លោក អេង លាភា បង្ហាញពីសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក

  • February 18th, 2020

លោក អេង លាភា កើតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកមាន​ឪពុកឈ្មោះ រីលោកឪពុកឈ្មោះថា អេង សៀក ទទួលមរណភាពនៅឆ្នាំ២០០៤ និង​ម្តាយឈ្មោះ លី ណៃអ៊ីម បច្ចុប្បន្ននេះមានអាយុ៧៥ឆ្នាំ ជាដូនជីរស់នៅវត្តបញ្ញាជី។ លោកមានបងប្អូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយ​លោកជាកូនទី៥ក្នុង​គ្រួសារកសិករស្រែចម្ការ។ លោករៀបការនៅថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០០៦ ជាមួយភរិយាឈ្មោះ ម សុគា មានកូនជាចំណងដៃចំនួន៣នាក់ បុ្រស២នាក់ និងស្រី១នាក់។ បច្ចុប្បន្ននេះ ក្រៅ​ពី​មាន​ជំនាញ​ក្នុង​ការ​សរសេរ​សៀវភៅ លោកត្រូវបានគេហៅថាជា “អ្នកនិពន្ធក្បាច់គួកជេបានលាភ ឬបានលិឌ មានទីកំណើត” ដែលស្ដាប់​ទៅហាក់​រាង​ប្លែក​កំប្លែងបន្តិចតែវាជាការពិត​។ លើសពីនេះ លោក​​ជាមន្រ្តីនគបាលជាតិនៅបណ្ឌិត្យសភានគបាលកម្ពុជា ថ្នាក់អនុសេនីត្រី។

លោក អេង លាភា ក្នុងសកម្មភាពធ្វើបទបង្ហាញ​ពីសៀវភៅរបស់​លោក

លោក​ជា​អ្នកនិពន្ធមួយរូប ដែល​និយាយ​ពីបទពិសោធន៍ជីវិតពិត ដែលលោក​បានឆ្លងកាត់រយៈពេលជិត២០ឆ្នាំទាំងក្នុងការងារឯកជន និងការងារជំនួញផ្សេងៗ។ ចំពោះការងារជំនាញមួយទៀតនោះ លោក​គឺជាអ្នកតំណាងអណត្តិផ្លូវការរបស់ក្រុមហ៊ុន IBG Smart City ទទួលបន្ទុកទីផ្សារអាសាន ១១ប្រទេស ដែល​លោក​មានតួនាទី និងការទទួលខុសត្រូវលើការសម្របសម្រួល ធ្វើការបង្ហាញ និងណែនាំពីគម្រោងទីក្រុងវៃឆ្លាតដើរដោយបច្ចេកវិទ្យាវ័យឆ្លាត និងយន្តការវិស្វកម្មហិរញ្ញវត្ថុអន្តរជាតិលើគម្រោងធំៗនៅតំបន់អាស៊ី។  បន្ថែម​លើសពីនេះទៀតនោះ លោក​មានជំនញពិសេសម្យ៉ាង​ទៀត គឺជាអ្នកនិយាយបែបជំនាញជាក់ស្តែង លក្ខណៈសាធារណៈផ្តល់គំនិត និងក្បាច់អនុវត្តកើតដល់អ្នកស្តាប់ និងជាសហស្ថាបនិក Ehome App ជាអាបភ្លីខេសិនតភ្ជាប់រវាងអ្នកប្រើប្រាស់និងអ្នកផ្គត់ផ្គង់ទំនិញផ្ទះបាយ។ ជាងនេះទៅ​ទៀត លោក​កំពុងតែរៀបចំធ្វើគម្រោងបច្ចកវិទ្យាលើការរៀនសូត្រតាមប្រព័ន្ធអនឡាញនាសម័យឌីជីថលនីយកម្ម៤.០ផងដែរ ដែល​ស្ដាប់​ត្រួសៗទៅ លោក​ពិតជាមានតួនាទីនិងជំនាញច្រើន​មិនធម្មតាឡើយ។

លោក អេង លាភា បានបញ្ជាក់ទាក់ទនឹងនឹងការនិពន្ធ​របស់​លោកក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “ជាការពិត ធាតុរបស់ខ្ញុំគឺជាអ្នកសរសេរ ព្រោះតែការងាររបស់ខ្ញុំធ្វើកន្លងមករយៈពេលជិត២០ឆ្នាំមកនេះ គឺសរសេររហូត។ ការងារនៅក្នុងក្រុមហ៊ុនឯកជននានា ការងារលក្ខណៈការងារអប់រំសិក្សាធិការ ការងារបង្រៀនសិស្សនិស្សិត។ ការនិពន្ធសៀវភៅនេះមិនមែនជាការតាំងចិត្តរបស់ខ្ញុំ ឬការប៉ងអ្វីទេ វាកើតឡើងដោយចៃដន្តតែប៉ុណ្ណោះ។” លោក​បញ្ជាក់​បន្ថែមថា “ការនិពន្ធសៀវភៅរបស់ខ្ញុំកើតឡើងដោយគ្មានការគ្រោងទុកព្រោះថា ដំបូងឡើយខ្ញុំធ្វើជាអ្នកទទួលគម្រោងលក់អចលនទ្រព្យឱ្យ​គេ។ ក្នុងនាមជាអ្នកគ្រប់គ្រងគម្រោង ខ្ញុំត្រូវធ្វើការងារជាច្រើនណាស់ ពាក់ព័ន្ធឯកសារលិខិតស្នាម ដែលខ្ញុំត្រូវរៀបចំវា ជាប្រចាំក្នុងការអនវុត្តឱ្យ​មានប្រសិទ្ធិភាព។ ខ្ញុំបានរៀបចំចងក្រងឯកសារទាំងនោះ សម្រាប់ប្រើការងារផ្ទាល់ខ្លួនរបស់ខ្ញុំ។ ហើយខ្ញុំក៍បានបង្ហោះចូលផេក ដើម្បីជាការចែករំលែក។ បន្ទាប់មកក៏មានអ្នកចង់បានឯកសារការងាររបស់ខ្ញុំ ហើយសុំជាវតែម្តង។ ក្រោយមកខ្ញុំគិតថា បើសិនជាខ្ញុំសរសេរសៀវភៅពីដំណើររឿងដែលខ្ញុំបានឆ្លងកាត់ក្នុងការងាររបស់ខ្ញុំ ប្រហែលជាល្អ ព្រោះវាជាភាពជាក់ស្តែង ដែលការអនុវត្តរបស់ខ្ញុំក្នុងស្ថានភាពជាក់ស្តែងនៃប្រទេស ព្រោះថាការសរសេរមិនមែនស្រមើស្រមៃច្នៃចេញពី អារម្មណ៍រវើរវាយនោះទេ។ វាជារស់ជាតិពិតនៃជីវិតដែលខ្ញុំបានក្រេប។ ខ្ញុំក៍ចំណាយពេលចាប់ផ្តើមសរសេរសៀវភៅ មួយយប់ខ្ញុំបានសរសេរចេញបាន១ក្បាល ដែលសៀវភៅនោះមានចំណងជើងថា ក្បាច់គួកជេដីធ្លីបានលាភ។”

សៀវភៅល្បីៗទាំង៤ក្បាលរបស់ លោក អេង លាភា អ្នកនិពន្ធល្បី

លោក​ចាប់ផ្តើមសរសេរ​ក្នុងខែមេសា ឆ្នាំ២០១៩ ដោយ​ក្នុងរយៈពេលត្រឹមតែ​៤ខែ លោក​អាចសរសេរបានដល់​ទៅ​៤ក្បាលឯណោះ ដោយសៀវភៅ​ទាំង​៤ក្បាលនោះ សុទ្ធតែ​ទទួលបានការគាំទ្រ​យ៉ាង​ខ្លាំង​រហូត​មក​ទល់​នឹង​ពេលនេះ ដោយភាគច្រើនលក់បានទៅអ្នកអនុវត្តក្នុងវិស័យអចលនទ្រព្យតែម្តង។ តែមែនទែនទៅ លោក​បានសរសេររហូត​ដល់ទៅ ១០ក្បាល តែលោក​បានសម្រេច​ចិត្ត​បោះពុម្ពផ្សាយត្រឹមតែ៤ក្បាលសិនប៉ុណ្ណោះ ដោយ​នឹង​បន្ត​បោះ​ពុម្ពផ្សាយ​សៀវភៅដែលនៅសល់នោះ​នៅពេលក្រោយទៀត។ ទាក់​ទង​នឹង​សៀវភៅទាំង៤ក្បាលរបស់​លោក​នេះ គឺ​សុទ្ធតែ​ជាសៀវភៅប្រាប់វិធី និងការ​អនុវត្ត​ជាក់ស្តែងទាំងអស់ មិនមែនជាសៀវភៅផ្តល់ត្រឹមតែ​ជា​គំនិតនោះទេ មានន័យថា ជាសៀវភៅផ្តល់គន្លឹះ ប្រាប់របៀបធ្វើ បង្ហាញផ្លូវត្រូវដើរ និងមធ្យោបាយប្រើប្រាស់ ដូចជាឯកសារកិច្ចសន្យា និងលិខិតស្នាមផ្សេងៗអមក្នុងសៀវភៅជាដើម ដូចជា ៖

