កែវ សេងរដ្ឋា មិនត្រឹមតែជាវេជ្ជបណ្ឌិតសង្ហា ថែមទាំងជាអ្នកនិពន្ធឆ្នើមមួយរូបផងដែរ

  • March 11th, 2020

លោក កែវ សេងរដ្ឋា កើតថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៩១​​ នៅភូមិកណ្ដាល ឃុំលេខ២ ស្រុកទីរួមខេត្ត ខេត្តកំពង់ឆ្នាំង។ លោកមានឪពុកឈ្មោះ កែវ វង្សតារា និងម្ដាយឈ្មោះ ច័ន្ទ សុគន្ធា ដោយលោក​ជាកូនទោលក្នុងគ្រួសារ។ លោក​បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, បញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ឆ្នាំ ២០១៥ នៅសាកលវិទ្យាសាស្ត្រពុទ្ធិសាស្ត្រ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហារ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោក​ចាប់ផ្ដើមប្រលូក​ក្នុង​វិស័យ​តែងនិពន្ធនៅចុងឆ្នាំ ២០១៧ ដោយសារការស្រឡាញ់ ចំណូលចិត្តក្នុងការសរសេរ និងការជួយណែនាំជំរុញលើក​ទឹកចិត្ត​​ពីសំណាក់អ្នកនិពន្ធរៀមច្បងមួយចំនួន។ ដំបូងឡើយ លោក​ចូលចិត្តតែងកំណាព្យ ក្រោយមកទើបចាប់​ផ្ដើម​ឆ្ពោះ​ទៅ​រក​ការសរសេររឿងខ្លី ប្រលោមលោក និងអត្ថបទលើកទឹកចិត្តរហូត​មកទល់​ឥឡូវ។ ចំណែក​បច្ចុប្បន្ន ក្រៅមាន​អាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺជាវេជ្ជបណ្ឌិត និងជាគ្រូបង្រៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ដែល​សុទ្ធតែ​ជាអាជីពប្រកបដោយចំណេះដឹង ជំនាញ និង​កិត្តិយស​ក្នុង​សង្គម ដែល​មនុស្ស​ទូទៅ​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង។

លោក កែវ សេងរដ្ឋា និងស្នាដៃនិពន្ធសៀវភៅទាំងពីរក្បាលរបស់លោក

តាមរយៈបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” លោក កែវ សេងរដ្ឋា បាន​បង្ហាញ​ពី​ស្នាដៃ​និពន្ធ​របស់​ខ្លួនថា “រហូតមកទល់​ពេលនេះ ខ្ញុំនិពន្ធសៀវភៅបានចំនួនពីរស្នាដៃ គឺសៀវភៅ សំឡេងខ្សឹប និង សៀវភៅ ហឫទ័យ ដែលជាប្រភេទសៀវភៅបែបលើកទឹកចិត្ត ឱ្យមនុស្សមានភាពរឹងមាំក្នុងជីវិត ចេះដោះស្រាយបញ្ហាប្រកប​ដោយ​ការគិតវិជ្ជមាន និងចេះរស់នៅប្រកបដោយចិត្តស្ងប់សុខជាដើម។ ក្រៅពីស្នាដៃទោលទាំងពីរនេះ ខ្ញុំក៏បានចូលរួមស្នាដៃក្នុងក្រុមមន្តទឹកខ្មៅដែលជាសៀវភៅសហនិពន្ធផងដែរ ក្នុងនោះរួមមាន កំណាព្យ ទឹកដីភ្លើងខ្យល់ ក្នុងសៀវភៅមន្តទឹកខ្មៅ, រឿងខ្លី បេះដូងពុក ក្នុងសៀវភៅព្រៃរំដួល និងរឿងខ្លី បើស្អែកគ្មានខ្ញុំ ក្នុងសៀវភៅខ្មាសខ្លួនឯង។ បើនិយាយដល់ស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីវិញ មានដូចជាកំណាព្យ សុរិយា ពានរង្វាន់មហោស្រពអក្សរសិល្ប៍លើកទី២ ឆ្នាំ២០១៨ និងប្រលោមលោក បេសកកម្មបេះដូង ពានរង្វាន់ លោក លី ធាមតេង ឆ្នាំ២០១៨ ដូចគ្នា។”

