ប្រវត្តិ និងស្នាដៃ កវីស្ទឹងត្រែង លីម ចំរើន

  • April 3rd, 2020

លោក លីម ចំរើន មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីស្ទឹងត្រែង” លោកកើតនៅថ្ងៃចន្ទ ទី២៣ ខែមេសា​ ឆ្នាំ១៩៨៤ នៅភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មានឪពុក​ឈ្មោះ  ហ៊ាន់ សុខលីម  និងម្ដាយឈ្មោះ ឆន ឆវី និងមាន​បងប្អូនបង្កើតចំនួន៤នាក់ ស្រី១នាក់  ប្រុស៣នាក់ ដោយ​លោក​ជាកូនបងក្នុងគ្រួសារ។ លោក​ចាប់ផ្តើមចេះតែងនិពន្ធកំណាព្យក្នុងឆ្នាំ២០០៣ នៅពេលដែល​លោកមានអាយុ១៩ឆ្នាំ និង​បន្ត​តែង​កំណាព្យ​រហូត​មក​ទល់​សព្វថ្ងៃ ព្រោះ​ជាចំណង់​ចំណូល​ចិត្ត​របស់លោក។ ​បច្ចុប្បន្ន​ ក្រៅពីមានងារជាកវីមួយរូប លោក​គឺជាបុគ្គលិក​បម្រើ​ការងារនៅ ធនាគារអេស៊ីលីដា សាខាខេត្តស្ទឹងត្រែង ជាអនុប្រធានផ្នែកទីផ្សារ។

ប្រវត្តិការសិក្សា

  • ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧ រៀននៅសាលាបឋមសិក្សា ស្ទឹងត្រែងក្រុង ដែលមានទីតាំង​ស្ថិតនៅភូមិ ថ្មលាត សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង
  • ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០ រៀននៅអនុវិទ្យាល័យ ស្រែពោធិ៍ ដែលមានទីតាំង​ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  • ឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ រៀននៅវិទ្យាល័យ ព្រះរាជបូជនីយ៍កិច្ច ដែលមានទីតាំង​ស្ថិតនៅភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង
  • ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ រៀននៅមហាវិទ្យាល័យ មនុស្សសាស្រ្តនិងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផ្នែកជំនាញឯកទេស អក្សរសាស្រ្តខ្មែរ កម្រិតសញ្ញាបត្រ បរិញ្ញាបត្រ នៅក្នុងប្រទេសកម្ពុជា។