១. ក្បាច់គួកជេដីធ្លីបានលាភ ៖ ខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំធ្វើជាភ្នាក់ងាទទួលដីគេមកលក់ដើម្បីទទួលបានកម្រៃជើងសារ ដោយខ្ញុំបានគាត់ពីដំណើររឿងនៃការជួបម្ចាស់ ការសិក្សា ការចរចា ការចងឯកសារបង្កើតទំនុកចិត្ត ការរៀបចំក្រុមលក់ ការបង្ហាញឆ្លើយ ការបិទការលក់ និងការចែកកម្រៃជើងសារ។

២. ជោគជ័យមិនធ្លាក់ពីលើមេឃ!ហេតុអ្វី? ៖ ខ្ញុំនិយាយពីកាលខ្ញុំបានទទួលគម្រោងដីឡូត៍គេមកគ្រប់គ្រងលក់ដោយប្រាប់អ្នកអាន និងធ្វើ ពីរបៀបជួបម្ចាស់ ចរចាយកគម្រោង កិច្ចសន្យាជាមួយម្ចាស់គម្រោង កិច្ចព្រមព្រៀងផ្ទៃក្នុង កិច្ចព្រមព្រៀងជាមួយភ្នាក់ងារផ្សេងៗ និងប្រតិបត្តិការងារទាំងមូលពីដើមរហូតដល់ចប់គម្រោងទាំងស្រុងតែម្តង។

៣. អភិវឌ្ឍគំនិតលើ ៣ (ដ) ក្នុងការធ្វើផែនការ ៖ និយាយពីក្បាច់រៀបយុទ្ធសាស្រ្តជំនួញ ដែលខ្ញុំបាននិយាយបែបកម្លែងថា បើជំនួញគ្មាន ៣ដ អាចសល់ ៣ដ។ មានន័យថា ជំនួញគ្មានគោលដៅទិសតំបន់ អាចដូល អាចដាប អាចដេកក្នុងជ្រោះ។

៤. ជំនួញខ្ញុំឆ្លងកាត់ ៖ ជាសៀវភៅជំនួញដែលលោក​ធ្លាប់​ឆ្លងកាត់ប្រាប់អ្នកអាន និងអ្នករកស៊ីពីរបៀបបើកក្រុមហ៊ុន គ្រប់គ្រងក្រុមហ៊ុន និងប្រតិបត្តិការក្រុមហ៊ុន។ សៀវភៅនេះ ខ្ញុំបានអនុវត្តផ្ទាល់តែម្តងតាំងពីបើកក្រុមហ៊ុនរហូតដល់បិទក្រុមហ៊ុនលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ។

