អ្នកនិពន្ធ ឈិន សីហា និងសមិទ្ធផលស្នាដៃល្អៗដ៏សម្បូរបែប

  • October 3rd, 2019

លោក​ ឈិន សីហា មាន​នាមប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធថា “ លោកបរិញ្ញា ” កើតថ្ងៃទី១ ខែកញ្ញា គ.ស.១៩៩៣ នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខែត្រព្រៃវែង។ លោក​មាន​ឪពុកឈ្មោះ ឈិន ថា មានមុខរបរជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងម្តាយឈ្មោះ កុយ មុំ មានមុខរបរជាគ្រូសីលធម៌-ពលរដ្ឋវិជ្ជានៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង។ លោក​ជាកូនទោលនៅក្នុងគ្រួសារមន្ត្រីរាជការ។ លោក​បានរៀបមង្គលការជាមួយកញ្ញា យូ សុខច័ន្ទ នៅថ្ងៃទី១៩ ខែមករា គ.ស.២០១៩ ដោយ​ពិធី​ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អគារB ហើយ​ភរិយារបស់លោក​សព្វថ្ងៃ គឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលារៀនសុវណ្ណភូមិ។

ប្រវត្តិការសិក្សា

ខ្ញុំបានចូលសិក្សាថ្នាក់ដំបូងនៅឆ្នាំ១៩៩៩ នៅសាលាបឋមសិក្សាចៅពញាហុកនិងបន្ត មកសិក្សានៅសាលាបឋមសិក្សាកូលាបទី១ រាជធានីភ្នំពេញ។ នៅគ.ស.២០០៧ ខ្ញុំបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមបឋមភូមិនៅវិទ្យាល័យព្រះយុគន្ធរ។ ហើយបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅគ.ស.២០១០ នៅវិទ្យាល័យបឹងត្របែក។ នៅគ.ស.២០១៤ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ជំនាញ ៖ អក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ជំនាញ ៖ ភាសាវិទ្យា នៅគ.ស.២០១៨។

ប្រវត្តិការងារ   

ខ្ញុំបាទបានចាប់អាជីពជាអ្នកនិពន្ធ រៀបរៀង និងស្រាវជ្រាវ តាំងពីខែមករា គ.ស.២០០៩មកទល់បច្ចុប្បន្ន បើគិតមកគឺ១០ឆ្នាំតែម្តង។ ពីខែមករា គ.ស.២០១២-បច្ចុប្បន្នជាគ្រូឧទ្ទេសអក្សរសាស្ត្រខ្មែរ កិច្ចការរដ្ឋបាល  និងវិទ្យាសាស្ត្រសង្គម។ ពីខែមីនា គ.ស.២០១៦-បច្ចុប្បន្នជាទីប្រឹក្សា សភានិសិ្សតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ពីខែវិច្ឆិកា គ.ស.២០១៧-បច្ចុប្បន្ន ជាសមាជិក គណៈកម្មការភាសាវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ពីខែតុលា គ.ស.២០១៨-បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម។ ពីខែមករា គ.ស. ២០១៩-បច្ចុប្បន្ន ជាគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា(ក្រសួងមហាផ្ទៃ)។ ពីខែសីហា គ.ស.២០១៧-បច្ចុប្បន្ន ជាគ្រូបង្រៀនលក្ខណៈឯកជនបំប៉នពិសេស។

