ម៉ៅ ចាន់រស្មី អ្នកនិពន្ធឆ្នើមវ័យក្មេង “កូនទន្សាយ” ដ៏មានទេពកោសល្យ

  • November 17th, 2019

កញ្ញា​ ម៉ៅ ចាន់រស្មី មាននាមប៉ាកកាថា “កូនទន្សាយ” កើតនៅឆ្នាំ១៩៩៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ កញ្ញា​មានឪពុកឈ្មោះ សួន សុម៉ុនធឿន និងម្តាយឈ្មោះ ម៉ៅ សំណាង (ជាអ្នកនិពន្ធប្រលោមលោក​ដ៏ល្បីល្បាញនៅកម្ពុជាសព្វថ្ងៃ) ដោយ​កញ្ញា​ជា​កូនទោលក្នុងគ្រួសារ។ បច្ចុប្បន្ន​ក្រៅ​ពីមាន​ការ​ងារ​ចម្បង​ជាអ្នក​និពន្ធអត្ថបទភាពយន្ត កញ្ញា​គឺ​ជាអ្នកដឹកនាំរឿង និងជា script supervisor (ត្រួតពិនិត្យ និងផ្តល់យោបល់លើអត្ថបទភាពយន្ត) ដែលជាការងារ​ដ៏ល្អមួយ​ក្នុង​វិស័យ​តែងនិពន្ធ​កម្ពុជា​បច្ចុប្បន្ន។

អ្នកនិពន្ធ ម៉ៅ ចាន់រស្មី ហៅ “កូនទន្សាយ

ពាក្យ​ចាស់​ពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ពាក្យនេះ​ពិតជាត្រឹមត្រូវខ្លាំងណាស់ ជាក់ស្ដែង​ប្រៀបដូចជា កញ្ញា ម៉ៅ ចាន់រស្មី​ តែម្ដង… ម្ដាយ​របស់​កញ្ញា​ លោកស្រី ម៉ៅ សំណាង ដែលមាននាម​ប៉ាកកាថា “ទន្សាយ” គឺជាអ្នកនិពន្ធ​ដ៏ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ ហើយទីបំផុត កញ្ញាដែលជាកូន​ក៏បាន​​វិវឌ្ឍខ្លួន​ក្លាយជា​អ្នក​និពន្ធ​វ័យ​ក្មេង​ដ៏ឆ្នើមមួយរូប​បច្ចុប្បន្ននេះផងដែរ​ ហើយ​ថែមទាំង​អាច​និពន្ធ​បានយ៉ាងល្អ​ទៀតផង ជាពិសេស​ផ្នែក​អត្ថបទភាពយន្ត ជាចំណង់​ចំណូលចិត្ត​ក្នុង​ការ​និពន្ធ​របស់​កញ្ញា​បំផុត ហើយ​ដោយសារតែកញ្ញាជាកូនរបស់​អ្នក​និពន្ធ​ប្រលោមលោក​ដ៏ល្បី ដែលប្រិយមិត្ត​អ្នកអាន​ស្គាល់​ជាទូទៅថា “ទន្សាយ” នេះហើយ ទើបបានជា​កញ្ញា​ប្រើ​នាម​ប៉ាកកា​ថា “កូនទន្សាយ” មកទល់បច្ចុប្បន្ន ដែលនេះ​មិនមែន​ជារឿងចៃដន្យ​ឡើយ។