ប្រវត្តិ​ស្នាដៃ​ និងជ័យលាភីតែង​និពន្ធ

  • សៀវភៅកម្រង​កំណាព្យ អនុស្សាវរីយ៍ (ចម្រុះរសជាតិ) ធ្វើផ្ទាល់ខ្លួន ឆ្នាំ២០១០
  • សៀវភៅកម្រង​កំណាព្យ អនុស្សាវរីយ៍ (ខ្ញុំដឹងអ្នកដឹង) ធ្វើផ្ទាល់ខ្លួន ឆ្នាំ២០១១
  • សៀវភៅកម្រង​កំណាព្យ អនុស្សាវរីយ៍ (ពហុគំនិត) ធ្វើផ្ទាល់ខ្លួន ឆ្នាំ២០១៣
  • សៀវភៅកម្រង​កំណាព្យ អនុស្សាវរីយ៍ (មេរៀនជីវិត) ធ្វើផ្ទាល់ខ្លួន ឆ្នាំ២០១៤
  • សៀវភៅកម្រង​កំណាព្យ អនុស្សាវរីយ៍ (បណ្តាំឪពុក) កំពុងធ្វើផ្ទាល់ខ្លួន
  • រឿងខ្លី “អ្នកគ្រូសុភី” និពន្ធ​ឆ្នាំ២០១០
  • រឿងខ្លី “សុបិនចម្លែកអស្ចារ្យ” និពន្ធ​ឆ្នាំ២០១១
  • រឿងខ្លី “កុមារមេត្តា” និពន្ធ​ឆ្នាំ២០១២
  • រឿងខ្លី “សត្វកណ្តុរ” និពន្ធ​ឆ្នាំ២០១២
  • ភាសាបងប្អូនជនជាតិដើមភាគតិច ព្រៅ និង ព្នង និពន្ធ​ឆ្នាំ២០១២
  • រឿងខ្លី កំណាព្យ (ល្ខោនជីវិត) ជាប់ចំណាត់​ថ្នាក់លេខ៤ ឆ្នាំ២០១៨ ពានរង្វាន់ លី ធាមតេង រៀបចំដោយ “ក្រសួងវប្បធម៌និងវិចិត្រសិល្ប:”
  • កំណាព្យ រឿងខ្លី “កុមារមេត្តា” និពន្ធ​ឆ្នាំ២០១៩ ដាក់ប្រឡង ក្រសួងធម្មការ ឆ្នាំ​២០១៩
  • រឿងខ្លី “សត្វកណ្តុរ” កែថែមថ្មី និពន្ធ​ឆ្នាំ​២០១៩ ដាក់ប្រឡង ក្រសួងវប្បធម៌ ឆ្នាំ​២០១៩
  • កំណាព្យ រឿងខ្លី “តម្លៃគ្រួសារ” និពន្ធ​ឆ្នាំ២០១៩ ជាប់ក្នុងប័ណ្ណកិត្តិយស ក្រសួងវប្បធម៌ ឆ្នាំ​២០១៩
  • កំណាព្យ រឿងខ្លី “ក្រមុំវើនខាវ” និពន្ធ​ឆ្នាំ​២០១៩ ដាក់ប្រឡង ពានទន្លេមេគង្គនៅប្រទេសភូមា ឆ្នាំ​២០១៩
  • កំណាព្យ រឿងខ្លី “ពណ៌ស និង ពណ៌ខ្មៅ” និពន្ធ​ឆ្នាំ២០១៩ ដាក់ប្រឡង ពាន​ កវី វ៉ែន សុន ឆ្នាំ២០១៩
  • កំណាព្យ រឿងខ្លី “កុំបំពុលសង្គម” និពន្ធ​ឆ្នាំ​២០១៩ ដាក់ប្រឡងពាន ក្រសួងព័ត៌មាន ឆ្នាំ២០១៩
  • កំណាព្យ រឿងខ្លី “ជីវិតពាងប៉ោត” ដាក់ប្រឡង ក្រសួងវប្បធម៌ ឆ្នាំ​២០២០
  • រឿងខ្លី “សំបុត្រចុងក្រោយ” បែបល្ខោននិយាយ ដាក់ប្រឡង ក្រសួងវប្បធម៌ ឆ្នាំ​២០២០។

លោក លីម ចំរើន និងបុគ្គលល្បីៗក្នុងវិស័យតែងនិពន្ធក្នុងពិធីទទួលពានរង្វាន់តែងនិពន្ធកំំណាព្យ

បន្ថែម​លើស​ពីនេះ ក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រ​​អ្នក​និពន្ធ​កម្ពុជា” លោក លីម ចំរើន បានបង្ហាញ​ពី​ចំណេះ​តែងនិពន្ធ​កំណាព្យ​របស់​លោកថា “ការណ៍ដែល​ខ្ញុំ​ចេះតែងនិពន្ធ​កំណាព្យទាំងអស់នេះ អាចថាជាទេពកោសល្យពីធម្មជាតិរបស់ខ្ញុំក៏អាច​ថាបាន​ ព្រោះខ្ញុំជាមនុស្សចូលចិត្តនិយាយច្រើន ទាំងមានប្រយោជន៍និងឥតប្រយោជន៍ ហើយចូលចិត្តគិតច្រើន តាំងពីក្មេងចូលចិត្តតមាត់ប្រកែកតវ៉ាជាមួយបងប្អូនពុកម៉ែខ្លាំងណាស់  និងតាមរយៈការសង្កេតនិងស្តាប់។” លោកបាន​បន្ថែមថា “ខ្ញុំជាមនុស្សចូលចិត្តសន្សំសៀវភៅច្រើនមុខណាស់ តែក៏ជាមនុស្សមិនពូកែអានសៀវភៅទេ គឺបានត្រឹមតែទិញមកទុកចោលប៉ុណ្ណោះ! តែឥឡូវនេះ គឺកំពុងព្យាយាមរៀនអានសៀវភៅបន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍចំណេះដឹងបន្ថែមទៀត ព្រោះការសរសេរអត្ថបទឬកំណាព្យមួយបានល្អ គឺតម្រូវឱ្យយើងចាំបាច់​ត្រូវ​មានចំណេះដឹងវប្បធម៌ទូទៅច្រើនមុខទៀត ទើបអាចកើតមានគំនិតទូលំទូលាយ។”

