លឹម សន្តិភាព “អ្នកនិពន្ធបណ្ដូលចិត្ត” របស់ប្រិយមិត្តអ្នកអាន!

  • October 15th, 2019

បើ​លោក​អ្នកជាបុគ្គល​និយម​តាមដានសៀវភៅ​ថ្មីៗ​​ក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​នោះ ​នោះ​លោក​អ្នក​ប្រាដក​ជា​​ស្គាល់​សៀវភៅ​ប្រលោមលោក​រឿង Captain បណ្ដូលចិត្ត” និង Superstar បណ្ដូលចិត្ត” ដែលប្រលោមលោក​ទាំងពីរក្បាល​នេះមាន​​ការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង​ ជាពិសេស​ពី​សំណាក់​មិត្តៗយុវវ័យស្នេហា​ការ​អាន​ប្រលោម​លោក​តែម្ដង ដោយ​ឃើញ​ម្នាក់ៗ​​កាន់​សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​នៅ​ក្នុង​ដៃថត​​បង្ហោះ​សរសើរ​​​មិន​ដាច់​ពីមាត់​សោះនៅ​លើ​បណ្ដាញ​សង្គមរបស់​ខ្លួន។ ​លោក​អ្នក​មាន​ដឹង​ទេថា តើ​​ម្ចាស់ស្នាដៃ​សៀវភៅ​ប្រលោមលោកស៊េរី​បណ្ដូល​ចិត្ត​​ដ៏ល្បី​ទាំង​ពីរក្បាល​នេះ​ជានរណា? ហើយមាន​ប្រវត្តិក្នុង​ការ​តែង​និពន្ធបែប​ណា​? តើ​លោក​អ្នក​ដឹង​ច្បាស់​ហើយ​ឬនៅពី​គាត់?

អ្នក​ស្រី​ លឹម សន្តិភាព គឺ​ជា​អ្នក​និពន្ធ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព​មួយរូបនា​ពេល​បច្ចុប្បន្ន ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា។ អ្នក​ស្រី​រៀនចប់បរិញ្ញាបត្រអក្សរសាស្ត្រផ្នែកភាសាបារាំងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ហើយ​បានចេញធ្វើជាគ្រូបង្រៀនភាសាបារាំងនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាពេលបន្ទាប់ ប៉ុន្តែក្រោយមកអ្នក​ស្រីក៏ចាប់​ផ្ដើម​យល់ថា ការងារជាគ្រូបង្រៀនផ្នែកភាសាបារាំងនេះ ហាក់​មិនដូចជាការងារដែល​អ្នក​​ស្រី​ធ្លាប់ស្រមៃ​កន្លង​មក​ទាល់តែសោះ។ អ្នកស្រីជា​បុគ្គល​ចូល​ចិត្ត​អានសៀវភៅ​យ៉ាង​ខ្លាំង​​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ ជាពិសេសសៀវភៅទស្សនវិជ្ជា និងសៀវភៅប្រលោមលោក តែ​លោក​ស្រី​មិនធ្លាប់ដឹងថា ខ្លួនចេះតែង​និពន្ធឡើយ។ អ្នកស្រីបាន​បង្ហាញថា “នៅសម័យនោះ ការងារផ្នែកនិពន្ធហាក់​មិនសូវ​មានការរីកចម្រើន​ប៉ុន្មានទេ​ តែ​​ក្នុងឆ្នាំ២០០២ នាង​ខ្ញុំ​ក៏​​បានចូលបម្រើ​ការងារនៅអង្គការនានា​ក្នុងនាមជានាយិកាផលិតសៀវភៅសម្រាប់កុមារ ហើយ​នាង​ខ្ញុំ​មើល​ឃើញថា ក្នុងសង្គម​យើង​នៅ​ខ្វះ​ខាតអ្នកនិពន្ធសៀវភៅកុមារជាច្រើន ចំណុច​នេះ​ហើយ ​ដែល​ធ្វើឱ្យ​នាងខ្ញុំ​ចាប់អារម្មណ៍ចង់សាកល្បងសរសេរសៀវភៅសម្រាប់កុមារពី​ពេលនោះ​មក ដោយ​សរសេរបានសៀវភៅកុមារជាច្រើនក្បាលបន្ទាប់​ពីនោះ​ ដូចជា “វចនានុក្រមមុខរបរ” “មនុស្សសម័យបុរេប្រវត្តិ” “សិស្សឆ្លាត” “ជម្រើសជីវិត” “ទេពអប្សរតូច” “ម៉ែកូនឈឺ” និង “អមរាអន់ចិត្តនឹងសុភីៗ ជាដើម។ ​បន្ទាប់​មក​ក្នុងកំឡុង​ពេលនាងខ្ញុំ​មាន​តួនាទីជានាយិកាសៀវភៅកុមារនេះ នាងខ្ញុំ​ក៏បាន​ចូល​រៀនបន្តផ្នែកអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅ Norton University វេនយប់ម៉ោង៦ដល់ម៉ោង៩ ដោយសារតែ​នាង​ខ្ញុំមាន​បំណង​ចង់​មាន​ចំណេះដឹង​ផ្នែកគ្រប់គ្រងក្នុងការធ្វើពាណិជ្ជកម្ម ព្រោះថា ការផលិតសៀវភៅ គឺត្រូវស្គាល់តម្រូវការទីផ្សារ ស្គាល់និងចេះគ្រប់គ្រងច្បាស់លាស់ពីចង្វាក់ផលិតកម្មសៀវភៅ មានផែនការច្បាស់លាស់ ចេះគណនាពីចំណូលនិងចំណាយ ចេះធ្វើទីផ្សារជាដើម។”