អតីតការងារកន្លងមក ៖ ខែកញ្ញា គ.ស.២០១៨-២០១៩ ជាមន្ត្រីការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល(ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)។ ពីខែកញ្ញា គ.ស.២០១៦-២០១៨ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋានខណ្ឌដូនពេញ។ ពីខែមករា គ.ស.២០១៤-២០១៧ ជាអនុប្រធានបច្ចេកទេសអក្សរសាស្ត្រខ្មែរ(សាលាអន្តរទ្វីបអាមេរិកាំង)។ ពីខែសីហា     គ.ស.២០១៤-២០១៦ ជាប្រធានស្ថាបនិកនៃក្លិបអភិរក្សអក្សរសាស្ត្រខ្មែរ។ ពីខែធ្នូ គ.ស.២០១៤-២០១៥ ជាព្រឹទ្ធសភាចារ្យនៃសភានិសិ្សតសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ពីខែសីហា គ.ស. ២០១៤-២០១៤ ជាប្រធានគណៈកម្មាធិការកម្មវិធីវប្បធម៌។  ពីខែកុម្ភៈ គ.ស.២០១២-២០១៣ ជាគ្រូបង្រៀនភាសាខ្មែរដល់ជនបរទេសជាលក្ខណៈឯកជន។ ពីខែមករា គ.ស.២០១៣-២០១៣ជាគ្រូបង្រៀនកិច្ចការរដ្ឋបាលនិងលេខាធិការនៅសាលាខេមស៊ីខម។

ស្នាដៃនិពន្ធនិងស្រាវជ្រាវ

  • ស្នាដៃទី១ ៖ សៀវភៅកម្រងវប្បធម៌ទូទៅអប់រំ
  • ស្នាដៃទី២ ៖ សៀវភៅបណ្តុំវប្បធម៌ទូទៅអប់រំ
  • ស្នាដៃទី៣ ៖ សៀវភៅពណ្ណរាយវប្បធម៌ទូទៅអប់រំ
  • ស្នាដៃទី៤ ៖ សៀវភៅបញ្ជ្រាបវប្បធម៌ទូទៅអប់រំ
  • ស្នាដៃទី៥ ៖ សៀវភៅសារវ័ន្តវប្បធម៌ទូទៅអប់រំ
  • ស្នាដៃទី៦ ៖ សៀវភៅវិញ្ញាសាសីលធម៌- ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
  • ស្នាដៃទី៧ ៖ សៀវភៅវិញ្ញាសាសីលធម៌- ពលរដ្ឋវិជ្ជា ថ្នាក់ទី១២ (ភាគ១)
  • ស្នាដៃទី៨ ៖ សៀវភៅសំណួរចម្លើយ សីលធម៌- ពលរដ្ឋវិជ្ជា ថ្នាក់ទី១២ (ភាគ២)
  • ស្នាដៃទី៩ ៖ សៀវភៅចំណេះដឹងវប្បធម៌ទូទៅអប់រំ
  • ស្នាដៃទី១០ ៖ សៀវភៅវិញ្ញាសាអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ (ភាគ១)
  • ស្នាដៃទី១១ ៖ សៀវភៅវិញ្ញាសាអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ (ភាគ២)
  • ស្នាដៃទី១២៖ សៀវភៅវិញ្ញាសាអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ (ភាគ៣)
  • ស្នាដៃទី១៣៖ សៀវភៅបណ្តុំវិញ្ញាសាអាស៊ាន (ភាគ១)
  • ស្នាដៃទី១៤ ៖ សៀវភៅចំណេះដឹងទូទៅស្តីអំពីអាស៊ាន (ភាគ២)
