លោក លី ស៊ីនហួន អ្នកនិពន្ធល្បីឈ្មោះ អតីតអ្នកបួសនៅបាត់ដំបង

  • February 29th, 2020

ប្រិយមិត្តច្បាស់ជាធ្លាប់បានស្គាល់អត្ថបទល្អៗ កំណាព្យពីរោះៗ និងបទចម្រៀងល្បីៗពីអ្នកនិពន្ធកម្ពុជា​យើងជាច្រើនមកហើយ។ តែ​ថ្ងៃនេះដែរ “គេហទំព័រអ្នកនិពន្ធកម្ពុជា” យើងខ្ញុំ សូមលើកយកអ្នកនិពន្ធដ៏មានទឹកដៃល្អសម្បូរបែបមួយរូប មកបង្ហាញឱ្យ​មិត្តអ្នកអានបាន​ដឹងគឺ លោក លី ស៊ីនហួន (វណ្ណា) មាន​នាមប៉ាកកាថា “មាសស”“ឆ្មាំសន្តិភាព” ។ លោកកើតនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ មាន​ឪពុកឈ្មោះ យក់ វ៉ែន និងម្តាយឈ្មោះ សន ស៊ឹង ជាកសិករ។ លោកជាកូនពៅក្នុង​គ្រសារ​ ដែលមានបងប្អូនបង្កើត​ចំនួន៧នាក់ក្នុងបន្ទុក។ បច្ចុប្បន្ន​ លោកជាអ្នកនិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងសំខាន់មួយរូបនៅក្នុង ផលិតកម្ម ហង្សមាស និង រស្មីហង្សមាស ដែលជាផលិតកម្ម​ល្បីឈានមុខគេក្នុងប្រទេស​កម្ពុជា​សព្វថ្ងៃ។

លោក លី ស៊ីនហួន អ្នកនិពន្ធកម្ពុជាល្បីឈ្មោះមួយរូបបច្ចុប្បន្ន

លោក លី ស៊ីនហួន ធ្លាប់បួសរៀននៅវត្តជិតភូមិកំណើតនៅឆ្នាំ១៩៩៧ និងសឹកមកវិញក្នុង​ឆ្នាំ២០០៧។ វាជារឿងកម្របំផុតមួយ ដែលមានអ្នកនិពន្ធធ្លាប់បួសរៀននៅ​សាលាវត្ត ធំធាត់ឡើងជាព្រះសង្ឃមិនដែលភ្លេចគុណសាសនា ទោះបីជាបានសឹកហើយ ក៏លោកនៅតែបន្តរក្សាស្រឡាញ់អភិរក្សអក្សរសិល្បិ៍ខ្មែរ ដោយចាប់យកអាជីពជាអ្នកនិពន្ធអត្ថបទនិងបទចម្រៀង ដើម្បីបម្រើអារម្មណ៍មហាជនរហូត​មក​ទល់​បច្ចុប្បន្ន។ លោកបាននិពន្ធបទចម្រៀងជាច្រើន និងសៀវភៅ ដែលធ្លាប់បានជាប់លាភីផ្នែកកំណាព្យ “ដង្កូវបង្គន់” និង “គុណបង” ក្នុងកម្មវិធី​អក្សរសិល្បិ៍ របស់​សមាគម នូ ហាច ។ លោកចេះនិពន្ធច្រៀងបែប​កម្សាន្តតាំងពីរៀនថ្នាក់ទី៥មក​ម្ល៉េះ និង​ឆាប់​ផ្ដើម​ប្រឡូកជាផ្លូវការ​ក្នុង​វិស័យតែងនិពន្ធ​កម្ពុជា​ នៅពាក់កណ្តាលឆ្នាំ២០០៧(ក្រោយពេល​លោកសឹក)ចូលធ្វើការងារ​ផ្នែក​កាសែតទស្សនាវដ្តី ដល់​ចុងឆ្នាំ២០០៧ ទើបលោក​ចូលធ្វើការនៅ ផលិត​កម្មហង្សមាស តែម្តង។ ក្នុងជាជីពជាអ្នក​និពន្ធ​​ទំនុក​ច្រៀងរបស់លោក លោក​ធ្លាប់បាន​និពន្ធ​នូវ​​ទំនុក​ច្រៀងជាច្រើន ហើយបទដំបូងៗដែលលោកនិពន្ធ​មានដូចជា “បេះដូងដាំពេជ្រ” “អូនថាអាណិត” “លើសពីអាណិត” និង “ប្អូនស្រី” ជាដើម ដែល​បទ​ទាំងអស់​នេះ​សុទ្ធតែ​ទទួលបាន​ការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​ស្ដាប់​យ៉ាង​ខ្លាំង។ លើស​ពីនេះ ក៏នៅមាន​បទល្បីៗ​ជាច្រើនទៀតដែល​ជាស្នាដៃ​និពន្ធ​របស់​លោក ដូចជា “ផែនដីមួយមនុស្ស២នាក់” “បងក្រមិនសមគិតពីអនាគតអូន” “ឈឺចាប់២ដងបានហើយ” “ចង់បានភាពកក់ក្តៅពីបង” “ស្អប់ទាំងដានជើងបង” “បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ” “ប្រពន្ធអូនលំបាកហើយ” ជាពិសេសបទ “មាតាដៃ១០០” គឺ​រឹតតែ​ទទួលបានការគាំទ្រលើស​លប់​ណាស់​ទៀត សូម្បីតែអ្នកក៏ខ្ញុំជឿថា ធ្លាប់ស្ដាប់ និងពេញចិត្ត​បទចម្រៀងដ៏មាន​អត្ថន័យនេះដែរ។

