ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរល្បាញល្បី សម័យទំនើប

  • February 11th, 2020

“កវី” ខុសពី “អ្នកនិពន្ធ” ហើយពាក្យ “កវីនិពន្ធ” ក៏រឹតតែមានន័យមួយបែបផ្សេងទៀត ដោយមិនមែនអ្នកនិពន្ធណាក៏សុទ្ធតែអាចយកពាក្យនេះមកប្រើងាយៗឡើយ លុះត្រាតែបុគ្គលនោះ ជាបុគ្គលដែលឆ្នើមផ្នែកនិពន្ធ ជាពិសេសផ្នែកកំណាព្យកាព្យឃ្លោងខ្លាំង ទើបអាចយកមកប្រើហៅខ្លួនថាជា “កវីនិពន្ធ” បាន។ បើ​យើង​ក្រឡេកមកមើលវិស័យតែងនិពន្ធកម្ពុជាបច្ចុប្បន្នឃើញថា​ មានអ្នកនិពន្ធច្រើន តែកវីនិពន្ធវិញ គឺមិនសូវសម្បូរឡើយ ក្នុង​នោះ​ លោក ស៊ូ ខេមរិន្ទ គឺជាកវីនិពន្ធខ្មែរដ៏ឆ្នើមមួយរូបនាពេលបច្ចុប្បន្ននេះ ដែលអាច​ហៅម្យ៉ាងទៀតបានថា ជា “កវីនិពន្ធខ្មែរ” ដ៏ល្បាញល្បីនាសម័យទំនើបយើងនេះ។

ស៊ូ​ ខេមរិន្ទ កវីនិពន្ធខ្មែរ​ល្បាញល្បី សម័យទំនើប

កវីនិពន្ធខ្មែរ​ ស៊ូ​ ខេមរិន្ទ​ នាម​ប៉ាកកាក្នុងវិស័យតែងនិពន្ធថា​ “​ប៉ាកកា​រាំ​” ។ លោក​កើត​ថ្ងៃទី​៤​ ខែ​ឧសភា​ ឆ្នាំ​១៩៨៦​ នៅ​ឃុំលេខ៩ ស្រុក​ទីរួមខេត្ត​ ខេត្ត​កំពង់​ធំ​។ ​មាន​ឪពុក​ឈ្មោះ​ ស៊ូ​ ឈុន​អេង​  និង​ម្ដាយ​ឈ្មោះ​ ផាវ​ ចន្ធូ​ ។ លោកមាន​បងប្អូនបង្កើត​ចំនួន​៤នាក់​ ស្រី​៣នាក់​ ប្រុស​១នាក់ ដោយ​លោក​ជាកូនទីបួនក្នុង​គ្រួសារ​។ ​

ប្រវត្តិការសិក្សា

  • ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ១៩៩៧​ លោក​រៀននៅ​សាលា​បឋមសិក្សា​ អនុវត្ត​អាចារ្យ​លាក់​។
  • ឆ្នាំ​១៩៩៧​ ដល់ឆ្នាំ​២០០៣​ លោក​រៀននៅ​វិទ្យាល័យ​កំពង់​ធំ
  • ឆ្នាំ​២០០៤​ ដល់​ឆ្នាំ២០០៦​ លោក​បន្ត​រៀន​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​កំពង់ចាម​
  • ឆ្នាំ​២០១០​ ដល់​ឆ្នាំ​២០១១​ លោក​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ។ ​

បទពិសោធការងារ

  • ឆ្នាំ​២០០៦​ដល់ឆ្នាំ​២០០៨​ បង្រៀន​នៅ​អនុវិទ្យាល័យ​ម្រាក ភូមិ​ម្រាក​ ឃុំ​ទួល​គ្រើល​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់​ធំ​។ ​
  • ឆ្នាំ​ ២០១១​ ដល់ឆ្នាំ​២០១៤​ បង្រៀន​នៅ​វិទ្យាល័យ​ត្បែង ភូមិ​បាគង​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​។ ​
  • ឆ្នាំ​២០១៤​ ដល់​បច្ចុប្បន្ន​ បង្រៀន​នៅ​ សាលា​គរុកោសល្យ​និង​វិក្រឹតការ​ខេត្ត​កំពង់​ធំ​។ ​
  • សព្វ​ថ្ងៃ​លោក​​ជា​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​នៃ​សាលា​គរុកោសល្យ​និង​វិក្រឹតការ​​ ខេត្ត​កំពង់​ធំ​។

