នួន ពេជ្រស៊ូដេនី អ្នកនិពន្ធដែលមានការទទួលស្គាល់ស្នាដៃតាំងពីអាយុ១៥ឆ្នាំ

  • October 7th, 2019

កញ្ញា នួន ពេជ្រស៊ូដេនី  មាននាមប៉ាកកាក្នុងវិស័យ​តែង​និពន្ធថា “បក្សីស” កញ្ញា​ឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ ហើយ​ក៏បាន​ផ្លាស់ប្តូរទីលំនៅ​ទៅរស់នៅខេត្តប៉ៃលិន រយៈពេល៨ឆ្នាំដោយសារតែ​ឪពុកម្ដាយ​របស់​កញ្ញាទៅ​ប្រកប​របររកស៊ីនៅទីនោះ រហូត​ដល់​កញ្ញា​រៀន​ចប់​វិទ្យាល័យ​នៅទីនោះ ទើបត្រលប់មករស់នៅរាជធានីភ្នំពេញវិញ។ កញ្ញា​មាន​បងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ដោយ​កញ្ញា​ជាកូនស្រីទី២ក្នុងគ្រួសារ។ កញ្ញា​បានបញ្ចប់អនុបណ្ឌិតផ្នែកសារព័ត៌មានអន្តរជាតិ ពីសាកលវិទ្យាល័យ Communication University of China  ( 中国传媒大学 ) នៅរាជធានីប៉េកាំង ប្រទេសចិន។ បច្ចប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជា​បុគ្គលិក​បម្រើការងារជាផលិតករព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ដែលជាស្ថានីយ៍ទូរទស្សនល្បីមួយក្នុងប្រទេសកម្ពុជា។

កញ្ញា នួន ពេជ្រស៊ូដេនី និងស្នាដៃប្រលោមលោកមួយចំនួនរបស់កញ្ញា

កញ្ញា​គឺជា​បុគ្គល​មួយរូបដែលមានទេពកោសល្យ​ផ្នែក​តែងនិពន្ធ​តាំង​ពីកំណើត និងចាប់​ផ្ដើម​ស្រឡាញ់​ចូលចិត្តការតែងនិពន្ធតាំងពីតូចមកម្ល៉េះ ព្រោះប៉ារបស់​កញ្ញាក៏​​គឺ​ជាអ្នកនិពន្ធកំណាព្យនិងរឿងខ្លីមួយរូបផងដែរ។ ដូច្នេះហើយ ​ទើបបាន​ជា​កញ្ញា​មានចំណូលចិត្តស្រឡាញ់អក្សរសាស្រ្តខ្មែរជាងមុខវិជ្ជាដទៃទៀត។ ពេលនៅរៀន​វិទ្យាល័យ កញ្ញា​គឺជាសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរ ថ្នាក់ទី ១២ ប្រចាំខេត្តប៉ៃលិន និងបានចូលរួមប្រលងប្រជែងការប្រលងសិស្សពូកែអក្សរសាស្រ្តខ្មែរទូទាំងប្រទេស ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមសិស្សពូកែអក្សរសាស្រ្តខ្មែរទូទាំងប្រទេស មកពីបណ្តារខេត្តក្រុងទាំងអស់ចំនួន៨០រូប។ ចំពោះប្រលោមលោកវិញ គឺកញ្ញា​ចូលចិត្តអានបំផុត ទាំងប្រលោមលោកខ្មែរនិងបរទេស ជាពិសេសគឺស្នាដៃអ្នកនិពន្ធរបស់​ លោក គង់ ប៊ុនឈឿន, អ្នកស្រី ម៉ៅ សំណាង, អ្នកស្រី ប៉ាល់ វណ្ណារីរក្ស, អ្នកស្រី ម៉ីសន សុធារី, លោក William Shakespeare, លោក Sherlock Holmes និងលោក Stephen King ជាដើម។ ហើយ​ដើម្បី​ឱ្យ​ខ្លួន​កាន់តែ​មាន​ចំណេះដឹង​ផ្នែក​តែងនិពន្ធ​នេះ​ច្បាស់លាស់ កញ្ញាក៏​បានចូលរៀនបន្ថែមក្នុងវគ្គបណ្តុះបណ្តាលជំនាញខាងតែងនិពន្ធនៅ “សមាគមអ្នកនិពន្ធខ្មែរ” នៅឆ្នាំ ២០០៩ ក្រោមការ​ចូលរួម​បណ្តុះបណ្តាល ចែករំលែកនូវបទពិសោធន៍ ចំណេះដឹងផ្នែក​តែង​និពន្ធ​ ពីកវី​អ្នក​និពន្ធរៀម​ច្បងល្បីៗក្នុង​ប្រទេសកម្ពុជា​ជារច្រើនរូប។

