លោក រឺន សីហា អ្នកនិពន្ធ និងរៀបរៀងចងក្រងឆ្នើមមួយរូប ចែករំលែកពីបទពិសោធន៍ក្នុងការសរសេរសៀវភៅរបស់លោក
- May 9th, 2020
លោក រឺន សីហា អ្នកនិពន្ធ និងរៀបរៀងចងក្រងឆ្នើមមួយរូប ចែករំលែកពីបទពិសោធន៍ក្នុងការសរសេរសៀវភៅរបស់លោក
អានសៀវភៅ គឺជាសកម្មភាពដ៏ល្អបំផុតមួយរបស់មនុស្ស ពិសេសសម្រាប់ប្រជាជនដែលស្ថិតក្នុងប្រទេសជឿនលឿនក្នុងពិភពលោក។ សម្រាប់កម្ពុជាវិញ ទោះបីជាចំនួនអ្នកអានហាក់នៅមានកម្រិតទាបជាងបណ្តាប្រទេសលោកខាងលិចក្តី ប៉ុន្តែយើងក៏សង្កេតឃើញសន្ទុះគួរឱ្យចាប់អារម្មណ៍។ ទន្ទឹមនឹងនោះ ក៏មានដែរអ្នកដែលមានបំណងចង់សរសេរសៀវភៅ ប៉ុន្តែពួកគេពិតជាត្រូវការគំនិតយោបល់ជាច្រើន។ ដើម្បីចូលរួមចំណែកក្នុងបំណងនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” បានសម្ភាសតាមសារអេឡិចត្រូនិកជាមួយ លោក រឺន សីហា អ្នករៀបរៀងសៀវភៅ និងជាទីប្រឹក្សារបស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក។ លោកក៏ជាប្រធាននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនអចលនទ្រព្យ ATSOLUTIONS ដ៏ល្បីមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោកអាចបង្ហាញបានទេថា តើមូលហេតុអ្វីបានជាលោកសម្រេចចិត្តសរសេរសៀវភៅរហូតមកទល់នឹងពេលនេះ?
លោក រឺន សីហា ៖ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ការអានសៀវភៅពិតជាលំបាក ហើយមានតែការអានសៀវភៅទេ ដែលបានប្រាប់រាល់ចម្ងល់ជាច្រើនលើសលប់ សម្រាប់ការចង់ចេះចង់ដឹងគ្រប់បញ្ហា គ្រប់រឿងរ៉ាវ និងគ្រប់កាលៈទេសៈ។ មិនតែប៉ុណ្ណោះ ធ្លាប់ជាគ្រូបង្រៀន និងណែនាំដល់និស្សិត ហើយដោយឈរលើបុព្វហេតុមួយ ជាចម្បងដែលចង់បន្សល់ស្នាដៃ ជាចំណេះដឹងដែលបានរៀនសូត្រផង ជាបទពិសោធន៍ធ្លាប់ឆ្លងកាត់ផង និងចូលរួមចំណែកក្នុងការជំរុញការអាន ដើម្បីលើកកម្ពស់ក្នុងវិស័យអប់រំជាចាំបាច់ ខ្ញុំក៏បានសម្រេចចិត្តចាប់ផ្តើមសរសេរសៀវភៅ ដោយក្ដីស្រឡាញ់។ លើសពីនេះ ដោយការរៀបរៀងចងក្រង គឺជាវិធីដ៏សំខាន់មួយ ក្នុងចំណោមវិធីសំខាន់ផ្សេងទៀត ដើម្បីអភិវឌ្ឍចំណេះដឹងផ្ទាល់ខ្លួនដោយប្រាកដ និងផ្តល់ការចែករំលែកការអភិវឌ្ឍន៍នេះដល់អ្នកជុំវិញខ្លួន ក៏ដូចជាសាធារណៈជនទូទៅដោយប្រយោល ដែលគ្រប់គ្នាចង់ឃើញ ដើម្បីភាពរីកចម្រើនរុងរឿងទៅលើអនាគតរៀងៗខ្លួន ជាមួយអត្ថន័យនៃជីវិតដ៏ពិតប្រាកដ។
លោក រឺន សីហា និងស្នាដៃសៀវភៅល្បីៗរបស់លោក
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើយើងត្រូវមានចរិតលក្ខណៈសម្បត្តិ ឬទាមទារកត្តាសំខាន់អ្វីខ្លះ ទើបអាចក្លាយជាអ្នកសរសេរសៀវភៅដ៏ល្អមួយរូបបាន?