លោក លី ស៊ីនហួន កាលនៅបួស

ទាក់ទង​នឹង​ការ​និពន្ធ​បទ​ចម្រៀងនេះ លោក លី ស៊ីនហួន ក៏បាន​បង្ហាញ​ប្រាប់​ដល់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “សម្រាប់ឱកាសចូលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី២០២០​ខាងមុខនេះ បងប្អូនខ្មែរ​ប្រុសស្រីក្មេងចាស់ទាំងអស់ មុខជា​បានរាំ​សប្បាយរីករាយ​ជាមួយ​បទ “កូនយំល្វើយៗ” ​បកស្រាយដោយ លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ដ៏ល្បីល្បាញ ដែល​និពន្ធ​ទំនុក​ច្រៀង​ដោយ​រូបខ្ញុំបាទជាក់ជាមិនខាន ព្រោះ​បទនេះកំពុងល្បីពេញស្រុកពេញភូមិទៅហើយសព្វថ្ងៃ គឺ​តាំង​ពីចេញដំបូងមកម្ល៉េះ! និង​នៅមានបទពីរោះៗសប្បាយៗ​មួយចំនួនទៀត ដូចជាបទ “ស៊ីអំបិលដដែល” “លួចហូបបាយក្រៅ” និង “កង់បីសង្ហា” ជាដើម ក៏​សុទ្ធសឹងជាបទកំពុងតែ​ពេញនិយមចាក់កងរំពងគ្រប់ទីកន្លែងដូច​គ្នា។” ជាមួយគ្នានេះដែរ លោក លី ស៊ីនហួន ក៏បាននឹង​កំពុងតែនិពន្ធបទ គុនបុរាណខ្មែរ(ល្បុកត្តោ) សម្រាប់ចាក់អមមុនពេលប្រដាល់ផងដែរ មានចំណងជើងថា “ពន្លកគុនខ្មែរ” ដែល​យើង​ខ្ញុំ​ជឿថា មុខជាទទួលបានការគាំទ្រមិនស្ទើរឡើយ ពេលដែល​ផ្សព្វផ្សាយ​ចេញជាផ្លូវការ។

លោក លី ស៊ីនហួន ក្នុងសកម្មភាពការងារ

ក្នុង​នាម​ជាអ្នក​និពន្ធ​ច្រៀង​ដ៏ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន លោក លី ស៊ីនហួន បានចែករំលែក​ជាចំណេះដឹង​ក្នុងការនិពន្ធចម្រៀងយ៉ាង​ដូច្នេះថា “ដើម្បី​អាច​សរសេរ​បទ​ចម្រៀង​បានល្អ ចាំបាច់​ត្រូវប្រកបអង្គ៦ ដូចជា ទី១ ភាសាស្នេហ៍ គឺមានចុងចួនរណ្តំឆ្លងវគ្គឃ្លា ពាក្យពេចន៍ផ្អែមទន់ មនោសញ្ចេតនា និងការលេងពាក្យ, ទី២ ទស្សនវិជ្ជា គឺមានការយល់ឃើញច្រើន សិក្សានិងស្រាវជ្រាវ, ទី៣ ទស្សនវិភាគ គឺចេះវិភាគប្រៀបធៀបមនុស្សសត្វ រុក្ខជាតិ ពណ៌សម្បុរ វត្ថុផ្សេងៗទៅនឹងចិត្តបេះដូង ហើយជួបបែកល្អអាក្រក់ ត្រូវយកអ្វីមកប្រៀបមកបញ្ជាក់, ទី៤ វប្បធម៌ គឺ​យើងត្រូវ​ដឹងពីការសាបព្រោះនូវជំនឿ ប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍, ទី៥ ប្រវត្តិសាស្ត្រ គឺ​ត្រូវចេះយល់ដឹងឱ្យបាន​ទូលំទូលាយទាំងជាតិនិងអន្តរជាតិ, និងទី៦ចុងក្រោយ ការវាស់វែង គឺត្រូវ​ចេះថ្លឹងថ្លែង គិតពិនិត្យមុននឹងសម្រេច ខ្លាចក្រែងខុសឆ្គងខ្វះខាត ឬប៉ះពាល់ដល់អ្វីមួយនាំ​ឱ្យ​សោកស្តាយ។” នេះ​ហើយ​ជា​អ្វី​ដែល​លោក​អ្នក​ចាំបាច់​ត្រូវ​តែ​ចេះ ប្រសិនបើ​ពិតជាចង់​ក្លាយជាអ្នក​និពន្ធ​ចម្រៀង​ដ៏ឆ្នើមមួយរូប​ដូចជា​លោក។

