លោក វណ្ណ សារ៉េត កវីនិពន្ធខ្មែរឆ្នើមមួយរូប ប្រចាំខេត្តព្រៃវែង ដែលលោកអ្នកគួរស្គាល់!

  • July 27th, 2020

លោក វណ្ណ សារ៉េត មាន​នាមប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “ចៅស្មេរប្រលោម” ។ លោក​កើត​នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង, មាន​ឪពុកឈ្មោះ ហ៊ាង សុវណ្ណ  និងម្ដាយឈ្មោះ ជុំ សាផន ដែល​លោក​ទាំង​ពីរជាកសិករ និងមាន​បងប្អូនបង្កើតចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហើយលោក​ជាកូនច្បងក្នុងគ្រួសារ។ លោក​រៀបការថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០ រហូត​មកទល់​នឹង​ពេលនេះមានកូនចំនួន២នាក់ ប្រុសទាំង២។ បច្ចុប្បន្ន ​​ក្រៅ​ពីជា​កវីនិពន្ធ​ខ្មែរ​ឆ្នើម​មួយរូបប្រចាំខេត្ត​ព្រៃវែង លោកគឺជាគ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្ត្រខ្មែរ នៅស្រុកកំណើត​របស់​លោកដូចដែលបាន​រៀបរាប់​ខាងលើតែម្ដង។

លោក វណ្ណ សារ៉េត កវីនិពន្ធខ្មែរឆ្នើមមួយរូប ប្រចាំខេត្តព្រៃវែង

ដូច្នេះ ដើម្បីបានដឹងចំណង់​ចំណូលចិត្តក្នុងការនិពន្ធ​ ស្នាដៃ និងសមិទ្ធផលក្នុងកិច្ចការ​តែង​និពន្ធ​របស់លោកថាយ៉ាង​ណា​ខ្លះ​នោះ? យើង​ខ្ញុំសូមបង្ហាញ​នូវបទសម្ភាសន៍ដែលបានធ្វើឡើងរវាង​ “គេហទំព័រអ្នក​និពន្ធកម្ពុជា” និង​លោក វណ្ណ សារ៉េត បង្ហាញ​ជូន​ឱ្យ​លោក​អ្នក​បានដឹង​ ដូចតទៅ ៖

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ តើលោកអាច​បង្ហាញ​បានទេថា លោក​ចាប់ផ្ដើមប្រឡូកក្នុងការតែងនិពន្ធកំណាព្យ​តាំង​ពីឆ្នាំណា? ហើយ​ការណ៍​​ដែល​លោក​អាចនិពន្ធ​កំណាព្យ​បាន​ល្អ​បែបនេះ ជាដុងពីធម្មជាតិរបស់​លោក ឬក៏ទទួលបានការ​បង្ហាត់​បង្រៀន​ពីនរណា?