កញ្ញា ម៉ៅ ចាន់រស្មី និងម្ដាយ

ទាក់ទង​នឹង​ចំណង់ចំណូលចិត្ត​ក្នុង​ការនិពន្ធនេះ កញ្ញា​បាន​រៀបរាប់​បង្ហាញ​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” តាម​រយៈ​បទសម្ភាសន៍យ៉ាង​ដូច្នេះថា​   “នាង​ខ្ញុំយល់ថាវាអាចជាឥទ្ធិពលដែលនាងខ្ញុំទទួលបានពីម្តាយដែរ ព្រោះនាង​ខ្ញុំធ្លាប់បានជួយការងារគាត់ពាក់ព័ន្ធនឹងអត្ថបទនិពន្ធមុន ពេលដែលនាង​ខ្ញុំចាប់ផ្តើមអាជីពនេះដោយខ្លួន​ឯង តែការណ៍ដែលខ្ញុំក្លាយជាអ្នកនិពន្ធនេះ ជាក់ស្តែងទៅ ខ្ញុំពុំបានទទួលការបង្ហាត់បង្រៀនមានក្បួនខ្នាតត្រឹមត្រូវពីម្តាយរបស់នាង​ខ្ញុំទេ តែភាគច្រើនគឺកើតចេញពីការស្រាវជ្រាវផ្ទាល់នាង​ខ្លួនប៉ុណ្ណោះ ព្រោះម៉ាក់មិនរំពឹងឱ្យ​នាង​ខ្ញុំក្លាយជាអ្នកនិពន្ធដូចគាត់ឡើយ ដោយសារគាត់យល់ឃើញថាខ្ញុំគ្មាននិស្ស័យ និងចំណូលចិត្តក្នុងការងារនេះ។ ម្យ៉ាងវិញទៀត ម៉ាក់មានជំនាញលើការនិពន្ធប្រលោមលោក តែនាងខ្ញុំបែរជាចូលចិត្តការនិពន្ធអត្ថបទភាពយន្ត ត្បិតតែវាស្រដៀងគ្នា តែមិនដូចគ្នាឡើយ។ ហេតុដូច្នេះហើយនាង​ខ្ញុំត្រូវសិក្សារបៀបនិពន្ធអត្ថបទភាពយន្តពីប្រភពជាច្រើន ដូចជាប្រព័ន្ធអ៊ិនធើណែត សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗជាដើម។ ជាលទ្ធផល របៀបនៃការនិពន្ធរបស់នាងខ្ញុំនិងម្តាយរបស់នាង​ខ្ញុំពុំដូចគ្នាទេ ដោយ​មានវិធីសាស្រ្ត និងសិល្ប៍វិធីសឹងតែខុសគ្នាទាំងស្រុងតែម្ដង។”

កញ្ញា ម៉ៅ ចាន់រស្មី និងសៀវភៅសំឡេងខ្សឹប

កញ្ញា ម៉ៅ ចាន់​រស្មី បាន​បន្តរៀបរាប់​ពីដំណើរ​វិថីតែង​និពន្ធ​របស់​កញ្ញា​ទៀតថា “នាង​ខ្ញុំចាប់ផ្តើមអាជីពនិពន្ធពីឆ្នាំ២០១៣ ដែល​រហូតមកដល់ពេលនេះ នាង​ខ្ញុំនិពន្ធភាពយន្តភាគបានជាង១០រឿង និងភាពយន្តដុំជាង១០រឿងដូចគ្នា ដែលរឿងភាគមានដូចជា “មឺនុយធ្នាក់អន្ទាក់ស្នេហ៍”, “និទានស្នេហ៍តម្រាសូត្រ”, “នាងក្ងោក”, “ម្ចាស់បំណុល”, “ឱកូនសម្លាញ់”, “មរតកបេះដូង”, “ភពផែនដែនស្នេហ៍”, “គំនុំស្នេហ៍ចាស់”, “រាត្រីពណ៌ស្វាយ”, “ វាលស្រែស្នេហ៍អូន”, “ឡាំថូនដួងចិត្ត”, “ទាយាទបាប” ជាដើម។ ភាពយន្តដុំមានដូចជារឿង “ខ្មោចថតកុន”, “ផ្លូវមរណៈ”, “អ្នកនាងម្ចាស់ឡឺកឺ”, “សួស្ដីលោកគ្រូកំលោះ”, “ក្រមុំចាស់ប៉ះក្មេងស្ទាវ”, “ណូលីណូឡា”, “សិស្សចំណូលថ្មី”, “កញ្ចក់”, “លោកឪពុក”, “វង្វេង”, “បេសកកម្មស្នេហ៍”។ បច្ចុប្បន្ននេះ នាង​ខ្ញុំចូលចិត្តការនិពន្ធអត្ថបទភាពយន្តដុំ បែបមនោសញ្ចេតនា កំប្លែង និងអាថ៌កំបាំង តែនាង​ខ្ញុំមិនដឹងទេថាបន្តិចទៀត នាង​ខ្ញុំនឹងប្រែប្រួលឬអត់នោះ​ទេ ព្រោះពេលនេះ នាង​ខ្ញុំកំពុងសាកល្បងការនិពន្ធប្រលោមលោកវិញម្តង។”