  • ស្នាដៃទី១៥ ៖ សៀវភៅចំណេះដឹងទូទៅស្តីអំពីអាស៊ាន (ភាគ៣)
  • ស្នាដៃទី១៦ ៖ សៀវភៅប្រទេសតំបន់អាស៊ីអគ្នេយ៍
  • ស្នាដៃទី១៧៖ សៀវភៅសមាជិកអង្គការសហប្រជាជាតិ
  • ស្នាដៃទី១៨ ៖ សៀវភៅវប្បធម៌-អរិយធម៌ទូទៅអប់រំ (ភាគ១)
  • ស្នាដៃទី១៩ ៖ សៀវភៅវប្បធម៌-អរិយធម៌ខ្មែរអប់រំទូទៅ (ភាគ២)
  • ស្នាដៃទី២០៖ សៀវភៅវប្បធម៌-អរិយធម៌ខ្មែរអប់រំទូទៅ (ភាគ៣)
  • ស្នាដៃទី២១៖ សៀវភៅសារវន្តវិញ្ញាសាវប្បធម៌ទូទៅអប់រំ (សម្រាប់ប្រឡងគ្រូ)
  • ស្នាដៃទី២២៖ សៀវភៅវិញ្ញាសាពុទ្ធិវប្បធម៌ទូទៅអប់រំ (សម្រាប់ប្រឡងការងារ)
  • ស្នាដៃទី២៣៖ សៀវភៅសង្ខេបអក្សរសិល្ប៍ខេមរនិយម
  • ស្នាដៃទី២៤៖ សៀវភៅវិភាគអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
  • ស្នាដៃទី២៥៖ សៀវភៅជំនួយស្មារតីអក្សរសាស្ត្រនិងភាសាខ្មែរ
  • ស្នាដៃទី២៦៖ សៀវភៅសរសេរតាមអាននិងតែងសេចក្តីថ្នាក់ទី៧
  • ស្នាដៃទី២៧៖ សៀវភៅសរសេរតាមអាននិងតែងសេចក្តីថ្នាក់ទី៨
  • ស្នាដៃទី២៨៖ សៀវភៅសរសេរតាមអាននិងតែងសេចក្តីថ្នាក់ទី៩
  • ស្នាដៃទី២៩៖ សៀវភៅសង្ខេបអក្សរសិល្ប៍ពិភពលោក
  • ស្នាដៃទី៣០៖ សៀវភៅវិញ្ញាសាពុទ្ធិចំណេះដឹងវប្បធម៌ទូទៅខ្មែរ
  • ស្នាដៃទី៣១៖ សៀវភៅបរមាធិប្បាយខ្មែរពិសេស
  • ស្នាដៃទី៣២៖ សៀវភៅបណ្តុំអត្ថបទស្តាប់ភាសាខ្មែរថ្នាក់បឋមភូមិនិងទុតិយភូមិ
  • ស្នាដៃទី៣៣៖ សៀវភៅតែងសេចក្តីនិងសរសេរតាមអាន ថ្នាក់ទី១០​
  • ស្នាដៃទី៣៤៖ សៀវភៅតែងសេចក្តីនិងសរសេរតាមអាន ថ្នាក់ទី១១
  • ស្នាដៃទី៣៥៖ សៀវភៅតែងសេចក្តីនិងសរសេរតាមអាន ថ្នាក់ទី១២
  • ស្នាដៃទី៣៦៖ សៀវភៅខេមរៈអក្សរសាស្ត្រនិងចំណេះដឹងទួទៅ
  • ស្នាដៃទី៣៧៖ សៀវភៅវប្បធម៌-សង្គមធម៌ទូទៅខ្មែរ ភាគ១
  • ស្នាដៃទី៣៨៖ សៀវភៅវប្បធម៌-សង្គមធម៌ទូទៅខ្មែរ ភាគ២
  • ស្នាដៃទី៣៩៖ សៀវភៅបណ្តុំពហុជ្រើសរើស ភាគ១
  • ស្នាដៃទី៤០ ៖ សៀវភៅបណ្តុំពហុជ្រើសរើស ភាគ២
  • ស្នាដៃទី៤១ ៖ សៀវភៅសទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើប
  • ស្នាដៃទី៤២៖ សៀវភៅសទ្ទានុក្រមបច្ចេកសព្ទកិច្ចការរដ្ឋបាល(នគរបាល)…

