លោក ង៉ែត ពិសិត ពីក្មេងរែកបន្តោងសោ និងដើររើសអេតចាយ តស៊ូរហូតក្លាយជាអ្នក​និពន្ធជោគជ័យល្បីឈ្មោះមួយរូប

  • August 3rd, 2020

លោក ង៉ែត ពិសិត កើតថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ១៩៩៥ នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ លោកមាន​ឪពុកឈ្មោះ​ ង៉ែត សឿន និងម្ដាយឈ្មោះ ប៉ុស ប៊ិន និង​មានបងប្អូនបង្កើតចំនួន៤នាក់ ក្នុងនោះ​ប្រុស២នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៣​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាប្រកបដោយ​សមត្ថភាពមួយរូប លោក​គឺ​ជាស្ថាបនិក Prince Book ព្រីនស៍ប៊ុក, ស្ថាបនិក Piseth Resort, ម្ចាស់ កសិដ្ឋាន ង៉ែត ពិសិត, ស្ថាបនិក Piseth Bookstore, ស្ថាបនិក Piseth Library និងជាអតីតសាស្រ្តាចារ្យភាសាអង់គ្លេសមួយរូបផងដែរ។

លោក ង៉ែត ពិសិត ពីក្មេងរែកបន្តោងសោ និងដើររើសអេតចាយ តស៊ូរហូតក្លាយជាអ្នក​និពន្ធជោគជ័យល្បីឈ្មោះមួយរូប

លោក​ចាប់ផ្ដើមចេះនិពន្ធកាលពីឆ្នាំ ២០១៦ និងចាប់ផ្ដើមប្រឡូកពេញលេញនៅចុងឆ្នាំ២០១៧។ លើស​ពីនេះ ក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក ង៉ែត  ពិសិត ក៏បានបង្ហាញ​ពីបុព្វហេតុដែលជំរុញឱ្យលោក​ចាប់យកការតែងនិពន្ធនេះថា “បុព្វហេតុ​ដែលជំរុញ​ឱ្យខ្ញុំចាប់​យកការ​តែងនិពន្ធនេះ គឺដោយសារកត្តាមួយចំនួនដូចជា ទី១ ចង់ឃើញយុវជនកម្ពុជា ចាប់សៀវភៅមកអាននៅតាមទីសាធារណៈដូចយុវជននៅបណ្ដាប្រទេសដែលអភិវឌ្ឍន៍។ ទី២​ ចង់ឱ្យបរទេសបានអានសៀវភៅដែលនិពន្ធដោយកូនខ្មែររបស់យើង និងបង្កើតសៀវភៅ The World Best Seller ដែលនិពន្ធដោយខ្លួនខ្ញុំផ្ទាល់។ និងទី៣ចុងក្រោយ ដើម្បី​បន្សល់ទុកស្នាដៃនិពន្ធដ៏មានមោទកភាពចំពោះជនជាតិខ្មែរយើងទាំងពេលបច្ចុប្បន្ន​ និងទៅអនាគត។” លោក​បន្ថែមទាក់ទង​នឹងការ​និពន្ធ​របស់​លោកថា  “ហើយការណ៍​ដែលខ្ញុំអាចនិពន្ធសៀវភៅបានល្អៗបែបនេះ គឺដោយសារតែ​មួយផ្នែកធំកើតចេញពីទេពកោសល្យធម្មជាតិ និងការស្រឡាញ់ពេញចិត្តក្នុងការតែងនិពន្ធ ក៏ដូចជា​ចេញពីបទពិសោធដែលខ្ញុំធ្លាប់​ហែលឆ្លងដ៏ជូរចត់ និង​ទទួលបានពីការសិក្សាស្រាវជ្រាវបន្ថែមពីការអានទាំងក្នុងសៀវភៅ និងបណ្ដា website នានា ដែលទាក់ទងពីការតែងនិពន្ធ។”

