ទឹម ម៉ានី អ្នកនិពន្ធកម្ពុជាល្បីឈ្មោះមួយរូប ដែលប្រកាន់ឆន្ទៈមិនដាក់ស្នាដៃប្រឡង

  • December 7th, 2019

បច្ចុប្បន្នវិស័យតែងនិពន្ធនៅកម្ពុជាហាក់មានសន្ទុះរីកចម្រើនគួរ​ឱ្យ​កត់​សម្គាល់ ព្រោះ​មិនត្រឹម​តែ​ឃើញ​មាន​លេច​ចេញ​នូវ​អ្នក​និពន្ធ​ថ្មីប្រកបដោយ​ទឹកដៃដែលអាច​និពន្ធ​ស្នាដៃ​ល្អៗ​ស្ទើរគ្រប់​ផ្នែក​ប៉ុណ្ណោះ​ទេ ការ​បង្កើត​កម្មវិធីថ្មីៗ​ក្នុង​វិស័យ​តែងនិពន្ធ ជាពិសេស​កម្មវិធី​ប្រឡង​ស្នាដៃ​លើ​ផ្នែក​និពន្ធ​នានា ដូចជា កំណាព្យ, រឿង​ខ្លី និងប្រលោមលោក ក៏ឃើញ​មាន​បង្កើត​ឡើង​ច្រើន​ផងដែរ ដែល​ជា​ឱកាស​ដ៏ល្អ​មួយសម្រាប់​អ្នក​និពន្ធកម្ពុជា​ទាំង​ឡាយដែលមាន​សមត្ថភាព​ក្នុង​ការនិពន្ធ ហើយ​ចង់​ល្បង​ស្នាដៃ​ជាមួយ​អ្នក​ដទៃៗ​ទៀតថា តើ​ខ្លួន​មានថ្វីដៃ​ពោរពេញ​ដោយ​គំនិត​ល្អ​កម្រិតណា​បើ​ប្រៀប​ធៀបជាមួយ​មិត្ត​រួមអាជីព​ដទៃៗ​ទៀតនោះ ជាពិសេស​អ្នក​និពន្ធវ័យក្មេងលើ​ផ្នែក​ផ្សេងៗ​តែម្ដង ដែល​បាននិពន្ធដាក់​ស្នាដៃ​ប្រឡង​ច្រើនជាងគេ។ តែ​ថ្វី​បើ​សព្វថ្ងៃ មាន​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​តែងនិពន្ធច្រើន​បែប​នេះ​​ក៏ពិតមែន មាន​អ្នក​និពន្ធ​ជាច្រើនដាក់​ស្នាដៃ​ប្រកួត​ប្រជែង​គ្នា​ក៏ពិតមែន តែ​​លោក ទឹម​ ម៉ា​នី ដែល​ជា​​អ្នក​និពន្ធ​ជើង​ចាស់​ល្បីឈ្មោះ​មួយរូប លោក​មិនធ្លាប់ដាក់​ស្នាដៃ​របស់​លោក​ប្រឡង​ម្ដងណាឡើយ បើ​ទោះជា​លោកមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការនិពន្ធ ហើយ​ស្នាដៃ​របស់​លោក​មានការ​ទទួល​ស្គាល់ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ណាក៏ដោយ។ ​​