លោក រឺន សីហា ៖ ដើម្បីក្លាយជាសរសេរសៀវភៅមួយរូប ចាំបាច់ណាស់ យើងត្រូវតែជាអ្នកដែលចូលចិត្តអានមួយរូប ចូលចិត្តចែករំលែក និងចូលចិត្តសិក្សាស្រាវជ្រាវ ដើម្បីចងក្រងសម្រាប់ជាប្រយោជន៍រួម។ លើសពីនេះ ភាពមិនលម្អៀង និងមិនប្រព្រឹត្តសេចក្ដីអសីលធម៌ខុសពីការពិត ជាអត្តសញ្ញាណដ៏ចាំបាច់សម្រាប់អ្នកសរសេរ ឬអ្នករៀបរៀង ហើយទទួលយកការរិះគន់ដោយបើកចំហផ្នត់គំនិត។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ ពេលចាប់ផ្តើមសរសេរសៀវភៅ តើលោកជួបការលំបាកនិងភាពងាយស្រួលអ្វីខ្លះ?
លោក រឺន សីហា ៖ ដោយសារការសរសេរសៀវភៅឬការរៀបរៀង និងចងក្រងសៀវភៅមួយក្បាលៗ ពិតណាស់គឺមិនងាយស្រួលឡើយ។ យើងត្រូវចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងសុភមង្គលគ្រួសារមួយចំនួន ដើម្បីសម្រេចសៀវភៅមួយក្បាលៗ។ ហេតុអ្វីខ្ញុំត្រូវធ្វើដូចនេះ? គឺដើម្បីបដិវត្តផ្នត់គំនិត និងចង់ឃើញ ប្រទេសមួយនេះ សម្បូរទៅដោយធនធានដែលវ័យឆ្លាត ចេះដឹង ច្បាស់ពីវិធីកសាង លើសពីអ្វីដែលយើងរំពឹងទុក។ ការពិតទៅបើនិយាយថា តើថាមានឧបសគ្គ ឬផលលំបាកដែរឬទេ? ពិតណាស់ ពិតជាមាន។ ផលលំបាកទីមួយគឺ យើងត្រូវប្រើខួរក្បាល ប្រើការគិត និងការវិភាគ សម្រាប់ការយកមកបរិយាយ ដែលត្រូវការពេលវេលាច្រើន និងបរិយាកាសល្អ ព្រមជាមួយនឹងគុណតម្លៃខ្ពស់។ សម្រាប់ខ្ញុំ គឺមិនខុសពីអ្នកសរសេរគ្រប់រូបឯទៀតឡើយ។ ការចំណាយពេលវេលាដ៏ក្រិតក្រម គឺជាផលលំបាកដែលខានមិនបានមួយទៀត ហើយយ៉ាងណាមិញ សម្រាប់អាជីពការសរសេរនេះ មិនបានផ្តល់ផលជាលុយកាក់ សម្រាប់ផ្គត់ផ្គង់គួ្រសារបានល្អប្រសើរឡើយ។ តែវាបានផ្តល់គុណតម្លៃឥតគណនា។ ដោយសារការ សិក្សាស្រាវជ្រាវលើប្រភពដែលសម្បូរបែប ភាគច្រើនជាភាសាបរទេស។ ឧបសគ្គក្នុងការស្វែងរកប្រភព ដែលត្រូវស្វែងយល់ជាភាសាបរទេសផងនោះ ក៏ជាផលលំបាកច្រើនណាស់ដែរ។
សៀវភៅល្បីៗមួយចំនួនរបស់ លោក រឺន សីហា នៅ “គ្រឹះស្ថានហាតប៊ុក”
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកត្រូវចំណាយពេលប៉ុន្មាន សម្រាប់ការសរសេរសៀវភៅមួយក្បាលៗ?
លោក រឺន សីហា ៖ សម្រាប់ពេលវេលាក្នុងការសរសេរសៀវភៅមួយក្បាលៗ វាអាស្រ័យលើពេលវេលា កាលៈទេសៈ និងស្ថានភាពសុខភាព ក៏ដូចប្រភេទសៀវភៅដែលយើងចង់សរសេរ និងរៀបរៀង។ សម្រាប់ខ្ញុំប្រហែល១ឆ្នាំឡើងទៅ ទើបអាចបញ្ចប់សៀវភៅបានមួយក្បាលៗបាន។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកមានស្នាដៃអ្វីខ្លះ? ហើយសៀវភៅទាំងនោះនិយាយអំពីអ្វី?
លោក រឺន សីហា ៖ ចាប់ផ្តើមដំបូងជាមួយនឹងសៀវភៅដែលមានចំណងជើងថា “៣៦៥ គតិបណ្ឌិតនៃភាពជោគជ័យ” ជាសៀវភៅដំបូងរបស់ខ្ញុំ ហើយបន្ទាប់មកមានដូចជា៖
លោក រឺន សីហា ជាមួយសកម្មភាពចែករំលែកចំណេះដឹងក្នុងកម្មវិធីសំខាន់មួយ
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើធ្វើដូចម្តេច ទើបសៀវភៅរបស់លោកត្រូវបានបោះពុម្ពផ្សាយ?