លោក ង៉ែត ពិសិត រួមជាមួយនឹងមិត្តល្អទាំង៣រូបរបស់លោក ដែលសុទ្ធសឹងជាបុគ្គលឆ្នើមៗ

នៅពេលដែលគេហទំព័រសាកសួរទាក់ទងនឹងស្នាដៃរបស់លោក លោក ង៉ែត ពិសិត ក៏បានរៀបរាប់ថា “រហូតមកដល់ពេលនេះ ខ្ញុំបានចេញសៀវភៅដែលជាស្នាដៃនិពន្ធផ្ទាល់ចំនួន៦ក្បាលហើយ ដែលមានចំណងជើងដូចជា “ជោគជ័យមិនមិនមែនជាសុបិន” “ជំនាញបង្កើតលុយ ឬចាំបាច់ត្រូវដឹង” “ប្រាជ្ញាអាថ៌កំបាំង” “បេសកកម្មជីវិត” “Single Life” និង សៀវភៅមានចំណងជើងថា “រឹងមាំ” ហើយ​ក្នុងចំណោមនេះ សៀវភៅដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់មិត្តអានខ្លាំង​ជាងគេស្ទើរទូទាំងប្រទេស មានចំណងជើងថា “បេសកកម្មជីវិត”។” លោក​បន្តថា “ដូច្នេះ! ប្រសិនបើប្រិយមិត្តអ្នកអានទាំងឡាយចង់ទិញស្នាដៃ​និពន្ធ​របស់​ខ្ញុំ​យកទៅអាន លោកអ្នក​អាចរកទិញបានគ្រប់ចំណងជើងនៅតាមបណ្ដាទីតាំងដែលមានឈ្មោះដូចតទៅ  បណ្ណាគារសន្តិភាព, បណ្ណាគារប្រជាប្រិយ, បណ្ណាគារអង្គរ, បណ្ណាគារអង្គរធំ, បណ្ណាគារខេមរារស្មី, បណ្ណាគារនគរធំ, បណ្ណាគារបាក់ទូក, បាក់ទូកថតចម្លង, បណ្ណាគារពិភពលោក, បណ្ណាគារសេរីភាព(តាខ្មៅ), បណ្ណាគារតាខ្មៅ២, បណ្ណាគារឥន្រ្ទទេវី (បាត់ដំបង), បណ្ណាគារពន្លឺវិជ្ជា (បាត់ដំបង), បណ្ណាគារនូនឿន (បាត់ដំបង), បណ្ណាគារថ្មគោល (បាត់ដំបង), បណ្ណាល័យបញ្ញវន្ត (ភ្នំពេញ), បណ្ណាគារបញ្ញាស័ក្តិសិទ្ធ (តាកែវ), បណ្ណាគារព្រះវិហារ (សៀមរាប), តូបលក់សៀវភៅ ស៊ីសុវត្ថិ​ (ទាំងអស់), តូបលក់សៀវភៅ ផ្សារចាស់ (២+3), បណ្ណាល័យអេឡិកត្រូនិក KUMNIT App , App L192, App Epasar, App Ahgogo, App Buyloy, Kinokuniya Bookstore Aeon II, Le Story Bookstore និងតាមរយៈហ្វេសប៊ុកផេក Prince Book ព្រីនស៍ប៊ុក  https://www.facebook.com/princebookcambodia ជាដើម។”

សៀវភៅ “បេសកកម្មជីវិត” ស្នាដៃនិពន្ធរបស់ លោក ង៉ែត ពិសិត ដែលពេញនិយមខ្លាំងជាងគេ

លោក ង៉ែត ពិសិត ស្រឡាញ់​ការតែងនិពន្ធ​ណាស់។ លោក​បានបញ្ជាក់ថា “មិនថាថ្ងៃ​មុខ​ជួបរឿងអ្វីទេ ខ្ញុំនឹងមិនបោះបង់ចោលការតែងនិពន្ធឡើយ ដោយនៅតែបន្តធ្វើជាអ្នកនិពន្ធរហូត ព្រោះគោលបំណងរបស់ខ្ញុំធំបំផុត គឺចង់ឃើញកូនខ្មែរយើងពូកែអានសៀវភៅ និងធ្វើឱ្យបរទេសឱ្យតម្លៃខ្ពស់លើស្នាដៃនិពន្ធរបស់កូនខ្មែរ។” នេះជាការបញ្ជាក់អះអាងរបស់លោក។