 

កញ្ញា នួន ពេជ្រស៊ូដេនី កំពុងបំពេញការងារ

ពាក់ព័ន្ធ​នឹង​ការតាក់​តែង​និពន្ធ​​នេះ កញ្ញា​បានបញ្ជាក់​​បង្ហាញ​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ថា “នាង​ខ្ញុំចាប់ផ្តើមនិពន្ធប្រលោមលោកតាំងពីនៅរៀនវិទ្យាល័យ ថ្នាក់ទី១០ ឆ្នាំ២០០៦ មក​ម្ល៉េះ ដោយពេលនោះ នាង​ខ្ញុំគ្រាន់តែជាក្មេងស្រីវ័យ១៥ឆ្នាំមួយរូបតែ​ប៉ុណ្ណោះ តែ​នាង​ខ្ញុំ​ពិតជា​ស្រឡាញ់ការ​តែងនិពន្ធខ្លាំងណាស់! ដោយរហូតមកទល់នឹង​ពេលនេះ នាង​ខ្ញុំនិពន្ធប្រលោមលោកបាន៦ចំណងជើងហើយ ដែលបានបោះពុម្ពផ្សាយលើទីផ្សារ រួមមានដូចជារឿង «ផ្កាយរះពេលថ្ងៃ» «ដីកោះកំណើតស្នេហ៍» «គូប្រជែងបេះដូង» «ស្រមោលស្នេហ៍ក្បែរភ្លើងគំនុំ» «ល្បែងចិត្តល្បិចអាពាហ៍ពិពាហ៍» និងរឿង«ជើងមេឃស្នេហ៍អូន» ហើយ​បើតាមនាង​ខ្ញុំដឹង ប្រលោមលោក​របស់​នាង​​ខ្ញុំដែល​ទទួលបានការគាំទ្រច្រើនជាង​គេ​ពីសំណាក់​ប្រិយ​មិត្តអ្នកអាន គឺរឿង«ផ្កាយរះពេលថ្ងៃ» «គូប្រជែងបេះដូង» និងរឿង«ស្រមោលស្នេហ៍ក្បែរភ្លើងគំនុំ» ព្រោះនាង​ខ្ញុំធ្លាប់​មានប្រិយមិត្តអ្នកអានបានផ្ញើសារមកតាមហ្វេសប៊ុក និងទូរស័ព្ទមកផ្ទាល់ថាពួកគេចូលចិត្តសាច់រឿងបែបមនោសញ្ចេតនាផ្អែមល្ហែម ដែលបង្កប់នូវការអប់រំបែបសម័យថ្មី ដោយតួឯកស្រីជាមនុស្សរឹងមាំ ទាន់សម័យ មានចំណេះដឹង និងមានចរិតលក្ខណៈឯករាជ្យម្ចាស់ការលើជីវិតខ្លួនឯង ហើយតួឯកប្រុសគឺជាបុរសរូបសង្ហារ ដែលមានចំណេះដឹងសមត្ថភាព មានចរិតម៉ឺងម៉ាត់ក្នុងការងារនិងមុខជំនួញ តែមានមនោសញ្ចេតនាទន់ភ្លន់ក្នុងរឿងស្នេហា មានភាពស្មោះត្រង់ការទទួលខុសត្រូវ និងឧត្តមគតិខ្ពស់ជាបុរសដើមទ្រូងប្រាំហត្ថ ហ៊ានស្រឡាញ់ ហ៊ានទទួលខុសត្រូវ មិនមែនជាព្រាននារី ដើរធ្វើបាបចិត្តមនុស្សស្រីទេ។” កញ្ញា​បាន​បន្តថា “ប្រលោមលោកទាំងនោះបានចេញផ្សាយយូរឆ្នាំដែរហើយ តែនៅមានលក់តាមទីផ្សារ ដូច្នេះ​ប្រសិនបើអ្នកអានចង់ទិញគឺអាចរកទិញបាននៅបណ្ណាគារបន្ទាយស្រី, បណ្ណាគារអន្តរជាតិ, បណ្ណាគារសន្តិភាព ប្ញក៏អាចទំនាក់ទំនងទិញផ្ទាល់តាមរយៈលេខទូរស័ព្ទ 081 555 754 និង 078 555 754 ផងដែរ និងតាម​គណនីហ្វេសប៊ុករបស់​នាង​ខ្ញុំ​ https://www.facebook.com/pichsoudeny ផ្ទាល់ក៏បាន។”