សៀវភៅទាំង​៤​ក្បាល​របស់​លោក អេង លាភា ខាងលើ គឺ​សុទ្ធតែ​ទទួលបានការពេញនិយមខ្លាំងទាំង​អស់ ជាពិសេសសៀវភៅ “ក្បាច់គួកជេដីធ្លីបានលាភ” តែម្ដង ព្រោះ​លោកយក​​ខ្លួនឯង​ផ្ទាល់​ធ្វើ​ជាតួអង្គមកបង្ហាញ​​ជា​កម្មភាពក្នុងសមរភូមិលក់ដី ណែនាំភ្ញៀវ ចរចាជាមួយម្ចាស់ដី និងទំនាក់ទំនងអតិថិជនតាមរយៈលើមេឃគឺប្រើហ្វេសប៊ុក និងលើដីគឺតាមប្រើបណ្តាញតែម្ដង។ ជាទូទៅ លោក​តែងតែលក់សៀវភៅទាំង​អស់​របស់លោក​នេះ នៅ​ក្នុងកម្មវិធីបណ្តុះបណ្តាល និងតាមហ្វេសប៊ុក ព្រោះថាសៀវភៅរបស់លោក​មានតម្លៃរាង​ថ្លៃបន្តិច តែមិនថ្វីទេ ព្រោះ​លោក​មិនមែនលក់សៀវភៅទេ តែលោកលក់នូវការប្រឹក្សាយោបល់ជាមួយគ្នានោះ​ផងដែរ។ តែបន្ថែមលើសពីនេះ ប្រសិនបើបងប្អូនមានចំណង​ចង់ជាវសៀវភៅរបស់លោក​យកមកអាននោះ លោកអ្នក​អាចរកទិញបាន​នៅបណ្ណាគារអង្គរផ្លូវម៉ៅសេទុង ឬមកទិញនៅការិយាល័យលោក​តែម្តងក៏បាននៅ ផ្លូវវេងស្រេង ម្តុំលូ៥ ក្នុងបូរីហុងឡាយ, ផ្ទះលេខ ៣៧អាជិតផ្សារសែនមេត្រី ឬក៏ទំនាក់ទំនងមកកាន់លេខទូរសព្ទរបស់​លោក​ដោយផ្ទាល់​ក៏បាន តាមរយៈលេខ  ០៨៩២៨៨៨៨៥ និងមួយខ្សែទៀត ០១៦៣៦៦៧៦៦។

លោក អេង លាភា និងវាគ្មិនល្បីៗដទៃទៀតក្នុងកម្មវិធីមួយ

ទាក់ទងនឹង​គម្រោង​ចេញ​ផ្សាយ​សៀវភៅថ្មីៗជាបន្តបន្ទាប់ពីសៀវភៅទាំង​៤ខាងនេះ លោក អេង លាភ បានបង្ហាញថា  “ជាការពិតណាស់ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានកំណត់ហើយថា ត្រូវតែបន្សល់ទុកជាកាដូនៃបទពិសោធន៍ រស់ជាតិជីវិត ជំនាញ ដល់អ្នកជំនាន់ក្រោយ។ សៀវភៅដែលខ្ញុំបានសរសេរហើយ មានចំនួន៨ក្បាល តែបច្ចុប្បន្ននេះ ខ្ញុំចេញបានតែ៤ក្បាល ដោយសារតែទាក់ទងនឹងការបោះពុម្ព។ ហើយ​សៀវភៅដែលខ្ញុំត្រៀមចេញបន្តបន្ទាប់ទៀតពសៀវភៅទាំង៤ក្បាលរបស់ខ្ញុំទៀតនោះ រួមមានដូចជា ទី៥សៀវភៅ “ជីវិតផុងក្នុងល្បិច” ទី៦សៀវភៅ “ដោះសោជីវិត” ទី៧សៀវភៅ “៨ក្បាច់រកក្នុងដោះ” និងទី៨សៀវភៅមានចំណងជើងថា “ក្បាច់ចាប់លុយលើពូកនាសម័យបច្ចេកវិទ្យា” ដោយ​សៀវភៅថ្មីៗទាំងនេះ ខ្ញុំនឹងចេញផ្សាយក្នុងឆ្នាំ២០២០នេះតែម្តង ព្រោះខ្ញុំត្រូវការពេលវេលាពិនិត្យមើល និងស្ទង់ថវិការបោះពុម្ពសិន។ ហើយខ្ញុំសុំ​បញ្ជាក់ថា សៀវភៅ​ទាំងអស់ដែលខ្ញុំនិពន្ធនោះ គឺសុទ្ធតែ​ជាបទពិសោធន៍ជីវិត និងរស់ជាតិជីវិតរបស់ខ្ញុំតែម្តង មិនមែនជាការស្រមៃដូចជាការសរសេរបែបប្រលោមលោកនោះទេ។”

