គង់ ច័ន្ទវ៉ាន់ណេង អ្នកនិពន្ធវ័យក្មេងល្បីឈ្មោះ តែលាក់មុខ

  • September 24th, 2019

បច្ចុប្បន្ន​វិស័យតែងនិពន្ធ​នៅ​កម្ពុជាមានការរីកចម្រើនគួរឱ្យកត់​សម្គាល់​យ៉ាង​ខ្លាំង ព្រោះ​មួយ​រយៈចុង​ក្រោយ​នេះ​ឃើញ​ថា​អ្នក​និពន្ធ​កម្ពុជា​ម្នាក់ៗ​ហាក់​ខ្នះ​ខ្នែង​ខិត​ខំ​ប្រឹង​ប្រែង​​តែង​និពន្ធ​បញ្ចេញ​នូវ​ស្នាដៃ​ថ្មីៗ​ស្ទើរគ្រប់​ផ្នែក​ ក្នុង​នោះការ​និពន្ធ​បោះ​ពុម្ព​ជា​​សៀវភៅ​ថ្មីៗហាក់​មាន​​សន្ទុះ​ផុស​ផុល​ខ្លាំង​ជាង​គេ ជាពិសេស​សៀវភៅផ្នែក​​ប្រលោមលោកនិង​ចំណេះដឹងផ្សេងៗ ដែល​សុទ្ធសឹង​តែ​ជា​ស្នាដៃ​ដែល​មាន​ប្រយោជន៍​ចំពោះ​ប្រិយមិត្ត​អ្នក​អានទាំងអស់ ហើយ​អ្វីដែល​គួរកត់​សម្គាល់​បំផុត​​នោះ ​គឺការលេចឡើងនូវ​វត្តមាន​របស់អ្នក​និពន្ធកម្ពុជា​ថ្មីៗវ័យ​ក្មេងប្រកបដោយសមត្ថភាព​​ទេពកោសល្យ​ជាច្រើនរូប  ដែល​ការណ៍នេះ​រឹត​តែ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​បច្ចុប្បន្ន​យ៉ាង​ប្រាកដ។

គង់ ច័ន្ទវ៉ាន់ណេង គឺជា​ឈ្មោះផ្លូវការរបស់​ អ្នក​និពន្ធ សេន គឹមណេង, កើតឆ្នាំ១៩៩៦ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល, មានឪពុកឈ្មោះ គង់ សំរេច ជាអតីតគ្រូបង្រៀន (បច្ចុប្បន្នចូលនិវត្តន៍) និងម្ដាយឈ្មោះ ធូ គីម ជាមេផ្ទះ។ កញ្ញា​មានបងប្អូនបង្កើត​ចំនួន​៥នាក់ ស្រី៤នាក់​ ប្រុស១នាក់​ ដោយ​កញ្ញា​ជាកូនពៅ​ក្នុង​គ្រួសារ។​ បច្ចុប្បន្ន​ កញ្ញា​គឺជាអ្នក​និពន្ធកម្ពុជា​វ័យក្មេងពោរពេញ​ដោយសមត្ថភាព​ទេពកោសល្យ​ក្នុង​ការ​តែង​និពន្ធ​មួយ​រូប ដែល​គ្រប់​ស្នាដៃ​និពន្ធ​របស់កញ្ញាទទួលបាន​ការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​​អ្នក​អាន​យ៉ាង​ខ្លាំង  តែ​អ្វីដែល​ធ្វើ​ឱ្យ​ប្រិយមិត្ត​ជា​ច្រើន​តែង​ងឿង​ឆ្ងល់​នោះ គឺ​តើ​អ្នក​និពន្ធ​ឈ្មោះ​នេះ​ជា​នរណា? ​មាន​ប្រភព​​មកពីណា? និងមាន​មុខមាត់​បែបណា? ដោយសារតែ​​និពន្ធរូប​នេះ​តែង​លាក់មុខ​រហូត​មក ដោយ​មិនដែល​​​បង្ហាញ​មុខលើ​សារព័ត៌មាន​​ឱ្យ​នរណា​ម្នាក់​បាន​ដឹងឈ្មោះ​និងស្គាល់មុខមាត់​ម្ដង​ណា​ឡើយ។ ហេតុនេះហើយ​ ការណ៍​ដែល​កញ្ញា​យល់​ព្រម​ផ្ដល់​បទសម្ភាសន៍​ដល់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ​ផ្សព្វ​ផ្សាយ​ឱ្យ​សាធារណៈជន​បាន​ដឹង​នៅពេលនេះ​ គឺជា​ការ​ផ្ដល់​តម្លៃមួយ​ខ្លាំងណាស់សម្រាប់​គេហទំព័រ​យើង​ខ្ញុំ ព្រោះ​យើងខ្ញុំ​​ជឿ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​មានប្រិយមិត្ត​អ្នក​គាំទ្រ​ស្នាដៃនិពន្ធ​​របស់​កញ្ញា​​មិន​តិចទេដែលចង់ដឹងច្បាស់ពីកញ្ញា។ 

