កវី អ៊ីវ ហួត កវីខ្មែរឆ្នើមជើងចាស់ល្បាញល្បី ម្ចាស់ស្នាដៃសៀវភៅ “ល្បែងពាក្យ”

  • May 30th, 2020

លោក កវី អ៊ីវ ហួត  ក្រៅ​ពីងារជាកវី ដែល​គេ​គ្រប់​គ្នា​តែងតែ​ហៅលោកថាជា “កវី អ៊ីវ ហួត” នោះ លោក​នៅមាន​នាមប៉ាកកាមួយ​ទៀតក្នុង​វិស័យ​តែង​និពន្ធ​ផងដែរគឺ “ដងប៉ាកកាប្រាក់”។ លោកកើតនៅថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ១៩៤០ (ឆ្នាំថោះ) នៅខេត្ត​កំពង់ចាម ក្នុងត្រកូលមធ្យមមួយជាអ្នកធម៌អ្នកអាថ៌ ​ឧស្សាហ៍ធ្វើបុណ្យដាក់ទាន។ លោកមាន​ឪពុកឈ្មោះ ងួន ស៊ាងលី (បួសជាសង្សកាលព្រះជន្ម៤៧វស្សាជារៀងតមក) និង​ម្តាយឈ្មោះ នាង ហ៊ីន ។ លោកមាន​បងប្អូនបង្កើតចំនួន២នាក់ ដោយ​បងស្រីរបស់លោកឈ្មោះ យូរ អាន (កើតឆ្នាំថោះដូចរូប​លោកដែរ តែមានអាយុ​បងមួយជួរ)។ លោក​រៀបការនឹងភរិយាសព្វថ្ងៃ ឈ្មោះ Pradit Mo Iv Huot នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៨៧ ដែល​កាលណោះលោកជា​ពោះមាយ មានកូនប្រុស​ម្នាក់​ ឈ្មោះ Narik Iv Huot កើតនៅឆ្នាំ១៩៧១ ជាមួយនឹងនារីបារាំងម្នាក់ឈ្មោះ Nicole LADEVE រៀប​ការ​ឆ្នាំ១៩៦៩ នៅទីក្រុងផារីស៍ រួចបែកគ្នាវិញនៅឆ្នាំ១៩៨៥ តែភរិយាក្រោយសព្វថ្ងៃនេះពុំមានកូន​នោះ​ទេ។

