អ្នកនិពន្ធ យូ សុភា បង្ហាញគន្លឹះសរសេររឿងដាក់ប្រឡងឱ្យទទួលបានជោគជ័យ

  • August 19th, 2019

លោក យូ សុភា កើតឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ, លោកមានឪពុក ឈ្មោះ យូ វណ្ណថៃ និង​​​​ម្ដាយ​ ឈ្មោះ ជេត វណ្ណបូផា, លោកមានបងប្អូនចំនួន៨នាក់ ប្រុស៧នាក់ ស្រីមួយនាក់ ដោយលោក​ជាកូនច្បងក្នុង​គ្រួសារ។ លោក​គឺ​អ្នក​​និពន្ធ​កម្ពុជា​ដ៏​ឆ្នើមនិង​ជោគជ័យ​មួយរូប ដែល​កម្រង​នឹង​មាន​អ្នក​និពន្ធកម្ពុជា​​រូបណាអាច​សម្រេច​បាន​ដូចជា​រូប​លោក​ណាស់ ព្រោះ​លោក​គឺ​ជា​អ្នក​និពន្ធនៅ​កម្ពុជា​​​នាពេល​បច្ចុប្បន្ន​​តែ​ម្នាក់​គត់ ដែល​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ជាប់​ទទួល​បាន​ពាន​រង្វាន់​ជ័យលាភីច្រើនជាង​គេបំផុត គឺ​​ច្រើន​​គួរ​ឱ្យ​ស្ញប់​ស្ញែង​តែម្ដង ដោយ​ក្នុង​នោះ​ ពានរង្វាន់ និងរង្វាន់ដែល​លោក​ធ្លាប់ទទួលបាន រួមមានដូចជា ៖ ​​

១ / ប្រលោមលោក រឿង “កុលស្រ្តី” ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ចំណាត់ថ្នាក់លេខពីរ

២ / ប្រលោមលោក រឿង “៣បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់

លេខពីរ (គ្មានលេខមួយ)

៣ / ប្រលោមលោក រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុតន្តប្រិយជាឥន្ទ ចំណាត់ថ្នាក់លេខមួយ

៤ / ប្រលោមលោក រឿង “ទោះសុរិយានៅតែរះ” ពានរង្វាន់សម្តេចព្រះសង្ឃរាជជួនណាត

ចំណាត់ថ្នាក់លេខពីរ (គ្មានលេខមួយ)

៥ / ប្រលោមលោក រឿង “គ្មានទៀតឡើយ” ពានរង្វាន់ឧកញ៉ាវិបុលរាជនូកន ចំណាត់

ថ្នាក់លេខមួយ

៦ / ប្រលោមលោក រឿង “មិនអាចខ្វះបាន” ពានរង្វាន់ព្រះមុនីកោសល្យសូរហាយ ចំណាត់

ថ្នាក់លេខមួយ

៧ / រឿងខ្លី រឿង “ស្នេហ៍ដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខមួយ

៨ / រឿងខ្លី រឿង “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខមួយ

៩ / រឿងខ្លី រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខមួយ

១០ / រឿងខ្លី រឿង “ម៉ែឈប់ខ្លាចទៅ” ចំណាត់ថ្នាក់លេខមួយ

១១ / រឿងខ្លី រឿង “បរិញ្ញាប័ត្រខ្ញុំ” ចំណាត់ថ្នាក់លេខពីរ

ក្រៅពីនេះ ក៏នៅមានអត្ថបទវិភាគមួយចំនួនទៀតដែលលោក​ទទួលបានចំណាត់ថ្នាក់លេខមួយ និង​ធ្លាប់​ទទួល​បាន​មេដាយការងារពីរាជរដ្ឋាមួយចំនួនទៀតផងដែរ តាម​រយៈ​សមិទ្ធ​ផល​ស្នាដៃ​ការងារ​ដ៏​ល្អ​របស់​លោក​​​កន្លងមក ទាំង​ក្នុងការងារ​​ផ្នែក​តែង​និពន្ធ និងសិក្សា​អប់រំ ព្រោះ​ក្រៅ​​ពីមាន​អាជីព​ជា​អ្នក​និពន្ធ លោកក៏ជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរមួយ​រូប នៃ “សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” ផងដែរ។

