មិនធម្មតា! ត្រឹមតែរយៈពេល១ឆ្នាំជាងប៉ុណ្ណោះ អ្នកនិពន្ធ លឹម សន្តិភាព ចេញសៀវភៅដល់ទៅ១៣ក្បាល

  • December 6th, 2020

បើ​អ្នក​ជាអ្នក​សង្កេតតាម​ដាន​វិស័យតែងនិពន្ធ​នៅកម្ពុជា អ្ន​កនឹងឃើញយ៉ាង​ច្បាស់ថា មួយរយៈចុងក្រោយ​នេះ​អ្នក​និពន្ធ​ទាំង​ថ្មីចាស់​បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ស្ទើរតែ​គ្រប់​គ្នា ជាពិសេស​សៀវភៅ​​​ប្រលោមលោក និង​ចំណេះដឹងផ្សេងៗ​តែម្ដង តែ​អ្វី​ដែលគួរឱ្យភ្ញាក់​ផ្អើល​និងស្ងើច​សរសើរ​បំផុតនោះ គឺការ​ចេញ​ផ្សាយ​សៀវភៅ​ដែលជាស្នាដៃ​របស់ ​អ្នក​និពន្ធ​ លឹម សន្តិភាព ព្រោះ​ត្រឹមតែ​រយៈពេល១ឆ្នាំ​ជាង​ប៉ុណ្ណោះ អ្នក​ស្រីចេញ​សៀវភៅ​ដល់​ទៅ១៣ក្បាលឯណោះ ពិតជា​មិនធម្មតាមែន ហើ​យក្នុង​នោះ​ភាគ​ច្រើន​ជាសៀវភៅ​ប្រលោមលោកបែប​ស្នេហា​។

អ្នក​និពន្ធ​ លឹម សន្តិភាព និងសៀវភៅ “នរិន្ទ យមបាលសង្ហា” ប្រលោមលោកទី១៣របស់អ្នកស្រី

ទាក់​ទងនឹង​ការ​ចេញ​ផ្សាយ​ស្នាដៃ​ដ៏ច្រើន​សម្បើមរបស់អ្នក​ស្រីនេះ ក្នុង​បទសម្ភាសន៍តាម​សារឡិច​ត្រូនិក​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពីហេតុផលថា “នេះ​ក៏ព្រោះ​តែ​នាង​ខ្ញុំ​មានក្រុម​ការងារ​ដ៏ល្អមួយ មានឈ្មោះថា ក្រុមការងារបោះពុម្ពផ្សាយ  SP books  ដែល​ក្រុម​នេះ​ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ ២០១៩ ដោយ​រហូត​មកទល់នឹងខែធ្នូ ឆ្នាំ២០២០នេះ ពួកយើងរៀបចំបោះពុម្ពផ្សាយសៀវភៅបានសរុបទាំងអស់១៣ចំណងជើងហើយ ដោយ​សុទ្ធតែ​និពន្ធដោយរូបនាងខ្ញុំផ្ទាល់តែម្ដង។” អ្នក​ស្រីបាន​បន្ត​បញ្ជាក់ទៀតថា “មែនទែ​នទៅ! ការណ៍ដែលខ្ញុំអាច​ចេញ​ស្នាដៃ​ដល់១៣ក្បាលក្នុង​រយៈ​ពេលត្រឹម​មួយឆ្នាំ​ជាងបែបនេះ ក៏ព្រោះ​តែ​ស្នាដៃទាំងនោះភាគ​ច្រើនសុទ្ធ​តែ​ធ្លាប់បានផ្សព្វផ្សាយលើបណ្តាញសង្គមតាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៩នោះឯង ដោយខ្ញុំ​គ្រាន់តែ​យកមកពិនិត្យ​ថែមថយ​នឹងរៀបចំ​ឡើងវិញ​លក្ខណៈ បោះ​ពុម្ព​ជាសៀវភៅ​ប៉ុណ្ណោះ។ ហើយ​ហេតុផលមួយទៀត ក៏ព្រោះ​តែ​នាងខ្ញុំ​មានកម្លាំងចិត្ត​ដោយសារតែ​ឃើញមានប្រិយមិត្ត​គាំទ្រស្នាដៃ​បោះពុម្ព​ជាសៀវភៅ​ដំបូងៗ​របស់​នាងខ្ញុំ​ច្រើន ទើបបានជានាងខ្ញុំកាន់តែ​មានកម្លាំង​ចិត្ត​រៀបចំបោះពុម្ពផ្សាយចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់រហូត​បាន​ដល់​ទៅ១៣ក្បាល ក្នុង​រយៈ​ពេល​ត្រឹមតែ​មួយឆ្នាំជាង​បែបនេះ។”

