លោក ជា តុងហៃ ម្ចាស់ស្នាដៃសៀវភៅ “ទឹកភ្នែកគជ់ខ្យង” និងជាប្រធានក្រុម “ទសប៉ាកកា” ក្រុមអ្នកនិពន្ធវ័យក្មេង
- July 8th, 2020
លោក ជា តុងហៃ ម្ចាស់ស្នាដៃសៀវភៅ “ទឹកភ្នែកគជ់ខ្យង” និងជាប្រធានក្រុម “ទសប៉ាកកា” ក្រុមអ្នកនិពន្ធវ័យក្មេង
លោក ជា តុងហៃ កើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩២ នៅភូមិភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ លោកមានឪពុកឈ្មោះ អ៊ី ហៀង (ស្លាប់) និងម្តាយឈ្មោះ ង៉ែត សេង (ជាកសិករ)។ ចំណែកបងប្អូនបង្កើតវិញលោកមានចំនួន៨នាក់ ក្នុងនោះប្រុស៥នាក់ ស្រី៣នាក់ ដោយលោកជាជាកូនទី៧ក្នុងគ្រួសារ។ លោកចាប់ផ្តើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅពាក់កណ្តាលឆ្នាំ២០១៧ តាមរយៈការចូលរួមប្រឡងប្រជែងស្នាដៃជាមួយអ្នកនិពន្ធវ័យក្មេងជាច្រើនរូបផ្សេងទៀត ដែលរៀបចំឡើងដោយផលិតកម្មមួយ។ គិតមកទល់នឹងពេលនេះ លោកមានស្នាដៃដែលបានបោះពុម្ពជាសៀវភៅមួយចំនួនដូចជា ៖
លោក ជា តុងហៃ និងសៀវភៅ “ទឹកភ្នែកគជ់ខ្យង” ស្នាដៃនិពន្ធរបស់លោក
ខាងលើគឺជាប្រវត្តិនៃការប្រឡូកចូលក្នុងវិស័យតែងនិពន្ធ និងស្នាដៃផ្នែកតែងនិពន្ធទាំងអស់របស់លោកដែលបានសាងឡើងក្នុងរយៈពេលកន្លងមកនោះ។ បន្ទាប់មកក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក ជា តុងហៃ ក៏បានបន្តបង្ហាញទាក់ទងនឹងការតែងនិពន្ធរបស់លោកថា “ដ្បិតតែទេពកោសល្យពីកំណើត គឺជាកត្តាចម្បងសម្រាប់អ្នកនិពន្ធ តែចំពោះខ្ញុំ ការពឹងតែលើកត្តាមួយនេះ គឺមិនគ្រប់គ្រាន់ទេ! ប្រឡូកក្នុងវិស័យតែងនិពន្ធនេះ ដំបូងខ្ញុំបានចូលរៀនវគ្គបណ្តុះបណ្តាល ការសរសេរអត្ថបទភាពយន្ត រយៈពេលបីខែ រៀបចំដោយ Cambodia Film Commission នៅពាក់កណ្តាលឆ្នាំ២០១៧។ ក្រោយមក នៅដើមឆ្នាំ២០១៨ ខ្ញុំបានចូលរៀនវគ្គ មូលដ្ឋានគ្រឹះនៃការសរសេរប្រលោមលោក រៀបចំដោយ ប្រលោមលោកសប្បាយ ដែលបង្រៀនដោយ អ្នកនិពន្ធ ម៉ីសន សុធារី ។ ក្រៅពីនេះ ខ្ញុំរៀនសូត្រពីការសាកសួរផ្ទាល់ និងអានស្នាដៃរបស់អ្នកនិពន្ធរៀមច្បង និងអ្នកនិពន្ធដទៃទៀត។ ចំណែកការមើលរឿងភាគទូរទស្សន៍ និងភាពយន្ត ក៏ជាចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពក្នុងការសរសេររបស់ខ្ញុំដែរ។”
លោក ជា តុងហៃ និងអ្នកនិពន្ធវ័យក្មេងដែលជាសមាជិកមួយចំនួនរបស់ “ទសប៉ាកកា”
