មឿន សំណាង កវីឆ្នើមជំនាន់ថ្មី ម្ចាស់ស្នាដៃសៀវភៅ “ក្លិនស្នេហ៍” ដែលប្រកបដោយទឹកដៃក្នុងការនិពន្ធកំណាព្យបានជាច្រើនបែបបទ

  • March 12th, 2020

លោក​ មឿន សំណាង មានប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “កវីមេគង្គ” លោក​កើត​នៅ​ថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨, នៅភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, មានឪពុកឈ្មោះ ម៉ាង តុល និងម្ដាយឈ្មោះ សក់ យឺម និងមានបងប្អូនបង្កើត​ចំនួន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ ដោយ​លោក​ជាកូនទី២ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាកវី ​កម្ពុជាមួយរូប លោក​មាន​​តួនាទីជាប្រធានសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអ៊ិលស៊ី សាខាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក មឿន សំណាង​ និងពានរង្វាន់ លេខ១ ផ្នែក​កំំណាព្យរឿង “ពានរង្វាន់​អក្សរសិល្ប៍ទន្លេមេគង្គ”

លោក មឿន សំណាង ​ចេះនិពន្ធកំណាព្យ​តាំង​ពីរៀន​នៅ​ថ្នាក់​បឋមមកម្ល៉េះ តែ​លោក​ទើបតែបាន​ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​តែង​និពន្ធជាផ្លូវការនៅឆ្នាំ២០១៩ថ្មីៗ​នេះ​ឯង ដោយចាប់​យក​ការនិពន្ធផ្នែកកំណាព្យមួយមុខ​ប៉ុណ្ណោះ ព្រោះ​ការនិពន្ធ​កំណាព្យជាឧបនិស្ស័យតាំងពីកំណើតរបស់លោក។ លោក​​ស្រឡាញ់ការនិពន្ធ​បែប​លេងពាក្យក្នុងកំណាព្យខ្មែរណាស់ ដែលការ​និពន្ធ​កំណាព្យ​របៀបនេះ មិនសូវជាមានអ្នកនិពន្ធផ្សេងទៀត និយមប្រើប្រាស់ក្នុង​ការ​និពន្ធរបស់ខ្លួន​ឡើយ ក្នុង​​ប្រភេទ​បទកំណាព្យចាស់ៗមួយចំនួនរបស់​ខ្មែរ​យើង។ លោក​​គឺ​ជាអ្នក​និពន្ធ​កំណាព្យ​​សម័យថ្មីនេះ​មួយរូប ដែល​កម្រ​នឹង​មាន​នរណា​អាច​ប្រៀបនឹង​សមត្ថភាព​ក្នុង​ការ​និពន្ធ​កំណាព្យ​របស់​លោក​ណាស់ ព្រោះ​លោក​អាចនិពន្ធ​កំណាព្យ​បាន​ជាច្រើន​បែប​បទ​ ដោយពុំ​ធ្លាប់បានរៀនពីក្បួនក្នុង​ការ​តែងកំណាព្យខ្មែរពីណាមក​ឡើយកន្លងមក ដែល​ចំណុច​នេះ​ពិតជា​មិនធម្មតា​ឡើយ​សម្រាប់​​កវី​ដែលមាន​ប្រភពចេញ​ពីខេត្ត​កំពង់​ស្ពឺ​រូបនេះ។

សៀវភៅកំណាព្យរឿង “ក្លិនស្នេហ៍” ស្នាដៃនិពន្ធរបស់លោក  មឿន សំណាង “កវីមេគង្គ”