គ្រប់ប្រលោមលោករបស់​អ្នកស្រី លឹម សន្តិភាព សុទ្ធតែបង្កប់នូវសារអប់រំ ដែលអ្នកអានញញឹមក្នុងការអាន ប៉ុន្តែក៏អាចពិចារណាពីរបៀបរស់នៅរបស់តួអង្គ ដែលមិនចេះចុះញ៉មក្នុងជីវិតនៅពេលដែល​មានឧបសគ្គ និងវិធីដោះស្រាយបញ្ហារបស់តួអង្គចំពោះមុខឧបសគ្គទាំង​នោះ។ ឯក្នុង​ចំណោម​ស្នាដៃ​ទាំង​១៣ក្បាល​របស់​អ្នក​ស្រី ស្នាដៃចុងក្រោយដែលទើបតែ​ចេញ​ផ្សាយ​ថ្មីៗក្ដៅៗនេះមានចំណងជើងថា “នរិន្ទ យមបាលសង្ហា” ជាប្រភេទ​ប្រលោមលោក​បែប​អភិនីហារ រន្ធត់ ចិត្តសាស្ត្រ និងស្នេហា។ ចំពោះ​ស្នាដៃ​ចុងក្រោយ​នេះ អ្នកស្រីបាន​លើក​ឡើងថា “តាមរយៈស្នាដៃនេះដែរ នាងខ្ញុំសង្ឃឹមថា នឹងបានផ្តល់នូវ​គតិល្អៗដល់អ្នកអាន ក្នុងការជ្រើសរើសផ្លូវរស់នៅក្នុងក្តីសុខ ដោយចេះរៀនស្វែងយល់ពីខ្លួនឯង ស្គាល់ពីតម្លៃពិតរបស់ខ្លួនឯង មិនចាំបាច់ប្រឹងប្រែងរស់កំដរភ្នែកអ្នកដទៃ ហ៊ានសម្រេចចិត្តធ្វើអ្វី ដែលត្រឹមត្រូវ ដោយមិនខ្វល់ពីការរើសអើង ឬក៏មនុស្សដែលអង្គុយចាំតែវិនិច្ឆ័យកាត់សេចក្តីជីវិតអ្នកដទៃ។” អ្នក​ស្រីបន្ត “មនុស្សម្នាក់ៗមានសិទ្ធិរើសវិថីជីវិតរបស់ខ្លួនឯង។ យើងមិនគួរបណ្តោយឱ្យពាក្យសម្តីរបស់នរណាម្នាក់មកកំណត់ដែនសេរីភាពរបស់យើងទេ។ ការសម្រេចចិត្តខុសឬត្រូវរបស់យើង គឺជាទំនួលខុសត្រូវរបស់យើងផ្ទាល់ខ្លួន។ អតីតកាលបានកន្លងផុតហើយ វាមិនមានរូបរាងបន្តទៀតទេ។ កុំយកអតីតកាលមកបំផ្លាញបច្ចុប្បន្នកាលឱ្យសោះ! ក្នុងប្រលោមលោកមួយនេះ នាងខ្ញុំក៏បានលើកបញ្ហាបុណ្យនិងបាប ចំពោះមនុស្សដែលចូលចិត្តធ្វើបាបអ្នកដទៃ ប្រយ័ត្នថ្ងៃណាមួយ បាបខ្លួនបានប្រព្រឹត្តនោះក៏ធ្លាក់មកលើខ្លួនផ្ទាល់ ដោយមិនរង់ចាំដល់ជាតិក្រោយនោះ​ឡើយ។”

ស្នាដៃនិពន្ធជាសៀវភៅទាំង១៣ក្បាលរបស់ អ្នក​និពន្ធ លឹម សន្តិភាព

អ្នកស្រី​បន្ត​និយាយបន្ថែមទៀត ទាក់​ទងនឹង​សៀវភៅ​ប្រលោមលោក​ទី១៣​​ស្នាដៃ​របស់អ្នក​ស្រី​ទៀតថា “ទោះបីវាជាប្រលោមលោក ប៉ុន្តែនាងខ្ញុំបានប្រើវិធីសាស្ត្ររបស់នាងខ្ញុំ ក្នុងការទាក់ទាញអ្នកអានឱ្យចេះពិចារណា ដើម្បីសម្រេចចិត្តធ្វើជាម្ចាស់ជីវិត ឬក៏អ្នកគ្រប់គ្រងលើផ្លូវចិត្តរបស់ខ្លួនពិតប្រាកដ។ ហើយ​នាងខ្ញុំសង្ឃឹមថា ប្រលោមលោកចិត្តសាស្ត្រមួយនេះ នឹងក្លាយជាមិត្តល្អរបស់អ្នកអាន ដែលកំពុងតែមានវិបត្តិ មិនដឹងថា គួរជ្រើសរើសការរស់នៅបែបណា ដើម្បីមានក្តីសុខក្នុងជីវិត។”

