លោក គឹម ចាន់ណា បង្ហាញ​ពីគន្លឹះតែងនិពន្ធឱ្យបានល្អ

  • June 25th, 2021

បើ​លោក​អ្នក​ ជាអ្នក​និយមអានសៀវភៅ​បកប្រែ​ជាខេមរភាសា ដែលជា​សៀវភៅ​​ចំណេះៗ​ល្អ​ប្រកបដោយ​គុណ​តម្លៃ រៀបរៀង​ផលិត​ដោយ គ្រឹះស្ថានបោះ​ពុម្ព​ផ្សាយ ម៉ាញប៊ុក្ស នោះ​លោក​អ្នក​មុខជាបាន​ស្គាល់​ច្បាស់​ហើយថា ​លោក​ គឹម ចាន់ណា ជានរណា? ពិតណាស់! លោកគឺ​ជាអ្នក​​បកប្រែរៀបរៀង​សៀវភៅ​ដ៏​ឆ្នើម​មួយរូប​នៅកម្ពុជា ប្រកបដោយ​សមត្ថភាព ទេពកោសល្យ និង​​ចំណេះដឹង​យ៉ាង​ខ្លាំង ព្រោះ​ពាក្យ​ពេចន៍ ក៏ដូច​ខ្លឹម​សារ​ក្នុង​សៀវភៅ​ដែល​លោក​រៀបរៀង​ទាំង​ប៉ុន្មាន សុទ្ធតែប្រកបដោយ​អត្ថន័យខ្លឹម​សារ​យ៉ាង​ជ្រាលជ្រៅ ដែល​អាច​ផ្ដល់​ជាប្រយោជន៍​​ពិតប្រាកដ​ដល់​អ្នក​អាន​គ្រប់រូប។

ដោយមាន​ប្រិយមិត្ត​ជាច្រើន​បាន​សួរលោក​ពីវិធី​តែង​និពន្ធថា ​ឱ្យបាន​ល្អ  តើ​ធ្វើដូចម្តេចដើម្បីឱ្យតែងនិពន្ធបានល្អ? នោះ! លោក​ក៏បាន​បង្ហាញ​ពីគន្លឹះដែលជាការ​យល់​ឃើញ​ផ្ទាល់ខ្លួន ដើម្បី​ចែក​រំលែក​ជា​ចំណេះដឹងផង និង​ដើម្បី​បំបាត់​នូវ​ចម្ងល់​ប្រិយមិត្ត​ទាំង​ឡាយ​ដែល​តែងតែ​សួរ​លោក​ផង។ ដូច្នោះ! ដើម្បីបាន​ជ្រាប​ច្បាស់​នោះ សូមបន្ត​តាម​ដាន​អាន​ដូច​តទៅ ៖​

  • ទី១ ៖ សូមសួរខ្លួនឯងឱ្យច្បាស់សិនថា តើពិតជាស្រឡាញ់ការតែងនិពន្ធប្រាកដមែនឬយ៉ាងណា? តើអ្នកធ្លាប់សរសេររឿងអ្វីខ្លះរហូតភ្លេចបាយភ្លេចទឹកឬទេ? តើខ្លួនឯងចូលចិត្តសៀវភៅប្រភេទណា? អានបានច្រើនកម្រិតណា? ហ៊ានចំណាយលើការទិញសៀវភៅអានជាងទិញទំនិញដទៃឬយ៉ាងណា? ហ៊ានលះបង់ពេលវេលាសម្រាប់ការតែងនិពន្ធកម្រិតណា? ចង់ផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន? តើខ្លួនឯងមានរឿងអ្វីសំខាន់សម្រាប់ផ្តល់ឱ្យអ្នកអានឬទេ? មានចំណាប់អារម្មណ៍លើការតែងនិពន្ធយូរប៉ុនណាហើយ ឬទើបតែចង់ក្នុងពេលថ្មីៗនេះទេ? សូមប្អូនរកចម្លើយនេះឱ្យឃើញសិន។
  • ទី២ ៖ នៅសមាគមអ្នកនិពន្ធខ្មែរ (មានទីស្នាក់ការនៅក្នុងវត្តបុទុម ក្បែរព្រះបរមរាជវាំង) មានវគ្គបណ្តុះបណ្តាលផ្នែកតែងនិពន្ធ ដែលមានគ្រូតាមជំនាញផ្សេងៗជាច្រើនផ្នែកមកបង្រៀន។ ប្អូនៗអាចទាក់ទងនៅទីនោះបាន។
  • ទី៣ ៖ នៅលើទីផ្សារមានសៀវភៅណែនាំអំពីការតែងនិពន្ធពីគ្រូៗផ្សេងៗ ប្អូនអាចទិញយកមកអានដើម្បីស្វែងយល់ពីវិធីសាស្រ្តបានមួយកម្រិត។
  • ទី៤ ៖ គោលដៅនៃការសរសេរគឺដើម្បីបំពេអារម្មណ៍ ផ្តល់ការកម្សាន្ត ឬផ្តល់ជាគំនិតទស្សនៈ ជាចំណេះដឹង។ សួរថាតើយើងចង់ផ្តល់អ្វីដល់អ្នកអាន? តើយើងមានរបស់ទាំងនេះឬទេ? តើយើងចង់ឱ្យមនុស្សកម្រិតណាអាន? កុមារ យុវជន? មនុស្សចាស់? ឬមនុស្សទូទៅ? សរសេរសៀវភៅដើម្បីមហាជនអាន ដើម្បីអ្នកដទៃអាន មិនមែនសរសេរដើម្បីគ្រាន់តែបញ្ចេញអារម្មណ៍ខ្លួនឯងនោះទេ។
  • ទី៥ ៖ សម័យនេះជាសម័យសាកលភាវូបនីយកម្ម។ មានចំណេះដឹងច្រើន ទិន្នន័យច្រើន គំនិតមនុស្សជឿនលឿនជាងពីដើមឆ្ងាយណាស់។ មនុស្សនឹងចំណាយពេលអានសៀវភៅណាមួយលុះត្រាតែសៀវភៅនោះមានរឿងថ្មី របស់ថ្មី ចំណេះដឹងថ្មីឱ្យអ្នកអានជក់ចិត្តឬរៀនសូត្របាន។ និយាយឱ្យខ្លីអ្នកនិពន្ធត្រូវតែដើរឱ្យលឿនជាងអ្នកអានយ៉ាងតិចមួយជំហាន បើមិនដូច្នោះទេគេនឹងមិនអានសៀវភៅយើងនាំតែខាតពេលនោះទេ។ សូមសួរខ្លួនឯងថាយើងចេះភាសាបរទេស និងបានរៀនសូត្រ ស្រាវជ្រាវច្រើនល្មមនឹងអាចដើរលឿនជាងគេលើចំណុចណាមួយហើយឬនៅ?
  • ទី៦ ៖ តើយើងមានពេលវេលាសម្រាប់ឧទ្ទិសដល់ការតែងនិពន្ធដែរឬទេ និងសូមផ្តាំជាលើកចុងក្រោយថា (ក)តើអ្នកមានឆន្ទៈក្នុងការផ្តល់សារៈប្រយោជន៍ដល់អ្នកអានដោយគ្មានលក្ខខណ្ឌដែរឬទេ? ឬ (ខ) តែងនិពន្ធដើម្បីគ្រាន់តែចង់ឱ្យល្បីឈ្មោះឬចង់បានតែលាភសក្ការៈ?… សូមចាំថា បើមានចំណុច (ក) អ្នកអាចរកចំណុច (ខ) បាន។ ប៉ុន្តែបើមានតែចំណុច (ខ) ខ្ញុំមិនហ៊ានធានាថាអ្នកអាចសម្រេចជោគជ័យបានទេ។