សៀវភៅប្រលោមលោកស្នាដៃទី១របស់ អ្នកស្រី លឹម សន្តិភាព

អ្នក​​ស្រី​​ក៏ជាបុគ្គលមួយរូប​ដែលចូលចិត្ត challenge ខ្លួនឯងយ៉ាង​ខ្លាំងផងដែរ ជាពិសេស​​ចូលចិត្តប្រើជីវិត​បែប​​ផ្សងព្រេងលើ​អ្វី​ថ្មីៗ ព្រោះ​ចង់​សាកល្បងពីសមត្ថភាពរបស់ខ្លួនថា តើខ្លួន​អាចធ្វើ​បាន​ល្អ​កម្រិតណា។ ក្នុង​ឆ្នាំ២០០៦ អ្នក​ស្រីក៏​បាន​រៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនោះ ហើយ​កើត​​ចិត្ត​ចង់សាកល្បងការងារថ្មីមួយទៀត ម្យ៉ាង​ដោយ​​មានការជម្រុញពីក្រុម​គ្រួសារផងនោះ​ អ្នក​ស្រី​ក៏បានប្រឹងប្រែងរៀនសូត្របន្ត​ទៀត ដើម្បីប្រលងចូលបម្រើ​ការងារ​នៅធនាគារជាតិក្នុងនាមជាមន្ត្រីរាជការមួយរូប នៅទីបំផុត​លោក​ស្រី​ប្រឡង​ជាប់​ដូចប្រាថ្នា​មែន ដោយជាប់ក្នុងចំណោមសិស្សប្រាំនាក់ ក្នុង​នោះបួននាក់ជាបុរស​ហើយ​​សុទ្ធតែ​ជា​និស្សិតបញ្ចប់អនុបណ្ឌិតសេដ្ឋកិច្ចដូច​លោក​ស្រី​ផងដែរ។ អំឡុងពេលសាកល្បងធ្វើការងារនៅទីនោះ ទើបអ្នក​ស្រី​ដឹងច្បាស់​ថាខ្លួន​ចូលចិត្តតែង​និពន្ធ ដោយ​ឱ្យតែចេញពីធ្វើការងារ​ម៉ោង៣រសៀល លោក​ស្រី​តែងឆ្លៀត​យក​ពេល​ទំនេរ​ទៅសហការជាមួយនឹងអង្គការសៀវភៅយើង និងយល់ព្រមធ្វើការងារក្នុងនាមជា Managing Editor ដើម្បីផលិតសៀវភៅសម្រាប់កុមារបន្ត​ទៅ​ទៀត​។ បន្ទាប់​មកទៀត ក្នុងឆ្នាំ២០០៧ អ្នក​ស្រី​ក៏បានទទួលអាហារូបករណ៍ទៅ​រៀនបន្ត​អនុបណ្ឌិតអក្សរសាស្ត្រនៅប្រទេសកាណាដា ដោយ​នៅពេល​នោះ​ ស្វាមីរបស់អ្នក​ស្រី​ក៏បានទទួលអាហារូបករណ៍ទៅរៀនបន្តអនុបណ្ឌិតផ្នែកទំនាក់ទំនងផងដែរ។