កវី អ៊ីវ ហួត និងសៀវភៅ “ល្បែងពាក្យ” ស្នាដៃនិពន្ធរបស់លោក​

លោក​​បានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៦០ ទៅបន្តឧត្តមសិក្សានៅប្រទេសបារាំង រួច​បន្តធ្វើការនៅប្រទេសបារាំងក្នុងសហគ្រាសបារាំងមួយឈ្មោះ APEC (Association pour l’emploi des cadres) មានឋានៈមធ្យម អស់រយះកាល៣០ឆ្នាំ និង​បានចូលរួមផ្នែកសិក្សាស្រាវជ្រាវផងដែរ រហូតមកដល់ឆ្នាំ២០០៥ ឆ្នាំចូលនិវត្តន៍ ឡើងចុះស្រុកខ្មែរដែល​ជាទឹកដីកំណើត ដើម្បីបន្តសុបិនដែលខ្លួន​​ស្រឡាញ់​កំណាព្យខ្មែរ និង​ដែលកប់យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់ដួងចិត្តរហូតមក ហើយ​ក៏​ចេះ​តែតែងបង្ហោះ​ផ្សាយជាបន្តបន្ទាប់តាមហ្វេសប៊ុកស្ទើររាល់ថ្ងៃ ដោយ​លោក​បានចាត់ទុកថា នេះជាភារៈចម្បងមួយ​សម្រាប់លោក។ កាលនៅបារាំង ចំពោះផ្នែកអក្សរសិល្ប៍អក្សរសាស្ត្រនេះ​ លោក​ក៏ប្រឡូក​ផងដែរ ដោយមានតួនាទីជាអនុប្រធានម្នាក់នៃ “សមាគមអ្នកនិពន្ធខ្មែរ ប្រចាំប្រទេសបារាំង” ដែលមាន Madame la Présidente Pech Sangwavann ជាប្រធានកាល​ណោះនិងបន្តរហូតមកទល់នឹងពេលនេះផងដែរ។ សព្វថ្ងៃ ដោយហេតុសុខភាពមិនសូវអំណោយផលដោយ​វ័យរបស់លោក​កាន់តែ​ច្រើននោះ លោក​ក៏​បានសម្រេច​ផ្អាកសកម្មភាពការងារ​សមាគមនោះ​សិន ដោយនៅតែបន្ត​ការសរសេរកំណាព្យលេងបែប​លំហែអារម្មណ៍ រួមផ្សំនឹងសកម្មភាពទេសចរណ៍វប្បធម៌ខ្លះៗប៉ុណ្ណោះ ដើម្បីទ្រទ្រង់សុខភាពចិត្តកាយរបស់​លោកឱ្យបានល្អ​ក្នុងនាម​ជា​អ្នក​ចូលនិវត្តន៍។ ហើយ​អ្វី​ដែល​គេហទំព័រយើងខ្ញុំ​ចង់​បង្ហាញឱ្យលោកអ្នកដឹងបំផុតនៅពេលនេះ គឺទាក់ទងនឹងស្នាដៃ​សៀវភៅ​របស់​លោកមួយក្បាល មានចំណងជើងថា “ល្បែង​ពាក្យ” ដែល​ជា​ការ​និពន្ធមួយ​បែប​មានលក្ខណៈប្លែក​ពិសេស​យ៉ាង​ខ្លាំង។