លោក លី ស៊ីនហួន និងមិត្តរួមអាជីពល្បីៗ

លី ស៊ីនហួន និងមិត្តៗសិល្បករសិល្បការិនីក្នុងកម្មវិធីមួយ

ជាចុងក្រោយ​ លោក លី ស៊ីនហួន បានបញ្ជាក់​ពាក់​ព័ន្ធ​នឹងការ​និពន្ធ​ចម្រៀង​របស់​លោក​ថា “ខ្ញុំមិនបោះបង់ចោលទេ បើទុកណាវិស័យតែងនិពន្ធនេះ ពុំសូវមានតម្លៃនៅឡើយក៏ដោយ ក៏ខ្ញុំមិនទម្លាក់ចោលដែរ ព្រោះយើងមានគោលដៅមួយ គឺចង់ឱ្យ​អ្នកស្តាប់យល់ដឹងតាមការបញ្ជ្រាបពាក្យពេចន៍បង្កប់ការអប់រំនិងចំណេះខ្លះៗនៅក្នុងបទចម្រៀង និងក្នុងអត្ថបទនានាផងដែរ។ ហើយ​ជាចុងក្រោយនេះ ខ្ញុំសូមសំណូមពរសុំឱ្យ​ពលរដ្ឋខ្មែរងាកមកអានសៀវភៅពេលទំនេរពីការងារ ទោះមានពេលតិចក៏ដោយ និង​សូមអរគុណបងប្អូនពុកម៉ែយ៉ាង​ខ្លាំង ដែល​តែងតែ​គាំទ្រនូវរាល់ការនិពន្ធរបស់ខ្ញុំកន្លងមក ព្រោះ​បើ​គ្មាន​ពុកម៉ែបងប្អូនក៏ខ្ញុំគ្មាន​ថ្ងៃ​នេះដែរ។”

លោក លី ស៊ីនហួន ក្នុងសកម្មភាពមនុស្សធម៌មួយជាមួយក្មេងៗក្រីក្រ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក លី ស៊ីនហួន មាន​ឈ្មោះហៅក្រៅ “វណ្ណា” និងមាននាមប៉ាកកាថា “មាសស”“ឆ្មាំសន្តិភាព” ។ លោក​ជាអ្នក​និពន្ធ​កម្ពុជាមួយរូបដែលមាន​ប្រភព​ចេញពីខេត្តបាត់ដំបង ដោយ​ធ្លាប់បួសរៀនទទួលការអប់រំពីសំណាក់វត្តក្នុងភូមិអស់ជា​ច្រើនវស្សា ទើបសឹកឈោងចាប់យកអាជីពជាអ្នកនិពន្ធរហូត​មកទល់​សព្វថ្ងៃ។ បច្ចុប្បន្ន លោកជាអ្នកនិពន្ធចម្រៀងដ៏ល្បីមួយរូប​ប្រចាំ​ ផលិតកម្ម ហង្សមាស ដែលជាផលិត​កម្ម​ល្បី​ជាងគេក្នុង​ប្រទេសកម្ពុជាសព្វថ្ងៃ។ ក្រៅ​ពីអាចនិពន្ធចម្រៀងបានយ៉ាងល្អ លោកក៏អាច​មាន​សមត្ថភាព​និពន្ធ​នូវផ្នែក​ផ្សេងៗទៀតបាន​យ៉ាង​ល្អផងដែរ ដូចជា កំណាព្យ និងអត្ថបទអប់រំផងដែរ។ ជាពិសេសបំផុតនោះ លោកគឺជាបុគ្គលមួយរូបដែលចូលចិត្តធ្វើសកម្មភាពមនុស្សធម៌យ៉ាងខ្លាំង។ សូមអរគុណ៕

អត្ថបទ ៖ សាន្ត ឫទ្ធិស័ក្តិ / រូបភាព ៖ លី ស៊ីនហួន / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!