ជាការពិត អ្វីក៏ដោយសុទ្ធតែមានហេតុផល​របស់វា ជាក់​ស្ដែង​ប្រៀបដូចជា​នាម​ប៉ាកកា​របស់​ លោក លីម ចំរើន យ៉ាង​ដូច្នោះដែរ ដោយ​លោក​បាន​បង្ហាញ​ពីហេតុផល​​ដែលលោកសម្រេច​ប្រើ​នាមប៉ាកកាថា “កវីស្ទឹងត្រែង” យ៉ាង​ដូច្នេះថា “ហើយ​មូលហេតុដែរខ្ញុំដាក់នាមប៉ាកកាថា កវីស្ទឹងត្រែង ព្រោះមកពីកាលខ្ញុំចូលរៀននៅ RUPP ខ្ញុំតូចចិត្ត​កាលឆ្នាំ២០០៣ គឺអ្នករៀនជាមួយខ្ញុំភាគច្រើនហាក់មិនធ្លាប់ស្គាល់ខេត្តស្ទឹងត្រែងសោះ។ ពួកគាត់រាប់បានខេត្តក្រចេះ ព្រះវិហារ រតនគិរី ក្បែរៗខេត្តកំណើតរបស់ខ្ញុំ តែពួកគាត់បែរជាភ្លេចនឹកដល់ឈ្មោះខេត្តស្ទឹងត្រែង ដែលជាទីកន្លែង​កំណើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទៅវិញ។ ទើបខ្ញុំសម្រេចចិត្ត ហៅនាមប៉ាកកាខ្លួនឯងថា កវីស្ទឹងត្រែង តែម្ដងទៅ បំណងធំគឺ​ចង់ឱ្យអ្នករាល់គ្នា ចង់​ស្គាល់ និងចង់ដឹងពីខេត្តស្ទឹងត្រែងផងដែ។” នេះ​ជា​ការ​បញ្ជាក់​ទាំង​ស្រុង​របស់​លោក លីម ចំរើន ទាក់​ទង​នឹង​មូលហេតុដែល​លោក​សម្រេច​ប្រើ​នាម​ប៉ាកកាដូច​សព្វថ្ងៃ​នេះ​ឡើង។

លោក លីម ចំរើន និងបុគ្គលល្បីៗមួយចំនួនទៀត​ក្នុង​វិស័យតែងនិពន្ធកម្ពុជា

កវីស្ទឹងត្រែង លីម ចំរើន លោក​ជាបុគ្គល​ស្រឡាញ់ការ​តែង​និពន្ធ​​កំណាព្យខ្មែរណាស់។ ហេតុនេះហើយ ទើបបានជាលោក​តែងតែ​ព្យាយាម​ដុស​ខាត់​ការ​តែង​កំណាព្យរបស់​ខ្លួន​ឱ្យបាន​កាន់តែ​ល្អឡើង​ជាលំដាប់​ ក្នុង​បំណង​ដើម្បី​​​ជួយអភិរក្សកំណាព្យ​ខ្មែរ​យើង​ឱ្យបាន​កាន់តែរីកចម្រើនរុងរឿង​ស្ថិត​ស្ថេរ​តទៅមុខថែមទៀត ហើយ​ទាក់​ទងនឹង​កំណាព្យ​ខ្មែរ​យើង​នេះ លោក​ក៏បានសំណូមពរឡើងថា​ “ជាសំណូមពររបស់ខ្ញុំ គឺស្នើសុំឱ្យ​បងប្អូនកូនខ្មែរយើងទាំងអស់គ្រប់អាយុ ស្រទាប់វណ្ណៈ មេត្តារួមគ្នាជួយរក្សាការពារអភិរក្ស និងអភិវឌ្ឃន៍វិស័យអក្សរសាស្រ្តជាតិខ្មែរយើងឱ្យបានគង់វង្ស កុំឱ្យបាត់បង់ ទោះជាបានទៅរស់នៅទីណា ប្រទេសណាក៏ដោយ ក៏សូមកុំបំភ្លេចអក្សរសាស្រ្តជាតិខ្មែរ យើងឱ្យសោះ! ព្រោះបើខ្មែរយើងមិនស្រឡាញ់សម្បត្តិទ្រព្យ​របស់យើងទេ សួរថាតើឱ្យអ្នកណាស្រឡាញ់ទៅ? និង​សូមនាំគ្នាជួយ​ទិញសៀវភៅអានបង្កើនចំណេះ​ដឹង និងសរសេរឱ្យច្រើន ដើម្បី​ជាការ​ចូលរួមចំណែក​លើកស្ទួយអក្សរសាស្រ្តជាតិខ្មែរយើងកាន់តែរីកចម្រើន។” លោក​បាន​សំណូមពរបន្ថែម​ដោយសង្កត់​ធ្ងន់ថា “នៅមានរឿងមួយទៀតដែរខ្ញុំចង់ស្នើសុំ គឺសូមសំណូមពរដល់​អ្នកដែល​ពូកែលួចចម្លងស្នាដៃរបស់​អ្នក​ដទៃ យកទៅ​ផ្សព្វ​ផ្សាយ​បន្តដោយមិនបានរក្សាឬប្រាប់ប្រភពដើមឱ្យបានច្បាស់លាស់ទាំងអស់ សូមមេត្តាបញ្ឈប់ភ្លាមទៅ នេះ​ជា​ទង្វើ​ល្មើស​ច្បាប់ ដោយ​គួរតែ​ចេះ​ខ្មាស​អៀន និង​គួរតែ​ចេះរក្សាតម្លៃខ្លួនក្នុងនាមជាមនុស្សល្អ​ម្នាក់ក្នុងសង្គមផង។”