លោក វណ្ណ សារ៉េត ៖ ការណ៍​ដែលខ្ញុំក្លាយជាអ្នកចូលចិត្តកំណាព្យ និងអាចសរសេរកំណាព្យបាន មានកត្តាជាច្រើនរួមផ្សំគ្នា។ ខ្ញុំនៅចាំបានថាតាំងពីនៅវ័យកុមារ ខ្ញុំនៅជាមួយជីតារបស់ខ្ញុំ ដែលគាត់ជាព្រឹទ្ធាចារ្យក្នុងភូមិម្នាក់។ ជីតាខ្ញុំចេះចាំធម៌អារ្យ និងកំណាព្យជាច្រើនដូចជា ច្បាប់ប្រុស, ច្បាប់ស្រី, ច្បាប់ក្រមង៉ុយ, ច្បាប់បណ្ឌិត អ៊ូ ចុង ជាដើម ព្រោះគាត់ជាអាចារ្យពេលការ។  ពេលទំនេរគាត់តែងសូត្រកំណាព្យទាំងនោះឱ្យខ្ញុំស្ដាប់ជារឿយៗ រហូតខ្ញុំអាចចេះចាំរត់មាត់តាមគាត់នូវកំណាព្យមួយចំនួនទៀតផង។ ប្រហែលកត្តានេះហើយជាការបណ្ដុះនិស្ស័យដំបូងបំផុត ដែលនាំឱ្យខ្ញុំស្រឡាញ់កំណាព្យ។ កាលនៅរៀនតាំងពីថ្នាក់បឋមសិក្សា រាល់មេរៀន ឬមេសូត្រជាកំណាព្យ ខ្ញុំងាយចងចាំជាងពាក្យរាយ។ សូម្បីបទចម្រៀងពីដើម ដែលខ្ញុំឮតាមវិទ្យុជាញឹកញាប់ ក៏ខ្ញុំអាចចាំបានជាច្រើនបទផងដែរ។ ដោយការចូលចិត្តកំណាព្យនិងចម្រៀង ធ្វើឱ្យខ្ញុំហ៊ានសាកល្បងរៀនសរសេរកំណាព្យនិងទំនុកចម្រៀង។ ខ្ញុំចាប់ផ្ដើមរៀនសរសេរកំណាព្យដំបូងតាំងពីឆ្នាំ២០០០ គឺពេលដែលនៅជាសិស្សរៀននៅវិទ្យាល័យ។ ដំបូងរៀនសរសេរ ហើយជូនមិត្តភក្ដិដែលយល់ចិត្តគ្រាន់អានលេង និងជួយឱ្យយោបល់។ ដោយមានការលើកទឹកចិត្តពីមិត្តភក្ដិជុំវិញខ្លួន ក៏ចេះតែបន្តសរសេរជាហូរហែ រហូតដល់ឆ្នាំ២០០១ ក៏បានចាប់ផ្ដើមសាកល្បងសរសេរផ្ញើជូននាទីសួនកំណាព្យប្រិយមិត្តរបស់វិទ្យFM 99MHz ដែលមានលោក អេង ភារុន ជាពិធីករក្នុងកម្មវិធីកាលនោះ។ ក្រោយពីកំណាព្យរបស់ខ្ញុំ ត្រូវបានចាក់ផ្សាយតាមវិទ្យុជារឿយៗជាមួយនឹងស្នាដៃកំណាព្យរបស់ប្រិយមិត្តដ៏ទៃទៀតក្នុង នាទីសួនកំណាព្យ ធ្វើឱ្យខ្ញុំត្រេកអរជាពន់ពេក ហើយជាពិសេសទៀតនោះ មានបងប្អូនអ្នកស្រុកអ្នកភូមិ មិត្តភក្ដិរួមវិទ្យាល័យដែលបានឮកំណាព្យទាំងនោះ តែងសរសើរលើកទឹកចិត្តដល់ខ្ញុំ។ កត្តាទាំងនេះជាថាមពលផ្លូវចិត្តដ៏ខ្លាំងក្លាដែលជួយជំរុញចុងប៉ាកការបស់ខ្ញុំឱ្យលុះក្នុងសេចក្ដីព្យាយាម។ រហូតដល់ឆ្នាំ២០០៣ ខ្ញុំនៅតែជាប្រិយមិត្តពិសេសម្នាក់ របស់នាទីសួនកំណាព្យប្រិយមិត្ត ហើយរឹតតែស្មានមិនដល់ ខ្ញុំបាទត្រូវបានលោក អេង ភារុន ជាពិធីករ អញ្ជើញចូលរួមសម្ភាសន៍ក្នុងកម្មវិធីសួនកំណាព្យ ក្នុងនាមជាប្រិយមិត្តសកម្មនិងមានស្នាដៃកំណាព្យល្អ។  តាមរយៈកម្មវិធីសួនកំណាព្យប្រិយមិត្ត កាលនោះ ធ្វើឱ្យខ្ញុំមានឱកាសបានស្វែងយល់និងសិក្សាពីស្នាដៃរបស់អ្នកនិពន្ធដទៃជាច្រើនរូបដែលភាគច្រើនសុទ្ធជាអ្នកមានបទពិសោធនិងទឹកដៃល្អៗក្នុងការនិពន្ធកំណាព្យ ដែលខ្ញុំនៅចាំបានខ្លះរហូតសព្វថ្ងៃ ដូចជា លោក សំ សុភារិន្ទ និង លោក ខឿន សាឃាង ជាដើម។ ក្នុងឆ្នាំ២០០២ ជាឆ្នាំដែលខ្ញុំចប់បាក់ឌុប ហើយឆ្នាំ២០០៣ ជាឆ្នាំដែលខ្ញុំបានទៅភ្នំពេញក្នុងបំណងបន្តការសិក្សា និងបានជួបបងប្រុស ខឿន សាឃាង (អតីតជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកកំណាព្យ ពានរង្វាន់ព្រះសីហនុរាជ ឆ្នាំ២០០១ ហើយសព្វថ្ងៃជាអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍PNN។ លោក ខឿន សាឃាង ជាអ្នកនិពន្ធដែលមានស្រុកកំណើតជាមួយខ្ញុំដែរ។ លោកបានជួយចង្អុលបង្ហាញនិងលើកទឹកចិត្តដល់ខ្ញុំជាច្រើនលើការតែងនិពន្ធកំណាព្យនេះ។ ក្រោយមក ក្នុងឆ្នាំ២០០៣នោះដែរ ជាឆ្នាំដែលខ្ញុំបានស្គាល់ “សមាគមអ្នកនិពន្ធខ្មែរ” ស្គាល់ លោកគ្រូ វ៉ែន សុន និង លោកគ្រូ​ ជ័យ ចាប ដែលសុទ្ធតែជាអ្នកមានជំនាញច្បាស់លាស់ផ្នែកកំណាព្យ ហើយបានទទួលការសិក្សារៀនសូត្រកំណាព្យពីពួកគាត់បន្ថែម។  កត្តាដូចបានរៀបរាប់ខាងលើ បូកបន្ថែមនិងការព្យាយាមអានស្នាដៃកវីរៀមច្បងជាច្រើន ដូចជា ច្បាប់ក្រមង៉ុយ  ច្បាប់បណ្ឌិត អ៊ូ ចុង ច្បាប់ប្រុស ច្បាប់ស្រី កំណាព្យស្នាដៃសាស្ត្រាល្បែង (ក្រុងសុភមិត្រ កាកី សេកសារិកា សព្វសិទ្ធិ…) រឿងទុំទាវ  គុកកាមកិលេស ចិត្តក្រមុំ បុប្ផាខ្មៅ សម្រស់ជីវិត… ក្រោយមកមានកំណាព្យរឿង “ឋានសួគ៌ក្នុងសុបិន” របស់ លោកគ្រូ វ៉ែន សុន កំណាព្យ “ពីនេះ ពីនោះ” របស់លោកគ្រូ ជ័យ ចាប  និងស្នាដៃកំណាព្យបែបទំនើបមានដូចជា “ស្រណោះ” របស់លោកគ្រូ យិន លួត “ស្លឹកចេក” របស់លោក ណុល ដារ៉ា… បានជាប្រទីបសម្រាប់បំភ្លឺវិថីតែងនិពន្ធកំណាព្យរបស់ខ្ញុំដល់សព្វថ្ងៃ។

