយ និងស្តង់ដារជាងមុន។ គេអាចស្វែងរកជាវស្នាដៃនេះ នៅតាមបណ្តាបណ្ណាគារ ក្នុងរាជធានីភ្នំពេញ ដូចជា មេនូមេនប៊ុក និងពន្លឺ​វិជ្ជា ក្រោយវិទ្យាល័យស៊ីសុវត្ថិ។”  លោក​បាន​បន្តទៀតថា “ក្រៅពីប្រលោមលោកលំនាំប្រវត្តិសាស្រ្ត រឿង “វីរបុរស ០៧១” ខ្ញុំធ្លាប់បានបោះពុម្ពផ្សាយ​ស្នាដៃជា​សៀវ​​ភៅ ដូចជា កម្រងកំណាព្យ ច្រែកស៊ីដែះ រឿងបងថ្លៃជីដូនមួយ រឿងចំណងស្នេហ៍ ក្នុងស្រែនិស្ស័យ រឿងទំនួញស្នេហ៍តាមទូរសព្ទ រឿងចិត្តស្រី កម្រងរឿងខ្លី ឃ្នាបសក់ ជាដើម។ ខ្ញុំមានគម្រោងបោះពុម្ព ស្នាដៃមួយចំនួនទៀត ដូចជាកម្រងរឿងខ្លី បុប្ផាក្រុងថេប កម្រងរឿងខ្លី សត្រូវ​របស់ប៉ា ប្រាក់៥ពាន់រៀល និងសៀវភៅលំនាំប្រវត្តិសាស្រ្ត មួយចំនួនទៀត។ ចំពោះការបរិច្ឆេទ ការបោះ​ពុម្ព អាស្រ័យទៅលើពេលវេលា ដែលអាចរៀបចំហើយ គឺអាចចន្លោះពីឆ្នាំ២០២០ ដល់២០២៣ នេះ។”

ឯកឧត្តម ពៅ សុខ កំពុងពន្យល់ពីសៀវភៅ “វីរបុរស ០៧១” ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

មុននឹងបញ្ចប់​បទសម្ភាសន៍ ឯកឧត្តម ពៅ សុខ ក៏សម្ដែង​មតិជាចុងក្រោយថា “ជាចុងបញ្ចប់ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រិយមិត្ត មិត្តភក្តិ បងប្អូន ដែលបានគាំទ្រស្នាដៃរបស់ខ្ញុំ។ ខ្ញុំជឿថា បើគ្មានការគាំទ្រពីបងប្អូនមិត្តភក្តិ ឬមិត្តអ្នកអាន ឬប្រិយមិត្តគ្រប់​ស្រទាប់វណ្ណៈទេ ស្នាដៃរបស់ខ្ញុំ ក៏ពិបាកនឹងចេញផ្សាយលើទីផ្សារប្រកបដោយជោគជ័យដែរ។ ខ្ញុំសូមស្នើឱ្យប្រជាពលរដ្ឋខ្មែរ​ទាំង​អស់ ជាពិសេសយុវជន គួរឆ្លៀតពេលរៀនកត់ត្រា នូវព្រឹត្តិការណ៍​ប្រចាំថ្ងៃ ដែលខ្លួនបានដឹង បានជួប និងគួរ​អានសៀវភៅឱ្យបានច្រើន  ទោះសៀវភៅប្រភេទអ្វីក៏ដោយ ព្រោះគ្រប់សៀវភៅទាំងអស់ អ្នកនិពន្ធសុទ្ធតែ​បានបង្កប់នូវខ្លឹមសារអប់រំផ្សេងៗគ្នា ឬប្រសិនបើអានចំសៀវភៅមិនល្អ ឬមិនមែនជាចំណង់ចំណូលចិត្ត គួរ​ស្វែងរកសៀវភៅណា ដែលខ្លួនចូលចិត្ត ហើយអានដោយយកចិត្តទុកដាក់ និងពិចារណា នោះយើង​នឹងទទួលបាននូវសេចក្តីសុខផ្លូវចិត្ត និងអារម្មណ៍ រួមនឹងចំណេះដឹងដ៏ទូលំទូលាយជាច្រើនផងដែរ។ តែ​សូមក្រេបយកចំណេះដឹងណា ដែលល្អបានហើយ ចំណុចណាអវិជ្ជមានគួរចៀសវាង និងកុំយកមក​ដាក់​ខ្លួន។ សម្រាប់ឆ្នាំថ្មី២០២០ នេះ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធក្នុងលោក មេត្តាតាមថែរក្សាបងប្អូន ប្រិយមិត្ត និងប្រជា​ជនខ្មែរទាំងក្នុង និងក្រៅស្រុក ឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាង​ឃ្លាត​ឡើយ។”

រូបភាពអនុស្សាវរីយ៍ ក្នុងការលើកទឹកចិត្ត និងផ្តល់កិត្តិយស អនុញ្ញាតឱ្យអ្នកនិពន្ធ ចូលជួបសំណេះ​សំណាលសម្ដែងការគួរសមជាមួយ “សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា” នៅភូមិគ្រឹះសម្តេច កាលពី ថ្ងៃទី​២៣ ខែកញ្ញាឆ្នាំ ២០១៩។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ឯកឧត្តម ពៅ សុខ បច្ចុប្បន្ន ក្រៅពីមាន​អាជីព​ជាអ្នកនិពន្ធកម្ពុជាមួយរូប ឯកឧត្តមជាហេរញ្ញឹក នៃ “សមាគមអ្នកនិពន្ធខ្មែរ” និងជាអ្នកបង្កើតក្រុម “អ្នកនិព្ធក្រោមឆត្រ” កាល​ពីឆ្នាំ២០១៤ និង​ជានិពន្ធនាយក នៃ “គេហទំព័រយុវជនជំនាន់ថ្មី” ផងដែរ។ ហើយ​អ្វីជាតួនាទីពិសេសដែលលោក​ទើប​ទទួលបានពីការត្រាស់បង្គាប់តែងតាំងដោយ ព្រះមហា​ក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ថ្មីៗនោះ គឺ​តួនាទីជា “ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា” ដែលជាតួនាទីដ៏ឧដុង្គឧត្តមមួយ ប្រកបដោយកិត្តិយសបំផុតចំពោះរូបឯកឧត្តម។ ដូច្នេះ ប្រសិនបើ​លោក​អ្នកចង់​ដឹងថា តើស្នាដៃ​ប្រលោម​លោក រឿង “វីរបុរស ០៧១” ដែលជាប្រលោមលោក​​លំនាំប្រវត្តិសាស្ត្ររបស់លោកមាន​អត្ថន័យខ្លឹមសារល្អ​យ៉ាង​ណា​នោះ លោក​អ្នក​អាច​ស្វែង​រក​យកមកអានបាន។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឯកឧត្តម ពៅ សុខ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!