ធឿន វុទ្ធី អ្នកនិពន្ធវ័យក្មេងប្រកបដោយទេពកោសល្យពីធម្មជាតិ

  • August 30th, 2019

លោក ធឿន វុទ្ធី,  កើតឆ្នាំ១៩៩៦ នៅភូមិចារលើ, ឃុំទឹកជោរ, ស្រុកព្រះនេត្រព្រះ, ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃលោកកំពុងរស់នៅខេត្តសៀមរាប។ លោកមានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា មានមុខរបរជាកសិករ។ លោកមានបងប្អូនចំនួន៣នាក់, ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។ លោកគឺជាអ្នកនិពន្ធវ័យក្មេងកម្ពុជាប្រកប​ដោយទេពកោសល្យពីធម្មជាតិមួយរូបនាពេលបច្ចុប្បន្ន ដែលចាប់ផ្ដើម​ប្រឡូក​ក្នុងវិស័យតែងនិពន្ធពេលដែលលោកមានអាយុ១៧ឆ្នាំ ដោយកាលនោះលោកទើបតែរៀនថ្នាក់ទី១១នៅឡើយ ដោយគ្រាដំបូងៗ លោកចាប់ផ្ដើមពីរការសរសេរជាអត្ថបទខ្លីៗផ្សេងៗ ទាំងអត្ថបទវិភាគ លើកទឹកចិត្ត កំណត់ហេតុ និងរឿងខ្លី ហើយក៏ឈានដល់ការចាប់យកអាជីពជាអ្នកនិពន្ធប្រលោមលោករហូតមកទល់នឹងពេលនេះតែម្ដង។

អ្នកនិពន្ធ ធឿន វុទ្ធី បានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទាក់ទងនឹងការនិពន្ធរបស់លោកថា “បើនិយាយពីការនិពន្ធ ខ្ញុំអាចនិពន្ធបានច្រើនផ្នែក តែបើក្នុងនោះ ខ្ញុំចូលចិត្តនិពន្ធសៀវភៅប្រលោមលោកបែបរន្ធត់និងអភិនីហារជាងគេ ព្រោះដោយសារជីវិតខ្ញុំជួបប្រទះនូវរឿងរ៉ាវរន្ធត់ៗច្រើនពេកបើទោះជាខ្ញុំទើបតែមានអាយុម្ភៃឆ្នាំជាងក៏ដោយ ដែល​ភាព​ភ័យខ្លាច ដក់ជាប់ក្នុងខួរក្បាលរបស់​ខ្ញុំទាំងឡាយនោះហើយ ជាហេតុធ្វើឱ្យខ្ញុំយកមកចងក្រងចេញ​ជាប្រលោមលោកបែបភ័យរន្ធត់នេះឡើងបាន… បន្ទាប់ពីស្នាដៃប្រភេទនេះ ខ្ញុំក៏ចូលចិត្តសរសេររឿងពិតរបស់ខ្លួនឯងផងដែរ ដែលមកទល់​នឹងពេលនេះ ខ្ញុំនិពន្ធបានសៀវភៅប្រលោមលោក ចំនួន២ក្បាលហើយ ដោយមួយក្បាលមានចំណងជើងថា “អារក្សខ្មៅ” ជាប្រភេទប្រលោមលោកបែបរន្ធត់ និងមួយក្បាលទៀតមានចំណងជើងថា “ទេពច្យុតក្លែងក្លាយ” ជាប្រភេទប្រលោមលោកបែបមនោសញ្ចេតនាភេទដូចគ្នា… ដោយបើ​ប្រិយមិត្តចង់ជាវស្នាដៃរបស់ខ្ញុំយកទៅអាន ប្រិយមិត្តអាចរកទិញ​បាន​នៅតាមបណ្ណាគារមួយចំនួនក្នុងទីក្រុងភ្នំពេញ, ខេត្តផ្សេងៗ, តូបលក់សៀវភៅនានា, ភ្នាក់ងារលក់សៀវភៅតាមអនឡាញ ឬអាចទាក់ទងទិញ​បាន​តាមលេខទូរស័ព្ទ : 096 277 4271 និង 096 201 6220 ។”

អ្នកនិពន្ធ ធឿន វុទ្ធី បានប្រាប់បន្តទៀតថា “ខ្ញុំមានគម្រោងបញ្ចេញនូវស្នាដៃថ្មីៗជាច្រើនទៀត សរុបចំនួន១៧រឿង ដែលជាខ្សែរឿងបែបរន្ធត់ទាំងអស់ និងជាប្រភេទប្រលោមលោកខ្សែស្រឡាយបន្តកន្ទុយគ្នា ជាបរិបទប្រលោមលោកបែបរន្ធត់ៗក្នុងសម័យថ្មីយើងនេះ។ ជាក់ស្ដែង ខ្ញុំមានគម្រោងបញ្ចេញរឿង “អារក្សខ្មៅ-បណ្ដាសា” និង រឿង “អតីតកូនលោកម្ចាស់” នៅក្នុងដើមខែតុលាខាងមុខឆាប់ៗនេះព្រមជាមួយគ្នាតែម្ដង ដោយសាច់រឿងទាំងនេះ សុទ្ធតែបានជាប់ទាក់ទងជាមួយប្រលោមលោកបែបរន្ធត់ រឿង “អារក្សខ្មៅ” ដែលបានចេញផ្សាយកាលពីខែមិថុនាកន្លងទៅនេះទាំងអស់។”