 

ស្នាដៃប្រលោមលោកល្បីមួយរបស់ កញ្ញា នួន ពេជ្រស៊ូដេនី

កញ្ញា​ក៏មានគម្រោងបញ្ចេញស្នាដៃនិពន្ធប្រលោមលោកថ្មីមួយរឿង​ទៀតទៀតដែរ មានចំណងជើងថា “អ្នកនាងតូចម្ចាស់ស្នេហ៍” ដែលជាប្រលោមលោកបែបមនោសញ្ចេតនាផ្អែមល្ហែម តែបង្កប់នូវសារអប់រំនិងលើកទឹកចិត្ត​ខ្ពស់ដល់មនុស្សស្រី គឺមិនថាអ្នកជាអ្នកមាន ប្ញធ្លាក់ខ្លួនជាអ្នកក្រ  អ្នកនៅតែជាអ្នកនាងតូចជាទីស្រលាញ់របស់បុរសណាម្នាក់ ដែលស្រឡា​ញ់អ្នកដោយក្តីស្មោះត្រង់បំផុត ប្រសិនបើអ្នកជាមនុស្សស្រីដែលចេះឱ្យតម្លៃលើខ្លួនឯង មិនបោះបង់ខ្លួនឯង មានការខិតខំតស៊ូ មានភាពឯករាជ្យម្ចាស់ការ និងមានគំនិតវិជ្ជមានក្នុងជីវិត។ ហើយ​ចំពោះសាច់រឿងលម្អិត​ កញ្ញា​នឹងបង្ហាញជូននៅពេលកញ្ញា​និពន្ធបញ្ចប់​រួចរាល់ តាមរយៈបទសម្ភាសន៍ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” នៅពេលក្រោយ​ទៀត។

