កវី យិន លួត កវីនិពន្ធខ្មែរជើងចាស់ល្បាញល្បី កំពុងរស់នៅទឹកដីសហរដ្ឋអាម៉េរិក

  • June 23rd, 2020

លោក យិន លួត គឺជា​កវី​ខ្មែរ​ដ៏ល្បាញ​ល្បី​មួយរូប​នាសម័យ​បច្ចុប្បន្ន ដែលនិយម​និពន្ធ​កំណាព្យ​បែប​ទំនើបនិយម។ លោក​កើតនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ នៅសំរោង ចុង្កាល់ ខេត្តសៀមរាប  (នេះ​ជា​ទីកន្លែង​កំណើតរបស់​លោកកាល​សម័យកាលនោះ តែក្រោយមក នៅឆ្នាំ១៩៦៥ គេបានបង្កើតខេត្តថ្មីឈ្មោះ​ ឧត្ដរមានជ័យ បន្ទាប់​គេក៏កាត់ភូមិកំណើតរបស់លោកបញ្ចូលទៅក្នុងខេត្តថ្មីនេះដល់សព្វថ្ងៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក)។ លោក​មានឪពុក​ឈ្មោះ យិន ឡែក និងម្ដាយ​ឈ្មោះ ភុំ ឌុំ និងមានបងប្អូនបង្កើត​ចំនួន៤នាក់, ស្រី​៣នាក់, ប្រុស១នាក់ ដោយ​លោកជាកូនទី៣ក្នុងគ្រួសារ។ លោករៀបការនៅ ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៧ ជាមួយប្រពន្ធឈ្មោះ ស្វី ច័ន្ទថន ដោយរហូត​មកទល់នឹងពេលនេះ​មានកូនស្រីម្នាក់ ឈ្មោះ យិន ច័ន្ទវតី ។ សព្វ​ថ្ងៃ លោក​រស់នៅសហរដ្ឋអាម៉េរិក និង​ជាសាស្ត្រាចារ្យបង្រៀន​ភាសាខ្មែរ ឬអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន ក្រុងស៊ីអាតិល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

កវី យិន លួត កវីនិពន្ធខ្មែរជើងចាស់ល្បាញល្បី កំពុងរស់នៅទឹកដីសហរដ្ឋអាមេរិក

កវី យិន លួត បាន​បង្ហាញ​ក្នុងបទសម្ភាសន៍​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ទាក់​ទងនឹង​ការ​ចាប់​ផ្ដើម​ឈានជើងដំបូង​ចូលវិថី​តែងនិពន្ធ​យ៉ាង​ដូច្នេះថា “ខ្ញុំមិនដឹងថា ខ្ញុំចេះនិពន្ធ​ពីឆ្នាំណានោះ​ទេ! តែ​ក្នុងឆ្នាំ១៩៨៦ ដោយអង្គការដែលខ្ញុំធ្វើការស្នើឱ្យ​ខ្ញុំនិពន្ធកំណាព្យម្នាក់មួយ ដើម្បីផ្សាយក្នងទស្សនាវដ្ដីរបស់អង្គការ ពេលផ្សាយកំណាព្យយទីមួយមក ខ្ញុំបានទទួលការចូលចិត្តជាច្រើនពីកាសែតក្នុងតំបន់សុំចុះផ្សាយ ដោយបកប្រែជាភាសាអង់គ្លេសស្រាប់… ចាប់ពីពេលនេះមក ខ្ញុំ​ក៏ចាប់ផ្ដើមសរសេរបន្តិចម្ដងៗ រហូតដល់​បានផ្សាយចេញជាសៀវភៅនៅទីបំផុត។” លោក​បន្តថា “ខ្ញុំចូលចិត្តសរសេរកំណាព្យជាងគេ ដោយ​រហូតមកដល់ពេលនេះ ខ្ញុំបានផ្សាយជាសៀវភៅបានប្រាំមួយក្បាលហើយ ដោយ​ក្នុង​នោះ​សៀវភៅកំណាព្យបីក្បាល និងប្រលោមលោកខ្នាតខ្លីបីក្បាល។ សៀវភៅកំណាព្យទាំង​បីក្បាលនោះ​មានចំណងជើងថា “ដែនដីទឹកភ្នែក” “ស្រណោះ” និង “ជីវិតលោកិយ៍” ឯប្រលោមលោកទាំងបីវិញ មានចំណងជើងថា “ពពករសាត់” “មរតកដួងចិត្ត” និង “ភ្លៀងរលឹម” ដោយ​បើ​លោក​អ្នកចង់អានស្នាដៃ​និពន្ធ​របស់​ខ្ញុំ​ទាំងនេះ លោកអ្នក​អាចស្វែងរកនៅតាមបណ្ណាគារនានាទីក្រុងភ្នំពេញ ឬតាមបណ្ណាល័យ អនឡាញន៍ ក៏បាន។”

