យុវសមណៈ ឆិម ប៊ុនឆា ម្ចាស់ស្នាដៃសៀវភៅ​ “វាចាមាសរបស់ម៉ែ”

  • September 10th, 2019

“វាចាមាសរបស់ម៉ែ” គឺជាឈ្មោះ​សៀវភៅ​និពន្ធ​​ថ្មី​មួយ​​កំពុង​មាន​​វត្តមាន​​លើ​ទីផ្សារ​ក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា ជាសៀវភៅ​​ប្រកបដោយ​អត្ថន័យអប់រំទូន្មាន​ប្រៀន​ប្រដៅរបស់​ម្ដាយ​ទៅកាន់កូន ដែលក្នុង​នាម​យើង​ជាកូនៗទាំងអស់គ្នា គួរតែមាន​សៀវភៅ​នេះ​នៅក្នុង​ដៃ ប្រៀបដូចសម្ដីរបស់ យុវសមណៈ ឆិម ប៊ុនឆា ម្ចាស់ស្នាដៃ​ដែលបាន​លើក​ឡើងថា “មានសៀវភៅ​មួយ​ក្បាល​នេះ​​ក្បែរ​កាយ ដូចមានម្ដាយ​នៅចាំ​ក្រើន​រំឮកព្រឹកល្ងាច” យ៉ាង​ដូច្នោះដែរ។​

យុវសមណៈ ឆិម ប៊ុនឆា ប្រសូត្រនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៨៩, នៅ​ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, មានឪពុកនាម អ៊ុច ឆឺន និងម្តាយនាម សៀន ថង។​ មានបងប្អូន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ ​ជាកូនច្បង​ក្នុង​គ្រួសារ និង​ចាប់​ផ្ដើម​បួស​ពេលមាន​ព្រះជន្ម១៧ឆ្នាំ នៅវត្តស្វាយស ស្ថិត​ក្នុងស្រុក​ភ្នំស្រុក, ខេត្ត​បន្ទាយមានន័យ។​ ទាក់ទងនឹងទៅ​​សៀវភៅ “វាចាមាសរបស់ម៉ែ” ម្ចាស់​ស្នាដៃ​ខាង​លើ​​បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “កត្តាដែលជម្រុញឱ្យអាត្មានិពន្ធសៀវភៅនេះឡើង គឺដើម្បីបើកបង្ហាញអំពីពាក្យពេចន៍ដ៏មានតម្លៃរបស់ម៉ែ ដែលតែងតែអប់រំទូន្មានប្រៀនប្រដៅកូន ដាស់តឿនក្រើនរំឭកព្រឹកល្ងាច ហើយក្នុងនោះផងដែរ អាត្មាបាន​សរសេរជា៣ជំពូកធំៗ ដែលជំពូកទី១ រៀបរាប់អំពីពាក្យពេចន៍ម៉ែលើកទឹកចិត្តកូន ប្រាប់ឱ្យកូនរឹងមាំ កុំឱ្យ​កូនអស់សង្ឃឹម ឱ្យកូនព្យាយាមញញឹមទទួលស្គាល់ការពិតរបស់ជីវិត និងប្រាប់ឱ្យ​កូនតស៊ូពុះពាឆ្លងកាត់ឧបសគ្គជីវិតដើរឆ្ពោះទៅមុខមិនរាថយ។ ជំពូកទី២ រៀបរាប់អំពីបរិបទជីវិត និងបរិបទសង្គម ដែលម្តាយធ្លាប់បានឆ្លងកាត់ យកមកបើកបង្ហាញប្រាប់កូន ដើម្បីបានជាបទពិសោធន៍ និងដើម្បីអប់រំចិត្តកូន។ ចំណែកជំពូកទី៣ ជាសាររបស់ម៉ែរៀបរាប់បរិយាយប្រាប់កូន អំពីគូជីវិតដែលកូនត្រូវរស់នៅជាមួយ ថាតើបុរសស្ត្រីបែបណាដែលកូនគួរជ្រើសរើសជាភរិយា និងជាស្វាមី ហើយម៉ែបានបង្ហាញប្រាប់អំពីនិយម​ន័យនៃសេចក្តីស្នេហាជាច្រើនទៀតផងដែរដល់កូន….។”

យុវសមណៈ ឆិម ប៊ុនឆា បាន​បញ្ជាក់បន្ថែមទៀតថា “សៀវភៅ “វាចាមាសរបស់ម៉ែ” នេះ​មានកម្រាស់២៥០ទំព័រ ជាសៀវភៅនិយាយ​ពី​ពាក្យ​ពេចន៍​​អប់រំទូន្មាន​ប្រៀប​ប្រដៅដ៏មាន​តម្លៃ​​របស់​ម្ដាយ​ទៅកាន់កូន ​ដើម្បីឱ្យកូនរឹងមាំ និង​ជោគជ័យ​ក្នុង​ជីវិត​។ សៀវភៅ​នេះ​​អាត្មាបានប្រគល់ទៅឱ្យ “សមាគមឧត្តមគតិកូនខ្មែរ” ដើម្បីចាត់​ចែងបោះពុម្ពផ្សាយ ដាក់លក់ក្នុងតម្លៃ៧ដុល្លារ ដោយ​កម្រៃដែលបានចំណេញពីការលក់សៀវភៅនេះ គឺចូលសមាគមនោះទាំងអស់ សម្រាប់ចាត់ចែងធ្វើការងារសង្គមដែលសមាគមតែងធ្វើជាប្រចាំកន្លងមក។ ហើយប្រសិនបើប្រិយមិត្តចង់បានសៀវភៅនេះយកទៅអាន អាចទាក់ទងជាវបានពីបងប្អូនក្រុមការងារមនុស្សធម៌របស់សមាគមឧត្តមគតិកូនខ្មែរ ឬក៏អាចស្វែងរកបាននៅតាមបណ្ណាគារ និងហាងកាហ្វេ(មិនទាន់ស្គាល់ឈ្មោះ)នៅទីក្រុងភ្នំពេញ ហើយបើ​ចង់​រកជាវ​នៅ​ក្នុងពិធីតាំងពិព័រណ៌សៀវភៅខាងមុននេះ អាចរកជាវ​បាន​នៅតូបរបស់គ្រឹះស្ថានបោះពុម្ពផ្សាយឯកសារខ្មែរ។”