ស្នាដៃមួយរបស់ កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ”

ស្នាដៃមួយទៀតរបស់ កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ”

ចំណែក​ទាក់​ទង​នឹង​ស្នាដៃ​ថ្មីៗ​វិញ កញ្ញា​ ម៉ៅ ចាន់​រស្មី បាន​បង្ហើបថា “នាងខ្ញុំមានគម្រោងបញ្ចេញស្នាដៃអត្ថបទភាពយន្តថ្មី មានចំណងជើងថា “បេសកកម្មស្នេហ៍” ជាភាពយន្តប្រភេទមនោសញ្ចេតនា កំប្លែង និងមួយទៀត គឺជាស្នាដៃនិពន្ធប្រលោមលោកដំបូងបង្អស់របស់នាង​ខ្ញុំ ដែលជាប្រភេទប្រលោមលោកមនោសញ្ចេតនា អភិនីហារ តែចំណងជើងនាងខ្ញុំសុំ​លាក់សិន ដោយសន្យាថានឹង​បង្ហាញ​ប្រាប់​នៅបទសម្ភាសន៍​ក្រោយ​ទៀត នៅពេល​ដែល​នាង​ខ្ញុំបញ្ចប់​រឿង​នេះ​រួចរាល់​។”

 

កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ” ក្នុងកម្មវិធីមួយ

កញ្ញា​ ម៉ៅ ចាន់​រស្មី ស្រឡាញ់​ផ្ដល់​តម្លៃ​លើការ​តាក់​តែង​និពន្ធ​ណាស់ គឺ​មិន​ខុស​ពីអ្នក​ស្រី​ ម៉ៅ សំណាង ដែល​ជាអ្នក​និពន្ធ​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​របស់​កញ្ញា​ឡើយ ដោយ​កញ្ញា​បាន​បញ្ជាក់ថា “ការនិពន្ធមានតម្លៃណាស់សម្រាប់ជីវិតនាង​ខ្ញុំ។ ដោយសារម្តាយរបស់នាង​ខ្ញុំជាអ្នកនិពន្ធមួយរូប នាង​ខ្ញុំត្រូវបានធំធាត់ និងរស់រានមានជីវិតដោយសារការងារនិពន្ធរបស់ម៉ាក់ រហូតដល់ពេលនេះទៀត ក៏ការងារនេះចិញ្ចឹមជីវិតរបស់នាង​ខ្ញុំដល់បច្ចុប្បន្នផងដែរ។ ពីមុននាង​ខ្ញុំគ្រាន់តែដឹងថាការងារនេះមានគុណលើជីវិតនាង​ខ្ញុំ តែពេលដែលនាង​ខ្ញុំធំពេញវ័យ ទើបនាង​ខ្ញុំដឹងថា ការងារនេះមានសារៈសំខាន់ណាស់ ហើយមិនមែនសម្រាប់តែនាង​ខ្ញុំម្នាក់ប៉ុណ្ណោះទេ តែជាការងារដែលផ្តល់ប្រយោជន៍ដល់សង្គម វប្បធម៌ និងជាតិរបស់យើងទាំង​មូលតែម្ដង។” កញ្ញា​បាន​សង្កត់​ធ្ងន់​ទៀតថា “ជាតិសាសន៍មួយ មិនគួរទន់ខ្សោយអក្សរសាស្រ្ត ឬអក្សរសិល្ប៍នោះទេ រឹតតែមិនអាចខ្វះអ្នកនិពន្ធដែលមានឧត្តមគតិចំពោះជាតិណាស់​ទៅទៀត។ ហើយនេះជាអ្វីដែលនាង​ខ្ញុំអាចធ្វើបានចំពោះជាតិរបស់​នាង​ខ្ញុំ គឺអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្រ្ត និងអក្សរសិល្ប៍ឱ្យ​មានជីវិតបន្តទៀត។ ហើយនាងខ្ញុំជឿជាក់ថា ដរាបណានាង​ខ្ញុំអាចសរសេរបាន នាង​ខ្ញុំគ្មានថ្ងៃបោះបង់អាជីពមួយនេះ​ជាដាច់​ខាត។”