កវីខេត្តព្រៃវែង លោក វណ្ណ សារ៉េត និងកវីខេត្តកំពង់ធំ លោក ស៊ុយ វ៉ាន់សាក់ ក្នុង​ពិធីទទួលពានរង្វាន់តែងនិពន្ធសំខាន់មួយ

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ តើ​ក្នុង​បទកំណាព្យខ្មែរ​ទាំងអស់ លោក​ចូល​ចិត្ត​និពន្ធ​បទអ្វី​ជាងគេ? ព្រោះ​អ្វី?

លោក វណ្ណ សារ៉េត ៖ ក្នុងចំណោមកំណាព្យមូលដ្ឋាននិងកំណាព្យទ្វេមាត្រ ខ្ញុំស្រឡាញ់ចូលចិត្តសរសេរបទពាក្យ៧ ជាងគេ ព្រោះបទនេះអាចសរសេរបានគ្រប់ស្ថានភាព មិនប្រកាន់បរិយាកាសដូចបទដទៃ។

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ តើ​រហូត​មកទល់​នឹង​ពេល​នេះ​ លោក​និពន្ធ​កំណាព្យ​បាន​ប៉ុន្មាន​ស្នាដៃ​ហើយ? ហើយ​ក្នុង​ចំណោមស្នាដៃ​ទាំងអស់​របស់​លោក តើមាន​ធ្លាប់​បោះពុម្ពផ្សាយជាសៀវភៅ​ដែរឬទេ?