សៀវភៅប្រលោមលោកស្នាដៃទី២របស់ អ្នកស្រី លឹម សន្តិភាព

អ្នក​​ស្រី លឹម សន្តិភាព ម្ចាស់​ស្នាដៃ​ប្រលោមលោក​ស៊េរី​បណ្ដូលចិត្ត​ដ៏​ល្បី​ខាង​លើ បាន​បង្ហាញ​បន្ត​ទៀតថា “នាងខ្ញុំ​បាន​​ចាកឆ្ងាយពីប្រទេសកម្ពុជាជាច្រើនឆ្នាំ ដើម្បីបន្តការសិក្សានៅកាណាដា ដែលធ្វើ​ឱ្យអារម្មណ៍​នាង​ខ្ញុំ​នឹក​ស្រណោះ​អាឡោះ​អាល័យ​ប្រទេស​កំណើត​យ៉ាង​ខ្លាំង ដែល​ការនឹករឭកដល់ប្រទេសកម្ពុជានេះ​ហើយ ​បណ្តាលឱ្យ​នាង​ខ្ញុំ​សរសេរប្រលោមលោកយុវវ័យ ស្នេហាបែបកំប្លែង ឡើង​ជា​លើកដំបូងក្នុងជីវិត មានចំណងជើងថា “ម្ចាស់បេះដូង”​ ​និពន្ធ​ឡើង​ក្នុង​ឆ្នាំ២០០៧ និយាយ​ពី សិស្សស្រីម្នាក់មកពីស្រុកស្រែ ឡើង​មក​បន្តការសិក្សានៅក្នុងទីក្រុងភ្នំពេញ ពោរពេញ​ដោយការ​តាំង​ចិត្ត​ខ្ពស់​បំផុត​ក្នុង​ការសិក្សា​រៀន​សូត្រ​រហូត​ដល់​អាច​សម្រេច​គោលដៅក្នុង​ជីវិត​របស់នាងបាន។ ក្រោយពីសរសេរ​បញ្ចប់រឿងនេះហើយ ទើប​នាង​ខ្ញុំ​ដឹង​ច្បាស់​ពី​ខ្លួន​ឯងថា ខ្លួន​មានទេពកោសល្យផ្នែក​និពន្ធប្រលោមលោក ជាពិសេស​រឿង​ស្នេហាបែបកំប្លែង។”

ក្របរឿងមួយចំនួនរបស់លោកស្រី លឹម សន្តិភាព 

អ្នក​ស្រី លឹម ​សន្តិភាព បង្ហាញបន្ថែម ​ពី​ប្រវត្តិ​ស្នាដៃ​ក្នុង​ការ​និពន្ធ​របស់​អ្នក​ស្រី​ទាំងឡាយថា “ពីឆ្នាំ២០១៥ដល់២០១៨ នាងខ្ញុំ​បានសរសេររឿងសម្រាប់ចុះផ្សាយ នៅគេហទំព័រសប្បាយ (Sabay) ដូចជារឿង “សំឡេងបេះដូង” “សុំទោសដែលបងស្រលាញ់អូន” “បេះដូងនេះសុំបានអត់?” “Captain បណ្តូលចិត្ត” “Superstar បណ្តូលចិត្ត” “CEOបណ្តូលចិត្ត” “ស្នេហ៍ក្បែររបង” និងរឿងផ្សេងៗទៀត ដែលគេបានទិញពី​នាង​ខ្ញុំ​ហើយ តែមិនទាន់ចុះផ្សាយនៅឡើយ។ បន្ទាប់ពីដឹងថា ខ្លួនមានទេពកោសល្យក្នុងការនិពន្ធ នាងខ្ញុំតែងតែចំណាយ​ពេលវេលាពីការងារពេញម៉ោង​លើការ​និពន្ធ​ជានិច្ច ព្រោះ​នាង​ខ្ញុំ​ពិតជា​ស្រឡាញ់​ការ​តែង​និពន្ធណាស់ ដោយ​គ្មាន​ថ្ងៃ​បោះ​បង់ឡើយ ទោះជា​នាងខ្ញុំនឿយហត់​យ៉ាង​ណាក៏ដោយ ព្រោះការនិពន្ធនិយាយ​ឱ្យចំ​ទៅ វាបានក្លាយជាផ្នែកមួយនៃក្តីសុខក្នុងផ្លូវចិត្តរបស់នាង​ខ្ញុំទៅហើយ។”