ទាក់​ទង​នឹង​​មូលហេតុមួយនេះ មិន​បង្អង់​យូរកញ្ញា​ក៏បាន​បង្ហាញពីហេតុផលឡើងថា “ការពិតនាង​ខ្ញុំលាក់មុខយូរឆ្នាំហើយ មិនហ៊ានចេញមុខនោះទេ ហើយនេះក៏ជាហេតុផលដែលនាងខ្ញុំប្រើឈ្មោះ សេន គឹមណេង ជំនួសឱ្យឈ្មោះពិតដែរ តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅពេលដែល​ស្នាដៃ​របស់​នាង​ខ្ញុំ​កាន់តែមាន​អ្នក​ទទួល​ស្គាល់ កាន់តែ​មាន​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ដែល​ស្គាល់​នាង​ខ្ញុំ​ច្បាស់​ ជាពិសេស​ឪពុកម្ដាយ​ញាត់មិត្ត​ក្រុម​គ្រួសារ​បង​ប្អូន​ ទើបនាង​​ខ្ញុំមានកម្លាំងចិត្តគ្រប់គ្រាន់ហ៊ាន​បញ្ចេញ​ឈ្មោះ​និង​មុខ​មាត់​ពិត​លើគេហទំព័រអ្នកនិពន្ធកម្ពុជា​នៅ​ពេល​នេះ បង្ហាញអ្នកទាំងអស់គ្នាដឹងច្បាស់ថា សេន គឹមណេង គឺមាន​​មុខមាត់​បែបនេះឯង។”  

ពាក់ព័ន្ធនឹងដំណើរលើ​វិថី​តែង​និពន្ធ​​​របស់​អ្នក​និពន្ធ​វ័យក្មេងល្បី​ឈ្មោះ​​​លាក់​មុខម្នាក់​នេះ កញ្ញា​បាន​បន្ត​និយាយ​រៀបរាប់ទាំង​ញញឹម​ស្រស់ថា “ដើម​ឡើយនាងខ្ញុំមិនដែលដឹងថា ខ្លួនឯងចូលចិត្តនិពន្ធ ឬអាចតែងនិពន្ធបាននោះទេ ព្រោះកាលនោះខ្ញុំចូលចិត្តគូរគំនូរជាង។ នាងខ្ញុំក៏ធ្លាប់ប្រឡងគូរគំនូរសម្រាប់កុមារស្ដីពីការថែរក្សាស្រទាប់អូហ្សូន រហូតទទួលបានជ័យលាភីលេខ២ទូទាំងរាជធានីទៀតផង។ កាលនៅជាកុមារ ការគូររូបគឺជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ។ ក្រៅពីនោះ ការអានសៀវភៅរឿងនិទានគឺជាចំណង់ចំណូលចិត្តបន្ទាប់បន្សំប៉ុណ្ណោះ។ រហូតដល់អាយុ១២ឆ្នាំ និងកំពុងសិក្សាថ្នាក់ទី៦ បងស្រីរបស់នាងខ្ញុំបានខ្ចីសៀវភៅប្រលោមលោកពីមិត្តរបស់គាត់ដែលជាស្នាដៃរបស់អ្នកស្រី ម៉ៅ សំណាង ចំណងជើងថា «ឋានសួគ៌សាងបាប»។ នាងខ្ញុំឆ្ងល់ជាខ្លាំងថានោះជាសៀវភៅអ្វី ហេតុអ្វីក៏ក្រាស់ម្ល៉េះ ហើយគ្មានរូបគំនូរដូចសៀវភៅរឿងនិទានដែលខ្ញុំធ្លាប់អានសោះ? នាងខ្ញុំចាប់ផ្ដើមអាន ទម្រាំចប់ចំណាយពេលដល់ទៅ២ខែ។ ក្រោយមក នាងខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើសាច់រឿង ហើយចាប់ផ្ដើមចូលចិត្តប្រលោមលោក។ ខ្ញុំចាប់ផ្ដើមយកសៀវភៅសរសេរចាស់ៗដែលសល់ទំព័រ យកមកសរសេរប្រលោម​លោកដោយខ្លួនឯងនៅអាយុ១២ឆ្នាំ ហើយមានមិត្តភ័ក្ដិរៀនសាលាអង់គ្លេសជាមួយគ្នា ជាអ្នកជួយអាន ជួយគាំទ្រ។ ចាប់តាំងពីនោះមក ខ្ញុំចូលចិត្តសរសេររឿង ហើយអានរឿងប្រលោមលោកពេលទំនេរពីការសិក្សា។” 

