លឹម ផាន់ណា ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០១៩
- November 21st, 2019
លឹម ផាន់ណា ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០១៩
កញ្ញា លឹម ផាន់ណា មាននាមប៉ាកកាថា “កវីស្រី” កើតឆ្នាំ១៩៩០ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ, មានឪពុកឈ្មោះ លឹម សែ និងអ្នកម្តាយ វ៉ា ស្រីមុំ។ កញ្ញាមានបងប្អូនបង្កើតចំនួនពីរនាក់ ក្នុងនោះប្រុស១នាក់ ស្រី១នាក់ ដោយកញ្ញាជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប កញ្ញាមានការងារជាអ្នកប្រឹក្សាផ្លូវចិត្តនៅស្ថាប័នមួយឈ្មោះថា “សមាគមអ៊ី.អឹម.ឌី.អា កម្ពុជា” ។
អ្នកនិពន្ធ លឹម ផាន់ណា ហៅ “កវីស្រី” ក្នុងឱកាសទទួលជ័យលាភីលេខ១
ការតាក់តែងនិពន្ធស្នាដៃមួយបានល្អមិនមែនជារឿងងាយស្រួលឡើយ ហើយបើជាការនិពន្ធស្នាដៃសម្រាប់ដាក់ប្រឡងទៀតនោះ គឺរឹតតែលំបាកណាស់ទៅទៀត ព្រោះចាំបាច់ត្រូវតែមានលក្ខណៈល្អដាច់គេ នោះទើបអាចមានការទទួលស្គាល់ពីគណកម្មាការ និងអាចទទួលជ័យលាភីក្នុងចំណាត់ថ្នាក់ល្អបំផុតបាន។ តែចំណុចនេះ កញ្ញា លឹម ផាន់ណា អាចធ្វើបាន ដោយមិនត្រឹមតែអាចនិពន្ធស្នាដៃផ្នែកកំណាព្យរឿងមួយបានល្អប៉ុណ្ណោះទេ ថែមទាំងដាក់ប្រកួតប្រជែងជាមួយអ្នកនិពន្ធដទៃៗទៀតជាប់ចំណាត់ថ្នាក់លេខ១ទៀតផង ដែលនេះសបញ្ជាក់ឱ្យឃើញថា កញ្ញាពិតជាមានសមត្ថភាពទេពកោសល្យផ្នែកនិពន្ធខ្ពស់មិនធម្មតាឡើយ។ ទាក់ទនឹងជ័យលាភីដ៏សំខាន់ដែលកញ្ញាទើបតែទទួលបានថ្មីៗនេះ កញ្ញាបានបង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា “ជ័យលាភីចំណាត់ថ្នាក់លេខ១ ដែលនាងខ្ញុំទើបតែទទួលបាននេះ ជាជ័យលាភីផ្នែកកំណាព្យរឿង ក្នុងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” ។” កញ្ញាបានបញ្ជាក់បន្ថែមពីជ័យលាភីផ្សេងៗទៀតដែលកញ្ញាធ្លាប់ទទួលថា “ក្រៅពីពានរង្វាន់ខាងលើនេះ ក៏មានពានរង្វាន់ផ្សេងៗទៀត ដែលនាងខ្ញុំធ្លាប់ទទួលបានដូចជា ឆ្នាំ២០១៩ ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ របស់ “ក្រសួងធម្មការ និងសាសនា” ជយលាភីលេខ៣ ផ្នែករឿងខ្លី ក្រោមប្រធានបទ “ពុទ្ធទស្សនៈក្នុងការអភិវឌ្ឍសង្គមខ្មែរ” ចំណងជើងរឿង “ពន្លឺជីវិត”។ ឆ្នាំ២០១៩ រង្វាន់អក្សរសិល្ប៍ ក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣ ជយលាភីលេខ២ ផ្នែករឿងខ្លី ចំណងជើង “ឡានឈ្នួល”។ ឆ្នាំ២០១៨ ពានរង្វាន់ លី ធាមតេង របស់ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” ជយលាភីលេខ២ ផ្នែកកំណាព្យរឿង ចំណងជើង “ម្លប់ជីវិត”។ ឆ្នាំ២០១៣ ជយលាភីលេខ២ ផ្នែកទំនុកច្រៀងស្តីអំពីធនធានធម្មជាតិ ដែលរៀបចំដោយ “អង្គការ KYSD” ។ ឆ្នាំ២០១២ ជយលាភីលេខ២ ផ្នែកកំណាព្យ រង្វាន់ “អក្សរសិល្ប៍វិញ្ញាសាវិញ្ញាណ១០” ដែលរៀបចំដោយ “សមាគមអ្នកសាបព្រោះ”។ ឆ្នាំ២០១១ ជយលាភីលេខ៣ផ្នែកសំណេរអត្ថបទ ក្រោមប្រធានបទ “ការផ្សះផ្សាជាតិ និងតួនាទីយុវជនក្នុងការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្រោយរបបខ្មែរក្រហម” រៀបចំដោយអង្គការអភិវឌ្ឍធនធានយុវជន (YRDP) និងក្នុងឆ្នាំ២០១០ ជ័យលាភីលេខ៣ ផ្នែកកំណាព្យក្នុងកម្មវិធីទិវាយុវជនស្ម័គ្រចិត្តអន្តរជាតិ។”
អ្នកនិពន្ធ លឹម ផាន់ណា និងសកម្មភាពនិពន្ធ
ខាងលើទាំងអស់នេះហើយ ជាជ័យលាភីទាំងឡាយដែល កញ្ញា លឹម ផាន់ណា ហៅ “កវីស្រី” សម្រេចបានក្នុងវិថីតែងនិពន្ធរបស់កញ្ញាកន្លងមក ដែលសមិទ្ធផលទាំងអស់នេះ សុទ្ធតែកើតចេញពីទឹកដៃក្នុងការនិពន្ធដ៏ល្អបស់កញ្ញាទាំងអស មិនមែនកើតឡើងដោយគ្មានការការខិតខំប្រឹងប្រែងឡើយ ហើយកញ្ញាបានបញ្ជាក់ទាក់នឹងសមត្ថភាពក្នុងការនិពន្ធរបស់កញ្ញាថា “អាចនិយាយបានថាជាទេពកោសល្យផ្នែកនិពន្ធពីធម្មជាតិរបស់នាងខ្ញុំមួយក៏ថាបានដែរ… តែកាលនៅពីនាងខ្ញុំនៅក្មេង គ្រាន់តែដឹងថា ខ្លួនចូលចិត្តអានកំណាព្យ និងអត្ថបទក្នុងផ្នែកអក្សរសាស្រ្តខ្មែរ ហើយចំណូលចិត្តនេះ ក៏ដឹកនាំឱ្យចេះតាក់តែងស្នាដៃមួយចំនួន ដ្បិតថាមិនបានល្អ តែក៏សប្បាយចិត្តនឹងធ្វើ ហើយក៏អាចនិយាយបានថា បទពិសោធតូចៗទាំងនេះ បង្កើតបានជាគ្រឹះកសាងសមត្ថភាពរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នាងខ្ញុំបានឆ្លៀតស្វែងរកការបណ្តុះបណ្តាលពីអ្នកមានជំនាញផ្នែកនិពន្ធបន្ថែមផងដែរ ដូចជាចូលរៀនវគ្គសិក្សាផ្នែកនិពន្ធនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត និងសមាគមអ្នកនិពន្ធខ្មែរ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះមានចំណុចជាច្រើនដែលយើងត្រូវការរៀនសូត្រពីលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធ និងសមត្ថភាពពិតប្រាកដ។”
អ្នកនិពន្ធ លឹម ផាន់ណា ក្នុងឱកាសទទួលវិញ្ញាបនបត្រពី “សមាគមអ្នកនិពន្ធខ្មែរ”
កញ្ញា លឹម ផាន់ណា អ្នកនិពន្ធឆ្នើមវ័យក្មេង ដែលគេស្គាល់ជាទូទៅថា “កវីស្រី” បានបន្តរៀបរាប់ពីដំណើរលើវិថីតែងនិពន្ធនិងស្នាដៃទាំងឡាយរបស់ខ្លួនយ៉ាងដូច្នេះទៀតថា “នាងខ្ញុំបានចាប់ផ្តើមប្រឡូកក្នុងការតាក់តែងនិពន្ធតាំងពីឆ្នាំ២០០៦ ដែលកាលនោះ នាងខ្ញុំកំពុងរៀនថ្នាក់ទី១០ ហើយស្នាដៃដំបូងគឺជារឿងប្រលោមលោក ដែលចាប់ផ្តើមសរសេរជាលើកដំបូង ហើយក៏បន្តសរសេររឿងជាហូរហែមកទៀត តាមចំណង់ និងជំនក់ចិត្ត។ ក្រោយមកនៅក្នុងឆ្នាំ២០១១ ក៏បានទទួលការងារជាអ្នកនិពន្ធទំនុកច្រៀងឱ្យផលិតកម្មមួយ។ នាងខ្ញុំអាចនិពន្ធបានច្រើនទម្រង់ដូចជាកំណាព្យ ទំនុកច្រៀង រឿងខ្លី ប្រលោមលោក ប្រលោមកំណាព្យ ល្ខោននិយាយ និងអត្ថបទភាពយន្ត។ តែចូលចិត្តជាងគេ គឺការនិពន្ធកំណាព្យ ព្រោះមានភាពងាយស្រួល នៅពេលដែលគំនិតអ្វីមួយផុសឡើង ក៏តាក់តែងភ្លាមៗ មិនចំណាយពេលច្រើន ហើយមានភាពណែងណង ពីរោះរណ្តំតាមប្រភេទសាច់រឿង ឬខ្លឹមសារដែលចង់បង្ហាញ។ រហូតមកទល់សព្វថ្ងៃនេះ នាងខ្ញុំបានបោះពុម្ព បីស្នាដៃរួចមកហើយ គឺសៀវភៅកំណាព្យ “សោភ័ណជីវិត និងបេះដូងយុវវ័យ” បោះពុម្ព ឆ្នាំ២០១២, ប្រលោមលោក “សកលស្នេហ៍” បោះពុម្ព ឆ្នាំ២០១៨ និង “សៀវភៅវេទមន្ត” បោះពុម្ពឆ្នាំ២០១៩។ ក្នុងចំណោមស្នាដៃដែលទទួលបានការគាំទ្រច្រើនជាងគេ គឺ “សៀវភៅវេទមន្ត” ដោយសារតែជាប្រភេទរឿងខ្លីៗ ដែលបង្កប់នូវខ្លឹមសារអប់រំ និងឆ្លុះបញ្ចាំងពីតថភាពសង្គម។” លើសពីនេះ កញ្ញាក៏មានគម្រោងបញ្ចេញស្នាដៃថ្មីខាងមុខផងដែរ ដោយកញ្ញាបានបង្កើបថា “ជាប្រភេទប្រលោមលោកស្នេហាបែបកំប្លែងមួយ ដែលមានចំណងជើងថា “កុំហៅខ្ញុំក្រមុំចាស់” ដែលត្រៀមនឹងចេញផ្សាយនៅដើមឆ្នាំ២០២០ខាងមុខនេះឯង។”
ស្នាដៃនិពន្ធជាសៀវភៅទាំង៣ក្បាលរបស់ អ្នកនិពន្ធ លឹម ផាន់ណា
កញ្ញា លឹម ផាន់ណា បានចែករំលែកជាចំណេះដឹងផ្នែកនិពន្ធយ៉ាងខ្លីថា “នាងខ្ញុំយល់ថា ដើម្បីនិពន្ធស្នាដៃមួយបានល្អ អ្នកនិពន្ធគប្បីមានគ្រឹះផ្នែកតែងនិពន្ធ ដូចជាយល់ដឹងពីរបៀបតែង កំណាព្យ ឬរឿងខ្លី ហើយត្រូវមានចំណេះដឹងទូទៅ និងការយល់ដឹងអំពីតថភាពសង្គម។” នេះជាគន្លឹះដែលជាចំណេះដឹងបន្តិចបន្តួចផ្នែកនិពន្ធដែលកញ្ញា ចង់ចែករំលែកទៅកាន់អ្នកទាំងឡាយដែលចង់និពន្ធស្នាដៃមួយបានល្អ ដែលលោកអ្នកអាចសាកល្បងយកទៅអនុវត្តតាមកញ្ញាបាន។
អ្នកនិពន្ធ លឹម ផាន់ណា ក្នុងដំណើរកម្សាន្តមួយនៅក្រុងអង្គរ
កញ្ញា លឹម ផាន់ណា ពិតជាអ្នកនិពន្ធមួយរូបដែលផ្ដល់តម្លៃដល់ការនិពន្ធណាស់ ដោយកញ្ញាបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា “ការតែងនិពន្ធពិតជាមានតម្លៃខ្លាំងណាស់សម្រាប់នាងខ្ញុំ វាជាផ្នែកមួយនៃជីវិតរបស់នាងខ្ញុំដែលមិនអាចខ្វះបានឡើយ… ហើយក៏ជាកិច្ចការដែលនាងខ្ញុំស្រឡាញ់ និងធ្វើដោយបេះដូងជារៀងរហូតមកផងដែរ ដោយនាងខ្ញុំមិនដែលមានអារម្មណ៍ថាហត់នឿយ ឬធុញទ្រាន់ចំពោះវាឡើយ ដោយនាងខ្ញុំគ្មានថ្ងៃបោះបង់វាចោលជាដាច់ខាត… តែផ្ទុយទៅវិញ នាងខ្ញុំនឹងខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពចំណេះដឹងផ្នែកនិពន្ធដល់នាងខ្ញុំបន្ថែមទៀត ដើម្បីឱ្យខ្លួនកាន់តែមានសមត្ថភាពអាចតាក់តែងនិពន្ធស្នាដៃថ្មីៗ ដែលមានលក្ខណៈល្អ ប្រកបដោយគុណតម្លៃ ដែលអាចបម្រើអារម្មណ៍ប្រិយមិត្ត ជាពិសេសទុកជាប្រយោជន៍រួមចំពោះពលរដ្ឋនិងសង្គមកម្ពុជានៃយើងទាំងអស់គ្នា។”