ស្នាដៃមួយចំនួនក្នុងចំនោមស្នាដៃជាច្រើនរបស់ លោកបរិញ្ញា ឈិន សីហា

ពានរង្វាន់​និងប្រកាសនីយបត្រកិត្តិយស

  • គ.ស.២០១៣ ៖ ជ័យលាភីលេខ១ ពានរង្វាន់កុំព្យូទ័រតូស៊ីបា  ក្រុមហ៊ុនភីធីស៊ី
  • គ.ស.២០១៤ ៖ វិញ្ញាបនបត្រកិត្តិយសនៃការដឹកនាំឆ្នើម   សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
  • គ.ស.២០១៤ ៖ វិញ្ញាបត្រសរសើរលើការងារមនុស្សធម៌  សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យអប់រំ
  • គ.ស.២០១៦ ៖ វិញ្ញាបនបត្រកិត្តិយសផ្នែកការងារបង្រៀនឆ្នើម  សភានិសិ្សតសាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • គ.ស.២០១៦ ៖ វិញ្ញាបនបត្រសរសើរក្នុងនាមគណៈកម្មការវាយតម្លៃសំណេរ  ក្រុមហ៊ុនក្រដាសSupremeនិងស្ថានទូតនៃព្រះរាជាណាចក្រថៃ
  • គ.ស.២០១៨ ៖ ប្រកាសនីយបត្រកិត្តិយសជាន់ខ្ពស់ផ្នែកការងារស្រាវជ្រាវ   បណ្ឌិត្យសភាស្រាវ ជ្រាវនៃនិសិ្សតសាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • គ.ស.២០១៩ ៖ ប្រកាសនីយបត្រឥស្សរិយយសការងារបង្រៀន  សាកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា
  • គ.ស.២០១៩ ៖ ប្រកាសនីយបត្រស្នាដៃឆ្នើមផ្នែកការងារនិពន្ធសទ្ទានុក្រម   សមាគមសាមគ្គីអភិវឌ្ឍន៍ដើម្បីកម្ពុជា ប្រទេសបារាំង
  • គ.ស.២០១៩ ៖ ប្រកាសនីយបត្រគរុកោសល្យគ្រូកម្រិតឧត្តម    សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
  • គ.ស.២០១៩ ៖ ប្រកាសនីយបត្រនៃការទទួលស្គាល់និងផ្តល់ឋានៈ“ សាស្ត្រាចារ្យ ” និង  ទទួលពានកិត្តិយស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • គ.ស.២០១៩ ៖ ប្រកាសនីយបត្រគុណវុឌ្ឍិជាន់ខ្ពស់“ទីប្រឹក្សាឆ្នើម”  និងទទួលមេដាយមាស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

លោក​បរិញ្ញា ឈិន សីហា បាន​បញ្ជាក់​ប្រាប់​ “ គេហទំព័រអ្នក​និពន្ធ​កម្ពុជា ” ទាក់ទិននឹង​ស្នាដៃ​ខាង​លើ​ថា “រហូតមកទល់បច្ចុប្បន្ន(២០០៩ដល់បច្ចុប្បន្ន) ខ្ញុំបាទបានបោះពុម្ពស្នាដៃបានចំនួន៤២ចំណងជើង។ ក្នុងនោះសៀវភៅចែកចេញពី៤ផ្នែករួមមាន ៖ ក.វប្បធម៌ទូទៅខ្មែរ  ខ. ចំណេះដឹងអក្សរសាស្ត្រ-ភាសាខ្មែរ  គ.ទំនាក់-ទំនងអន្តរជាតិ  និងឃ.សទ្ទានុក្រមជំនាញ ។ ក្នុងនោះស្នាដៃស្ទើរតែទាំងអស់ទទួលបាននូវការគាំទ្រពីសំណាក់អ្នកអាន សិស្សានុសិស្ស គ្រូបង្រៀន និងមន្ត្រីរាជការ។ ហើយស្នាដៃសទ្ទានុក្រមចំនួនពីរដែលទទួលបាននូវការឧបត្ថម្ភជួយបោះពុម្ពពីសំណាក់សប្បុរជនទូទៅ ពិសេសទី១. ក្រុមគ្រួសារឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា ទី២. ធនាគារអេស៊ីលីដា ភី.អ៊ិល.ស៊ី  ទី៣. លោកពូ សោម ស៊ុនស្រេង ប្រធានសមាគមសាមគ្គីអភិវឌ្ឍន៍ដើម្បីកម្ពុជា  និងសប្បុរសជនមួយចំនួនទៀត  ។”

ដូច្នេះ ​ប្រសិនបើប្រិយមិត្រ​​ចង់អានឬជាវស្នាដៃរបស់លោក​យកទៅ​អាន​សិក្សា​ស្វែង​យល់ លោកអ្នកអាចអញ្ជើញទៅរកអាននិងជាវនៅបណ្ណាគារតាព្រហ្ម(ក្បែរហាងលក់នាឡិកា លី ឡាង  ផ្សារអូរឫស្សី) បណ្ណាគារបាក់ទូក២(ក្បែរសាលាជ័យថាវី) បណ្ណាល័យបញ្ញវន្ត(ក្បែរផ្សារអូរឡាំពិក) និងតាម​បណ្ណាគារនានាទូទាំងប្រទេស បាន​។