យុវសមណៈ ឆិម ប៊ុនឆា ចាប់ផ្តើមចេះនិពន្ធតាំងពីឆ្នាំ២០០៩ ដែល​រហូតមកដល់ពេលនេះ​និពន្ធ​សៀវភៅបានចំនួន​៦ចំណងជើង​ហើយ​ដូចជា “ដំណក់ទឹកភ្នែក”,​ “ម៉ែអើយកូនសូមទោស”, “ដួងហឫទ័យនៃអ្នកមានគុណ”, “តម្រង់ផ្លូវជីវិត” និង “សំនៀងកវី” ដែលសៀវភៅទាំងអស់នេះកំពុងរៀបចំបោះពុម្ពឡើងវិញ ហើយ​បន្ទាប់​ពី​សៀវភៅ “វាចាមាសរបស់ម៉ែ” ដែល​ទើប​បោះ​ពុម្ព​ចេញ​ផ្សាយថ្មីៗ​នេះ នឹង​មានស្នាដៃថ្មីៗត្រៀមបោះពុម្ពផ្សាយជាបន្តបន្ទាប់ទៀតដូចជា “រឿងនិទានទូន្មានជីវិត”, “មន្តស្នេហ៍កំណាព្យ” និង​ “ពុកម៉ែមានតែមួយ” ដែលស្នាដៃទាំងអស់នេះបាន​​និពន្ធរួចរាល់ហើយ នៅតែរៀបចំជាសៀវភៅបោះ​ពុម្ព​ផ្សាយ​ចេញប៉ុណ្ណោះ។

យុវសមណៈ ឆិម ប៊ុនឆា ​ស្រឡាញ់​ការតែងនិពន្ធណាស់ ដោយ​​បាន​បញ្ជាក់ថា “ក្នុងនាមជាអ្នកនិពន្ធកម្ពុជាមួយរូប ការតែងនិពន្ធនេះគឺពិតជាសំខានខ្លាំងណាស់សម្រាប់ជីវិតអាត្មា សឹងតែអាចនិយាយបានថា ជីវិតអាត្មានឹងគ្មានន័យបើសិនជាអាត្មាមិនបានសរសេរអ្វីដែលចង់សរសេរ ព្រោះការនិពន្ធនិងការសរសេរ គឺជាចំណែកមួយដ៏សំខាន់នៃជីវិតអាត្មា ដែលមិនអាចខ្វះបាន ហើយអាត្មានឹងនៅតែបន្តការតែងនិពន្ធនេះរហូតទាល់តែអាត្មាសរសេរលែងកើតតែម្ដង… ហើយជាចុង​ក្រោយ​អាត្មាសូមផ្តែផ្តាំដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្អូនៗយុវវ័យទាំងអស់ ឱ្យ​ខិត​ខំប្រឹងប្រែងសិក្សារៀនសូត្រ ប្រឹងទន្ទេញ ប្រឹងអាន ដើម្បីក្លាយជាទំពាំងដ៏រឹងមាំនៃប្រទេសជាតិ និងជៀសឱ្យ​ឆ្ងាយពីគ្រឿងញៀនអាភៀនយាម៉ា មានចិត្តកតញ្ញូចំពោះឪពុកម្តាយ និងជាពិសេសជួយគាំទ្រចំពោះការតែងនិពន្ធរបស់អ្នកនិពន្ធខ្មែរគ្រប់រូប ព្រោះអ្នកនិពន្ធគឺជាអ្នកផ្សាយតម្លៃនៃអក្សរសាស្ត្រ និងតម្លៃនៃវប្បធម៌ខ្មែរ ដ៏សំខាន់ដែលមិនអាចមើលរំលងបាន។”

 “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា យុវសមណៈ ឆិម ប៊ុនឆា ម្ចាស់​ស្នាដៃសៀវភៅ “វាចាមាសរបស់ម៉ែ” ​ក្រៅពីមាន​អាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប បច្ចុប្បន្នគឺ​ជានិស្សិតកំពុងរៀនត្រៀមចូល “មហាវិទ្យាល័យ CCP College” នៅទីក្រុង Philadelphia រដ្ធ Pennsylvania, សហរដ្ធអាមេរិក។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឆិម ប៊ុនឆា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!