ស្នាដៃនិពន្ធជាសៀវភៅទាំង៦ក្បាលរបស់លោក ង៉ែត ពិសិត ទាំងខេមរភាសា និងភាសាអង់គ្លេស

លើស​ពីនេះ លោក ង៉ែត ពិសិត ក៏ជា​អ្នក​ចូលចិត្ត​អានសៀវភៅ និងផ្ដល់​តម្លៃ​ដល់​ការ​អានសៀវភៅ​ខ្លាំងបំផុត​ផងដែរ ដោយ​ក្នុង​នាម​លោក​ជា​អ្នក​និពន្ធ​មួយរូប ​លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទងនឹងការ​អាន ក៏ដូចជា​គុណ​តម្លៃ​នៃ​ការ​អានសៀវភៅ​យ៉ាងដូច្នេះថា “ការអានគឺមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតរបស់ខ្ញុំ ពីព្រោះខ្ញុំទទួលបានជោគជ័យដូចសព្វថ្ងៃនេះ គឺកើតចេញពីការអានយ៉ាងពិតប្រាកដ។ កាលពីមុន ខ្ញុំគ្រាន់តែជាក្មេងរើសអេតចាយម្នាក់ប៉ុណ្ណោះ និងកំព្រាម្ដាយតាំងពីក្មេងឯណោះ។ ហើយខ្ញុំឡើងមករៀននៅភ្នំពេញដោយមានលុយត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះនៅក្នុងហោប៉ៅ និងបានអភិវឌ្ឍន៍ខ្លួនពីក្មេងរែកបន្តោងសោដើរលក់ដោយបាតជើងទទេនៅក្នុងទីក្រុងភ្នំពេញនេះ រហូតក្លាយទៅជាអ្នកនិពន្ធនិងពាណិជ្ជករដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជា។”

លោក ង៉ែត ពិសិត ក្នុងពិធីចុះ MOU ជាមួយ លោក អ៊ូ គឹមសេង ស្តីពីកិច្ចព្រមព្រៀងក្នុងការសហការ ជាមួយ បណ្ណាល័យ អេឡិកត្រូនិក KUMNIT APP

មុននឹងបញ្ចប់បទសម្ភាសន៍​ លោក ង៉ែត ពិសិត ក៏បានថ្លែងជាចុងក្រោយបន្ថែម​ទៀត​ទាក់ទងនឹងការអាននេះថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអានមិនមែនសំខាន់សម្រាប់តែខ្ញុំម្នាក់នោះទេ វាសំខាន់សម្រាប់មនុស្សគ្រប់គ្នា។ បើអ្នករាល់គ្នាចំណាយពេលអានសៀវភៅខ្លះ អ្នកអាចនឹងមិនចាំបាច់ទៅបង្កើតកំហុសនៅលើវិថីជីវិតរបស់អ្នកច្រើនពេកនោះឡើយ ពីព្រោះសៀវភៅគឺប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំង និងជាទីប្រឹក្សាដ៏ឆ្នើមសម្រាប់អ្នកផងដែរ។ បើអ្នកបានអានសៀវភៅកាន់តែច្រើន គឺប្រៀបដូចជាអ្នកបានជួបនិងរៀនផ្ទាល់ពីអ្នកប្រាជ្ញជាច្រើនរូបផងដែរ។ អ្នកចំណាយពេលបន្តិចបន្តួចប៉ុណ្ណោះក្នុងការអានសៀវភៅមួយក្បាលៗ  ប៉ុន្តែអ្នកបានរៀនអំពីបទពិសោធនិងចំណេះដឹងរបស់អ្នកនិពន្ធដែលខិតខំស្រាវជ្រាវនិងធ្វើផ្ទាល់អស់រាប់សិបឆ្នាំ។ ជាចុងបញ្ចប់ សូម្បីតែខ្ញុំអាចប្រែក្លាយពីក្មេងរែកបន្តោងសោ និងក្មេងរើសអេតចាយម្នាក់រហូតទទួលជោគជ័យបាន ដូច្នេះអ្នកគឺរឹតតែអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដ។ ដូច្នេះ បើលោកអ្នកចង់​​ដឹងអំពីប្រវត្តិនៃការតស៊ូរបស់ខ្ញុំរហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ចូររកសៀវភៅរបស់ខ្ញុំចំណងជើង បេសកកម្មជីវិត​ មកអាន ពីព្រោះគ្រប់យ៉ាងគឺត្រូវបានរៀបរាប់នៅទីនោះ។ ហើយសៀវភៅនេះនឹងអាចជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់ជីវិតរបស់អ្នក។ សូមអរគុណ!”