“មរតកដួងចិត្ត” ស្នាដៃនិពន្ធ​ជាសៀវភៅមួយរបស់ កវី យិន លួត ទាំងភាសាខ្មែរ និងអង់គ្លេស

ជា​ធម្មតាអ្នកកវី​និពន្ធ​គ្រប់​រូប​តែងមាន​ផ្នែក​មួយ​ដែល​ខ្លួន​ចូលចិត្ត​និយម​និពន្ធ​បំផុត ចំណែក កវី យិន លួត ក៏ដូច្នោះដែរ លោក​ជា​កវីដែល​ចូល​ចិត្ត​និពន្ធ ​កំណាព្យ​ទំនើប​និយម បំផុត ហើយថែមទាំង​និពន្ធ​បាន​យ៉ាង​ល្អ​ទៀតផង ដែល​កំណាព្យ​បែប​នេះមិនសូវជាមាន​គេ​និយម​និពន្ធ​ច្រើន​ឡើយ។ លោកបាន​បង្ហាញ​ការ​យល់​ឃើញ​ទាក់​ទងនឹង​កំណាព្យ​នេះថា “តាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ឃើញថា កំណាព្យទំនើបនិយម គឺជា​កំណាព្យដែលខុសប្លែកពីមុន។ កំណាព្យទំនើបនិយមខុសប្រពៃណីយ៍និយម មានជាគោលគឺ ការពិសោធន៍ថ្មី គំនិតថ្មីក្នុងសាច់រឿង វិធីសាស្ត្រថ្មី និងរចនាបទថ្មីក្នុងការសរសេរ ជាពិសេស សរសេរពាក្យរាយដោយមិនបាច់មានចាប់ចុងជួន ជាកំណាព្យរូបនិយម ឬអប្បបរមានិយម ដោយប្រើភាសាសាមញ្ញ សរសេរខ្លីៗ អញ្ជើញអ្នកអានឱ្យ​ចូលរួមដោយមិនចំពោះ  បង្ហាញរឿងតែមិនប្រាប់គំនិត ទុកឱកាស​ឱ្យ​អ្នកអានបកស្រាយខ្លួនឯង ដោយពឹងផ្អែកលើការពិសោធក្នុងជីវិត និងចំណេះដឹងរបស់គេម្នាក់ៗ លោក​បន្ត “កំណាព្យទំនើបនិយម ប្រើនៅបស្ចិមប្រទេស។ កំណាព្យប្រភេទនេះ ចាប់ផ្ដើមពីប្រទេសបារាំង អង់គ្លេស និងអាមេរិកជាដើម។ លោក ឆាលស៍ បូដឺឡែរ កវីបារាំងជាអ្នកត្រួសត្រាយចលនានេះមុនគេ ដោយ លោក ឆាលស៍ បូដឺលឡែរ លោកកើតនៅ ថ្ងៃទី៩ ខែមេសា ឆ្នាំ១៨២១ ហើយស្លាប់នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៨៦៩។ លោកសរសេរកំណាព្យជាពាក្យរាយ។ នៅអាម៉េរិក លោក វ៉លត៍ វិធមិន ជាអ្នកចាប់ផ្ដើមមុនគេ ដោយសរសេរជាពាក្យរាយ មិនមានចាប់ចុងជួនដូចគ្នា។”

“ជីវិតលោកិយ” ស្នាដៃកំណាព្យមួយរបស់ កវី យិន លួត

លោក​បន្តរៀបរាប់បង្ហាញ​​ពីភាព​ខុសគ្នា​រវាង កំណាព្យទំនើប​និយម និង កំណាព្យប្រពៃណីនិយម ថា “កំណាព្យប្រពៃណីនិយម កវីនិយាយទៅកាន់អ្នកអានត្រង់។ កំណាព្យប្រភេទនេះ ជាពាក្យប្រៀនប្រដៅ ឬពន្យល់ពីរឿងអ្វីមួយដោយច្បាស់លាស់ តាមការយល់ឃើញរបស់កវី។ ឧទាហរណ៍ កវី ក្រម ង៉ុយ ជាទីគោរពរបស់យើង  លោកប្រដៅត្រង់ អ្វីដែលមិនល្អ នាំអពមង្គលដល់ការរស់នៅ លោកប្រាប់ថាកុំធ្វើ។ ចំណែកកំណាព្យទំនើបនិយម ពិបាកសរសេរជាងកំណាព្យប្រពៃណីនិយម ព្រោះ​កំណាព្យប្រភេទនេះ ត្រូវការជ្រើសរើសប្រធានបទណាដែលសមស្របតាមពេលវេលា និងរឿងរ៉ាវដែលកើតឡើង ដោយលើកតួអង្គណាមួយឱ្យ​និយាយជំនួសកវី  ដែលអាចជាមនុស្ស ជាសត្វ ជាវត្ថុ ឬជាពាក្យឱ្យ​មានលទ្ធភាពនិយាយបានដូចមនុស្ស។”