លោក វណ្ណ សារ៉េត ៖ រហូត​មកទល់​នឹង​ពេល​នេះ​ ខ្ញុំបាន​និពន្ធ​កំណាព្យបើគិតជាស្នាដៃបាន៤​ស្នាដៃ​ហើយ ក្នុងនោះ២ស្នាដៃ ជាប្រលោមកំណាព្យ និង២ស្នាដៃទៀត ជាកម្រងកំណាព្យខ្លីៗ បែបមនោសញ្ចេតនា ឧបទេសនិងទស្សនវិជ្ជា… ប៉ុន្តែពុំធ្លាប់បានបោះពុម្ពផ្សាយជាសៀវភៅទេ និងមានបំណងបោះពុម្ពផ្សាយស្នាដៃមួយដែរ នៅចុងឆ្នាំ២០២០នេះ។ ចំណែកស្នាដៃ​កំណាព្យទាំង​៤ខាងលើនេះ មានចំណងជើងដូចជា ទី១មានចំណងជើងថា “ទឹកខ្មៅប្រលោម” ជាកម្រងកំណាព្យ​មនោសញ្ចេតនាខ្លីៗ, ទី២មានចំណងជើងថា “ប៉ាគេ ឪខ្ញុំ” ជាកម្រងកំណាព្យឧបទេស និងទស្សនវិជ្ជាខ្លីៗ, ទី៣មានចំណងជើងថា “ត្រួយអភ័ព្វ” ជាប្រលោមកំណាព្យ និង​ទី៤ចុងក្រោយមានចំណងជើងថា “ដួងចិត្តមេត្រី” ជាប្រលោមកំណាព្យ។

លោក វណ្ណ សារ៉េត ទទួលជ័យលាភីថ្នាក់កិត្តិយស ផ្នែកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លេីកទី២១ ឆ្នាំ២០១៩

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ តើរហូត​មក​ទល់នឹងពេលនេះ តើលោក​ធ្លាប់​ប្រឡងជាប់​ជ័យលាភីអ្វី​ខ្លះ? សូមជួយរៀបរាប់​លម្អិត!

លោក វណ្ណ សារ៉េត ៖  រហូត​មកទល់​នឹង​ពេលនេះ រង្វាន់ ពានរង្វាន់ និងជ័យលាភី ដែលខ្ញុំ​ធ្លាប់ទទួលបាន​ រួមមានដូចជា ៖

* ជ័យលាភីសិស្សពូកែទូទាំងខេត្តព្រៃវែង ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ ថ្នាក់ទី១២ ឆ្នាំ២០០២

* កំណាព្យ «យុវជនស្នេហ៍ជាតិ គួរឆ្លៀតបោះឆ្នោត» ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងប្រជែងស្នាដៃអក្សរសិល្ប៍ទូទាំងប្រទេស សម្រាប់យុវជន របស់អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) ឆ្នាំ២០០៧

* ជាប់ជ័យលាភីថ្នាក់កិត្តិយស  ផ្នែកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង  ក្នុងទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២១ ឆ្នាំ២០១៩ នៃមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលរៀបចំដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

* កំណាព្យ “គ្រូគ្រឹះអប់រំ សង្គមឌីជីថល” (បទពាក្យ៧) ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ផ្នែកតែងនិពន្ធកំណាព្យ ក្នុងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០១៩  ដែលរៀបចំដោយ ក្រសួងអប់រំយុវជននិងកីឡា

* កំណាព្យ  “ប៉ាគេ ឪខ្ញុំ”   ជ័យលាភីចំណាត់ថ្នាក់លេខ២  ពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣ ឆ្នាំ២០១៩   ផ្នែកកំណាព្យ ។

ត្រង់ចំណុចនេះ ខ្ញុំសូមបើកវង់ត្រចកបន្តិចថា ក្នុងចន្លោះឆ្នាំ២០០៣ដល់២០០៩ ជាឆ្នាំដែលខ្ញុំស្រឡាញ់ដងប៉ាកកាបំផុត ឆ្នាំ២០១០ ដល់២០១៧ ជាចន្លោះពេលដែលខ្ញុំទុកដងប៉ាកកាចោល ដើម្បីកសាងជីវភាពគ្រួសារ ជាចន្លោះពេលដែលខ្ញុំភ្លេចដងប៉ាកកា និងអស់សង្ឃឹមលើដងប៉ាកកាបំផុត  រហូតចុងឆ្នាំ២០១៧ ទើបខ្ញុំរើសប៉ាកកាដែលបោះចោលទៅហើយនោះ មកសរសេរវិញដល់សព្វថ្ងៃ​។  ឆ្នាំ២០១៩ ជាឆ្នាំដែលខ្ញុំកាន់ដងប៉ាកកាប្រឡូកក្នុងការប្រឡងប្រជែងជ័យលាភីអក្សរសិល្ប៍មួយចំនួន ៤ពានរង្វាន់។ ក្នុងចំណោមពានរង្វាន់ទាំង៤ស្ថាប័នដែលខ្ញុំបានដាក់ប្រឡង ខ្ញុំជាប់បាន៣ជ័យលាភី ដូចបានបង្ហាញខាងលើ និងធ្លាក់១ជ័យលាភី។ ឆ្នាំ២០២០នេះ ខ្ញុំក៏បានប្រឡង២ពានរង្វាន់ផងដែរ តែធ្លាក់១ពានរង្វាន់ហើយ និង១ពានរង្វានទៀត ពុំទាន់ដឹងលទ្ធផលនោះទេ។