កវី អ៊ីវ ហួត និង ភរិយារបស់លោក

ក្នុង​បទ​សម្ភាសន៍​ជាមួយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” តាម​សារអេឡិច​ត្រូនិច កវី អ៊ីវ ហួត បាន​បន្តបង្ហាញ​ពីការដំណើរជិវិត​លើ​វិថី​តែង​និពន្ធ​របស់​លោក និង​សៀវភៅ “ល្បែង​ពាក្យ” របស់​លោក​នោះ​ថា “មែនទែនទៅ ខ្ញុំចាប់ផ្តើមតែងកំណាព្យខ្មែរ តាំងតែពីខ្ញុំនៅយុវវ័យម្ល៉េះ! តែ​តែង​ជា “សួនសម្ងាត់” (​តែង តែ​មិន​បង្ហាញ​ឱ្យនរណាដឹង) សម្រាប់ខ្ញុំ ខ្ញុំ​ចិញ្ចឹមសន្សំក្នុងចិត្តជានិច្ចឥតភ្លេចម្តងណាឡើយ តែខ្ញុំពុំបានហ៊ានគិតស្និទ្ធយកមកប្រើធ្វើជាអាជីពទេ តែតែងកំណាព្យផ្តល់មកដល់ខ្ញុំនូវមង្គលរាល់វេលានឹកនាសន្ទនាជាមួយល្បះកំណាព្យក្នុងសៀវភៅ​ក្បាលមុន នឹងរាលដាយរាត់រាយលើក្រដាសស កែចុះកែឡើងបំណងចង់ឈ្នះលើខ្លួនឯង ស្វែងរកភាពល្អឥតខ្ចោះស្រើបស្រស់ដូចចម្លាក់អង្គរបានដែរឬទេ? ការប្រមូលផ្តុំកូនកំណាព្យតូចៗមកជាកម្រងក្រាស់មួយ មាននៅក្នុងគំនិតខ្ញុំពិតប្រាកដមែន តែមិនទាន់ហ៊ានឈានទៅដល់ប្រព្រឹត្តជាក់ស្តែងនៅឡើយទេក្រៅពី”ល្បែងពាក្យ” ដែលសៀវភៅ​នេះ​មានរូបរាងឡើងដោយលោក Bann Chamroeun ម្ចាស់​ គ្រឹះស្ថានបោះពុម្ភផ្សាយ BOENG TONLESAP យកទៅ​ពិនិត្យ​នៅដើមឆ្នាំ២០០០ និង​បានបោះពុម្ពជាផ្លូវការនៅក្រុងភ្នំពេញឆ្នាំ២០១២ ។” លោកបានបន្តថា “ហើយចំពោះ​គម្រោង​ជាបន្តបន្ទាប់ទៀត ខ្ញុំ​មានស្នាដៃចំនួន៤សៀវភៅទៀត តែ​កំពុង​រៀបចំវាយ​កំព្យូរទ័រ ដោយអ្នកគ្រូ Leak Malen ដែលជាកវីនិពន្ធឆ្នើមម្នាក់ដែរថែដងស្ទឹងសៀមរាប ដោយមានចំណង​ជើងថា “ល្បែងពាក្យ វគ្គ២” “វាសនាអនាគតមាតុភូមិអង្គរលើលានអាស៊ាន” “ឯកភាពជាតិខ្មែរនៅឯណា” និង “កម្រងកំណាព្យ”… ដូចប្រិយមិត្រពិនិត្យឃើញស្រាប់ វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ… បានដាស់ចិត្តខ្ញុំឱ្យខិតខំគិតប្រតិដ្ឋស្នាដៃថ្មីៗជានិច្ច!” ទាំង​នេះ​ជាសម្ដី​របស់​ កវី អ៊ីវ ហួត ដែល​ស្ដាប់​ទៅ​ឃើញថា​មានការប្រើ​ពាក្យពេចន៍​រាង​ប្លែក​ចម្លែក​បន្តិច តែនេះជាសិល្បៈ​ក្នុង​ភាសានិយាយ​របស់​លោក ដោយមានលក្ខណៈ​ជាល្បែង​ប្រឡែងពាក្យនោះឯង ប្រៀបដូចជាលក្ខណៈ​ពាក្យពេចន៍ក្នុងសៀវភៅ “ល្បែងពាក្យ” ឬ​អាច​ហៅ​បានទៀតថា “ល្បែងប្រលែងពាក្យ” ឬ” ល្បែងរៀបរាប់រៀងពាក្យ” របស់​លោក​យ៉ាង​ដូច្នោះដែរ ដែល​ល្បែងពាក្យ​ក្នុង​ន័យនេះ គឺការ​លេងពាក្យប្រទាក់​​ក្រឡាគ្នានោះឯង ឬអាច​ហៅម្យ៉ាង​ទៀតបាន​ថា “កម្រងកែវ” ក៏បាន ដោយមិនមានលក្ខណៈ​គោរព​តាម​ចុង​ចួនច្បាស់​លាស់​ដូច​កំណាព្យឡើយ។ នេះ​ហើយ​ជាល្បែង​ពាក្យ។

