សែត ហត្ថា និងស្នាដៃនិពន្ធជាសៀវភៅដ៏ល្អទាំង៤ក្បាល ដែលគ្រប់គ្នាគួរអាន ដើម្បីបង្កើនគុណភាពជីវិត!
- April 10th, 2020
សែត ហត្ថា និងស្នាដៃនិពន្ធជាសៀវភៅដ៏ល្អទាំង៤ក្បាល ដែលគ្រប់គ្នាគួរអាន ដើម្បីបង្កើនគុណភាពជីវិត!
អ្នកនិពន្ធគ្រប់រូបតែងមានអត្តសញ្ញាណមួយជារបស់ខ្លួន និងតែងប្រាថ្នាឱ្យស្នាដៃរបស់ខ្លួនមានការទទួលស្គាល់ពីសំណាក់ប្រិយមិត្តអ្នកអាន និងជាស្នាដៃដែលប្រកបដោយគុណតម្លៃជារួមពិតប្រាកដចំពោះសង្គមជាតិខ្លួន។ តែការបង្កើតនូវស្នាដៃមួយឱ្យមានការទទួលស្គាល់នេះ មិនមែនជារឿងងាយស្រួលឡើយ ព្រោះចាំបាច់តម្រូវឱ្យអ្នកនិពន្ធផ្ទាល់ត្រូវតែមានចំណេះដឹងទូលំទូលាយ ច្បាស់លាស់ និងមានការយល់ដឹងខ្ពស់ពីសិល្ប៍វិធីក្នុងការនិពន្ធស្នាដៃដ៏ត្រឹមត្រូវមួយ ទើបអាចទៅរួច។
អ្នកនិពន្ធមានច្រើន តែថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមលើកយកអ្នកនិពន្ធស្ត្រីដ៏ល្បីឈ្មោះមួយរូបក្នុងសង្គមកម្ពុជាបច្ចុប្បន្នមកបង្ហាញឱ្យលោកអ្នកបានដឹង និងស្គាល់ឱ្យបានកាន់តែច្បាស់ ជាពិសេសស្នាដៃនិពន្ធរបស់កញ្ញាតែម្ដង ដោយគេហទំព័រយើងខ្ញុំជឿថា អ្នកដែលបានអានស្នាដៃនិពន្ធជាសៀវភៅរបស់កញ្ញារួច មុខជាបានដឹងយ៉ាងច្បាស់ហើយថា មានអត្ថន័យខ្លឹមសារល្អកម្រិតណានោះ នោះគឺ កញ្ញា សែត ហត្ថា អ្នកនិពន្ធដែលអ្នកគ្រប់គ្នាស្គាល់តាមរយៈនាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កូនចាបមាស” អ្នកនិពន្ធស្ត្រីដ៏ឆ្នើមរបស់កម្ពុជាមួយរូប ដែលមានប្រវត្តិជីវិតលំបាក ពោរពេញដោយការតស៊ូយ៉ាងខ្លាំង ទម្រាំតែអាចសាងអ្វីៗឡើងបានដូចសព្វថ្ងៃ។
អ្នកនិពន្ធ សែត ហត្ថា ហៅ “កូនចាបមាស”
សម្រាប់កញ្ញា សែត ហត្ថា ការក្លាយជាអ្នកនិពន្ធមិនមែនជាបំណងប្រាថ្នារបស់កញ្ញាកន្លងមកនោះទេ តែការសសេរ គឺជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់កញ្ញា ព្រោះដោយសារថាកញ្ញាតែងហៅខ្លួនឯងថាជា “ក្មេងគ្មានសំឡេង” ព្រោះសំឡេងរបស់កញ្ញាហាក់គ្មានថាមពលដើម្បីស្រែកហៅពិភពលោកខាងក្រៅ ឱ្យមកស្ដាប់ពីរឿងរ៉ាវដែលកញ្ញាបានជួបប្រទះយ៉ាងស្ងៀមស្ងាត់ ក្នុងវេលាលំបាកដ៏វែងអន្លាយក្នុងគ្រាកុមារភាពរបស់កញ្ញានោះឡើយ។ គ្រានោះឯង ដែលកញ្ញាបានយកសៀវភៅធ្វើជាមិត្តកំដរ និងយកប៊ិកធ្វើជាអាវុធសម្រាប់ទុកការពារខ្លួន។ កញ្ញាតែងសរសេរពីអ្វីដែលខ្លួនបានរៀនសូត្រ ហើយចាប់ផ្ដើមដំបូងដោយការសរសេរកំណាព្យ បទចម្រៀងដែលយកលំនាំតាមបទពីចាស់ៗដើម ក្រោយមកទៀត កញ្ញាក៏ចាប់ផ្ដើមសរសេរជាអត្ថបទខ្លីៗ ដើម្បីចែករំលែកចាប់ពីពេលដែលកញ្ញាបានប្រើប្រាស់បណ្ដាញសង្គមចុងឆ្នាំ២០១៥។ កញ្ញាមិនដែលបានចូលរៀនវគ្គតែងនិពន្ធផ្សេងៗនោះឡើយ ហើយក៏មិនធ្លាប់ទទួលបានការបង្រៀនណាមួយទាក់ទងនឹងរបៀបនៃការសរសេរផងដែរ តែដោយកញ្ញាមានដុងពីធម្មជាតិស្រាប់ ហើយជាអតីតក្មេងដែលចូលចិត្តស្រឡាញ់ការអានសៀវភៅ និងតែងដាក់សៀវភៅទៅតាមខ្លួនជានិច្ច មិនថាជាពេលទៅឃ្វាលគោ ឬទៅចាំស្រែចាំចម្ការនោះ ទើបបានជាអាចបណ្ដាលឱ្យកញ្ញាអាចសរសេរអត្ថបទបានកាន់តែល្អពីថ្ងៃទៅមួយថ្ងៃបែបនេះទៅ… ហើយចេតនាមួយរបស់កញ្ញាក្នុងការសរសេរ គឺការចែករំលែកសេចក្ដីស្រឡាញ់ទៅកាន់មនុស្សទាំងអស់ដែលអាចទទួលយកបាន ចំណែកមូលហេតុដែលកញ្ញាអាចសរសេរបាននូវរឿងរ៉ាវជាច្រើនបែបនេះ គឺដោយសារតែកញ្ញាមានអ្វីៗជាច្រើនចង់និយាយ ប៉ុន្តែមិនអាចនិយាយបានជាសំឡេងទូលំទូលាយទៅកាន់មហាជន។
សៀវភៅទាំង៤ក្បាលរបស់ អ្នកនិពន្ធ សែត ហត្ថា ហៅ “កូនចាបមាស”
បើគិតមកដល់ពេលនេះ ស្នាដៃដែល អ្នកនិពន្ធ សែត ហត្ថា បានចេញផ្សាយមាន៤ចំណងជើងហើយ ដែលសៀវភៅទាំងអស់នោះសុទ្ធតែជាប្រភេទសៀវភៅលើកទឹកចិត្តទាំងអស់។ កន្លងមកអ្នកដែលនិយមអានសៀវភៅទាំងអស់នេះ ភាគច្រើនស្ថិតនៅក្នុងចន្លោះអាយុចាប់ពី១៨ឆ្នាំ ដល់៣៤ឆ្នាំ ដោយអ្នកអានភាគច្រើនជាស្ត្រីច្រើនជាងបុរសរហូតដល់ពាក់កណ្ដាលឯណោះ។ ឯខាងក្រោមនេះ គឺជាការសង្ខេបខ្លះៗពីសៀវភៅដ៏ល្អទាំង៤ក្បាលរបស់កញ្ញា តាមលំដាប់ដែលកញ្ញាបាននិពន្ធបោះពុម្ពចេញផ្សាយផ្លូវការកន្លងមក រួមមាន ៖
អ្នកនិពន្ធ សែត ហត្ថា ក្នុងស្នាមញញឹមជាមួយតន្ត្រី និងសៀវភៅ
ការរៀបរាប់ខាងលើទាំងប៉ុន្មាន គឺជាព័ត៌មានដែលទទួលបានពី អ្នកនិពន្ធ សែត ហត្ថា តាមរយៈបទសម្ភាសន៍រវាងកញ្ញានិងគេហទំព័រយើងខ្ញុំ។ បន្ថែមលើសពីនេះ កញ្ញាក៏បានបង្ហើបពីសៀវភៅថ្មីទី៥ ដែលកញ្ញាត្រៀមនឹងចេញផ្សាយនាពេលខាងមុខនេះថា “បើពុំមានអ្វីប្រែប្រួលទេ ស្នាដៃថ្មីរបស់នាងខ្ញុំនឹងត្រូវចេញផ្សាយនៅក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះហើយ… តែនាងខ្ញុំសុំលាក់ចំណងជើងសិន ដោយសូមបង្ហាញត្រឹមថា ជាសៀវភៅបែបលើកទឹកចិត្តថ្មីមួយទៀត សរុបមានជិត១០០អត្ថបទ… ដោយសៀវភៅនេះនាងខ្ញុំផ្តោតសំខាន់ទៅលើសិស្សវិទ្យាល័យជាពិសេស ព្រោះរយៈពេលជាងមួយឆ្នាំមកនេះ នាងខ្ញុំបានចេញទៅតាមសាលានានាតាមខេត្តផ្សេងៗ រួមទាំងសាលាដែលស្ថិតក្នុងតំបន់ដាច់ស្រយាលផងនោះ ឃើញថាពួកគាត់ភាគច្រើនត្រូវការ ការជំរុញលើកទឹកចិត្ត និងការគាំទ្រជាពិសេស ដើម្បីឈោងចាប់ក្ដីស្រមៃរបស់ខ្លួន។ ហេតុនេះហើយ ទើបបានជានាងខ្ញុំសម្រេចចិត្តសរសេរសៀវភៅថ្មីនេះឡើង។”
