ពេជ្រ ជិន្នា អ្នកនិពន្ធប្រលោមលោកបែបបរទេស

  • September 17th, 2019

ពេជ្រ ជិន្នា គឺ​ជា​នាម​ប៉ាកកា​របស់​កញ្ញា ណាត គង់ ​កើតឆ្នាំ១៩៩៥ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, មានឪពុកឈ្មោះ លី ប៊ុនណាត និង​ម្តាយឈ្មោះ គីម ប៊ុនណារី, ​មានបងប្អូនចំនួន៣នាក់ ស្រីទាំងអស់ ដោយ​កញ្ញា​ជាកូនស្រីច្បងក្នុងគ្រួសារ។ បើ​ទោះជា​កញ្ញា​ទើបតែប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធជា​ផ្លូវការ ​និង​ទើបតែ​​និពន្ធ​​បោះ​ពុម្ព​ផ្សាយជា​សៀវភៅ​ប្រលោមលោក​បាន​ពីរចំណងជើង​ក៏ពិតមែន តែកញ្ញា​ហាក់ទទួលបាន​ការគាំទ្រពីសំណាក់ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង ព្រោះអ្វី? នេះក៏ព្រោះថា កញ្ញាគឺ​​ជាអ្នក​និពន្ធ​​ប្រលោមលោកបែប​បរទេស​នោះឯង ដែលប្រលោមលោក​ប្រភេទនេះ​មិនសូវជា​មាន​អ្នក​និពន្ធ​​ដទៃទៀត​និពន្ធ​ឡើយ។

កញ្ញា ពេជ្រ ជិន្នា បាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ថា “នាងខ្ញុំអាចនិពន្ធប្រលោមលោកបាន​តាំងពីនៅរៀនអនុវិទ្យាល័យ ថ្នាក់ទី៩មក​ម្ល៉េះ! ដោយ​ស្នាដៃនិពន្ធដំបូងក្នុងជីវិតរបស់នាងខ្ញុំគឺរឿង “ចម្ការដូងម្លប់ស្នេហ៍” ដែល​រឿងនេះខ្ញុំបានសរសេរដោយដៃ ប្រើទឹកប៊ិចចារលើក្រដាសសៀវភៅចំនួន200ទំព័រសៀវភៅ(ស្រ៊ុនងួន)… ​ទម្រាំ​តែនាង​ខ្ញុំសរសេរចប់គឺរហូត​ដល់​នាង​ខ្ញុំរៀនថ្នាក់ទី១២ឯណោះ​ វា​ជារឿងប្រលោមលោកបែបនយោបាយ និងសង្គម (តែ​សៀវភៅបានបាត់ ដោយសារតែទឹកជំនន់ ត្រូវរើសឥវ៉ាន់)… ​បន្ទាប់​ពីនោះ ដោយសារតែ​ស្រឡាញ់ការតែង​និពន្ធនិងការអាន នាងខ្ញុំនៅ​តែ​បន្ត​ព្យាយាមសិក្សាស្រាវជ្រាវពីក្បួនតែងនិពន្ធផ្សេងៗដែលបានចងក្រងដោយអ្នកនិពន្ធល្បីៗ ដែលជារៀមច្បងជើងចាស់ជាច្រើនរូប ដូចជា ស្នាដៃលោកតា គង្គ ប៊ុនឈឿន, អ្នកស្រី ម៉ៅ សំណាង, លោកពូ ទឹម ម៉ានី, រ៉ូសម៉ាលី(អ្នកនិពន្ធប្រលោមលោកបែបបរទេស)…។ល។” 

កញ្ញាបានបន្ថែមទៀតថា “ប៉ុន្តែខ្ញុំមិនធ្លាប់ទទួលការបណ្ដុះបណ្ដាលទាក់ទងនឹងការនិពន្ធពីគ្រូល្បីៗឡើយ ព្រោះតែខ្ញុំរៀនជំនាញគណនេយ្យមិនមែនការតែងនិពន្ធ ពិសេសគឺនាងខ្ញុំមានការងារតួនាទីជាប់ខ្លួននៅខេត្ត មិនងាយស្រួលក្នុងការឡើងទៅសិក្សាវគ្គបណ្ដុះបណ្ដាលនៅទីក្រុងភ្នំពេញ ទើបមិនអាចមានពេលវេលាចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗទាក់ទងនឹងការនិពន្ធ ប៉ុន្តែដោយនិស្ស័យ និងការស្រឡាញ់ខ្លាំងចំពោះការតែងនិពន្ធ ទើបខ្ញុំអាចចងក្រងសាច់រឿងជាប្រលោមលោក ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តអ្នកអានជាច្រើនក្នុងរយៈពេលដ៏ខ្លី ហើយមូលហេតុដែលខ្ញុំជ្រើសយកការនិពន្ធប្រលោមលោកបែបបរទេស ព្រោះ​អាច​ជៀស​ផុស​ពីការ​រិះគន់ទាំងឡាយ​ពាក់​ព័ន្ធនឹង​អត្ថន័យអត្ថរសពីក្រុមមនុស្ស​ជ្រុលនិយមមួយចំនួន ដែល​ចូល​ចិត្ត​និយាយ​ស្ដី​ពីបញ្ហា​សង្គម និង​មានៈ ប្រកាន់​ខ្ជាប់​នូវ​គំនិត​ជ្រុលនិយម តែងងឹត​ងងុលរហូត​មិន​បើក​ចិត្ត​ទទួលស្គាល់​ហេតុ​ផល​វិជ្ជមាន​ទាំង​ឡាយ។”