សម្រាប់​កញ្ញា ការសាង​ខ្លួន​ឱ្យ​ក្លាយជាអ្នកនិពន្ធកម្ពុជាមួយរូប មិនមានការលំបាកខ្លាំងនោះទេ ព្រោះ​កញ្ញា​មាន​ទេពកោសល្យ​ផ្នែក​​និពន្ធ​តាំង​ពី​កំណើតស្រាប់ និង​ហ៊ាន​ចាប់​ផ្ដើម​និពន្ធសាក​ល្បងតាម​ក្ដី​ស្រមៃទាំង​វ័យនៅក្មេង ​ដោយសេចក្ដី​ស្រឡាញ់​និង​ភាព​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ដោយកាល​នោះ កញ្ញា​ទើបតែមាន​អាយុ១៥ឆ្នាំ​ប៉ុណ្ណោះ តែ​កញ្ញា​អាច​និពន្ធ​ប្រលោមលោក​​បានយ៉ាងល្អ រហូត​ដល់​ខាងបណ្ណាគារបន្ទាយស្រីយល់​ព្រមទទួលយកស្នាដៃ​​និពន្ធ​ដំបូងរបស់កញ្ញាទៅបោះពុម្ពនិងចែកចាយលក់លើទីផ្សារ ទាំងពេញចិត្តបំផុត ព្រោះ​ជាស្នាដៃ​ល្អពិតប្រាកដ​ដែល​អាច​ទទួល​យកបាន​។ ពេលដែលកញ្ញា​ចាប់ផ្តើមនិពន្ធប្រលោមលោកដំបូង កញ្ញា​មិនបានតាំងចិត្តថា ត្រូវតែមានការគាំទ្រខ្លាំងអ្វីទេ សំខាន់គឺកញ្ញា​គ្រាន់តែចង់ចែករំលែករឿងរ៉ាវក្នុងក្តីស្រមៃរបស់កញ្ញា​ ដល់អ្នកអានដែលចូលចិត្តប្រលោមលោកបែបមនោសញ្ចេតនា ដែល​មានបង្កប់នូវការអប់រំជាវិជ្ជមានប៉ុណ្ណោះ ហើយ​ពាក្យដ៏សាមញ្ញដែលកញ្ញា​ចង់ចែករំលែកទៅ​ដល់​អ្នក​ដែល​ចង់​សាង​ខ្លួន​ជាអ្នក​និពន្ធ​ទាំង​ឡាយគឺ “បើអ្នកចង់ក្លាយជាអ្នកនិពន្ធ គឺត្រូវចាប់ផ្តើមសរសេរភ្លាមៗ កុំរង់ចាំអ្វីទាំងអស់” ។ នេះ​ជា​បណ្ដាំ​ផ្ញើ​ដ៏សាមញ្ញ​របស់​កញ្ញា ដែល​លោក​អ្នក​អាច​យកទៅ​អនុវត្តបាន ហើយ​យើង​ខ្ញុំ​ជឿជាក់ថា ពិតជា​នឹងហុចផលពិត​ប្រាកដ​មែន។

រូបកាល កញ្ញា នួន ពេជ្រស៊ូដេនី រៀននៅចិន

លើស​ពី​នេះ កញ្ញា​ក៏បាន​​ចែកជា​រំលែក​ជាចំណេះដឹង​ក្នុង​ការ​និពន្ធ​ប្រលោមលោក​យ៉ាង​ដូច្នេះថា “តាម​គំនិតនាងខ្ញុំ ដើម្បីនិពន្ធប្រលោមលោកមួយបានល្អ អ្នកនិពន្ធចាំបាច់ត្រូវមានការយល់ដឹងពីសង្គមឱ្យបានច្រើន ជាពិសេស គឺការប្រើប្រាស់ពាក្យសម្តីស្របតាមវ័យ និងសង្គមរស់នៅខុសៗគ្នា។ កាលពីក្មេង ពេលនាង​ខ្ញុំសរសេរប្រលោមលោកដំបូងៗ នាង​ខ្ញុំមិនទាន់យល់ច្បាស់ពីចំណុចនេះប៉ុន្មានទេ ព្រោះនាង​ខ្ញុំនៅក្មេងពេក ចាប់ផ្តើមសរសេរដោយការស្រឡាញ់ខ្លាំង តែនៅពេលដែលអាយុកាន់តែច្រើន ចូលសង្គមកាន់តែច្រើន និងប្រលូកការងារជាច្រើនឆ្នាំ នាង​ខ្ញុំដឹងច្បាស់ថា បើចង់សរសេរប្រលោមលោកបានល្អចាក់ចំបេះដូងអ្នកអាន គឺអ្នកនិពន្ធត្រូវមានការយល់ដឹងពីសង្គមឱ្យបានស៊ីជម្រៅនិងស្គាល់ច្បាស់ពីការប្រើពាក្យសម្តីស្របតាមសង្គម។ ចំពោះការបញ្ចូលមនោសញ្ចេតនាក្នុងប្រលោមលោក គឺអ្នកនិពន្ធម្នាក់ៗអាច​ប្រើ​ស្ទីលរៀងខ្លួនៗ តែ​ចំពោះនាងខ្ញុំ គឺផ្តោតលើមនោសញ្ចេតនាបែបទន់ភ្លន់ ផ្អែមល្ហែម ដែល​អាចផ្តល់នូវអារម្មណ៍កក់ក្តៅដល់បេះដូងអ្នកអាន និងសារអប់រំដ៏​វិជ្ជមានចំពោះចរិតលក្ខណៈរបស់តួឯកប្រុសស្រី ដើម្បីជាគំរូ មួយដល់អ្នកអាន ជាពិសេសគឺប្អូនយុវវ័យទាំងឡាយ។”