“ភ្លៀងរលឹម” និង “ពពករសាត់” ស្នាដៃនិពន្ធ​ជាសៀវភៅពីរផ្សេងទៀតរបស់ កវី យិន លួត

កវី យិន លួត បាន​ចែករំលែក​ជាចំណេះដឹង​ក្នុង​ការ​និពន្ធ​កំណាព្យ​ប្រភេទ​នេះថា “ដើម្បីតែងកំណាព្យទំនើបនិយមបានល្អ លុះត្រាតែកវីយល់ដឹងពីការវិវឌ្ឍន៍នៃសង្គមដែលគេរស់នៅ និងសង្គមមនុស្សក្នុងពិភពលោកទាំងមូល។ កវីគួរមានចំណេះដឹងជាគ្រឹះទាំងនយោបាយ សេដ្ឋកិច្ច ទស្សនវិជ្ជា ចិត្តសាស្ត្រ និងប្រវត្តិសាស្ត្រជាដើម ជាពិសេសជំនាញក្នុងការសរសេរ​នេះ​តែម្ដង។”

“ស្រណោះ” និង “ដែនដីទឹកភ្នែក” សៀវភៅកំណាព្យល្បីៗស្នាដៃពីរទៀតរបស់​ កវី យិន លួត

មុន​នឹង​បញ្ចប់បទសម្ភាសន៍ លោកក៏​បាន​​សម្ដែង​មតិជាចុងក្រោយថា “ក្នុងនាមជាអ្នកនិពន្ធខ្មែរមួយរូប ខ្ញុំពិតជាសប្បាយចិត្តណាស់​ដែលឃើញវិស័យនិពន្ធនៅស្រុកខ្មែរមានការជឿនលឿនច្រើន បើ​ទោះជាមិនសូវមានអ្នកនិពន្ធតែងកំណាព្យទំនើបនិយមនេះក៏ដោយ… តែ​ទោះជា​យ៉ាង​នេះក្ដី ខ្ញុំ​សូម​សំណូមពរជូនដល់កវីនិងអ្នកនិពន្ធទាំងអស់ ទាំងអ្នកទំនើបនិយមនិងប្រពៃណីនិយម ឱ្យ​ជួយគាំទ្រគ្នា ក្នុងការដុះដាលទៅតាមនិន្នាការក្នុងការសរសេររៀងៗខ្លួន។ ជាពិសេស​ ខ្ញុំសូមថ្លែងអំណរគុណចំពោះកវីរៀមច្បងខ្មែរទាំងអស់ដែលមានជីវិតរស់នៅ ហើយបានជួយបណ្ដុះ​បណ្ដាលយុវជនជំនាន់ក្រោយ។ ហើយ​​ខ្ញុំក៏​សូមអរគុណផងដែរ ចំពោះសមាសគមអ្នកនិពន្ធខែ្មរ ដែលឈរជាជំហរក្នុងការទ្រទ្រង់អក្សរសាស្ត្រ និងអក្សរសិល្បខ្មែររហូត​មក។”

កវី យិន លួត និង លោក ប៉ាន់ រិទ្ធី បុគ្គលល្បាញល្បីក្នុងវិស័យភាពយន្តកម្ពុជានិងពិភពលោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក យិន លួត សព្វ​ថ្ងៃកំពុង​រស់នៅសហរដ្ឋអាម៉េរិក ដោយមាន​តួនាទី​ជាសាស្ត្រាចារ្យបង្រៀន​ភាសាខ្មែរ ឬអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន ក្រុងស៊ីអាតិល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ លោក​គឺជា​កវី​ខ្មែរជើងចាស់​​ដ៏ល្បីឈ្មោះ​​មួយរូប​នាសម័យពេល​​បច្ចុប្បន្ន ដែលនិយម​និពន្ធ​កំណាព្យ​បែប​ទំនើបនិយម ហើយ​ក៏​អាចសរសេរប្រលោមលោកខ្នាតខ្លី រឿងខ្លី អត្ថបទសាកល្បង ឬអត្ថបទសារព័ត៌មានបាន​យ៉ាង​ល្អ​ផងដែរ។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ពីកម្រិតទឹកដៃ​ក្នុង​ការ​សរសេរ​របស់​លោក លោក​អ្នក​អាច​ស្វែងរកស្នាដៃ​របស់​លោក​យកមកអាន​តាមការ​បញ្ជាក់​របស់​លោក​ខាង​លើបាន ហើយ​បើ​លោក​អ្នក​ចង់​អាន​កំណាព្យបែប​ទំនើប​និយម​របស់​លោក​បាន​កាន់តែ​ឆាប់​និងងាយស្រួលនោះ លោក​អ្នកអាច​ចូល​ទៅអានបាន​តាមរយៈ​ហ្វេស​ប៊ុកផ្លូវការ​របស់​លោក​ដែលមានឈ្មោះថា Luoth Yin https://www.facebook.com/luoth.yin ក៏បាន ព្រោះ​លោក​តែងតែ​សរសេរ​បង្ហោះ​ចែករំលែក​ជាញឹកញាប់នៅ​ក្នុង​បណ្ដាញ​សង្គម​យក្ស​មួយនេះ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ កវី យិន លួត / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!