លោក វណ្ណ សារ៉េត និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ហង់ ជួនណារ៉ុន រួមនឹងបុគ្គលសំខាន់ៗមួយចំនួនទៀត ក្នុងពិធីប្រឡងប្រណាំងតែងនិពន្ធ​ពានរង្វាន់សម្ដេចសង្ឃរាជ ជួន ណាត

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ តាម​ទស្សនៈរបស់​លោក​ផ្ទាល់ ដើម្បីអាច​និពន្ធ​កំណាព្យមួយបាន​ល្អ តើ​អ្នក​និពន្ធ​ផ្ទាល់​ត្រូវចេះ​អ្វី​ខ្លះ?

លោក វណ្ណ សារ៉េត ៖ ទោះបីទឹកដៃនិពន្ធកំណាព្យរបស់ខ្ញុំនៅមានកម្រិត ប៉ុន្តែជាទស្សនៈផ្ទាល់ខ្លួន ដើម្បីអាច​និពន្ធ​កំណាព្យមួយបាន​ល្អ ដែលពីរោះត្រចៀក និងឆ្ងាញ់អារម្មណ៍… កវីត្រូវឈ្វេងយល់ឱ្យបានច្បាស់លើចំណុចដូចខាងក្រោម ៖

* ត្រូវស្គាល់ឱ្យបានច្បាស់ពីរង្វាស់កាព្យឬមាត្រកាព្យនៃបទនីមួយៗ

* ចែកឱ្យដាច់អំពី «ព្យាង្គនិងពាក្យ»ក្នុងឃ្លានៃកំណាព្យ

* ប្រើចំណាប់ចួន កុំឱ្យរលឿ ឬខុសមូលភេទ “អ” “អ៊”

* ចេះប្រើពាក្យពេចន៍ ពាក្យសម្ផស្សក្នុងកំណាព្យ(ចួន ផ្ទួន រណ្ដំ) ឱ្យបានពីរោះល្គាយល្គងណែងណង

* ចេះបញ្ចូលនូវសិល្ប៍វិធីផ្សេងៗយ៉ាងសម្បូរបែប ពិសេសគឺចេះប្រើភាសារូបារម្មណ៍ ដែលមានបំរៀបន័យរូបារម្មណ៍ ឧបមានរូបារម្មណ៍ រូបារូបីយារម្មណ៍ ឥន្ទ្រិយរូបារម្មណ៍ និងបដិវិធីផ្សេងៗ

* កំណាព្យបច្ចុប្បន្នគួរចេះក្ដោបខ្លឹមសារឱ្យខ្លីប៉ុន្តែខ្លឹម

* ត្រូវចេះរិះរកនូវអ្វីដែលជាទស្សនៈថ្មីប្លែកហើយឆ្លុះបញ្ចាំងនូវទស្សនវិជ្ជាជីវិត

* កវីត្រូវអានឯកសារផ្សេងៗពិសេសស្នាដៃកំណាព្យកវីរៀមច្បងឱ្យបានច្រើន ដើម្បីមានទុនគំនិតទូលំទូលាយ និងទស្សនៈវិស័យវែងឆ្ងាយ។

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ ក្រៅ​ពីកំណាព្យ តើ​លោក​អាច​និពន្ធ​ផ្នែក​អ្វី​បាន​ខ្លះ​ទៀត? តើមានចំណងជើង​អ្វីខ្លះ?