 

កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ” ក្នុងដំណើរកម្សាន្តមួយ

ខាង​លើ​ជា​ការ​តាំង​ចិត្ត​របស់​កញ្ញា កញ្ញា​ ម៉ៅ ចាន់​រស្មី លើការ​បន្ត​កិច្ចការ​ងារ​តែង​និពន្ធ​របស់​កញ្ញា។ ចំណែក​បន្តទៅនេះ កញ្ញាបង្ហាញ​ពីផល​លំបាក​ទម្រាំ​កញ្ញា​អាច​ក្លាយជា​អ្នក​និពន្ធ​វ័យ​ក្មេងដែលមាន​ការទទួល​ស្គាល់​ដូច​សព្វ​ថ្ងៃ​នេះថា “​សម្រាប់នាង​ខ្ញុំ មុននឹង​មកដល់ចំណុចមួយនេះ ការពិបាកដែលនាង​ខ្ញុំធ្លាប់​ជួបប្រទះ ទី១ គឺការមើលងាយចំពោះស្នាដៃអ្នកនិពន្ធជំនាន់ថ្មីដូចជានាង​ខ្ញុំ។ ព្រោះមនុស្សភាគច្រើន វាយតម្លៃតែសម្បកក្រៅ ទាំងដែលមិនធ្លាប់អានអត្ថបទរបស់យើងផង ក៏និយាយមុនថាយកជាការមិនបានទៅហើយ។  ទី២ គឺការផ្តល់នូវកម្រៃដ៏ទាប ដែលវាពិតជាមិនសមចំពោះការប្រឹងប្រែងប្រើខួរក្បាលយ៉ាងហត់នឿយរបស់អ្នកនិពន្ធទាល់តែសោះ។ ស្របពេលដែលអ្នកលក់ដូរអាចរកចំណូលបានយ៉ាងច្រើន អ្នកនិពន្ធបែរជារកចំណូលបានយ៉ាងតិចតួច ចាយសឹងមិនគ្រប់។ ពេលខ្លះនាង​ខ្ញុំក៏ហត់នឿយ ហើយចង់បោះបង់អាជីពនេះ ដើម្បីធ្វើការងារផ្សេងដែលអាចរកកម្រៃគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯងដែរ តែឧត្តមគតិ និងក្តីស្រមៃបាន​រុញច្រាននាងខ្ញុំឱ្យ​ដើរបន្តទៅមុខ​ទៀត ដើម្បីទៅដល់កន្លែង​មួយ ដែលអាចឱ្យ​មនុស្សជាច្រើនបានស្គាល់ បានមើលរឿងដែលនាង​ខ្ញុំសរសេរ និងបានឃើញពីអ្វីដែលនាង​ខ្ញុំចង់ចែករំលែក ពិសេសគឺអាចផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការរស់នៅរបស់ប្រទេសយើង ទៅកាន់ទីផ្សារបរទេស ដែលនេះជាគោលបំណងធំបំផុត​របស់នាង​ខ្ញុំ ដោយ​នាង​ខ្ញុំមិនប្រាថ្នាធ្វើជាអ្នកមាននោះទេ ព្រោះការងារនិពន្ធមិនអាចឱ្យ​នាង​ខ្ញុំក្លាយជាអ្នកមានបានឡើយ។ នាង​ខ្ញុំសុំត្រឹមតែអាចបន្តការនិពន្ធ សម្រាប់ចែករំលែកដល់សង្គមកម្ពុជា​នៃ​យើង​ប៉ុណ្ណោះ។”

កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ” កំពុងអានសៀវភៅ

កញ្ញា​ ម៉ៅ ចាន់​រស្មី ពិតជាមានការតាំង​ចិត្ត​ខ្ពស់មិនធម្មតាមែន ប្រសិនបើ​ជា​អ្នក​ដទៃ​ល្មមៗ​ច្បាស់​ជាបោះបង់​ចោល​ការ​តែង​និពន្ធ​នេះ​យូរមក​ហើយ ហើយ​អ្វី​ដែល​គួរឱ្យសរសើរ​ដល់​ទឹក​ចិត្ត​របស់​កញ្ញា​នោះ គឺ​កញ្ញា​និពន្ធ​ដើម្បី​ពលរដ្ឋ​និង​សង្គមជាធំ ដោយ​មិន​ផ្ដោត​លើ​ការ​មាន​បាន​ឡើយ។ មែន​ទែនទៅ ក្នុងនាម​ជាអ្នក​និពន្ធ មិន​អាច​ខ្វះការ​អាន​បានឡើយ ហើយ​កញ្ញា​​ក៏ជា​អ្នក​ស្រឡាញ់​ការ​អាន​ខ្លាំង​បំផុត​មួយ​រូប​ផងដែរ ដោយ​ទំនាក់​ទំនង​រវាង​អ្នក​និពន្ធ​និង​ការ​​អាន​នេះ កញ្ញា​បាន​បង្ហាញ​ឡើងថា  “ការអានជាផ្នែកមួយសំខាន់សម្រាប់អ្នកនិពន្ធ ព្រោះដើម្បីក្លាយជាអ្នកនិពន្ធដែល​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​មួយរូប យើងចាំបាច់​ត្រូវតែជាមនុស្សដែលមានចំណេះដឹងទូលំទូលាយ និងយល់ដឹងច្រើន ហើយសៀវភៅជាប្រភពដ៏ល្អបំផុត តែមិនមែនបានន័យថាអានតែមួយមុខគឺគ្រប់គ្រាន់ទេ។” កញ្ញាបាន​បន្ថែមថា “បទពិសោធន៍ខ្លះយើងអាចរកបានពីសកម្មភាពផ្សេងៗទៀត ដូច្នេះ នាងខ្ញុំយល់ថា អ្នកនិពន្ធគួរតែពូកែសង្កេត ស្តាប់ វិភាគ និងដើរកម្សាន្ត​ផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងរៀនសូត្របានច្រើនផ្នែក។ នាង​ខ្ញុំចូលចិត្តសៀវភៅច្រើនប្រភេទ ទាំងប្រលោមលោកខ្មែរ កូរ៉េ អង់គ្លេស ក៏ដូចជាសៀវភៅទស្សនៈ នយោបាយ អប់រំចិត្ត ឬក៏ចំណេះដឹងទូទៅផ្សេងទៀត។ ហើយនាងខ្ញុំយល់ថា សៀវភៅនីមួយៗសុទ្ធតែ​មានប្រយោជន៍ផ្សេងៗពីគ្នា ហើយការអានកាន់តែច្រើន គឺកាន់តែល្អ តែភាគច្រើននាង​ខ្ញុំចូលចិត្តអានប្រលោមលោក ដោយសារការនិពន្ធរបស់នាង​ខ្ញុំភាគច្រើនគឺជារឿងមនោសញ្ចេតនា ដូច្នេះនាង​ខ្ញុំត្រូវការស្វែងយល់ច្រើនពីអារម្មណ៍មនោសញ្ចេតនារបស់​អ្នកនិពន្ធផ្សេងៗទៀត។”