ទាក់​ទងនឹងពាន់​រង្វាន់​ជ័យ​លាភី​ ​ដែលលោកអាច​សម្រេច​បានដ៏​ច្រើន​​ក្នុង​វីថី​​​តែង​និពន្ធ​របស់​លោក​នេះ មិន​មែន​ជារឿង​ចៃដន្យ​ឡើយ សុទ្ធតែ​​​កើត​ចេញ​ពី​សមត្ថភាព, ​ចំណេះដឹង ​និងការខិត​ខំប្រឹង​ប្រែង​របស់​លោកទាំងអស់ ដោយ​មិនមែន​សុខស្រាប់តែ​​លោក​អាច​សម្រេចបាន​ផ្លែ​ផ្កា​ដ៏​អស្ចារ្យ​បែប​នេះ​ឡើយ ហើយ​វា​ក៏ជា​អ្វីដែល​គេហទំព័រ​យើង​ខ្ញុំ​ចង់​លើក​យក​មកបង្ហាញ​​ឱ្យ​លោកបាន​ដឹង​បំផុត​ផងដែរ ​ ពិសេស​អ្នក​និពន្ធ​ទាំង​ឡាយ​ដែលមានបំណង​​ចង់​សរសេរស្នាដៃ​ដាក់ប្រឡង និង​ទទួល​បាន​​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​នោះតែម្ដង។

ដូច្នេះ​ ដើម្បីឱ្យ​លោក​អ្នក​ជ្រាប​ច្បាស់​ពីគន្លឹះ​និង​វិធីសាស្រ្ត​សរសេរ​រឿង​​ដាក់​ប្រឡងឱ្យបាន​ជោគជ័យ ក៏​​ដូច​ជា​ដើម្បី​ទុកជាចំណេះដឹង​ផ្នែក​និពន្ធ​​ផងនោះ “គេ​ហទំព័រ​អ្នក​និពន្ធកម្ពុជា” យើង​ខ្ញុំសូមបង្ហាញ​ជូននូវ​សម្ដី​ទាំង​ស្រុងរបស់​​​ អ្នក​និពន្ធ យូ សុភា ​ទាក់​ទង​នឹង​ចំណុននេះ​ដូចតទៅ ដោយ​លោក​បាន​លើក​បង្ហាញ​ឡើង​ភ្លាមៗថា “គន្លឹះដ៏​សំខាន់បំផុត អ្នកនិពន្ធត្រូវស្វែងយល់​ឱ្យ​បានច្បាស់ពីខ្លឹមសាររបស់ប្រធានបទថា តើ​គេចង់​ឱ្យ​សរសេរពីអ្វី ? ចង់បានអ្វី? ចំណែកឯរឿងដែលដាក់ប្រលងនោះ យើង​ត្រូវគិតទៅដល់ចំណុចសំខាន់បីគឺ “អត្ថន័យ អត្ថរូប និងអត្ថរស” ដោយ​អត្ថន័យរឿងត្រូវមានតម្លៃ “សីលធម៌, គុណធម៌, សច្ចធម៌” ឯអត្ថរូបត្រូវមាន “រចនាបថ វិធីតែង សោភ័ណ” ចំណែក​អត្ថរសដែល​ជាតម្លៃចុងក្រោយបំផុត​នៃរឿងបន្ទាប់ពីអានចប់ យើង​ត្រូវពន្លេចឱ្យ​ឃើញពី “តម្លៃជាតិ, តម្លៃអប់រំ, និង​ តម្លៃអភិវឌ្ឍ” ជា​ចាំបាច់​បំផុត ដោយ​មិន​មែន​ចេះ​តែ​សរសេរឱ្យ​តែ​បានៗ ឱ្យតែ​ចប់​ៗ​នោះ​ទេ! “

អ្នក​និពន្ធ យូ សុភា បាន​បន្ថែមថា “ប្រសិន​បើ​នៅពេលដែលយើងសរសេររឿងអ្វីមួយ ស្រាប់តែជាប់គាំងគំនិតត្រង់សាច់រឿងកន្លែងណាមួយ យើងគួរតែផ្អាកការសរសេរសិន ហើយទុកខួរក្បាលឱ្យ​ទំនេរល្អ ចេញទៅស្រូបយកខ្យល់អាកាសខាងក្រៅដើម្បីឱ្យ​មានអារម្មណ៍ស្រស់ស្រាយ ហើយឆ្លៀតយកបញ្ហារឿងរបស់យើងមកពិចារណាថាគួរសសេរយ៉ាងណាបន្តទៅមុខទៀត ដោយសាកល្បងជ្រើសរើសយកបញ្ហាឱ្យ​បានច្រើនមកគិត រួចហើយជ្រើសរើសយកបញ្ហា ឬគំនិតណាមួយដែលសមហេតុផលជាងគេមកសរសេរ​ ដែលអ្នកអានអាចទទួលយកបាន…”​ ទាំងនេះ​គឺ​ជាវិធីសាស្ត្រ​ដោះ​ស្រាយ​ពេល​ជាប់​គាំង​ក្នុងការនិពន្ធ​ត្រង់​ចំណុច​ណា​មួយ​របស់ អ្នកនិពន្ធ យូ សុភា ដែល​​លោក​អ្នក​អាចយកទៅ​អនុវត្ត​តាម​បាន​។