លោក គឹម ចាន់ណា ​បាន​បន្ថែម​ទៀតមុន​នឹង​​បញ្ចប់​ថា “បើប្អូនៗអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួរខាងលើបាន ខ្ញុំសង្ឃឹមថាយើងមានឱកាសច្រើនក្នុងការក្លាយជាអ្នកនិពន្ធ តែមិនមែន 100% ទេ ព្រោះនៅមានកត្តាទេពកោសល្យផ្នែកសិល្បៈមួយទៀត។ វាជាសម្បត្តិពិសេសរបស់បុគ្គលម្នាក់ៗដែលពិបាកចែករំលែកឱ្យគ្នាបាន។ វាគ្មានទ្រឹស្តី ឬគ្មានអ្វីជាក់លាក់មកបញ្ចាក់បានទេ មានតែពេលវេលាប៉ុណ្ណោះ។ សូមអរគុណ!”

លោក គឹម ចាន់ណា ស្ថាបនិក គ្រឹះស្ថានបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស (ថតនៅបណ្ណាគារ ម៉ាញប៊ុក្ស)

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូម​បញ្ជាក់ថា លោក គឹម ចាន់ណា គឺ​ជា​ស្ថាបនិកគ្រឹះស្ថាន​បោះពុម្ព​ផ្សាយ ម៉ាញប៊ុក្ស ដែលជាគ្រឹះស្ថាន​កំពុងល្បី​ឈាន​មុខ​គេនៅ​កម្ពុជា ដោយ​រហូត​មក​ទល់​នឹងពេលនេះ គ្រឹះស្ថាន​របស់​លោក​ផលិត​សៀវភៅបានជាច្រើន​រយចំណង​ជើង ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជាស្នាដៃ​បកប្រែ​រៀប​រៀងដោយរូប​លោក​ផ្ទាល់​តែម្ដង និង​សុទ្ធសឹងតែជាសៀវភៅ​ដែល​ទទួលបានការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង គឺ​គ្រប់​ស្រទាប់​តែម្ដង ជាពិសេស​សិស្ស​និស្សិត និងមន្ត្រី​រាជការ​តាមស្ថាប័នទាំង​ឡាយ។ អាស្រ័យ​ហេតុនេះ បើ​លោក​អ្នកចង់​ដឹងថា តើ​ស្នាដៃ​បកប្រែ​រៀប​រៀង​របស់​លោក​មានអត្ថន័យ​ខ្លឹមសារ​ល្អ​យ៉ាង​ណា​ខ្លះ​នោះ? លោក​អ្នក​អាច​ទំនាក់​ទំនង ក៏ដូចជាស្វែង​រក​សៀវភៅ​របស់​លោក​យកមកអានបានតាម​រយៈ គេហទំព័ររបស់​គ្រឹះស្ថាន​ ម៉ាញប៊ុក្ស ផ្ទាល់ www.mindbooks.com.kh ឬ​ហ្វេស​ប៊ុក​ផេកផ្លូវការ​របស់គ្រឹះស្ថាន ដែលមានឈ្មោះថា https://www.facebook.com/Mindbooks ជាពិសេស! បើ​លោក​អ្នក​ចង់​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើស​រើស​សៀវភៅ​ល្អ និងងាយស្រួលទិញ​នោះ លោកអ្នក​អាន​ទៅ​ បណ្ណាគារ​របស់គ្រឹះស្ថាន​ ម៉ាញប៊ុក្ស ផ្ទាល់​ក៏បាន! នោះ​គេហទំព័រ​យើង​ខ្ញុំ​ហ៊ានធានាថា លោក​អ្នក​មុខជា​មិន​ខកបំណង​ឡើយ។ សូម​អរគុណ៕​ ​

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ លោក គឹម ចាន់ណា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!