សៀវភៅថ្មីរបស់ អ្នកនិពន្ធ សេន គឹមណេង

កញ្ញា​បាន​បន្ថែមពាក់ព័ន្ធនឹងការ​​តែង​និពន្ធ​របស់​កញ្ញា​បន្ត​ទៀតថា “ខ្ញុំបានបោះពុម្ពផ្សាយស្នាដៃរឿងខ្លីៗជាមួយនឹងយុវវជនមួយក្រុមនៅអាយុ ១៥ឆ្នាំ (ថ្នាក់ទី៩) ហើយក៏បន្តទម្លាប់នេះជាបន្តបន្ទាប់ តែ​ការសរសេររឿងរបស់នាងខ្ញុំ ពុំបានទទួលការបណ្ដុះបណ្ដាលជាផ្លូវការនោះទេ ដោយ​នាងខ្ញុំរៀនសូត្រតាមរយៈការអានស្នាដៃរបស់អ្នកនិពន្ធរៀមច្បងផ្សេងៗ និងបង្កើតរសនិយមថ្មីមួយសម្រាប់ស្នាដៃខ្លួនឯង ហើយរហូត​​មកទល់ពេលនេះ នាងខ្ញុំនិពន្ធបានជិត២០ចំណងជើងហើយ រួមមានដូចជារឿង “គ្មានថ្ងៃឈប់ស្រឡាញ់បង” (បោះពុម្ពឆ្នាំ ២០១៨), “បុគ្គលជោគជ័យ” (បោះពុម្ពឆ្នាំ ២០១៨​ ជាមួយសមូហកម្មមន្តទឹកខ្មៅ ក្នុងសៀវភៅព្រៃរំដួល), “បេះដូងមួយនេះ” (ត្រៀមចេញផ្សាយខែតុលាខាងមុខ), “មាសជ្រលក់” (ត្រៀមចេញផ្សាយជាមួយសមូហកម្មមន្តទឹកខ្មៅ ក្នុងសៀវភៅខ្មាសខ្លួនឯង), “ការផ្ដល់សេវាសាធារណៈល្អ ជួយប្រឆាំងនឹងអំពើពុករលួយ (ជយលាភីលេខ៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ) និង​ស្នាដៃផ្សេងៗចេញផ្សាយលើប្រលោមលោក Sabay មានដូចជា “គ្រាប់ពេជ្រ” “ធ្វើប្រពន្ធបងទេមីង” “ថ្ងៃដែលបងស្រឡាញ់អូន” “ស្នាមថើមលើបេះដូង” “ភូមិគ្រឹះជំទាវស្រង់” “ម្នាក់ប្រុសនេះជាអ្នកណា” “ម្នាក់នេះជាមនុស្សដែលខ្ញុំស្រឡាញ់” “មើលព្រះចន្ទ” “មនុស្សស្មោះចេះក្បត់” អរគុណដែលអ្នកចាកចេញ” “សង្សារចាស់” កូនគ្រូបង្រៀន” និងមាន​ស្នាដៃផ្សេងៗទៀត​ចេញផ្សាយលើទំព័រ iRead រឿង “ស្រឡាញ់បងនិស្សិតច្បាប់” និង “ខ្ញុំស្រឡាញ់នាងតើយ៉ាងម៉េច” ជាដើម។” 