ខាង​ក្រោមនេះ គឺជា​ចំណងជើង, តម្លៃលក់ និង​វិធីដែលអ្នក​អាច​ទិញ​​សៀវភៅ​ទាំង​១៣ក្បាល​របស់​អ្នកស្រី លឹម សន្តិភាព យកទៅអានបាន ដូចជា ៖

👉ប្រភេទស្នេហាបែបកំប្លែង និងផ្សងព្រេង ៖

* Captain បណ្តូលចិត្ត / តម្លៃ 8$

* Superstar បណ្តូលចិត្ត / តម្លៃ 8$

* CEO បណ្តូលចិត្ត / តម្លៃ 7.5$

* CEO បណ្តូលចិត្ត / តម្លៃ 7.5$)

 

👉ប្រភេទស្នេហាបែបកំប្លែង ៖

* ម្ចាស់បេះដូង / តម្លៃ 7$

* ភ្លើងស្នេហ៍ / តម្លៃ 7$)

* ស្នេហ៍ក្បែររបង / តម្លៃ 8.25$)

* នាងផ្អែម / តម្លៃ 6.25$)

* ស្នាមថើបដំបូង / តម្លៃ 7$ (កម្រងរឿងខ្លីស្នេហាបែបកំប្លែង)

* បកស្បែកឧក្រិដ្ឋជន / តម្លៃ 8$ (ស៊ើបអង្កេត)

 

👉ប្រភេទស៊ើបអង្កេត ចិត្តសាស្ត្រ ៖

* បកស្បែកឧក្រិដ្ឋជន / តម្លៃ 8$ (ស៊ើបអង្កេត)

 

👉សៀវភៅលើកទឹកចិត្ត និងអភិវឌ្ឍខ្លួនឯង ៖

* កញ្ចក់ឆ្លុះចិត្ត / តម្លៃ 7.25$ (កម្រងរឿងខ្លីៗកម្សត់ប្លែងអប់រំផ្លូវចិត្ត)

* រើសយកក្តីសុខ / តម្លៃ 7$ (លើកទឹកចិត្ត និងអភិវឌ្ឍខ្លួនឯង)

 

👉សៀវភៅ អភិនីហារ ចិត្តសាស្ត្រ រន្ធត់ ស្នេហា ៖

* នរិន្ទ យមបាលសង្ហា / តម្លៃ 6$

 

👉ទំនាក់ទំនងទិញ ៖ តាមរយៈហ្វេសប៊ុគផេក SP books https://www.facebook.com/lspbooks  

អ្នកស្រី លឹម សន្តិភាព អ្នក​និពន្ធកម្ពុជាដ៏ឆ្នើមមួយរូបនៅប្រទេសកាណាដា

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា  អ្នកស្រី លឹម សន្តិភាព សព្វថ្ងៃ​​កំពុងរស់នៅប្រទេស​កាណាដា។ បច្ចុប្បន្ន អ្នកស្រីមិន​ត្រឹមតែ​ជា​អ្នក​និពន្ធ​ដ៏ឆ្នើមមួយរូបប៉ុណ្ណោះទេ ថែមទាំង​ជា “​អ្នក​និពន្ធ​បណ្ដូល​ចិត្ត​” របស់​ប្រិយមិត្ត​អ្នក​អានទៀតផង ព្រោះ​អ្នកស្រី​ជាមនុស្ស​រួសរាយរាក់ទាក់ និងចូលចិត្ត​ចែករំលែកនូវចំណេះដឹង​ល្អៗជាច្រើន ដែលជាហេតុធ្វើឱ្យ​ប្រិយមិត្ត​ជាច្រើន​​គោរពស្រឡាញ់​ចូលចិត្តអ្នកស្រីជាខ្លាំង។ ដូច្នេះ បើ​លោក​អ្នក​ចង់​ដឹងថា តើស្នាដៃ​​និពន្ធទាំង១៣ក្បាល​របស់​អ្នកស្រី​មានភាព​ទាក់ទាញ​គួរឱ្យជក់ចិត្ត​យ៉ាង​ណានោះ? លោកអ្នក​អាច​ទំនាក់​ទំនង​ទិញ​យកមកអានបាន តាមរយៈការ​បញ្ជាក់​ខាងលើ។​ សូមអរគុណ៕

អត្ថបទដោយ ៖ ពុទ្ធិពង្ស / រូបភាព ៖ លឹម សន្តិភាព / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!