លោក​បរិញ្ញា ឈិន សីហា ជា​បុគ្គល​ដែលផ្ដល់​តម្លៃ​និង​​ស្រឡាញ់​ការ​តាក់​តែង​និពន្ធ​ណាស់ ដោយ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា “ចំពោះខ្ញុំបាទ ការនិពន្ធពិតជាមានអត្ថន័យណាស់សម្រាប់ជីវិតខ្ញុំ ពោលគឺទី១. បានជួយបង្ហាត់បង្រៀនដោយប្រយោលដល់បណ្តាជនទូទៅទូទាំងរាជធានី ខែត្រ ទី២. ចូលរួមក្នុងទិវាអំណានរបស់ជាតិ ទី៣. បង្កើនចំណេះដឹងផ្ទាល់ខ្លួន ទី៤. ចេះរៀបចំខ្លួនឲ្យបានល្អប្រសើរស្របតាមតម្លៃរបស់អ្នកនិពន្ធ  ទី៥. ជួយឲ្យអក្សរសាស្ត្រជាតិមានការរីកចម្រើនតាមការតាក់តែងនិពន្ធ  និងចុងក្រោយ ជួយបណ្តុះបណ្តាលធនធានមនុស្ស …។”

នេះ​ជា​ការលើក​ឡើង​របស់​លោក លោក​បរិញ្ញា ឈិន សីហា ទាក់ទងនឹង​តម្លៃ​ការតែង        ​និពន្ធ​ដែល​លោក​យល់​ឃើញផ្ទាល់​ខ្លួន ហើយ​នៅពេលដែល​សួរលោកថា តើរវាងការនិពន្ធ ស្រាវជ្រាវ និងរៀបរៀង លោក​ចូល​ចិត្ត​មួយណា​ជាង​គេនោះ? លោកក៏បាន​បង្ហាញ​ឡើងដោយឥត​ស្ទាក់​ស្ទើរថា “ចំពោះខ្ញុំ ខ្ញុំគិតថាខ្ញុំចូលចិត្តទាំងបី  ពីព្រោះធាតុទាំងបីនេះពុំអាចនៅដាច់ដោយឡែកពីគ្នាបាននោះទេ។ ធាតុទាំងបីនេះ មានលក្ខណៈសម្បទានឲ្យគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ខ្ញុំបាទបច្ចុប្បន្នជាអ្នកនិពន្ធផង អ្នកស្រាវជ្រាវផង និងអ្នករៀបរៀងផង ពោលគឺខ្ញុំបាទបានសរសេរដោយមានលក្ខណៈរបកគំហើញថ្មីនូវស្នាដៃមួយចំនួន ហើយមួយចំនួនទៀតជាលក្ខណៈស្រាវ ជ្រាវបន្ថែម និងបន្សំដើម្បីឲ្យមានពិពិធភាព និងរៀបរៀងនូវអ្វីដែលជាឯកសារចាស់ៗនិងងាយបាត់ បង់ ដើម្បីឲ្យបានគង់វង្ស និងបន្តបាននូវនិរន្តរភាពដូនតា តែតែងគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈអ្នកនិពន្ធបានយ៉ាងល្អប្រសើរ។