អ្នកស្រី លឹម សន្តិភាព និងកូន

មកដល់ពេលនេះ អ្នក​ស្រី លឹម សន្តិភាព និពន្ធបានជាងហាសិបចំណងជើងហើយ ដោយស្នាដៃ​និពន្ធ​ប្រលោមលោករបស់​អ្នក​ស្រី​ ចាប់​ផ្ដើម​ទទួលបានការ​ចំណាប់អារម្មណ៍ខ្លាំង​ពីសំណាក់​ប្រិយ​មិត្ត​អ្នកអាននៅឆ្នាំ២០១៨ ហើយ​សន្ទុះនៃ​ការ​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី​ក៏កាន់តែល្បី​ល្បាញឡើង​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​រហូត​មក​ទល់​នឹង​ពេល​នេះ ជាពិសេស​បំផុត​នោះ គឺ​ស្នាដៃ​ប្រលោមលោក​​រឿង Captain បណ្ដូលចិត្ត” និង Superstar បណ្ដូលចិត្ត” តែម្ដង គឺ​មានការ​គាំទ្រខ្លាំង​បំផុត​ ព្រោះ​ជារឿង​ប្រលោមលោក​​បែប​ស្នេហា​ឌឺដង​លេបខាយដ៏គួរ​ឱ្យ​រំភើប​សប្បាយ​ និងទាក់​ទាញ​ចិត្ត​បំផុត​ពេល​ដែល​​បាន​អាន​ ហើយ​អ្វីដែល​គួរឱ្យសរសើរ​នូវទឹក​ចិត្ត​អ្នក​ស្រីនោះ ប្រាក់ចំណេញដែលបាន​មកពី​ការងារ​សៀវភៅ​ស្នាដៃ​និពន្ធ​របស់​អ្នកស្រីរឿង Captain បណ្ដូលចិត្ត” និង ព្រៃរំដួល”  អ្នក​ស្រី​ថែមទាំង​យកទៅ​ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួនបួនលានប៉ែតសិបបីម៉ឺនរៀល (ប្រហែលនឹង១២០០ដុល្លា) ទៀតផង ដែល​ទឹក​ចិត្ត​ដ៏​ប្រពៃ​បែប​នេះ​កម្រមាន​ណាស់​ក្នុងនាម​ជាអ្នក​និពន្ធ​ដែល​ខំ​តាក់​តែ​និពន្ធ​ស្នាដៃ​ឡើង​មួយក្បាលៗ​យ៉ាង​លំបាក​បែបនេះ។

អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពី​បុព្វហេតុ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​ប្រលោមលោក​ដ៏​ល្បី​របស់​អ្នក​ស្រី​យ៉ាង​ដូច្នេះ​ថា “ដើម​ឡើយ មានមនុស្សជាច្រើនបានឃាត់នាង​ខ្ញុំ​មិនឱ្យបងយកប្រលោមលោក ដែលនាង​ខ្ញុំ​បានផ្សាយលើវេបសាយសប្បាយ​​ទៅបោះពុម្ពជាសៀវភៅ ព្រោះមាន​គេបាន​អាន​ច្រើនហើយ នាំតែខាត នាំតែស៊ាំ ប៉ុន្តែនាង​ខ្ញុំ​យល់​ថាសំឡេងខ្លះយើងមិនគួរយក​ចិត្ត​ទុកដាក់​ពេក​នោះទេ យើង​គួរតែ​ធ្វើ​តាម​បេះ​ដូង​របស់​យើង​ខ្លះ ព្រោះ​បើយើង​ស្ដាប់​គេពេកវាអាច​នាំ​ឱ្យ​យើងបាក់​ទឹក​ចិត្តបាន ហើយ​ក៏តាំង​ចិត្ត​ជម្នះថា នាង​ខ្ញុំ​ត្រូវយកប្រលោមលោក Captain បណ្ដូលចិត្ត” ទៅបោះពុម្ពផ្សាយជាសៀវភៅឱ្យបាន​។ ​ទីបំផុតនាង​ខ្ញុំ​ក៏បាន​បោះពុម្ព​ស្នាដៃ​ជាសៀវភៅ​​លើកដំបូងបាន​សម្រេច​ពិត​ប្រាកដឡើងក្នុងខែមិថុនា ឆ្នាំ២០១៩នេះ ដែល​សៀវភៅមួយក្បាលនេះពេល​បោះ​ពុម្ព​ចេញផ្សាយ​ទៅ ស្រាប់​តែទទួលបាន​នូវ​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់​ស្រទាប់​អ្នក​អានដ៏​មិនគួរឱ្យជឿ ជាពិសេស​ពីសំណាក់ប្អូនៗយុវវ័យតែម្ដង ជាហេតុធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​ក្ដី​រំភើប និងសប្បាយ​រីករាយយ៉ាងខ្លាំង ហើយ​អ្វីដែល​អស្ចារ្យ​បំផុតនោះ វាបាន​ធ្វើ​ឱ្យ​នាង​ខ្ញុំ​កាន់តែ​មាន​កម្លាំង​ចិត្តក្នុង​ការ​និពន្ធ​បន្ត​ទៀត​រាប់​រយដងឯណោះ ក៏​ចាប់​ផ្ដើម​បោះពុម្ព​សៀវភៅទីពីររឿង “Superstar បណ្តូលចិត្ត” បន្ត​ទៀតឡើងក្នុង​ខែកញ្ញា ឆ្នាំ២០១៩ ដែល​សៀវភៅទីពីរ​នេះ ក៏ទទួលបានការគាំទ្រច្រើនដ៏​ច្រើន​លើស​លប់​ពីសំណាក់​ប្រិយមិត្ត​អ្នក​អានខ្មែរ​គ្រប់​ស្រទាប់​ដូចមុនផងដែរ។”