ស្នាដៃរបស់ កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ” មួយទៀត

ជាចុងបញ្ចប់​នៃ​បទសម្ភាសន៍ កញ្ញា​ ម៉ៅ ចាន់​រស្មី ក៏បាន​ថ្លែង​យ៉ាង​ដូច្នេះថា “នាង​ខ្ញុំពិតជាសូមអរគុណខ្លាំង​ណាស់​ដល់ការគាំទ្រ និងការជួយជ្រោមជ្រែងពីសំណាក់បុគ្គលជុំវិញខ្លួនរបស់​នាង​ខ្ញុំទាំងអស់។ នាង​ខ្ញុំគ្រាន់តែសង្ឃឹមថា ការអាន និងការនិពន្ធនៅកម្ពុជានឹងមាន​ការ​វិវឌ្ឍទៅមុខបន្តទៀត ដើម្បីលើកស្ទួយធនធានមនុស្ស​ឱ្យ​ក្លាយជាទំពាំងដ៏រឹងមាំ និងខ្លាំងក្លាសម្រាប់សង្គម​ជាតិរបស់​យើងនៅថ្ងៃខាងមុខ និង​ជារៀងរហូត​តទៅ។”

កញ្ញា ម៉ៅ ចាន់រស្មី “កូនទន្សាយ” អ្នកនិពន្ធឆ្នើមវ័យក្មេង

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កញ្ញា​ ម៉ៅ ចាន់រស្មី មាននាមប៉ាកកាថា “កូនទន្សាយ” កើតនៅឆ្នាំ១៩៩៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ កញ្ញាជាកូនស្រីរបស់​ លោកស្រី ម៉ៅ សំណាង  “ទន្សាយ” ដែល​ជាអ្នកនិពន្ធប្រលោមលោក​ដ៏ល្បីល្បាញបំផុត​នៅកម្ពុជា ដែល​អាច​និពន្ធ​ប្រលោមលោក​បាន​យ៉ាង​ល្អ​ និង​ទាក់​ទាញ​ដួង​ចិត្ត​ប្រិយមិត្ត​អ្នក​អាន​បំផុត។ កញ្ញាគឺ​​ជា​កូនទោលក្នុងគ្រួសារ។ បច្ចុប្បន្ន​ក្រៅ​ពីមាន​​អាជីព​​ចម្បង​ជាអ្នក​និពន្ធអត្ថបទភាពយន្ត កញ្ញា​គឺ​ជាអ្នកដឹកនាំរឿង និងជា script supervisor (ត្រួតពិនិត្យ និងផ្តល់យោបល់លើអត្ថបទភាពយន្ត) ដែលជាការងារ​ដ៏ល្អមួយ​ក្នុង​វិស័យ​តែងនិពន្ធ​កម្ពុជា​បច្ចុប្បន្ន លើស​ពីនេះ​កញ្ញា​គឺ​អ្នក​​និពន្ធវ័យ​ក្មេង​ដ៏ឆ្នើមមួយរូប ដែល​ផ្ដល់​តម្លៃ​លើ​ការ​តាក់តែង​និពន្ធ និងចូល​ចិត្ត​អាន​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គួរ​ឱ្យស្ងើច​សរសើរ​ដល់​រូបកញ្ញា​បំផុតនោះ កញ្ញា​គឺជាអ្នក​និពន្ធ​ដែលផ្ដោត​សំខាន់​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​និង​សង្គម ដោយ​មិន​មើល​លើ​​លុយ​ជាធំ ឬ​និពន្ធ​ដើម្បីភាព​មាន​បាន​ឡើយ។ នេះហើយ គឺជា កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធឆ្នើមវ័យក្មេង “កូនទន្សាយ” អ្នកនិពន្ធកម្ពុជាស្រករក្រោយ​ដ៏មានសមត្ថភាពទេពកោសសល្យពីធម្មជាតិមួយរូប។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ម៉ៅ ចាន់រស្មី / រក្សា​សិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!