លោក​បរិញ្ញា ឈិន សីហា បាន​ផ្ដាំ​ផ្ញើ​មុន​នឹង​បញ្ចប់​បទម្ភាសន៍ថា “ជាចុង​ក្រោយ​ ក្នុងនាមខ្ញុំ​បាទជា​អ្នកនិពន្ធកម្ពុជាមួយរូប ខ្ញុំសូមផ្តល់ជូននូវអនុសាសន៍ចំនួនបីគឺ ៖ ទី១. បើចង់ក្លាយជាអ្នកអ្នកនិពន្ធ ជាគ្រូបង្រៀន ឬមន្ត្រីរាជការ ត្រូវគោរពនូវទ្រឹស្តីសកម្មនិយម(សកម្មភាព  សកម្មដ្ឋាន  សកម្មកាល >សកម្មផល)  ទី២. ត្រូវប្តេជ្ញាអនុវត្តនិងបង្កើតនូវស្នាដៃបើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ  និងទី៣. ចុងក្រោយ ធ្វើខ្លួនយើងឲ្យក្លាយជាអ្នកពហុជំនាញប្រកបដោយវិជ្ជាជីវៈច្បាស់លាស់និងគុណតម្លៃ ។” ជាការពិតណាស់​! បើ​លោក​អ្នក​អាច​ធ្វើ​បានដូចជាការ​ណែនាំ​របស់​លោក​បាន នោះ​លោក​អ្នក​មុខជា​អាច​សាង​ខ្លួន​ជាអ្នក​និពន្ធ​ដ៏ឆ្នើម​ ដែលអាច​បង្កើតស្នាដៃ​ល្អ​ៗ​ប្រកបដោយគុណ​តម្លៃជារួមចំពោះប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​កម្ពុជា ដូចជារូបលោក​ជាក់​ជា​មិន​ខាន។

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោកបរិញ្ញា​​ ឈិន សីហា មាន​នាម​ប៉ាកកាក្នុងវិស័យតែង​និពន្ធថា “លោក​បរិញ្ញា” បច្ចុប្បន្ន ក្រៅ​ពី​មានតួនាទីជាសាស្ត្រាចារ្យ ​អ្នកនិពន្ធ រៀបរៀង និងស្រាវជ្រាវ លោក​នៅមាន​តួនាទីការងារ​សំខាន់​ៗ​ជាច្រើនទៀត រួមមាន​ដូចជា ៖

  • គ្រូឧទ្ទេសអក្សរសាស្ត្រខ្មែរ រដ្ឋបាលអប់រំ គរុកោសល្យ និងវិទ្យាសាស្ត្រសង្គម
  • គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា(ក្រសួងមហាផ្ទៃ)
  • សមាជិកគណៈកម្មការភាសាវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(រាជបណ្ឌិត្យសភាកម្ពុជា)
  • សមាជិកគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទកិច្ចការសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ(ក្រសួងមហាផ្ទៃ)
  • ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម
  • ទីប្រឹក្សាសភានិសិ្សតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • ទីប្រឹក្សាបណ្ឌិត្យសភាស្រាវជ្រាវនៃនិសិ្សតសាកលវិទ្យាល័យបញ្ញាសាស្ត្រ…។

លោក​គឺ​ជា​​អនុបណ្ឌិត សាស្ត្រាចារ្យ អ្នក​និពន្ធ អ្នក​រៀប​រៀង និងជាអ្នកចងក្រងស្នាដៃមួយរូប ​​ពោរពេញ​ដោយ​សមត្ថភាពទេពកោសល្យយ៉ាង​ម្បូរបែប​ ទាំង​វិធីសាស្ត្រ​ក្នុង​ការបង្រៀន និង  តាក់​តែង​​និពន្ធ​រៀប​រៀងចង​ក្រងស្នាដៃផ្សេងៗ ដោយ​ស្នាដៃ​របស់​លោក​ទាំង​ឡាយ ទទួលបាន​ការកោតរ​សរសើរពីសំណាក់​មហាជនយ៉ាង​ខ្លាំង ព្រោះសុទ្ធសឹង​ជាស្នាដៃដែលល្អ​ប្រកបដោយ​​គុណ​តម្លៃ​ពិតប្រាកដ គុណវុឌ្ឍិ ទាំង​សម្រាប់​សិស្ស និស្សិត បញ្ញវន្ត គ្រូបង្រៀន និងមន្ត្រីរាជការ ជាពិសេស​ចំពោះ​ពលរដ្ឋ​និងសង្គម​ជាតិ​កម្ពុ​ជា​តែម្ដង។ សូម​អរគុណ៕​ ​

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ លោកបរិញ្ញា ឈិន សីហា  / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!