លោក វណ្ណ សារ៉េត ៖ ក្រៅពីកំណាព្យ ខ្ញុំក៏បានសរសេររឿងខ្លី ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ  ទំនុកច្រៀង និងស្នាដៃផ្នែកសិក្សារៀបរៀងមួយចំនួនផងដែរ ដែលស្នាដៃ​ទាំងនោះ​ រួមមានដូចជា ៖

ស្នាដៃផ្នែករឿងខ្លី

  • ទី១ រឿង “ក្មេងគង្វាល”
  • ទី២ រឿង “ចម្រៀងថ្នមស្នេហ៍”
  • ទី៣ រឿង “បែកស្នេហ៍ឯសៀមរាប”
  • ទី៤ រឿង “រួចពីចំណង”
  • និងទី៥ រឿង “ចាំកូនមានសិន” ។

ស្នាដៃផ្នែកសិក្សារៀបរៀង

  • ទី១ មានចំណងជើងថា “សិក្សាវិធីសាស្ត្រនៃការសិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ”
  • ទី២ មានចំណងជើងថា “ប្រជុំតែងសេចក្ដីពន្យល់សុភាសិត”
  • និងទី៣ មានចំណងជើងថា “សិក្សាប្រៀបធៀបស្នាដៃសាស្ត្រាល្បែងនិងប្រលោម​លោក​ទំនើប”។

គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ ជាចុងក្រោយ តើលោកមាន​ពាក្យ​ពេចន៍​អ្វី​ចង់​និយាយទៅកាន់ប្រិយមិត្តអ្នក​គាំទ្រកំណាព្យ​របស់​លោក​ដែរឬទេ? និង​មានអ្វី​ចង់​និយាយ​បន្ថែមមុនពេលបិទ​បញ្ចប់​ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” នៅពេលនេះ​ដែរ​ឬទេ? សូមគោរព​​អញ្ជើញ!

លោក វណ្ណ សារ៉េត ៖ ជាចុងបញ្ចប់​ក្នុង​បទសម្ភាសន៍ ខ្ញុំសូមអរគុណបងប្អូនមិត្តភក្តិ ដែលគាំទ្រការសរសេររបស់ខ្ញុំ និង​សូមគោរពអរគុណ លោកគ្រូ អ្នកគ្រូ កវីរៀមច្បង ដែលតែងជួយដឹកដៃនិងបង្ហាញផ្លូវតែងនិពន្ធដល់រូបខ្ញុំតាំងពីដើមមក ក៏ដូចជា​សូមអរគុណថ្នាក់ដឹកនាំសមាគមអ្នកនិពន្ធខ្មែរ ដែលតែងផ្ដល់កិត្តិយសនិងលើកទឹកចិត្តការតែងនិពន្ធរបស់ខ្ញុំរហូតមក ហើយក៏មិនភ្លេច​​អរគុណផងដែរដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ដែលបានផ្ដល់កិត្តិយសសម្ភាសន៍ និងចុះផ្សាយពីរូប​ខ្ញុំនៅពេលនេះ។

កវី វណ្ណ សារ៉េត ហៅ “ចៅស្មេរប្រលោម” 

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក វណ្ណ សារ៉េត មាននាមប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “ចៅស្មេរប្រលោម” ។ បច្ចុប្បន្ន ​​ក្រៅ​ពីជា​កវីឆ្នើម​មួយរូបប្រចាំខេត្ត​ព្រៃវែង ដែល​លោក​អ្នក​គួរតែស្គាល់ ជាពិសេស​អ្នក​ខេត្ត​ព្រៃវែង​ទាំង​ឡាយ លោកគឺជាគ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្ត្រខ្មែរ នៅស្រុកកំណើត​របស់​លោកផ្ទាល់តែម្ដង។ លោក​មាន​ស្នាដៃ​តែង​និពន្ធ​ជាច្រើន ដែល​ល្អ​ប្រកបដោយអត្ថន័យ តែ​ស្នាដៃទាំងនោះមួយចំនួននៅជាសំណៅនៅឡើយ និងមួយចំនួនទៀតលោក​បាន​វាយកុំព្យូទ័ររួចហើយ តែពុំទាន់បានបោះពុម្ពនៅឡើយទេ… តែលោក​នឹង​មាន​គម្រោង​បោះពុម្ព​ផ្សាយ​ឱ្យចេញ​ជាសៀវភៅ​ដូចកវី​និពន្ធ​ផ្សេងទៀតផងដែរ ​នៅថ្ងៃ​ខាង​មុខ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ កវី វណ្ណ សារ៉េត / cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!