កញ្ញា​បន្តទៀតថា “រហូត​មកទល់​នឹង​ពេលនេះ នាង​ខ្ញុំ​និពន្ធ​ប្រលោមលោក​បែប​បរទេស​បាន​ពីរ​រឿង​ហើយ ទីមួយមាន​ចំណង​ជើងថា “យុទ្ធសាស្រ្តស្នេហ៍” និង​ទីពីរមាន​ចំណង​ជើងថា “ព្រះអាទិត្យកណ្ដាលរាត្រី” ហើយ​ប្រសិនបើប្រិយមិត្តអ្នកអានចង់ជាវស្នាដៃរបស់នាងខ្ញុំយក​ទៅ​អាន អាច​ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 061 474 878 រឺអាចរកជាវតាមបណ្ណាគារ និងហាងសៀវភៅផ្សេងៗ ដូចជា ភ្នំពេញមាននៅ “ហាងស្រឡាញ់សៀវភៅ” ទីតាំងនៅទួលទំពួង,  “ហាង Anussavry” តាំងនៅចតុមុខ, “ហាងនិស្ស័យស្នេហ៍សៀវភៅ” និង “សួស្តីកាហ្វេ” នៅជំពូវ័ន្ត ចោមចៅ, ចំណែកតាមខេត្ត ដូចជានៅខេត្តបាត់ដំបង អាចទៅរកនៅ “បណ្ណាគារ ឥន្ទ្រទេវី”, ខេត្តសៀមរាប នៅ “បណ្ណាគារចិន្តាសៀមរាប”, ខេត្តកំពង់ចាម នៅ “បណ្ណាគារវឌ្ឃនៈកំពង់ចាម” ជាដើម…។ល។

កញ្ញាបាន​បង្ហើបពី​ស្នាដៃ​ថ្មីៗ​របស់​កញ្ញា​ដែល​ត្រូវ​ចេញផ្សាយ​បន្ត​ទៀតនៅពេល​ខាង​មុខ​ថា “ក្នុងឆ្នាំ២០២០ខាងមុខនេះ នាងខ្ញុំមានគម្រោងបញ្ចេញស្នាដៃនិពន្ធប្រលោមលោកថ្មីៗចំនួនពីរចំណងជើងបន្ថែម​ទៀត​ ដោយ​រឿងទីមួយមាន​ចំណង​ជើងថា “និស្ស័យស្នេហ៍កម្ម” ចំណែករឿងទី២ នាង​ខ្ញុំ​សុំលាក់ចំណងជើងសិន… ដោយ​សន្យាថា​នឹង​បង្ហាញ​ឱ្យ​ប្រិយមិត្ត​បាន​ដឹង​ឆាប់ៗ… ហើយ​ជា​ចុងបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកអានទាំងអស់ ដែលស្រឡាញ់ចូលចិត្ត និងគាំទ្រស្នាដៃនិពន្ធរបស់ខ្ញុំកន្លងមក នាងខ្ញុំចង់ប្រាប់ថា គ្រប់គ្នាជាកម្លាំងចិត្តដ៏សំខាន់បំផុតសម្រាប់នាងខ្ញុំ គ្រប់គ្នាធ្វើឱ្យ​នាងខ្ញុំមានអារម្មណ៍ថាខ្លួន​ឯងមានតម្លៃ ហើយជាមនុស្សដែលអាចនាំអារម្មណ៍របស់អ្នកអានគ្រប់គ្នាឱ្យ​ចាកចេញពីសេចក្ដីទុក្ខសោកទាំងឡាយទាំងពួងបាន ដោយ​នាង​ខ្ញុំ​ពិតជា​អរគុណខ្លាំងណាស់​សម្រាប់ការផ្ដល់​កម្លាំងចិត្ត និង​ការ​គាំទ្រមួយនេះ​ចំពោះ​នាង​ខ្ញុំ​រហូត​មក។”

“គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា​ កញ្ញា ណាត គង់ (នាម​ប៉ាកកា ពេជ្រ ជិន្នា) គឺ​ជាអ្នកនិពន្ធស្ត្រី​វ័យ​ក្មេង​​ប្រកបដោយ​សមត្ថភាព​ទេពកោសល្យ​​ពី​ធម្មជាតិមួយរូប ដែល​មាន​ដើម​កំណើត​មក​ពីខេត្ត​កំពង់​ចាម។ បច្ចុប្បន្ន ក្រៅពីមាន​អាជីពជាអ្នកនិពន្ធប្រលោមលោក​បែប​បរទេស​មួយរូប​ ​ កញ្ញា​គឺ​ជាមន្រ្តីរាជការស៊ីវិល បម្រើការនៅ “មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ” ខេត្តក្រចេះ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ពេជ្រ ជិន្នា / រក្សាសិទ្ធិ ៖ cambowriter.com

 


error: អត្ថបទរក្សាសិទ្ធ !!