 ង៉ែត ពិសិត អ្នកនិពន្ធឆ្នើមនៅកម្ពុជាមួយរូប និងទស្សនៈប្រចាំជីវិតមួយ​របស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ង៉ែត ពិសិត កើតឆ្នាំ១៩៩៥ នៅខេត្តតាកែវ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាប្រកបដោយ​សមត្ថភាពមួយរូប លោក​គឺ​ជាស្ថាបនិក Prince Book ព្រីនស៍ប៊ុក, ស្ថាបនិក Piseth Resort, ម្ចាស់ កសិដ្ឋាន ង៉ែត ពិសិត, ស្ថាបនិក Piseth Bookstore និងជាស្ថាបនិក Piseth Library។ លោក​មិនត្រឹម​តែង​​និពន្ធ​សៀវភៅជាខេមរភាសាប៉ុណ្ណោះ​ទេ ថែមទាំងអាច​និពន្ធ​ជាភាសា​អង់គ្លេសបាន​យ៉ាង​ល្អ​ទៀតផង ព្រោះ​អតីតលោកជា​សាស្រ្តាចារ្យភាសាអង់គ្លេសមួយរូប តែ​ដោយលោកមមាញឹកនឹងការងារនិពន្ធនិងរកស៊ីពេក លោកក៏សម្រេច​ផ្អាក​ការ​ងារបង្រៀនទៅ។ អ្វីដែលជាដំណឹងល្អសម្រាប់​ប្រិយមិត្ត​របស់​លោក​នោះ នា​ពេលឆាប់ៗ​ខាង​មុខនេះ លោក​នឹងមានគម្រោងបញ្ចេញ​សៀវភៅ​ថ្មីៗចំនួន​៤ក្បាល​បន្ថែមទៀត រួមមានដូចជា សៀវភៅមានចំណងជើងថា Smart Guy”  (ចេញខែសីហានេះ), “និស្ស័យ” (ជាស្នាដៃ​ផ្នែកប្រលោមលោក ចេញខែកញ្ញា)​, “១០ ជំនាញកើបលុយ” (ចេញ​ខែតុលា) និងសៀវភៅមានចំណងជើងថា The Mission (International Edition)” នឹងត្រូវបានបោះពុម្ពផ្សាយទាំងនៅអាស៊ីនិងសហភាពអឺរ៉ុប នាខែវិច្ចិកា ឆ្នាំ២០២០ ដែលស្ដាប់លោក​រៀបរាប់ទៅ ពិតជាមិនធម្មតាឡើយ។ ហេតុនេះហើយ ប្រសិនបើ​លោក​អ្នក​ចង់ដឹងថា​ ស្នាដៃ​របស់​លោក​មាន​គុណតម្លៃ​ល្អ​យ៉ាង​ណានោះ? លោកអ្នក​អាច​ស្វែងរកទិញ​សៀវភៅរបស់​លោក​ដែលបានបោះ​ពុម្ពចេញផ្សាយរួច​យកទៅអាន តាមរយៈទីតាំង និងវិធី ដែលលោកបាន​បង្ហាញ​ខាង​លើបាន នោះ​លោកអ្នកមុខជាបានដឹងថា ល្អដូចជាការអះអាងរបស់លោក​ឬក៏អត់ជាក់ជាមិនខាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ង៉ែត ពិសិត / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!