ចំពោះសំណួរដែលថា តើលោកនឹងបោះបង់ចោលការតែងនិពន្ធនេះនៅថ្ងៃណាមួយដែរឬទេនោះ? លោក ជា តុងហៃ ក៏បានតបថា “ខ្ញុំស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ! ដូច្នេះបើសួរថា តើខ្ញុំមានគម្រោងឈប់សរសេរដែលឬទេនោះ? ខ្ញុំមិនទាន់មានចម្លើយឡើយ។ ខ្ញុំគ្រាន់តែដឹងយ៉ាងច្បាស់ថា ការតែងនិពន្ធគឺជាកិច្ចការដែលខ្ញុំស្រឡាញ់ខ្លាំង! ម្យ៉ាងខ្ញុំក៏មានមហិច្ឆតាធំក្នុងវិស័យនេះផងដែរ… ខ្ញុំចង់ឱ្យមនុស្សជាច្រើនបានអានស្នាដៃខ្ញុំ… ខ្ញុំចង់ឈ្នះការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍… និងខ្ញុំចង់ក្លាយជាអ្នកនិពន្ធម្នាក់ដែលស្នាដៃរបស់ខ្ញុំត្រូវបានអ្នកអានទូទៅទទួលស្គាល់ជាដើម… ដូច្នេះ អ្វីដែលខ្ញុំត្រូវធ្វើ គឺរៀនសូត្រ និងប្រឹងប្រែងបន្តទៀត ដើម្បីអភិវឌ្ឍខ្លួនឱ្យឈានដល់ការសម្រេចគោលបំណងនេះនៅទីបំផុត។”
លោក ជា តុងហៃ ក្នុងពិធីទទួលជ័យលាភីស្នាដៃតែងនិពន្ធមួយ
លោក ជា តុងហៃ មិនត្រឹមតែជាអ្នកនិពន្ធវ័យក្មេងប្រកបដោយទឹកដៃប៉ុណ្ណោះទេ លើសពីនេះ លោកថែមទាំងជាប្រធានក្រុម ទសប៉ាកកា ដែលជាក្រុមអ្នកនិពន្ធវ័យក្មេងទៀតផង។ ទាក់ទងនឹងក្រុមនេះ លោកបានបញ្ជាក់ថា “ទសប៉ាកកា ជាក្រុមអ្នកនិពន្ធវ័យក្មេង បង្កើតឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ ពួកយើងមានសមាជិកចំនួន១០រូប ដែលខ្ញុំមានតួនាទីជាប្រធានក្រុម។ ដំណើរដើមទងដែលបណ្ដាលឱ្យកើតមាននៅក្រុមនេះឡើង គឺកាលណោះពួកយើងជាសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលការសរសេរប្រលោមលោក រៀបចំដោយ ប្រលោមលោកសប្បាយ។ ក្រោយពីចប់វគ្គសិក្សា ពួកយើងក៏បានរួមគ្នាបង្កើតជាក្រុម ទសប៉ាកកា នេះឡើង ក្នុងគោលបំណងចម្បងគឺដើម្បីរក្សាមិត្តភាពឱ្យនៅជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍខ្លួនក្នុងវិស័យតែងនិពន្ធនេះ។ គិតមកដល់ពេលនេះក្រុម ទសប៉ាកកា មានអាយុជាងពីរឆ្នាំហើយ ហើយពួកយើងក៏មានស្នាដៃមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ ដោយសមាជិកយើងខ្លះបានបោះពុម្ពស្នាដៃជាសៀវភៅ និងខ្លះទៀតបានជាប់ជ័យលាភីក្នុងការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍។”
សៀវភៅ “ទឹកភ្នែកគជ់ខ្យង” ស្នាដៃនិពន្ធរបស់ លោក ជា តុងហៃ