សៀវភៅ “ខ្មាសឆ្កែ” និង “យប់អនាមិក” ស្នាដៃពីរចុងក្រោយរបស់ លោក ស៊ូ ខេមរិន្ទ

លោក​ ស៊ូ ខេមរិន្ទ បាន​បង្ហាញ​ពី​ដំណើរ​វិថី​លើ​វិស័យ​តែង​និពន្ធ​របស់លោក​ប្រាប់​ដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “ខ្ញុំ​ចាប់ផ្ដើម​និពន្ធ​នៅ​ឆ្នាំ​២០០១​ កាលរៀនជា​សិស្ស​ថ្នាក់​ទី​១០​ ហើយ​​ចូល​ជា​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្នុង​ឆ្នាំ​២០០៦។” លោក​បាន​បញ្ជាក់​បន្ថែមទៀតទាក់​ទងនឹងការនិពន្ធ​របស់​ខ្លួនថា ជា​ឧបនិស្ស័យ​ពី​កំណើតរបស់​លោក​​ មួយ​ផ្នែក​ទៀត​ក៏​ទទួល​បាន​ពី​ឪពុក​ របស់​លោក​ ព្រោះ​ឪពុក​របស់​លោក​ក៏ជា​អ្នក​​ចូលចិត្ត​ការ​សរសេរផងដែរ​។ ឯការ​សរសេរ​របស់​លោក​ពូកែ​ដូច​សព្វ​ថ្ងៃ គឺលោកទទួលបាន​ពីការ​មើល​សៀវភៅ​របស់លោកតា​ កេង​ វ៉ាន់​សាក់,​ គយ​ សារុន​ និង​ លោក​ អៀង​ សាយ​ ហើយ​​ហាត់​សរសេរ​ជា​ប្រចាំ​រហូត​មក​។ ក្រៅ​ពីនោះ លោក​ចូលចិត្ត​និពន្ធ​ ពី​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​សង្គម​ ទស្សនវិជ្ជា​ជីវិត​ និង​មនោសញ្ចេតនា​របើករបាញ​ក្នុង​ការរស់នៅ​។ នេះ​ហើយ​ជាបុព្វ​ហេតុ​ក្នុង​ការ​និពន្ធ​របស់ កវីនិពន្ធ​ខ្មែរ ស៊ូ ខេមរិន្ទ

លោកមិនត្រឹម​តែ​អាច​និពន្ធ​កំណាព្យបាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​ ក្រៅពី​កំណាព្យ​ លោក​ក៏អាច​និពន្ធ​រឿង​ប្រលោម​ខ្នាត​ខ្លី​, រឿង​ខ្លី​ និងទំនុកច្រៀងបាន​យ៉ាង​ល្អ​ផងដែរ​។ លោក​បាន​បង្ហាញ​ទាក់​ទងនឹង​របស់​ដៃ​មួយ​ចំនួន​របស់​លោកថា ​កន្លងមក​លោក​ធ្លាប់​បាន​ចេញ​ផ្សាយ​ស្នាដៃ​ ដូចជា ​​ ទី១​ រឿង​ “ស្នេហ៍​ក្រោម​តំណក់​ទឹក​ភ្នែក” ឆ្នាំ២០០៨, ទី​២​ រឿង​ “រង់ចាំ​ផ្កា​រីក”​ ​ ឆ្នាំ២០០៨, ​ទី៣​ រឿង Kizuna​ សង្សារ​ខ្ញុំ”​ ឆ្នាំ២០០៨, ទី​៤​ រឿង “ព្រាត់​ស្នេហ៍​ក្បែរ​ស្ទឹងសែន​” ឆ្នាំ២០០៨, ​ ទី៥​ “អាថ៌កំបាំង​ប្រពន្ធខ្ញុំ​” ឆ្នាំម២០០៨, ​ទី៦​ “ខ្មាសឆ្កែ​”  ឆ្នាំ២០១៥ និង​ ទី៧​ “យប់​អនាមិក”​ ឆ្នាំ២០១៧ ដែល​ស្នាដៃ​ទាំង៧របស់លោកនេះ សុទ្ធតែ​និពន្ធ​ឡើង​នៅ​ភ្នំពេញ​ទាំងអស់។