លោក ទឹម ម៉ានី “ស្មេរ” អ្នកនិពន្ធជើងចាស់ល្បីឈ្មោះ

លោក ទឹម ម៉ានី មាន​នាម​ប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធ​ថា “ស្មេរ” ។ លោកកើត​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិទួលគោក សង្កាត់លេខ២ ក្រុងភ្នំពេញ។ លោកមាន​ឪពុកឈ្មោះ ទឹម ផន និងម្តាយឈ្មោះ ឡុង វ៉ាន ​មានបងប្អូនបង្កើត​ចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់  ដោយ​លោកជាកូនច្បងក្នុងគ្រួសារ។ លោករៀបការនៅឆ្នាំ១៩៨៨ ជាមួយនឹងភរិយាឈ្មោះ សុខ សុផល មានមុខងារជាគ្រូពេទ្យ ដោយ​សព្វ​ថ្ងៃ​លោក​ទទួលបានចំណងដៃកូនស្រីចំនួន២នាក់។ ទាក់​ទង​នឹង​ឆន្ទៈដែល​លោក​ប្រកាន់​ជំហរ​មិន​ដាក់​ស្នាដៃ​ប្រឡង​ខាង​លើ លោកបានបញ្ជាក់​ប្រាប់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ពីហេតុផលយ៉ាង​ដូច្នេះថា “និយាយ​ឱ្យ​ត្រង់ទៅចុះ នៅក្នុងឆាកជីវិតរបស់ខ្ញុំដែលជាអ្នកនិពន្ធនេះ ខ្ញុំមិនដែលបានដាក់ចូលរួមនៅក្នុងការប្រឡងជ័យលាភីអ្វីទេ ដោយខ្ញុំគិតថាយើងជាមនុស្សចាស់ទៅហើយ គឺខ្ញុំតែងតែគិតថាទុកឱ្យ​ក្មេងៗជាអ្នកបន្តវេនទៅចុះ ដើម្បីឱ្យ​គ្នាមានឱកាសថាការប្រឡងពិតជាបានទទួលជោគជ័យ ព្រោះមិនសូវមានអ្នកនិពន្ធរៀមច្បងដាក់ចូលក្នុងការប្រកួត នេះគឺជាឆន្ទៈរបស់ខ្ញុំផ្ទាល់ មិនមែនចង់សំដៅទៅលើនរណាម្នាក់នោះឡើយ។” នេះហើយ​ជា​ឆន្ទៈរបស់​លោក ទឹម ម៉ានី ចំពោះ​​ជំហរ​មិនដាក់​ស្នាដៃ​ប្រឡង​ប្រកួត​ប្រជែងជាមួយ​បណ្ដា​អ្នក​និពន្ធ​កម្ពុជា​ដទៃៗ​ទៀត ​ជាពិសេស​ជាមួយ​អ្នក​និពន្ធក្មេងៗ​ស្រករក្រោយ​ទាំង​ឡាយ ដែល​គួរឱ្យគោរព​​ស្ងើចសរសើរចំពោះ​រូប​លោក​យ៉ាង​ខ្លាំង។​

អ្នកនិពន្ធ ទឹម ម៉ានី “ស្មេរ” ថតរូបជាមួយអ្នកនិពន្ធឆ្នើមវ័យក្មេង កញ្ញា លឹម ផាន់ណា ម្ចាស់ជ័យលាភីចំណាត់់ថ្នាក់លេខ១ ផ្នែក​កំណាព្យរឿង ឆ្នាំ២០១៩

ក្នុង​ជីវិត​តែងនិពន្ធ​របស់លោក ទឹម ម៉ានី ថ្វីបើ​លោក​ចាប់​ផ្ដើម​​ចេះ​និពន្ធ​ក្នុងវ័យ២៥ឆ្នាំក៏​ពិតមែន តែមក​ទល់​នឹង​សព្វថ្ងៃនេះ លោក​តាក់តែងនិពន្ធ​​បោះពុម្ពផ្សាយ​ស្នាដៃ​បាន​​យ៉ាងច្រើន គឺរហូត​ជា ២៨៥រឿងឯណោះ ដោយគិតត្រឹមខែធ្នូ ចុងឆ្នាំ២០១៩នេះ ដែល​ចំនួន​នេះ​ពិតជាច្រើនខ្លាំង​ណាស់។ ៤៧ឆ្នាំ​ក្នុង​ជីវិត​តែងនិពន្ធ លោក​មិនដែល​នឿយ​ណាយ​ក្នុង​ការ​តែង​និពន្ធ​ម្ដងណា​ឡើយហើយស្នាដៃរឿង​ប្រលោមលោក​ដំបូងៗ​បង្អស់​របស់លោក​មានចំណងជើងថា “បក្សីចាកមែក” និង “បាត់អូនម្តេចបាន” ដែល​សុទ្ធតែ​ទទួល​បាន​នូវការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ លោក​ជាអ្នក​និពន្ធ​កម្ពុជាដ៏​ឆ្នើម​មួយរូបដែល​ប្រកបដោយ​សមត្ថភាព​អាច​និពន្ធ​បាន​យ៉ាង​ច្រើន​ផ្នែក ដូចជា កំណាព្យ, រឿងខ្លី, ប្រលោមលោកខ្នាតខ្លី និង ប្រលោមលោកវែង ហើយ​លោក​ក៏​ ចូលចិត្តបកប្រែវិធីធ្វើម្ហូបមកជាភាសាខ្មែរខ្លាំង​ផងដែរ។ ឯក្នុងចំណោមការនិពន្ធដែល​លោក​អាច​និពន្ធ​បាន​ទាំងអស់ លោក​ចូលចិត្តការតែងនិពន្ធប្រលោមលោកបែបមនោសញ្ចេតនា និងស៊ើបអង្កេតបែបអាថ៌កំបាំងខ្លាំង​ជាង​គេ ហើយស្នាដៃ​របស់លោក​ដែលទទួលបាន​ការគាំទ្រខ្លាំងបំផុតគឺរឿង “ពស់សកស្រកា” “ឃ្លោកលិចអំបែងអណ្តែត” “កវីផ្សងស្នេហ៍” “អក្ខរាដួងចិត្ត” និងរឿង “ម៉ែ” ចំណែក​ស្នាដៃ​ដែល​ល្បី​និង​លក់​ដាច់​ខ្លាំង​បំផុត គឺ សៀវភៅ “សិល្ប៍វិធីនៃការតែងនិពន្ធ​ប្រលោម​លោក” ដោយ​លក់បាន​រហូតដល់ទៅ ១០០០០ក្បាល(១ម៉ឺនក្បាល) ពិតជាមិនធម្មតាឡើយ។