លោកបាន​បន្ថែម មុនបិទបញ្ចប់​បទសម្ភាសន៍ថា “ជាចុងបញ្ចប់ ខ្ញុំមានសម្តីចង់ផ្តាំផ្ញើដល់បងប្អូនខ្មែរទាំងអស់គ្រប់ទីកន្លែងក្នុងសកលលោក មេត្តាចូលរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ ភាសា អក្សរសាស្រ្ត សិល្បះជាតិខ្មែរយើងឱ្យបានគង់វង្ស ព្យាយាមជួយបណ្តុះគ្នា​ឱ្យ​ស្រលាញ់ការអាន ​និងការសរសេរឱ្យបានទូលំទូលាយ ជួយគ្នាគាំទ្រស្នាដៃរបស់អ្នកនិពន្ធខ្មែរចាស់ថ្មីបន្តទៅមុខទៀត ដើម្បីទុកជាការឧបត្ថម្ភគាំទ្រ​ទាំង​ខាងស្មារតីនិងសម្ភារៈ ក៏​ដូចជាកាដូជូនដល់អ្នកនិពន្ធគ្រប់រូប មានកម្លាំងចិត្ត​ពង្រឹងជំហររបស់​ខ្លួនបន្ត​ទៀតឱ្យកាន់តែ​រឹងមាំ ​ដើម្បី​​រួម​គ្នាលើក​កម្ពស់​​វិស័យអក្សរសាស្រ្តជាតិខ្មែរយើងឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច។ ព្រមទាំងសូមបួងសួងនឹកដល់អស់គ្រប់វត្ថុស័ក្តិសិទ្ធរក្សាមេត្តាជួយការពារបងប្អូនខ្មែរទាំងអស់លើសាកលលោកជៀសផុតពីជំងឺឆ្លងកូវិត-១៩ ជួបតែសេចក្តីសុខទាំងអស់គ្នា។” 

រូបភាពរបស់ កវីស្ទឹងត្រែង លីម ចំរើន ក្នុង​សកម្មភាពប្រជុំការងារមួយ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក លីម ចំរើន មាននាមប៉ាកកា​ក្នុង​វិស័យតែង​និពន្ធថា “កវីស្ទឹងត្រែង” លោក​គឺ​ជាកវីមួយរូបនៅកម្ពុជា​នាសម័យ​បច្ចុប្បន្ន ដែលមានដើមកំណើតចេញពីទឹកដីស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ដូច្នេះ ប្រសិនបើលោក​អ្នកចង់អានស្នាដៃរបស់​លោក លោក​អ្នក​អាចទាក់ទងទៅលោក​ដោយផ្ទាល់បាន​តាមរយៈ​តេឡេក្រាមដែលមានលេខទូរសព្ទ ០១០ ៧៣០ ០៨៣ ឬ លេខទូរសព្ទដៃផ្ទាល់ ០១២ ៥១៩ ១៣៧ / ០៨៨ ៣៥៦ ០៣៥៦ ឬ តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​​របស់​​លោកផ្ទាល់​ឈ្មោះ កវី ស្ទឹងត្រែង https://www.facebook.com/chamroeun.lim.1?epa=SEARCH_BOX ឬអាចរកអានបាននៅ បណ្ណាល័យ ហ៊ុន សែន ដែល​មានទីតាំង​ស្ថិតនៅ​ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បាន នោះ​លោក​អ្នក​មុខជា​បាន​ដឹងច្បាស់​ពីទឹកដៃ​ក្នុង​ការ​តែងនិពន្ធ​កំណាព្យ​របស់​លោកថាមាន​​កម្រិតណា? និងមាន​អត្ថន័យខ្លឹមសារ​យ៉ាង​ណាជាក់ជាមិនខាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ លីម ចំរើន / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!