ខាង​លើ​គឺ​ជា​ការ​រៀប​រាប់​របស់​ អ្នកនិពន្ធ​ ​សេន គឹមណេង អំពី​ស្នាដៃ​តែង​និពន្ធដែល​​កញ្ញា​សម្រេច​បាន​កន្លង​មក  ដែល​ចំនួន​នេះ​ពិតជា​មិន​ធម្មតា​ឡើយ​សម្រាប់​អ្នក​និពន្ធវ័យ​ក្មេង​បែប​នេះ ព្រោះជាការ​បញ្ជាក់​ឱ្យ​ឃើញថា កញ្ញា​ពិតជា​មាន​សមត្ថភាព​ទេពកោសល្យ​ក្នុង​ការ​តែង​និពន្ធ​មិន​ធម្មតាឡើយ។ ​ជាចុង​បញ្ចប់កញ្ញា​ក៏បាន​សម្ដែង​នូវ​ពាក្យ​ក្នុង​ចិត្ត​ដូច្នេះថា “ជា​ចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកអានដែលតែង​តែគាំទ្រស្នាដៃរបស់​នាង​ខ្ញុំ​ និង​សូមអរគុណដល់អ្នកនិពន្ធ​រៀមច្បងទាំង​ឡាយផងដែរ ​ដែលបាន​ជួយបង្ហាត់បង្ហាញជម្រុញលើកទឹកចិត្តដល់​រូប​នាង​ខ្ញុំ​កន្លង​មក ដូចជា អ្នកគ្រូ ប៉ិច សង្វាវ៉ាន, អ្នកស្រី អ៊ុច ថាវី, អ្នកស្រី ម៉ីសន សុធារី, លោក ខាត់ វីរៈ, លោក លី សុផាត, អ្នកស្រី សរ សុគន្ធី, លោក ឡឹក ជំនោរ, លោក ឃុត សុខឿន, កញ្ញា គឹម ឌីណា, លោក កែវ សេងរដ្ឋា, កញ្ញា ម៉ាលីន, លោក គី ពិសិដ្ឋ និង​អ្នកស្រី ម៉ៅ សំណាង ដែលបានសរសេរប្រលោមលោកជាច្រើនសម្រាប់យុវវ័យដូចជារូបនាងខ្ញុំអាន បើថ្ងៃនោះ! ខ្ញុំមិនអានស្នាដៃរបស់អ្នកស្រីទេ ថ្ងៃនេះក៏ខ្ញុំមិនមែនជាអ្នកនិពន្ធម្នាក់ដែរ។ ជាពិសេស​បំផុត នាង​ខ្ញុំ​សូមគោរព​ដឹង​គុណយ៉ាង​ជ្រាល់​ជ្រៅដល់ក្រុមគ្រួសារ លោកឪពុកអ្នកម្ដាយ ដែលព្រមឱ្យកូនដើរលើវិស័យដែលកូនចង់ដើរ បើទោះជាពួកលោកមិនយល់ថាវិស័យតែងនិពន្ធមានរសជាតិយ៉ាងម៉េចក៏ដោយ ក៏ពួកលោកមិនដែលហាមឃាត់ មាន​តែលើកទឹកចិត្តកូនជានិច្ច និង​សូម​ថ្លែង​អំណរដល់គេហទំព័រអ្នកនិពន្ធកម្ពុជា ដែល​បាន​ផ្ដល់​កិត្តិយស​សម្ភាសន៍​រូប​នាង​ខ្ញុំនៅ​ពេលនេះ!” 

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា កញ្ញា​ សេន គឹមណេង មាន​​ឈ្មោះផ្លូវការថា​ គង់ ច័ន្ទវ៉ាន់ណេង ​កញ្ញា​គឺ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ប្រកបដោយ​សមត្ថភាព​ទេពកោសល្យ​ពីធម្មជាតិមួយរូប ដែល​តែង​តែ​លាក់​មុខ​និង​ឈ្មោះ​ពិតរបស់ខ្លួនរហូតមក។ កញ្ញា​​មាន​ប្រភពចេញ​ពីស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នក្រៅពីមាន​អាជីពតែងនិពន្ធ កញ្ញា​គឺ​ជាអ្នកសរសេរអត្ថបទពាណិជ្ជកម្ម (Copywriter) នៅក្រុមហ៊ុនឯកជនមួយកន្លែង។ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កញ្ញា​នឹងបញ្ចេញ​ស្នាដៃ​ជា​សៀវភៅ​ចំនួន​ពីរ ទី១សៀវភៅ​មាន​ចំណង​ជើងថា ​​“បេះដូងមួយនេះ” ត្រៀមចេញផ្សាយនាខែតុលាខាងមុខ និង​រឿង “មាសជ្រលក់” ត្រៀមចេញផ្សាយជាមួយ “សមូហកម្មមន្តទឹកខ្មៅ” ក្នុងសៀវភៅ “ខ្មាសខ្លួនឯង”។ ដូច្នេះ​ប្រសិនបើ​លោក​អ្នក​ចង់ដឹងកាន់តែ​ច្បាស់ថា តើ​ស្នាដៃ​ថ្មីៗ​ចុង​ក្រោយ​របស់​កញ្ញា​​ មាន​អត្ថន័យ ខ្លឹមសារ និង​មាន​លក្ខណៈ​​យ៉ាង​ណាខ្លះ​នោះ សូម​កុំភ្លេចរង់ចាំ​តាម​ដាន​ជាមួយ​គេហទំព័រ​យើង​ខ្ញុំ​ជា​បន្ត​ទៀតណា៎ ដោយ​យើង​ខ្ញុំ​សន្យាថា នឹង​ផ្សាយ​លម្អិតជូន​លោក​អ្នក​ឱ្យបាន​ដឹង​នៅ​ពេល​បន្ទាប់​ឆាប់ៗ​ខាង​មុខនេះយ៉ាង​ប្រាកដ។​ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / ប្រភពរូប ៖ គង់ ច័ន្ទវ៉ាន់ណេង និង CHAN Media / រក្សាសិទ្ធិ ៖ cambowriter.com

 

 


error: អត្ថបទរក្សាសិទ្ធ !!