ទាក់ទងនឹងសារៈសំខាន់ក្នុងការតែងនិពន្ធសម្រាប់លោកផ្ទាល់ លោកបានលើកឡើងដូច្នេះថា “សម្រាប់ខ្ញុំ វាគឺជាផ្នែកមួយនៃជីវិត និងជាគុណសម្បត្តិមួយដែលធម្មជាតិបានផ្ដល់មកឱ្យខ្ញុំ។ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ឱ្យខ្ញុំបានចូលរួមចែករំលែករឿងរ៉ាវផ្សេងៗដែលខ្ញុំបានរកឃើញទៅដល់ប្រិយមិត្តដែលជាអ្នកចូលចិត្តអានសៀវភៅ ជាពិសេស ខ្ញុំពេញចិត្តក្នុងការចូលរួមលើកកម្ពស់វិស័យអំណាន និងការអានរបស់យុវជននៅកម្ពុជា ដោយខ្ញុំនឹងបន្តការងារជាអ្នកតែងនិពន្ធនេះរហូតតទៅ ពីព្រោះនៅពីក្រោយការតែងនិពន្ធនេះ ខ្ញុំអាចមានឱកាសផ្សំចូលនូវពុទ្ធិមួយចំនួន ទោះបីមិនច្រើនក្ដី តែខ្ញុំចង់ចូលរួមផ្លាស់ប្ដូរការគិតអវិជ្ជមានរបស់សង្គម ដោយប្រយោលផងដែរ។”

ជាចុងបញ្ចប់ អ្នកនិពន្ធ ធឿន វុទ្ធី បានសម្ដែងអារម្មណ៍ពិត​របស់ខ្លួនឡើងទាំងរំភើបថា “ខ្ញុំពិតជាសូមអរគុណខ្លាំងណាស់ចំពោះប្រិយមិត្តអ្នកអានទាំង​ឡាយដែលបានគាំទ្រស្នាដៃនិពន្ធជាសៀវភៅរបស់ខ្ញុំ ព្រោះខ្ញុំមិនធ្លាប់គិតថា ស្នាដៃប្រលោមលោករបស់យុវជនក្មេងខ្ជីដែលមិនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលផ្នែកតែងនិពន្ធដូចជារូបខ្ញុំ អាចទទួលបានការគាំទ្រយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋានបែបនេះឡើយ! ដែលជាកម្លាំងជំរុញ​ធ្វើឱ្យ​រូបខ្ញុំកាន់តែ​មាន​ទឹកចិត្តក្នុងការ​បន្តអាជីពជាអ្នកនិពន្ធរបស់ខ្ញុំកាន់តែ​ខ្លាំង​ឡើងបន្ថែមទៀត និង​បន្តទៅមុខទៀតជារៀងរហូតតទៅ! ហើយខ្ញុំក៏សូមសំណូមពរឱ្យប្រិយមិត្តអ្នកអាន ជាពិសេសយុវជននៅកម្ពុជា ទាំងអស់ ងាកមកចាប់អារម្មណ៍ជាមួយនឹងការអានសៀវភៅឱ្យបានច្រើនបំផុតតាមដែលអាច​ធ្វើ​ទៅបាន ពីព្រោះអំណាន គឺជាឃ្លាំងនៃចំណេះដឹងដ៏សម្បូរបែប ដែលអាចដុសខាត់នូវគំនិតអវិជ្ជមានទាំងឡាយ ដែលយើងធ្លាប់គិតជាប់មកជានិច្ចនោះ ឱ្យរលុបចេញបានយ៉ាងផុយស្រួយបំផុត។ ជាពិសេស ខ្ញុំ​សូមអរគុណដល់គេហទំព័រអ្នកនិពន្ធកម្ពុជា ដែលបានផ្ដល់កិត្តិយសសម្ភាសន៍រូបខ្ញុំបាទចុះ​ផ្សាយ​នៅពេលនេះ។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា បច្ចុប្បន្ន លោក ធឿន វុទ្ធី ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប លោកក៏នឹង​កំពុងតែត្រៀម​ខ្លួនក្លាយជាគ្រូបង្រៀននៅអនុវិទ្យាល័យ ឯកទេស ជីវវិទ្យា និងផែនដីវិទ្យា ក្នុង​ខែវិច្ចិកា ចុងឆ្នាំ២០១៩ ឆាប់ៗនេះផងដែរ ដែលអាជីពទាំងពីររបស់លោកនេះ ពិតជាអាជីពដ៏ល្អប្រសើរខ្លាំងណាស់។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ធឿន វុទ្ធី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!