លោក រឺន សីហា ៖ ទម្រាំបានចេញបោះពុម្ពផ្សាយ ត្រូវឆ្លងកាត់ការពិនិត្យដោយខ្លួនឯងជាច្រើនលើកច្រើនសារ ហើយត្រូវឆ្លងការពិនិត្យរបស់អ្នកពាក់ព័ន្ធផ្សេងទៀត។ ដោយពឹងផ្អែកលើ “គឹ្រះស្ថានបោះពុម្ពផ្សាយហាតប៊ុក” និងជាសៀវភៅដែលជ្រោមជ្រែងដោយម្ចាស់គ្រឹះស្ថានផងនោះ ទើបបានឆ្លងទៅបណ្ណាល័យជាតិ ដើម្បីបានលេខកូដ ISBN សម្គាល់សៀវភៅនិងបាកូដ។ ជាសៀវភៅដែលបោះពុម្ពក្រោមការត្រួតពិនិត្យ និងចាត់ចែងផ្ទាល់របស់ “គ្រឹះស្ថានបោះពុម្ពផ្សាហាតប៊ុក” និងបញ្ជូនទៅកាន់ប្រិយមិត្តអ្នកអានដោយគ្រឹះស្ថាននេះផ្ទាល់ដូចគ្នា។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកមានអ្វីបន្ថែម សម្រាប់ជាយោបល់ជូនអ្នកមានបំណងចង់សរសេរសៀវភៅដែរឬទេ?
លោក រឺន សីហា ៖ ខ្ញុំបាទស្នើដល់អ្នកមានបំណងចង់សរសេរសៀវភៅ គួរចាប់ផ្តើមដោយការអានឱ្យបានច្រើន សរសេរឱ្យបានច្រើន គ្រប់វិធីសាស្រ្ត និងគ្រប់មធ្យោបាយ ហើយឈរលើគោលជំហរចែករំលែកចំណេះដឹងពិត និងជួយជ្រោមជ្រែងលើកកម្ពស់ការអានទាំងអស់គ្នា ដើម្បីប្រទេសជាតិដ៏រុងរឿងមួយនេះ។
លោក រឺន សីហា អ្នកនិពន្ធ និងរៀបរៀងចងក្រងសៀវភៅឆ្នើមមួយរូបនៅកម្ពុជា
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា បច្ចុប្បន្ន លោក រឺន សីហា គឺជាទីប្រឹក្សាគ្រឹះស្ថានហាតប៊ុក និងជាអ្នករៀបរៀងសៀវភៅដ៏ឆ្នើមមួយរូបប្រចាំគ្រឹះស្ថានហាតប៊ុក។ លើសពីនេះ លោកក៏ជាប្រធាននាយកប្រតិបត្តិការ (CEO) របស់ ក្រុមហ៊ុនអចលនទ្រព្យ ATSOLUTIONS ដែលជាក្រុមហ៊ុនដ៏ល្បីមួយនៅកម្ពុជានាពេលបច្ចប្បន្ននេះផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពីប្រទេសចិន និងបានបំពេញការងារនៅក្រុមហ៊ុនឯកជនជាច្រើនឆ្នាំមកហើយ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា តើទឹកដៃក្នុងការសរសេរ និងរៀបរៀងចងក្រងសៀវភៅរបស់លោកមានលក្ខណៈ ល្អយ៉ាងណាខ្លះនោះ លោកអ្នកអាចរកជាវសៀវភៅរបស់លោកទាំងឡាយដូចដែលបានរៀបរាប់ខាងលើ នៅតាមបណ្ណាគារធំៗក្នុងក្រុងភ្នំពេញដូចជា បណ្ណាគារអន្តរជាតិ, សន្តិភាព, បាក់ទូក, អង្គរធំ, នគរធំ, ប្រជាប្រិយ, ពិភពលោក, ណូវែល, អង្គរ, តូបលក់សៀវភៅផ្សារអូរឫស្សី, តូបលក់សៀវភៅមុខសាលាដូនពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង, សៀមរាប, បន្ទាយមានជ័យ តាកែវ, កំពង់ឆ្នាំង , ឧត្តរមានជ័យ, រតនៈគិរី និង ស្ទឹងត្រែង ជាដើម ឬក៏លោកអ្នកអាចទំនាក់ទំនងទិញតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថានហាតប៊ុក https://www.facebook.com/HeartBookCambodia/ ឬគេហទំព័រផ្លូវការរបស់គ្រឹះស្ថានហាតប៊ុក heartbookcambodia.com ក៏បាន នោះលោកអ្នកមុខជាមិនខកបំណងឡើយ។ សូមអរគុណ៕
អត្ថបទ និងរូបភាពផ្ដល់ដោយ ៖ លោក ឈុំ សីហា / រក្សាសិទ្ធិដោយ ៖ cambowriter.com