ស្នាដៃល្បីៗមួយចំនួនរបស់ អ្នកនិពន្ធ ទឹម ម៉ានី ហៅ “ស្មេរ”

លោក ទឹម ម៉ានី បានចែក​រំលែក​​ចំណេះដឹង​ដល់​បុគ្គលទាំង​ឡាយដែលចង់​និពន្ធ​ស្នាដៃ​ឱ្យបាន​ល្អយ៉ាង​ដូច្នេះថា ខ្ញុំគិតថាមុននឹងយើងចង់ក្លាយទៅជាអ្នកនិពន្ធដែលមានការគាំទ្រអំពីសំណាក់មិត្រអ្នកអាននោះ គឺយើងត្រូវដឹងពីសិល្ប៍វិធីនៃការសរសេរ ជាពិសេសត្រូវមានដុងពីធម្មជាតិ ចូលចិត្តអានច្រើនវានឹងអាចរីកចម្រើនទៅមុខ អាចធ្វើឱ្យ​យើងស្វែងយល់បានថា ការអានពិតជាផ្តល់នូវអំណោយទានមួយឱ្យ​យើងដឹងថា ទាំងអស់នេះវាជាការពិត ឬមិនពិតនៅក្នុងសិល្ប៍វិធីនៃការតាក់តែងនេះ។ ការតាក់តែងនិពន្ធបានល្អ អាស្រ័យទៅដោយ​សិល្ប៍វិធី៤យ៉ាង គឺប្រលោមវិធី, ប្រលោមចិត្ត, ប្រលោមភ្នែក, និងប្រលោមអារម្មណ៍ ទាំងអស់នេះហើយដែលអាច​ឱ្យ​យើងតាក់តែងនិពន្ធនូវរឿងនីមួយៗអាចធ្វើឱ្យ​អ្នកអានជក់ចិត្តដិតអារម្មណ៍ ជក់ចិត្តទៅលើសាច់រឿងរបស់យើង។ គឺយើងជាអ្នកនិពន្ធត្រូវចេះដាក់អារម្មណ៍ ដាក់មនោសញ្ចេតនាទៅតាមសាច់រឿង វាហាក់បីដូចជាបានឃើញភាពពិតទាំងនោះនៅនឹងមុខតែម្តង។ ទាំងនេះគឺគេហៅថាចូលតួនោះអី បើសរសេរយំអ្នកអានក៏អាចយំតាមបានដែរ បើសើចគឺនឹងសើចទៅតាមសាច់រឿងដែលយើងបានសរសេរ ទាំងនេះគឺជាសិល្ប៍វិធីនៃការតាក់តែងរបស់អ្នកនិពន្ធនោះ។

អ្នក​និពន្ធ ទឹម ម៉ានី “ស្មេរ” និងបុគ្គលសំខាន់ៗ​មួយចំនួន​ក្នុងវិស័យតែងនិពន្ធ

លោក ទឹម ម៉ានី ក៏ជាអ្នក​និពន្ធ​កម្ពុជាមួយរូបដែល​ផ្ដល់​តម្លៃ​ដល់​ការតែងនិពន្ធ​ខ្លាំងណាស់ដែរ ដោយ​លោក​បាន​បញ្ជាក់ថា លោក​នឹង​បន្តនិពន្ធ​រហូតដល់ដំណាក់កាលចុងក្រោយក្នុង​ជីវិត​របស់​លោក​តែម្ដង ដោយ​លោក​នឹង​មិនបោះបង់ចោលឡើយឱ្យតែ​លោក​នៅតែ​អាច​និពន្ធបាន។ ទន្ទឹមនឹងនេះ លោក​ក៏បាន​បង្ហាញ​ពី​អត្ថប្រយោជន៍និងទំនាក់​ទំនង​រវាងការអាន​និង​ការនិពន្ធ​ផងដែរថា ​ការអានច្រើនពិតជាអាចជួយដល់ស្មារតីរបស់យើងក្នុងការតែងនិពន្ធ ដោយគួបផ្សំទៅនឹងកត្តាធម្មជាតិរបស់យើងដែលមានមករួចជាស្រេច សូម្បីតែរូបខ្ញុំគឺអានច្រើនណាស់ មិនថាភាសាបរទេស ឬជាអ្វីនោះទេ អានច្រើនចម្រើនវិជ្ជាគឺពិតជាមិនខុសទេ បើយើងអានច្រើន កម្រិតការចេះដឹងរបស់យើងនឹងឈានទៅមុខយ៉ាងលឿន ទាំងនេះវាជាការពិតដោយការអាន ការចង់ដឹងនេះហើយ អាចនាំឱ្យ​យើងក្លាយទៅជាអ្នកនិពន្ធមួយរូប ដែលអាចធ្វើឱ្យ​គេទទួលស្គាល់គ្រប់មជ្ឈដ្ឋានទាំងអស់។ ដោយសារស្នាដៃរបស់យើងមានទឹកដមអាចបំពេអ្នកអានឱ្យ​ជក់ចិត្តដិតអារម្មណ៍ទៅតាមការនិពន្ធ។