ដោយសារតែ​ភាពឆ្នើមក្នុងការ​និពន្ធ​កំណាព្យ​របស់​លោក មឿន សំណាង នេះហើយ ទើបបាន​ជាធ្វើឱ្យ​លោក​ប្រឡងជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុង​ “ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ”  លើកទី១០ ឆ្នាំ២០១៩” ដែលប្រារព្ធ​ធ្វើ​ឡើង​នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ភូមា) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំម២០១៩ លើផ្នែកកំណាព្យរឿង មានចំណងជើងថា “ស្នេហ៍លើផ្ទៃទន្លេ” និងទទួលបាន​ជ័យលាភីចំណាត់ថ្នាក់ លេខ៣ ក្នុង “ពានរង្វាន់អក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០១៩” លើផ្នែកកំណាព្យរឿង មានចំណង​ជើងថា “ស្នេហ៍ក្នុងភ្លើងសង្គ្រាម” កាលពីថ្ងៃទី ២០ វិច្ឆិកា ២០១៩ កន្លងទៅថ្មីៗ​កាល​ពីឆ្នាំមុននេះ។

លោក មឿន សំណាង និងម្ចាស់រូបលើក្របសៀវភៅ “ក្លិនស្នេហ៍” ថតក្នុងថ្ងៃលោកទទួលពានរង្វាន់ ចំណាត់ថ្នាក់លេខ៣

លោក មឿន សំណាង ក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោកបាន​បញ្ជាក់​ពី​ស្នាដៃ​និពន្ធ​កំណាព្យរឿងរបស់លោក ដែលបាន​​បោះ​ពុម្ព​ផ្សាយ​ជា​សៀវភៅលើក​ដំបូង​ថា “​រហូតមកដល់ពេលនេះ ខ្ញុំនិពន្ធសៀវភៅបោះពុម្ព​ជាផ្លូវការបានតែមួយរឿងទេ គឺរឿង “ក្លិនស្នេហ៍” និងបានដាក់ចូលក្នុងបណ្ដាញសង្គមរបស់ក្រុមស្រមៃ គឺរឿង “ព្រះអាទិត្យពណ៌ខ្មៅ“ ហើយបន្ទាប់ពីកំណាព្យ​រឿង “ក្លិនស្នេហ៍” នេះទៅ ខ្ញុំក៏នឹងមានគម្រោងចេញផ្សាយស្នាដៃ​និពន្ធ​ជាសៀវភៅកំណាព្យ​រឿងមួយក្បាលទៀត មានចំណងជើងថា “ស្នេហ៍អូន ស្នេហ៍ជាតិ” ដែលកាន់តែមានច្រើនបែប​បទ​ជាងមុនផងដែរ។”

ទាក់ទង​នឹងកំណាព្យរឿង “ក្លិនស្នេហ៍” ដែលជាស្នាដៃ​និពន្ធ​ជាសៀវភៅ​ដំបូងរបស់​លោកនេះ លោក​ក៏បាន​បង្ហាញ​ខ្លឹម​សារ​សំខាន់​នៃ​សៀវភៅ​នេះ​ផងដែរថា​ “ហើយ​កំណាព្យរឿង “ក្លិនស្នេហ៍” ដែល​ខ្ញុំនិពន្ធនេះ ថ្វី​​បើ​មាន​ចំណងជើងថា “ក្លិនស្នេហ៍” ក៏ពិតមែន តែមិនមែនផ្ដោត​តែ​លើ​ស្នេហ៍តែមួយមុខ​នោះ​ទេ ដែល​ហាក់ប្លែកជាមួយនឹងចំណងជើង ដោយ​អត្ថន័យ​ក្នុង​កំណាព្យ​រឿងនោះ ខ្ញុំនិយាយច្រើនពីសង្គមចរិតមនុស្សខ្មែរ ច្បាប់ស្រុកខ្មែរ ការនិយាយពីកិច្ចកលសង្គម តម្លៃភាពស្មោះត្រង់ការតស៊ូព្យាយាម ការគោរពអ្នកមានគុណ ការមិនអាចថយក្រោយរបស់រឿងខ្លះ និងបញ្ហាមួយចំនួនទៀតជាមួយស្នេហាដែរ។ នេះ​ជា​ការ​បញ្ជាក់​របស់លោក មឿន សំណាង ទាក់ទងនឹង​ខ្លឹមសារ​នៃ​សៀវភៅ​កំណាព្យរឿង “ក្លិនស្នេហ៍” របស់លោក ដើម្បីកុំឱ្យ​ប្រិយមិត្តយល់​ច្រឡំ។ ដូច្នេះ ប្រសិន​បើ​លោក​អ្នក​មានការចាប់អារម្មណ៍ចង់ទិញ​ស្នាដៃ​របស់លោកយក​ទៅអាន លោក​​អ្នក​អាច​រកទិញ​ដោយទាក់ទងទៅកាន់លោក​ដោយផ្ទាល់តែម្ដងបាន តាមរយៈហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ឈ្មោះ មឿន សំណាង https://www.facebook.com/profile.php?id=100026113231279 និងអាច​ទិញបាន​តាមរយៈហ្វេស​ប៊ុក​ផេកផ្លូវការ​របស់លោក គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ https://www.facebook.com/khmerbooks.net/ ឬនៅតាមបណ្ណាគារមួយចំនួនទៀតផងដែរ។