ចំពោះស្នាដៃរបស់ លោក ជា តុងហៃ វិញ ស្នាដៃចុងក្រោយបំផុតរបស់លោក មានចំណងជើងថា “ទឹកភ្នែកគជ់ខ្យង” ជាប្រលោមលោកមនោសញ្ចេតនាបែបលន្លង់លន្លោច។ លោកបានបញ្ជាក់ថា សៀវភៅនេះបោះពុម្ពដោយ “តម្រា” និងចេញផ្សាយកាលពីពិព័រណ៌សៀវភៅឆ្នាំ២០១៩។ ឯខណៈពេលនេះ លោកកំពុងតែសរសេរស្នាដៃថ្មីមួយទៀត ជាប្រភេទប្រលោមលោកបែបរន្ធត់ទាក់ទងនឹងជំនឿផ្លូវងងឹតក្នុងសង្គមខ្មែរ ដោយមានគម្រោងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះឯង។
សៀវភៅប្រលោមលោករឿង “ពេលម៉ែចាស់ទៅ” ជាសហនិពន្ធរបស់លោក ជា តុងហៃ និង អ្នកស្រី ពាន់ ភួងបុប្ផា
អានបានចំណេះ។ ដូច្នេះ បើយើងអានកាន់តែច្រើន នោះយើងក៏នឹងមានចំណេះកាន់តែទូលំទូលាយផងដែរ។ ទាក់ទងនឹងអត្ថប្រយោជន៍ក្នុងការអាននេះ ក្នុងនាមលោក ជា តុងហៃ ជាអ្នកនិពន្ធមួយរូប លោកដឹងច្បាស់ណាស់ ដោយលោកបានបង្ហាញថា “ការអានគឺជាកិច្ចការចម្បងបំផុតរបស់អ្នកនិពន្ធ។ ខ្ញុំក៏ដូចជាអ្នកនិពន្ធដទៃទៀតដែរ គឺតែងយកការអានជាទម្លាប់របស់ពួកយើង។ ខ្ញុំចូលចិត្តអានស្នាដៃរបស់អ្នកនិពន្ធរៀមច្បង ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ ដូចជា ពានរង្វាន់ព្រះសីហនុរាជ សមូហកម្មអក្សសិល្ប៍ នូ ហាច មហោស្រពអក្សរសិល្ប៍ខ្មែរ ។ល។” លោកបន្ត “មែនទែនទៅ! ខ្ញុំជាអ្នកនិយមអានស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី និងស្នាដៃរបស់អ្នកនិពន្ធថ្មីៗជាច្រើនទៀតក្នុងប្រលោមលោកសប្បាយ ព្រោះខ្ញុំយល់ថា អានច្រើន ដើម្បីបង្កើនចំណះដឹង… អានច្រើន ដើម្បីដឹងពីប្រធានបទដែលគេបានសរសេរ ហើយ ដឹងពីប្រធានបទដែលអ្នកអាននិយមចូលចិត្ត និងជាពិសេសសិក្សាពីសិល្ប៍វិធីសរសេររបស់អ្នកនិពន្ធដទៃទៀត។” នេះជាការបញ្ជាក់របស់លោកទាក់ទងនឹងការអាន។
សៀវភៅ “ខ្មាសខ្លួនឯង” និង “ព្រៃរំដួល” ដែលមានស្នាដៃតែងនិពន្ធរបស់ លោក ជា តុងហៃ នៅក្នុងនោះ
ជាចុងបញ្ចប់ លោក ជា តុងហៃ ថ្លែងថា “ជាដំបូង ខ្ញុំសូមអរគុណដល់ គេហទំព័រអ្នកនិពន្ធកម្ពុជា ជាពិសេសបងប្រុស គង់ រង្សី ដែលបានផ្តល់ឱកាសចំពោះកិច្ចសម្ភាសន៍នេះ។ ខ្ញុំក៏ជាប្រិយមិត្តប្រលោមលោករបស់គាត់ក្នុងប្រលោមលោកសប្បាយដែរ។ ជាចុងក្រោយ ខ្ញុំមានពាក្យពេចន៍មួយចំនួនទៅដល់ប្អូនៗដែលស្នេហាការតែងនិពន្ធ សូមប្អូនៗស្វែងរកការបង្ហាត់បង្ហាញពីអ្នកនិពន្ធរៀមច្បង ឬស្ថាប័នដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការតែងនិពន្ធ ជាជាងការពឹងផ្អែកទាំងស្រុងលើទេពកោសល្យធម្មជាតិរបស់ខ្លួន។ លើសពីនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗចូលរួមកម្មវិធីទាក់ទងនឹងការតែងនិពន្ធឱ្យបានច្រើនតាមដែលអាចធ្វើបាន ដូចជាកម្មវិធីសម្ពោធសៀវភៅថ្មី កម្មវិធីជួបជុំអ្នកនិពន្ធ សិក្ខាសាលា ឬការប្រកួតប្រជែងស្នាដៃជាដើម ដើម្បីមានឱកាសស្គាល់អ្នកនិពន្ធផ្សេងទៀត និងជាឱកាសរៀនសូត្របន្ថែមផងដែរ។ ហើយខ្ញុំក៏មិនភ្លេចអរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ផងដែរ ដែលតែងតែគាំទ្រស្នាដៃតែងនិពន្ធមិនថាជាស្នាដៃរបស់ខ្ញុំ ឬរបស់អ្នកនិពន្ធដទៃទៀត។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែបន្តគាំទ្រការអានសៀវភៅបន្តទៀតជារៀងរហូតតទៅ។ ខ្ញុំសន្យាថា នឹងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងខិតខំបង្កើតស្នាដៃថ្មីៗឱ្យបានកាន់តែល្អ ដើម្បីបង្កើនរសជាតិអំណានដល់អ្នកអានឱ្យបានកាន់តែច្រើន។”
លោក ជា តុងហៃ កំពុងអានសៀវភៅប្រលោមលោករឿង “ភ្នំពេញអើយបងនឹកអូន” ស្នាដៃនិពន្ធរបស់ លោក លី សុផាត
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ជា តុងហៃ កើតឆ្នាំ១៩៩២ នៅស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយ លោកគឺជាប្រធានក្រុម “ទសប៉ាកកា” ដែលជាក្រុមអ្នកនិពន្ធវ័យក្មេង ប្រកបដោយសមត្ថភាពក្នុងការតែងនិពន្ធ។ លោកគឺជាម្ចាស់ស្នាដៃសៀវភៅ “ទឹកភ្នែកគជ់ខ្យង” ដែលជាប្រលោមលោកមួយដ៏ល្បី និងស្នាដៃមួយចំនួនទៀត។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងពីទឹកដៃក្នុងការនិពន្ធរបស់លោកថាមានលក្ខណៈល្អយ៉ាងណាខ្លះនោះ លោកអ្នកអាចស្វែងរកទិញសៀវភៅរបស់លោកយកមកអានបាន តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ តម្រា https://www.facebook.com/DomraOfficial/ និងបណ្តាអ្នកលក់សៀវភៅតាមអនឡាញជាច្រើនទៀត ដូចជា Grey Universe https://www.facebook.com/Greyuniverses/ និង ភ្នំពេញ Terminal https://www.facebook.com/PhnomPenhTerminal/ ជាដើម ដោយគេហទំព័រយើងខ្ញុំជឿជាក់ថា លោកអ្នកមុខជានឹងមិនខកបំណងឡើយ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ជា តុងហៃ / រក្សាសិទ្ធិ ៖ cambowriter.com