ស្នាដៃមួយចំនួនទៀតរបស់ អ្នកនិពន្ធ ទឹម ម៉ានី ហៅ “ស្មេរ”

មុន​នឹង​បញ្ចប់​បទសម្ភាសន៍ លោក ទឹម ម៉ានី បាន​ផ្ដាំ​ផ្ញើជាចុង​ក្រោយថា ជាចុងបញ្ចប់ ក្នុងនាមខ្ញុំជាអ្នកនិពន្ធវ័យចំណាស់ម្នាក់ សូមផ្តាំផ្ញើទៅយុវជនជំនាន់ក្រោយថា ម្នាក់ៗមុននឹងក្លាយទៅជាអ្នកនិពន្ធឱ្យមានការគាំទ្រច្រើននោះ ត្រូវគិតថាចេះ​ឯងឱ្យក្រែងចេះគេ មិនប្រមាថចំពោះអ្នកដែល​អន់ខ្សោយជាងយើងនោះទេ ត្រូវដាក់ខ្លួនថាយើងជាបន្លាដែលត្រូវកាត់ចេញចោលនូវការលើកតម្កើងខ្លួន ថាមានតែអញនោះ ទាំងនេះហើយដូចពាក្យចាស់លោកពោលថា ងើយស្កក ឱនដាក់គ្រាប់ កាន់តែចេះណាស់ កាន់តែដាក់ខ្លួនឱ្យ​ទាបណាស់ គឺការមិនលើកតម្កើងខ្លួន ពាក្យសម្តីមិនសមរម្យនោះហើយ ទើបភាពជោគជ័យនៅចាំរូបយើង។ ខ្ញុំសូមផ្តាំថា អានច្រើន គិតច្រើន ជាមាគ៌ានាំយើងឆ្ពោះទៅដល់គោលដៅយ៉ាប្រាកដ។ អ្នកនិពន្ធត្រូវមានមនសិការ​ថា ដើម្បីឱ្យកូនខ្មែរបានចេះ បានអាន ដឹងនូវវប្បធម៌អក្សរសាស្រ្តរបស់ខ្មែរកុំឱ្យ​បាត់បង់នោះ ត្រូវសរសេរខ្មែរឱ្យ​បានច្បាស់ត្រូវនឹងអក្ខរាវិរុទ្ធក្នុងវចនានុក្រម សម្តេចសង្ឃរាជ ជួនណាត ។ សូមអរគុណ ដោយ​ក្ដី​គោរព​ស្រឡាញ់​ពីខ្ញុំបាទអ្នក​និពន្ធ ទឹម ម៉ានី “ស្មេរ”។”

អ្នកនិពន្ធល្បីឈ្មោះ ទឹម ម៉ានី ហៅ “ស្មេរ”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ទឹម ម៉ានី គឺជាអ្នក​និពន្ធកម្ពុជា​ដ៏​ល្បីឈ្មោះ​មួយរូប ដែលគេ​ស្គាល់ជាទូទៅថា “ស្មេរ” លោកជា​អ្នក​និពន្ធ​ដែល​ប្រកបដោយ​សមត្ថភាព​ក្នុង​ការ​តែងនិពន្ធយ៉ាងខ្លាំង តែប្រកាន់ឆន្ទៈមិនដាក់​ស្នាដៃ​ប្រឡង​ ជាពិសេស​ជាមួយ​អ្នក​និពន្ធ​ក្មេងៗ ដើម្បី​ឱ្យពួកគេ​អាច​បញ្ចេញសមត្ថភាព​ពិតប្រាកដបាន ដែលជាគំរូដ៏ល្អមួយដែល​​អ្នក​និពន្ធ​ជើងចាស់រៀមច្បង​មួយចំនួនដទៃ​ទៀត​គួរយក​តម្រាប់​តាម។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ទឹម ម៉ានី / រក្សាសិទ្ធិ ៖ cambowritercom


error: អត្ថបទរក្សាសិទ្ធ !!