លោក អេង លាភា ក្នុងសកម្មភាពចែករំលែកចំណេះដឹងលើ​ជំនាញ​របស់​គាត់

ជាចុងក្រោយ មុននឹងបិទបញ្ចប់​បទសម្ភាសន៍ លោក អេង លាភា ក៏បានសម្ដែង​មតិជាចុងក្រោយថា  “ចុងក្រោយនេះ ខ្ញុំបាទ អេង លាភា ជាអ្នកនិពន្ធបទពិសោធន៍ជីវិតពិតរបស់ខ្លួន ក៏សូមផ្តល់ជាតម្រុយសម្រាប់ការពិចារណារថា មនុស្សសំខាន់សម្រាប់ជីវិតគឺជាការបន្សល់ ដែលជាស្នាដៃចុងក្រោយនៃជីវិតក្រោយអវត្តមាន តែមិនមែនសម្រាប់យើងទេ គឺជាការផ្តល់គុណតម្លៃដល់មនុស្សផ្សេងៗ។ ខ្ញុំចង់បា្រប់ថា បើយើងរស់ព្រោះតែហូប ហឺហារ​ដូចចង់ខ្ជិលរស់ អ៊ីចឹង ក្រេបរស់នៃជីវិតពិតមែនទែននោះ គឺការផ្តល់ឱ្យចេញពីបេះដូងពោពេញដោយសារប្រកបដោយខ្លឹមឆេះឆួល ផ្តល់ជូនដល់អ្នកអាន និងមនុស្សជាតិទាំងមូលតែម្តង។ ម្យ៉ាងវិញទៀត ចង់ផ្តល់ជាគំនិតមួយថា បើគាំទ្រ និងផ្តល់តម្លៃដល់អ្នកនិពន្ធសំបូរសៀវភៅអាន នាំសុខក្សេមក្សាន្តដល់សង្គមជាតិ ព្រោះសង្គមមានធនធានមនុស្សព្រោងព្រាត នាំឱ្យ​ជាតិរីកចម្រើន អភិវឌ្ឍ និងស្ថេរភាព។ លើសពីនេះ ខ្ញុំបាទក៏សូមជូនពរបងប្អូនទាំងអស់មានសុខភាព កាយល្អ សុខភាពផ្លូវចិត្តរឹងមាំ បញ្ញាស្មារតីភ្លឺថ្លា ប្រកបកិច្ចការដោយជោគជ័យគ្រប់ៗភារកិច្ច។ សូមអរគុណ។

លោក អេង លាភា ម្ចាស់ស្នាដៃសៀវភៅល្បីៗទាំង៤ក្បាល

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក អេង លាភា កើតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកមាន​ឪពុកឈ្មោះ រីលោកឪពុកឈ្មោះថា អេង សៀក ទទួលមរណភាពនៅឆ្នាំ២០០៤ និង​ម្តាយឈ្មោះ លី ណៃអ៊ីម បច្ចុប្បន្ននេះមានអាយុ៧៥ឆ្នាំ ជាដូនជីរស់នៅវត្តបញ្ញាជី។ លោកមានបងប្អូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៥ក្នុង​គ្រួសារកសិករស្រែចម្ការ។ លោករៀបការនៅ ថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០០៦ ជាមួយភរិយាឈ្មោះ ម សុគា មានកូនជាចំណងដៃចំនួន៣នាក់ បុ្រស២នាក់ និងស្រី១នាក់។ បច្ចុប្បន្ននេះ ​ក្រៅ​ពីជាម្ចាស់​ស្នាដៃ​សៀវភៅល្បីៗ​ទាំង​៤ខាង​លើ លោកត្រូវបានគេហៅថាជា “អ្នកនិពន្ធក្បាច់គួកជេបានលាភ ឬបានលិឌ មានទីកំណើត” ដែលស្ដាប់​ទៅហាក់​រាង​ប្លែក​កំប្លែងបន្តិចតែវាជាការពិត​។ លើសពីនេះ លោក​​គឺជាមន្រ្តីនគបាលជាតិនៅបណ្ឌិត្យសភានគបាលកម្ពុជា ថ្នាក់អនុសេនីត្រី និង​នៅមាន​តួនាទីការងារ​សំខាន់ៗ​ជាច្រើនទៀត។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ អេង លាភា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!