មុននឹង​បញ្ចប់​នូវ​បទសម្ភាសន៍ កញ្ញាក៏បានថ្លែង​នូវ​ពាក្យ​ពេចន៍​ក្នុង​ចិត្តទាំង​ក្ដី​រំភើប​សប្បាយ​រីករាយ​ថា​ ”នាង​ខ្ញុំ​ពិតជា​សូមអរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ខ្លាំងណាស់ ដែលតែងតែ​គាំទ្រស្នាដៃនិពន្ធរបស់ខ្ញុំរហូតមក ធ្វើ​ឱ្យ​នាង​ខ្ញុំតែងតែកើតមាន​នូវអារម្មណ៍រំភើប ស្នាមញញឹម និងកាន់តែ​មាន​កម្លាំងចិត្តក្នុងការនិពន្ធប្រលោមលោកថ្មីៗបន្តទៀត ដើម្បីចែករំលែករឿងរ៉ាវនៃមនោសញ្ចេតនា ដែលបង្កប់ក្នុងក្តីស្រមៃរបស់នាងខ្ញុំ។ ពិតណាស់ ក្តីស្រមៃធំបំផុតរបស់អ្នកនិពន្ធដូចជានាង​ខ្ញុំ គឺគ្មានអ្វីក្រៅពីដឹងថាអ្នកអានចូលចិត្តប្រលោមលោករបស់យើងនោះទេ ជាពិសេសនៅពេលដែលស្នាដៃរបស់យើងអាចជាចំណែកមួយក្នុងការផ្តល់កម្លាំងចិត្តដល់ជីវិតអ្នកដទៃ។ ដូច្នេះ​ នាង​ខ្ញុំសូម​សន្យាថា​នឹងបន្តតែងនិពន្ធស្នាដៃថ្មីៗជាបន្តបន្ទាប់​​ទៀត ដើម្បីបន្តដំណើរនៃក្តីស្រមៃដ៏វិជ្ជមានជាមួយអ្នកអានរបស់ខ្ញុំជារៀង​រហូត​តទៅ។”

កញ្ញា នួន ពេជ្រស៊ូដេនី និងការអាន

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កញ្ញា នួន ពេជ្រស៊ូដេនី  មាននាមប៉ាកកាក្នុងវិស័យ​តែង​និពន្ធថា “បក្សីស” ជាអ្នក​និពន្ធប្រលោមលោក​បែប​មនោសញ្ចេតនាដ៏មាន​សមត្ថភាព​ទេពកោសល្យ​មួយរូប ដែលហ៊ាន​ដើរតាម​ក្ដី​ស្រមៃ​លើ​វិថីនិពន្ធ​របស់​ខ្លួន​តាំង​ពីកញ្ញាមាន​អាយុ១៥ឆ្នាំមកម្ល៉េះ។ កញ្ញា​បានបញ្ចប់អនុបណ្ឌិតផ្នែកសារព័ត៌មានអន្តរជាតិ ពីសាកលវិទ្យាល័យ Communication University of China  ( 中国传媒大学 ) នៅរាជធានីប៉េកាំង ប្រទេសចិន។ ​​បច្ចប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជា​បុគ្គលិក​បម្រើការងារជាផលិតករព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ដែលជាស្ថានីយ៍ទូរទស្សនល្បីមួយក្នុងប្រទេសកម្ពុជាផងដែរ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ នួន ពេជ្រស៊ូដេននី  / រក្សាសិទ្ធិ ៖ cambowriter.com

 


error: អត្ថបទរក្សាសិទ្ធ !!