ទន្ទឹងនឹង​នេះ មុ​ន​នឹង​បញ្ចប់​កិច្ចសម្ភាសន៍ អ្នក​និពន្ធ​ យូ សុភា ក៏​បាន​ចែក​រំលែក​នូវ​គន្លឹះ​ដ៏​សំខាន់​បំផុត​​ទាក់​ទង​នឹង​វិធីសាស្ត្រក្នុងសាងខ្លួនឱ្យ​ក្លាយ​ទៅ​ជាអ្នកនិពន្ធ​ជោគជ័យ​មួយរូបដូច្នេះថា “មិន​ថា​ជា​អ្នក​និពន្ធ​រូបណា ឬ​ជា​អ្នក​និពន្ធ​ផ្នែក​អ្វី​នោះទេ បើ​យើង​ចង់​ឱ្យ​ខ្លួន​យើង​ក្លាយជា​អ្នក​និពន្ធ​ពិតប្រាកដ​មួយ​រូប ដែល​អាច​តាក់តែង​និពន្ធ​ស្នាដៃ​ល្អប្រកបដោយគុណ​តម្លៃ​សម្រាប់​ពលរដ្ឋ​និង​សង្គម​ខ្លួន​បាន ចាំបាច់ត្រូវកសាងនូវគុណសម្បត្តិមួយចំនួនឱ្យ​បាន​ជាមុន​សិនដូចជា បណ្ដុះ​​ឱ្យ​បាន​នូវ​និស្ស័យ​ស្រឡាញ់​ខាងវិជ្ជាតែងនិពន្ធ, ចេះស្វែងយល់ពីចំណេះដឹងទាក់ទងនឹងការតែងនិពន្ធតាមរយៈការសិក្សា និង​អានសៀវភៅឱ្យ​បានច្រើន(ដើម្បីពង្រីកចំណេះដឹង) តែ​បើចង់ក្លាយជាអ្នកនិពន្ធប្រលោមលោកវិញ​នោះ ចាំបាច់​ត្រូវ​តែ​អានសៀវភៅប្រលោមលោករបស់​អ្នក​និពន្ធ​ដទៃ​ឱ្យ​បានច្រើន និង​ហ្វឹកហាត់សរសេរឱ្យបានច្រើន ហើយត្រូវ​ចេះ​សុំយោបល់ពីអ្នកមានជំនាញផ្នែក​និពន្ធ​ច្បាស់​លាស់ ដើម្បីជួយពួកគាត់​ជួយ​កែលម្អស្នាដៃរបស់ខ្លួន​ឱ្យ​បាន​កាន់តែល្អនិង​មានកំហុសតិចបំផុត, សរសេរស្នាដៃ​ដាក់​ចូលរួមប្រកួតប្រជែងយកជ័យលាភីឱ្យ​បាន​ច្រើន និងនិពន្ធ​បោះពុម្ពផ្សព្វផ្សាយស្នាដៃរបស់ខ្លួន​ដើម្បី​ឱ្យ​ខ្លួន​មានកេរ្តិ៍ឈ្មោះក្នុងវិស័យតែងនិពន្ធ និង​ឧស្សាហ៍​ចូលរួមក្នុងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងការតែងនិពន្ធ ដើម្បីទទួលបានចំណេះដឹងបទ​ពិសោធន៍​បន្ថែម ក៏ដូចជាឆ្លៀតចូលរួមចែករំលែកចំណេះដឹង​ក្នុង​កម្មវិធី សិក្ខាសិលា​ ឬវគ្គ​បណ្ដុះ​បណ្ដាលតែង​និពន្ធ​ផ្សេងៗដល់អ្នកចូល​រួម​ទាំង​ឡាយជាដើម ជាពិសេស​បំផុត​នោះ ត្រូវតែ​ព្យាយាម​អភិវឌ្ឍសមត្ថភាពចំណេះដឹង​របស់ខ្លួនឱ្យ​​បាន​កាន់តែប្រសើរពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ… ដោយ​បើ​យើង​អាច​ធ្វើ​បាន នោះ​យើង​មុខជា​អាច​សាង​ខ្លួន​ជា​អ្នក​និពន្ធ​ដ៏​ជោគជ័យ​មួយ​រូបនៅថ្ងៃអនាគត​យ៉ាង​ប្រាកដជាក់​ជាមិនខាន។”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” យើង​ខ្ញុំ​សូមបញ្ជាក់ថា បច្ចុប្បន្ន លោក យូ សុភា ក្រៅ​ពីមាន​អាជីព​ជាអ្នក​និពន្ធកម្ពុជា​ដ៏​ឆ្នើម​មួយរូប លោក​គឺ​ជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ នៃ “សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” , ​ជា​អ្នកនិពន្ធអត្ថបទភាពយន្តប្រចាំ “ផលិតកម្មហង្សមាស“ និងជាគណកម្មការកំណែប្រលោមលោក, រឿងខ្លី, តាមស្ថាប័នរដ្ឋ និង​ឯកជនមួយចំនួនផងដែរ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ យូ សុភា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!