សៀវភៅ “ល្បែងពាក្យ” របស់កវី អ៊ីវ ហួត

ទាក់ទងនឹង “ល្បែងពាក្យ” នេះ បើបង្ហាញ​នូវ​ការ​រៀបរាប់​ទាំង​ស្រុង​របស់​ កវី អ៊ីវ ហួត ក្នុង​បទសម្ភាសន៍​ដែល​លោកបាន​បង្ហាញ​គឺ​ឃើញថាវែងឆ្ងាយណាស់ ដូច្នេះ​ប្រសិនបើ​លោក​អ្នក​ចង់​ដឹងច្បាស់ថា តើពាក្យថា​ “ល្បែង​ប្រលែងពាក្យ” នេះ​មាន​លក្ខណៈខុស​ពីកំណាព្យ​យ៉ាងណា? ល្អប្លែកយ៉ាងណា? និង​មាន​លក្ខណៈ សម្បូរបែប​យ៉ាងណានោះ? លោកអ្នកអាច​ចូលទៅ​អាន ដើម្បី​សិក្សា​ស្វែង​យល់​ឱ្យបាន​ច្បាស់បាន តាមរយៈ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក Huot Iv បាន https://www.facebook.com/huot.iv.3 នោះ​លោកអ្នកមុខជាបានជ្រាបច្បាស់មិនខាន ហើយ​បើ​លោក​អ្នក​ចង់អាន​ឱ្យបាន​លម្អិតតែម្ដងនោះ លោកអ្នកអាច​ស្វែករកសៀវភៅ “ល្បែងពាក្យ” របស់​លោក​មកអាច​តែម្ដងបាន ដោយអាចរកទិញបាននៅតូបលក់សៀវភៅ លេខ ២០-២១-២២ ក្នុងផ្សារអូរឫស្សី ក្រុងភ្នំពេញ។

ជាចុងបញ្ចប់ កវី អ៊ីវ ហួត ក៏លើក​សរសើរពីគុណ​តម្លៃ​នៃភាសាខ្មែរផងដែរ ជាពិសេស​លោក​ជំរុញ​ឱ្យ​អ្នក​ដែលមានបំណងចង់​សាងខ្លួនជាអ្នកនិពន្ធ​ទាំងអស់ ចូរខិតខំប្រឹងប្រែង​សិក្សា​ពីភាសាខ្មែរឱ្យបានច្បាស់ និង​បង្កើត​អត្តសញ្ញាណ​ក្នុងនាម​ជាអ្នក​និពន្ធ​មួយជារបស់​ខ្លួន និង​ព្យាយាមសាង​ខ្លួន​ជាអ្នក​និពន្ធ​ល្អ​ប្រកបដោយគុណតម្លៃ​ពិតប្រាកដ​ឱ្យបាន និងសូមជូនពរឱ្យ​ពលរដ្ឋខ្មែរ​ទាំង​អស់​ សុខសប្បាយ និង​ជៀសផុត​រាល់​ទុក្ខ​លំបាក​ក្នុង​សម័យកាល​ជំងឺកូវីដ១៩នេះ​ផងដែរ។ ​

កវី អ៊ីវ ហួត និង ភរិយា ក្នុងសកម្មភាពបរិស្ថាន (ដាំកូនឈើ)

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កវី អ៊ីវ ហួត គឺជា​កវី​ខ្មែរ​ឆ្នើម​ជើងចាស់​មួយរូប និងជាម្ចាស់ស្នាដៃ​សៀវភៅ​ “ល្បែងពាក្យ” ដូចដែលគេហទំព័រយើងខ្ញុំ​បានរៀបរាប់​ខាង​លើ។ លោកកើតនៅថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ១៩៤០ (ឆ្នាំថោះ) នៅខេត្ត​កំពង់ចាម ក្នុងត្រកូលមធ្យមមួយជាអ្នកធម៌អ្នកអាថ៌ ​ឧស្សាហ៍ធ្វើបុណ្យដាក់ទាន។ សព្វថ្ងៃ​ លោក​នៅបន្តការសរសេរកំណាព្យបង្ហោះ​តាម​រយៈបណ្ដាញ​សង្គម​លេងបែប​លំហែអារម្មណ៍ រួមផ្សំនឹងសកម្មភាពទេសចរណ៍វប្បធម៌ខ្លះៗជាមួយ​នឹង​ភរិយា​របស់​លោកក្នុងនាម​ជា​អ្នក​ចូលនិវត្តន៍មួយរូប។ ដូច្នេះ បើលោកអ្នកចង់ដឹងពី​ទឹកដៃ​ក្នុង​ការ​តែងបែប “ល្បែង​ប្រលែងពាក្យ” របស់​លោក​នោះ លោក​អ្នក​អាច​ចូលស្វែង​យល់​តាមរយៈការបង្ហាញ​ខាង​លើ​បាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ កវី អ៊ីវ ហួត / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!