សៀវភៅកំណាព្យរឿង “ក្លិនស្នហេ៍” និងសៀវភៅដទៃៗទៀតរបស់ “គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ”

លោក​ មឿន សំណាង ​ក៏បាន​ចែក​រំលែក​ជាចំណេះដឹង​ក្នុង​ការ​និពន្ធ​កំណាព្យ​ឱ្យបាន​ល្អថា “បើ​យើង​ចង់​តែងកំណាព្យមួយឱ្យបាន​ល្អ យើងត្រូវមានការយល់ដឹងពីរបៀប​ក្នុង​ការប្រើពាក្យរបស់ខ្មែរឱ្យបានច្រើន, មានវចនានុក្រមតាមខ្លួនជានិច្ច (ដោយ​សម័យនេះ​យើងអាច​ទាញកម្មវិធីវចនានុក្រម​ដាក់ក្នុងទូរសព្ទរបស់​យើង​បាន) ​អានកំណាព្យរបស់​អ្នក​និពន្ធ​​ផ្សេងៗឱ្យបាន​ច្រើនទាំងបុរាណនិងសម័យ ចេះពិនិត្យ​តាម​ដាន​សង្គមឱ្យបានច្បាស់ និយាយពិតបែបពិត កុំលម្អៀងទៅខាងណាតាមអារម្មណ៍ ហ៊ាននិយាយការពិត មិនជ្រុលនិយមទៅខាងណា… ប្រើពាក្យតាមសម័យកាលឱ្យចំចិត្តអ្នកអាន សីលធម៌ក្នុសំណេរជាសំខាន់ មានក្បួនកាព្យមួយក្នុងដៃ (ដោយ​សម័យនេះ​យើងអាច​ទាញកម្មវិធីមកដាក់ក្នុងទូរសព្ទរបស់​យើង​បានដូចជាវចនានុក្រមផងដែរ) មានការពិនិត្យហើយពិនិត្យទៀតមុនចេញផ្សាយ ឯអ្នកនិពន្ធត្រូវតែដាក់ខ្លួនជានិច្ច ទើបមើលឃើញកំហុសរបស់ខ្លួន និងធ្វើ​ឱ្យ​អ្នកផ្សេងចង់ណែនាំ។ ទាំង​អស់​នេះ​ហើយជា​វិធី​សាស្ត្រ​របស់លោក មឿន សំណាង ដែលលោកតែងតែ​អនុវត្ត​រហូត​មក​ក្នុង​ការ​និពន្ធ​ ដែលអាច​ឱ្យលោក​និពន្ធ​កំណាព្យ​បាន​ល្អដូច​សព្វថ្ងៃ ដែល​លោក​អ្នក​អាច​យកទៅអនុវត្ត​​តាមបាន ដើម្បីឱ្យមានភាពឆ្នើមក្នុងការ​តែង​កំណាព្យដូចជា​រូបលោក។