ជាចុងបញ្ចប់នៃបទសម្ភាសន៍ កញ្ញាក៏បានថ្លែងថា “ជាចុងក្រោយ នាងខ្ញុំគ្មានអ្វីសំណូមពរច្រើនទេ គ្រាន់តែសូមឱ្យប្អូនៗយុវវ័យ ក៏ដូចជាយុវជនទាំងអស់គ្នា បន្តប្រឹងប្រែងអាន និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ មិនថាបុរស ឬនារីនោះទេ រាល់សៀវភៅរបស់នាងខ្ញុំដែលបានទិញទៅហើយ សូមយកចិត្តទុកដាក់អាន ហើយបន្ទាប់ពីបានអានហើយ ប្រសិនបើមានចំណុចណាអាចយកទៅអនុវត្ត ចេញជាសកម្មភាពល្អ និងមានប្រយោជន៍ សូមយកចុះ! តែបើមានត្រង់ចំណុចត្រង់ណាដែលគិតថាគួរតែត្រូវបានស្ថាបនាបន្ថែម នាងខ្ញុំរីករាយនឹងទទួលស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនាកែលម្អពីប្រិយមិត្តអ្នកអានគ្រប់ទិសទីទាំងអស់។”
អ្នកនិពន្ធ សែត ហត្ថា និងសៀវភៅទាំង៤ក្បាល ដែលជាស្នាដៃនិពន្ធរបស់កញ្ញា
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា សែត ហត្ថា មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កូនចាបមាស” កញ្ញាកើតឆ្នាំ១៩៩២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ មានឪពុកឈ្មោះ ភួង ណុល និងម្ដាយឈ្មោះ ម៉ិល ហៀង ដោយលោកទាំងពីរជាកសិករធ្វើស្រែចម្ការ ដាំបន្លែបង្ការ ចិញ្ចឹមសត្វ និងធ្វើស្ករត្នោតលក់នៅរដូវប្រាំង។ កញ្ញាមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស៣នាក់ និងស្រី២នាក់ ដោយកញ្ញាគឺជាកូនស្រីច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធស្ត្រីដ៏ឆ្នើមមួយរូបនៅកម្ពុជា និងជាម្ចាស់ស្នាដៃសៀវភៅទាំង៤ក្បាលដែលបានរៀបរាប់ខាងលើ កញ្ញាគឺជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្នុង “គ្រឹះស្ថានសៀវភៅជីវិត” ។ ដូច្នេះ ប្រសិនបើលោកអ្នកមានបំណងចង់ជាវស្នាដៃរបស់កញ្ញាយកទៅអាន លោកអ្នកអាចរកទិញបានដោយទាក់ទងផ្ទាល់ទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ គ្រឹះស្ថានសៀវភៅជីវិត https://www.facebook.com/seavphovjivet/ ឬហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញាដោយផ្ទាល់ក៏បានតាមរយៈឈ្មោះ កូនចាបមាស https://www.facebook.com/jabmeasauthor/ និងអាចស្វែងរកទិញបាននៅតាមគ្រប់បណ្ណាគារធំៗទូទាំងខេត្តក្រុងនានាក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីចំណេញពេល និងងាយស្រួលរកទិញចំគោលដៅ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ សៀវភៅជីវិត / រក្សាសិទ្ធិ ៖ cambowriter.com