អ្នកនិពន្ធ លឹម ផាន់ណា កំពុងអានពិនិត្យស្នាដៃនិពន្ធរបស់ខ្លួន
មុននឹងបញ្ចប់បទសម្ភាសន៍ កញ្ញា លឹម ផាន់ណា ក៏បានផ្ញើសារជាចុងថា “ជាចុងបញ្ចប់នៃបទសម្ភាសន៍ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តទាំងឡាយ ដែលតែងតែគាំទ្រស្នាដៃនិពន្ធរបស់នាងខ្ញុំ ដែលការគាំទ្ររបស់មិត្តអ្នកអានទាំងអស់នេះ គឺជាកម្លាំងចិត្ត និងថាមពលមិនអាចខ្វះបានឡើយសម្រាប់រូបនាងខ្ញុំ… ហើយនាងខ្ញុំរីករាយស្វាគមន៍នូវរាល់មតិយោបល់ ដើម្បីស្ថាបនា ប្រសិនបើផ្នែកណាមួយនៃស្នាដៃរបស់នាងខ្ញុំមានចំណុចខ្វះខាត! ជាពិសេស នាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់លោកឪពុកអ្នកម្ដាយរបស់នាងខ្ញុំ ដែលបានផ្ដល់កំណើតនិងតែងតែអប់រំទូន្មានដល់រូបនាងខ្ញុំរហូតមក ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងរៀមច្បងអ្នកនិពន្ធទាំងឡាយ ដែលបានបង្ហាត់បង្រៀន ចែករំលែកជាបទពិសោធចំណេះដឹងផ្នែកតែងនិពន្ធដល់រូបនាងខ្ញុំកន្លងមក ព្រោះបើគ្មានអ្នកទាំងអស់គ្នាទេ នាងខ្ញុំក៏គ្មានអាចសម្រេចបាននូវលទ្ធផលល្អក្នុងការតែងនិពន្ធដូចសព្វថ្ងៃនេះដែរ។”
អ្នកនិពន្ធ លឹម ផាន់ណា ហៅ “កវីស្រី” និងពានរង្វាន់ដ៏សំខាន់មួយ
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា លឹម ផាន់ណា មាននាមប៉ាកកាថា “កវីស្រី” កើតឆ្នាំ១៩៩០ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ កញ្ញាមានឪពុកឈ្មោះ លឹម សែ និងអ្នកម្តាយ វ៉ា ស្រីមុំ។ កញ្ញាមានបងប្អូនបង្កើតចំនួនពីរនាក់ ប្រុស១នាក់ ស្រី១នាក់ ដោយកញ្ញាជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធ កញ្ញាមានការងារជាអ្នកប្រឹក្សាផ្លូវចិត្តនៅស្ថាប័នមួយឈ្មោះថា “សមាគមអ៊ី.អឹម.ឌី.អា កម្ពុជា” ។ កញ្ញាគឺជាអ្នកនិពន្ធកម្ពុជាវ័យក្មេងប្រកបដោយសមត្ថភាពទេពកោសល្យមួយរូប ដែលអាចតាក់តែងនិពន្ធបានជាច្រើនផ្នែក ជាពិសេសផ្នែកកំណាព្យតែម្ដង ដែលជាផ្នែកនិពន្ធកញ្ញាចូលចិត្ត និងអាចនិពន្ធបានល្អជាងគេ។ កញ្ញាគឺជា ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩ រៀបចំឡើងដោយ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” កាលពីពេលថ្មីៗនេះ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា តើទឹកដៃនិពន្ធរបស់កញ្ញាមានលក្ខណៈល្អយ៉ាងណានោះ លោកអ្នកអាចស្វែងរកស្នាដៃរបស់កញ្ញាយកមកអានបាន។ សូមអរគុណ៕
អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ លឹម ផាន់ណា / រក្សាសិទ្ធិ ៖ cambowriter.com