លោក ស៊ូ ខេមរិន្ទ បាន​ចែក​រំលែក​ចំណេះដឹង​ផ្នែក​កំណាព្យ​យ៉ាង​ខ្លីថា “ដើម្បី​​និពន្ធ​កំណាព្យ​​បាន​ល្អ​ យើង​ត្រូវ​មានចំណេះដឹងទូលំទូលាយ​ មាន​ទុន​ជីវិត​ដ៏​សម្បូរបែប​ អាន​សៀវភៅ​ ឱ្យ​​បាន​ច្រើន​ ចេះក្បួនខ្នាតតែងច្បាស់លាស់​ សិល្ប៍​វិធី​តែង ​ ហើយ​​ព្យាយាម​ហ្វឹកហាត់​សរសេរ​ និង​ធ្វើការ​ឆ្លុះ​បញ្ចាំង​លើស្នាដៃ​ខ្លួន​។” នេះ​ហើយជា​គន្លឹះ​និពន្ធ​កំណាព្យ​ឱ្យបាន​ល្អ ដែល​លោក​ចែករំលែក ថ្វី​បើ​ខ្លី តែ​ស្ដាប់​ទៅ​ក្លឹបល្អណាស់។

ទោះបី​ជាលោក​ឆ្នើម​ក្នុង​ការ​និពន្ធ​កំណាព្យ​​យ៉ាង​ណាក៏ដោយ ក៏លោក​នៅតែ​មិនអាច​គេច​ផុត​ពីឧបសគ្គ​ដែរ ហើយ​លោក​បាន​បង្ហាញ​ពី​ឧបសគ្គនោះថា “ឧបសគ្គ​ក្នុង​ការ​និពន្ធ​កំណាព្យ​ គឺ​ការ​បញ្ចូល​ខ្លឹមសារ​(​គំនិត​ខ្ចី​)​។ ដូច្នេះចូរព្យាយាម​អាន​សៀវភៅ​ឱ្យ​​បាន​ច្រើន​ ដើម្បី​ពង្រីក​ការ​យល់​ដឹង​ ស្វែងយល់​ពី​ជម្រៅ​សង្គម​ ហ្វឹកហាត់​បន្ថែម​ ហើយធ្វើ​ការ​វាយ​តម្លៃ​លើ​​ស្នាដៃ​ខ្លួន​ជា​ប្រចាំ។” ពិតណាស់​បើ​លោក​អ្នក​​អាច​ធ្វើ​បាន​ តាម​ការ​ណែនាំ​របស់​ កវី​និពន្ធ ស៊ូ ខេមរិន្ទ លោក​អ្នក​មុនជា​រក​ច្រក​ចេញ​ឃើញ​ពីទាល់​គំនិត​ក្នុង​ការ​សរសេរ​ជាក់​ជា​មិនខាន។

កវីនិពន្ធខ្មែរ​ ស៊ូ ខេមរិន្ទ អង្គុយអានសៀវភៅពេលធ្វើដំណើរកម្សាន្តបែបធម្មជាតិមួយ

“​អ្នក​និពន្ធ​មិនគួរ​ឃ្លាត​ឆ្ងាយ​ពីការអាន​នោះ​ឡើយ” ដោយ​ប្រកាន់​នូវ​ទស្សនៈ​នេះ​ហើយ ទើបបាន​ជា លោក ស៊ូ ខេមរិន្ទ តែងតែ​មាន​ទន្លាប់​អាន​ជាប្រចាំ។ លើក​ពី​នេះ លោក​ក៏បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​អាន តាម​ការ​យល់​ឃើញ​របស់​លោក​ផ្ទាល់​យ៉ាង​ដូច្នេះថា “ការ​អាន​មាន​សារប្រយោជន៍​ធំធេង​ណាស់​ ធ្វើ​ឱ្យ​យើង​ បាន​យល់​ពី​សោភ័ណគំនិត​នៃ​អ្នកនិពន្ធក្នុងលោក​ យល់ដឹង​ពី​ជម្រៅ​សង្គម​ និង​ជីវិត​។ ដោយសារ​សមត្ថភាព​សរសេរ​ជាសមត្ថភាព​សំយោគ​ អ្នក​និពន្ធ​ចាំ​បាច់​ត្រូវ​តែ​អាន​។ អាន​ដើម្បីពង្រីក​គំនិត​ ច្នៃប្រឌិត​ អាន​ដើម្បី​ប្រៀបធៀប​ ស្នាដៃ​ខ្លួន​ទៅនឹង​អ្នក​និពន្ធ​ផ្សេង​ៗ​។​ យើងមិនអាច​កំណត់​សៀវភៅ​ថាតើ​សៀវភៅ​ណា​ល្អជាង​សៀវភៅ​ណា​ទេ​ វា​អាស្រ័យ​ទៅ​លើ​ទំនោរ​របស់​មនុស្ស​ម្នាក់ៗ​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ទស្សនវិជ្ជា​អត្ថិភាពនិយម​ សៀវភៅ​ប្រវត្តិ​សាស្ត្រ​ អរិយធម៌​ សៀវភៅ​ដែល​សរសេរពី​តថភាព​សង្គម​ និង​សៀវភៅ​ដែល​សរសេរ​ពី​មនោសញ្ចេតនា​រវើរវាយ​ដែល​ពួនក្នុង​ស្រោម​ចរិយា​ធម៌​។” លោក​បាន​បន្ថែម​មុន​នឹង​បញ្ចប់​បទសម្ភាសន៍ថា “ការអាន​សៀវភៅ​ នាំយើង​ទៅរក​ជើង​មេឃ​នៃ​គំនិត​។ ដូច្នេះចូរ​យុវជនទាំងឡាយ​ គួរ​ចំណាយ​ពេល​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ ដើម្បី​​អភិវឌ្ឍ​ខ្លួន​ឯង​ និង​សង្គម​ជាតិ​។”

ស៊ូ​ ខេមរិន្ទ កវីនិពន្ធខ្មែរ​ល្បាញល្បី សម័យទំនើប

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក​ ស៊ូ​ ខេមរិន្ទ​ មានប្រភព​ចេញ​ពី​ខេត្ត​កំពង់​ធំ​។ ​មាន​ឪពុក​ឈ្មោះ​ ស៊ូ​ ឈុន​អេង​  និង​ម្ដាយ​ឈ្មោះ​ ផាវ​ ចន្ធូ​ ។ លោកមាន​បងប្អូនបង្កើត​ចំនួន​៤នាក់​ ស្រី​៣នាក់​ ប្រុស​១នាក់ ដោយ​លោក​ជាកូនទីបួនក្នុង​គ្រួសារ​។ សព្វថ្ងៃ ក្រៅ​ពីអាជីព​ជាអ្នក​និពន្ធ លោក​ជា​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​នៃ​សាលា​គរុកោសល្យ​និង​វិក្រឹតការ​​ ខេត្ត​កំពង់​ធំ។ លោក​ជា​កវី​និពន្ធ​ខ្មែរឯករាជ្យដ៏​ល្បាញ​ល្បី​សម័យ​ទំនើបមួយរូប​ ដែលមាន​ភាព​​ឆ្នើម​ផ្នែក​និពន្ធ​កំណាព្យ​យ៉ាង​ខ្លាំង ដោយ​បើ​លោក​អ្នក​ស្គាល់​លោក លោក​អ្នក​មុខជា​បាន​ដឹង​ពីទឹក​ដៃ​ក្នុង​ការ​និពន្ធ​កំណាព្យ​របស់​លោក​ហើយ តែ​បើ​លោក​អ្នក​មិន​ទាន់​បាន​អាន​ពី​កំណាព្យ​របស់​លោក​ទេនោះ លោក​អ្នក​អាច​ចូល​ទៅ​ស្វែង​រក​អាន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុកផេកផ្លូវការរបស់​របស់​លោក ដែលបាន​ឈ្មោះថា Sou Khemrin , Khmer Author https://www.facebook.com/DancingPen7/ បាន! នោះ​ខ្ញុំ​ជឿថា លោក​អ្នក​មុខជាបាន​ដឹង​ច្បាស់​ថា កំណាប្យ​របស់លោក​មាន​ពាក្យ​ពេចន៍​មុត​ស្រួច និង​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​ជ្រាល​ជ្រៅ​កម្រិតណា​ជាក់​ជាមិនខាន។ សូមអរគុណ៕​

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ស៊ូ ខេមរិន្ទ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!