សៀវភៅប្រលោមលោកស៊េរីបណ្ដូលចិត្តទី៣ ដែលអ្នកស្រីត្រៀមបោះពុម្ពចេញផ្សាយឆាប់ៗ

ទាំង​អស់​នេះ​ហើយ​ជា​ប្រវត្តិ​ស្នាដៃ​របស់​លោក​ស្រី លឹម សន្តិភាព ដែល​លោក​អ្នក​គួរតែ​ដឹង​ក្នុង​នាម​ជា​ប្រិយមិត្ត​របស់លោក​ស្រីមួយរូប ហើយ​អ្វីដែល​ជាដំណឹង​ដ៏​គួឱ្យ​រីករាយ​បំផុត​នោះ ​ក្នុង​ពេល​ដ៏​ខ្លីឆាប់​ៗ​ខាង​មុខ​ឆ្នាំ២០១៩នេះ លោក​ស្រីនឹង​ចេញ​ស្នាដៃ​រឿង​ប្រលោម​លោក​ជា​សៀវភៅ​ថ្មី​មួយ​ក្បាល​ទៀត ដែលជា​ស៊េរី​បណ្ដូល​ចិត្ត​មាន​ចំណេះជើងថា CEO បណ្តូលចិត្ត” ទៀតផង ដោយ​សៀវភៅ​នេះ​ចែកចេញជាពីរភាគ ដាក់​លក់​ក្នុងតម្លៃត្រឹមតែ៥០០០០រៀលប៉ុណ្ណោះ សម្រាប់សិស្សនិស្សិត ក៏ដូចជា​អ្នកអានទាំង​ឡាយ​ដែលបាន​​កក់​មុនចូលរោងពុម្ព និង​តម្លៃ​ពេញ​ពេល​ចេញ​ផ្សាយដាក់លក់ក្នុងតម្លៃ៦០០០០រៀល។ ដូច្នេះ​បើ​ប្រិយមិត្ត​ចង់​កក់ទុកជាមុន ឬចង់​ទិញ​ស្នាដៃ​របស់​លោកស្រី លោកអ្នក​អាច​ទាក់​ទនង​និង​រក​ទិញបាន តាមវិធី និង​តាមទីកន្លែងមួយចំនួន​ដូចជា ផេកហ្វេសប៊ុក  SP Books / ផេក Scholar Library / បណ្ណាល័យបញ្ញវន្ត / ផេក ចូលចិត្តសៀវភៅ / Joljet Seavphov / ផេក មីនា-March Books / ផេក និស្ស័យស្នេហ៍សៀវភៅ&សួស្ដី កាហ្វេ / ផេក អ្នកនិពន្ធវ័យក្មេង-Khmer Copywriter / ប្អូនប្រុស ឌឹម ណៃយ៉េ / ប្អូនស្រី Sourly Chhe / ហាងកាហ្វេប្អូនចាន់ផល Anussavry / បណ្ណាគារ ស្រលាញ់សៀវភៅ /  #slanhseavphov / បណ្ណាគារ Dj NanaShop ផ្សារសុរិយាជាន់ទីបួន *បាត់ដំបង៖ បណ្ណាគារ បណ្ណាគារឥន្រ្ទទេវី Indradevi Bookshop ខេត្តបាត់ដំបង / ប្អូនស្រី Sreymom Nob / កំពង់ចាម៖ ផេក បណ្ណាគារម្ដាយខ្ញុំ Online / តាកែវ កំពត កែប៖ ប្អូនស្រី Rathana Keo Noun ជាដើម។

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា  អ្នកនិពន្ធ លឹម សន្តិភាព សព្វថ្ងៃ​កំពុងរស់នៅប្រទេស​កាដាណា។ អ្នកស្រី​ជាម្ចាស់​ស្នាដៃ​សៀវភៅ​ប្រលោមលោក​​រឿង Captain បណ្ដូលចិត្ត” និង Superstar បណ្ដូលចិត្ត” ដែល​សុទ្ធតែ​ជាប្រលោក​លោក​ដ៏​ល្បីទាំង​អស់។ អ្នក​ស្រី​​កំពុងតែ​ត្រៀម​ចេញ​ផ្សាយស្នាដៃ​​សៀវភៅ​ប្រលោក​ថ្មី​​មួយ​ក្បាល​ទៀត​ មាន​ចំណងជើងថា CEO បណ្តូលចិត្ត” ដែល​សុទ្ធ​តែ​ជា​​ស៊េរី​ចំណង​ជើង “​បណ្ដូល​ចិត្ត” ​ទាំងអស់ ដែល​លោក​អ្នក​មិនគួរ​រំលងស្នាដៃ​ថ្មី​នេះ​​​ឡើយ។ បច្ចុប្បន្ន អ្នកស្រីមិន​មែន​ត្រឹមតែ​ជាស្នាដៃ​ម្ចាស់​ស្នាដៃ​សៀវភៅ​ប្រលោក​លោក​ស៊េរី​បណ្ដូល​ចិត្ត​ប៉ុ​ណ្ណោះ​ទេ អ្នកស្រីក៏​ជា​ “​អ្នក​និពន្ធ​បណ្ដូល​ចិត្ត” របស់​ប្រិយមិត្ត​អ្នក​អាន​ផងដែរ ព្រោះ​ម្នាក់​ៗ​ចូល​ចិត្ត​អាន​ស្នាដៃ​របស់​អ្នក​ស្រី និង​គោរពស្រឡាញ់​អ្នកស្រីខ្លាំង​ណាស់ ​ក្នុង​នាមអ្នកស្រីជា​​អ្នកនិពន្ធ​កម្ពុជាដ៏​រួសរាយ​រាក់​ទាក់​មួយរូប។ សូមអរគុណ៕

អត្ថបទដោយ ៖ ឫទ្ធិពង្ស / រូបថត ៖ លឹម សន្តិភាព / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!