មុន​នឹងបិទ​បញ្ចប់​បទសម្ភាសន៍ លោក មឿន សំណាង ក៏បានថ្លែងថា “ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនខ្មែរអ្នកនិយមអានកំណាព្យ​ទាំង​អស់​ ដែលបាន​ជួយ​​រក្សាការពារក្បួនតែងកំណាព្យខ្មែរទាំង៥២បទ តាមរយៈ​ការជួយ​ជាវស្នាដៃ​របស់​អ្នក​និពន្ធ​យកមកអាន ធ្វើ​ឱ្យកំណាព្យ​ខ្មែរ​អាចបន្តមានជីវិតរស់រានមកទល់​នឹង​សព្វថ្ងៃ។ ហើយ​បើ​បងប្អូនពិតជាស្រឡាញ់​ការតែង​កំណាព្យ ចង់​ក្លាយជាអ្នក​និពន្ធ​កំណាព្យ សូមបងប្អូនកុំខ្លាចក្នុងការ​សរសេរ​ឱ្យសោះ បើ​ទោះជាបទនោះ​ពិបាកតែងយ៉ាង​ណាក៏ដោយ ដោយខ្ញុំជឿថា ឱ្យតែ​បងប្អូនមានការ​ខំប្រឹង នោះ​មុខជាអាច​សម្រេចបានមិនខាន… និងសូមសំណូមពរឱ្យយុវជនជំនាន់ក្រោយ គួរចេះ​ជួយការពារកំណាព្យ​ខ្មែរ​យើង​ផង ព្រោះមានតែយើងជាខ្មែរទេ ដែលស្រឡាញ់ខ្មែរពិតប្រាកដ ដូនតាខំបង្កើតមិនខ្លាចពិបាក ម្ដេចយើងគ្រាន់តែការពារត្រូវខ្លាចពិបាកនោះ? ពិតមែនហើយ យើងត្រូវតែរួមគ្នា​ថែរក្សា​ឱ្យបាន​ល្អ​បំផុត។”

​លោក មឿន សំណាង “កវីមេគង្គ” ក្នុងសកម្មភាពបំពេញការងាររបស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក​ មឿន សំណាង មាននាមប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “កវីមេគង្គ” លោកកើត​​នៅឆ្នាំ១៩៨៨ ជាអ្នក​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, មានឪពុកឈ្មោះ ម៉ាង តុល និងម្ដាយឈ្មោះ សក់ យឺម ។ លោក​​ជាកូនទី២ក្នុងគ្រួសារក្នុងចំណោមបងប្អូនបង្កើត​ចំនួន៨នាក់។ លោក​គឺជា​កវីខ្មែរជំនាន់ថ្មីមួយរូប ដែល​ប្រកបដោយ​ទឹក​ដៃ​​ក្នុង​ការ​និពន្ធ​កំណាព្យបាន​ជាច្រើន​បែប​បទ ដោយ​ពុំធ្លាប់​ឆ្លងកាត់​ការបង្ហាត់​បង្រៀនពីនរណា​ម្នាក់ឡើយ។ បច្ចុប្បន្ន ក្រៅ​ពីមានងារ​ជាកវីដ៏ឆ្នើមមួយរូប លោក​មាន​​តួនាទីជាប្រធានសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអ៊ិលស៊ី សាខាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដូច្នេះ បើ​លោក​អ្នក​ចង់​ដឹងថា តើ​ទឹក​ដៃក្នុង​ការ​និពន្ធ​កំណាព្យរបស់​លោក​ល្អយ៉ាងណា? និងស្នាដៃ​កំណាព្យរឿង “ក្លិនស្នេហ៍” របស់​លោក​មានប៉ុន្មាន​បែបបទនោះ? លោក​អ្នក​អាច​រកជាវស្នាដៃ​របស់​លោក​យកមកអានបាន តាមរយៈការបញ្ជាក់​ខាង​លើ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ មឿន សំណាង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!