សៀវភៅ សំឡេងខ្សឹប និង សៀវភៅ ហឫទ័យ របស់លោក កែវ សេងរដ្ឋា

ទាក់ទង​នឹង​ស្នាដៃ​និពន្ធ​ជាសៀវភៅ​ទាំង​ពីរ​ក្បាល​របស់​ លោក កែវ​ សេងរដ្ឋា ប្រសិនបើ​ប្រិយមិត្ត​ចង់ទិញស្នាដៃ​របស់​លោក​យកទៅអាន លោក​អ្នក​​អាច​រក​ទិញបាននៅតាមទីតាំងជាច្រើន ដូច​ដែលលោក​បានបញ្ជាក់ប្រាប់នៅ​លើហ្វេសប៊ុកផេកផ្លូវការ​​របស់លោក​​ឈ្មោះ កែវ សេងរដ្ឋា  https://www.facebook.com/writerRatha/ ​ក៏អាចទាក់ទងសាកសួរ​លោក​ផ្ទាល់ពីព័ត៌មានលម្អិតនានា​ពាក់ព័ន្ធនឹងសៀវភៅទាំង​ពីរ​របស់​លោក តាមរយៈហ្វេសប៊ុកផ្លូវការ​របស់លោក ​ដែលមានឈ្មោះ Keo Seng Ratha  https://www.facebook.com/keo.sengratha?epa=SEARCH_BOX ​ផងដែរ ដោយលោកនឹងរីករាយតបឆ្លើយជានិច្ច។

សៀវភៅ ហឫទ័យ ក្នុង​ដៃអ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង ​ ដែលកញ្ញា​ក៏ជា​អ្នក​គាំទ្រ​ស្នាដៃ​និពន្ធ​របស់លោក កែវ សេងរដ្ឋា មួយរូបផងដែរ

ទោះ​បី​ជា ​លោក កែវ​ សេងរដ្ឋា ឆ្នើម​ក្នុង​ការ​តែង​និពន្ធ​យ៉ាង​ណា​ក៏ដោយ ក៏លោក​នៅតែ​មិនអាចជៀសផុត​​ពីផល​លំបាកមួយ​ចំនួន​ក្នុង​ការ​និពន្ធដែរ ដោយ​លើក​បាន​បង្ហាញថា​ “ការតែងនិពន្ធគឺជាការងារមួយមិនងាយស្រួលនោះឡើយ បើយើងគ្មានការប្រឹងប្រែង និងភាពអត់ធ្មត់។ ពេលវេលាដ៏សែនចង្អៀត គឺជាផលលំបាកមួយក្នុងការតែងនិពន្ធរបស់ខ្ញុំ។ ការសរសេរ វាទាមទារឱ្យខ្ញុំចំណាយពេលច្រើនជាមួយវា ស្របពេលដែលខ្ញុំមមាញឹកជាមួយនឹងការងារផ្សេងៗទៀត។ ខ្ញុំត្រូវការទាំងពេលវេលាសម្រាប់សរសេរ និងអារម្មណ៍ក្នុងការសរសេរព្រមគ្នា។ ជួនមានពេលសម្រាប់សរសេរ តែបែរជាគ្មានអារម្មណ៍សរសេរ ជួនមានអារម្មណ៍សរសេរ តែបែរជាពេលវេលាមិនអំណោយផលក៏មាន។ រឿងវាគឺបែបហ្នឹងហើយ ទើបខ្ញុំនិយាយថា ខ្ញុំត្រូវចំណាយពេលច្រើនទម្រាំសម្រេចបានស្នាដៃនីមួយៗ។ ឆ្លើយតបនឹងបញ្ហានេះ ខ្ញុំបានជ្រើសយកការសរសេរពង្រាងផ្សេងៗនៅក្នុងទូរសព្ទដៃជំនួសឱ្យកុំព្យូទ័រ គឺនៅពេលណាដែលខ្ញុំមានអារម្មណ៍សរសេរ ខ្ញុំក៏កត់ទុកនៅក្នុងទូរសព្ទដៃភ្លាម ហើយពេលមានពេលទំនេរពេញលេញ ទើបខ្ញុំយកវាមកកែសម្រួលក្នុងកុំព្យូទ័រតាមក្រោយ។”

សៀវភៅ “សំឡេងខ្សឹប” និងអ្នកគាំទ្រ​របស់លោក កែវ សេងរដ្ឋា

គ្រប់​កិច្ចការ ​តែង​មាន​បង្កប់នូវបំណង​សំខាន់​អ្វី​មួយ​នៅ​ក្នុង​នោះ​ជានិច្ច។ ត្រង់​ចំណុច​នេះ លោក កែវ សេងរដ្ឋា ក៏បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ដ៏សំខាន់​ធំបំផុត​ក្នុងការ​តែង​និពន្ធ​របស់​លោក​នៅថ្ងៃអនាគតថា  “បំណងប្រាថ្នាដ៏ធំបំផុតក្នុងការតែងនិពន្ធរបស់ខ្ញុំនៅថ្ងៃអនាគត គឺខ្ញុំចង់ឱ្យស្នាដៃរបស់ខ្ញុំនៅតែមានវត្តមាននៅលើទីផ្សាររហូត ទោះជាខ្ញុំនៅ ឬទៅបាត់ក៏ដោយ។ ខ្ញុំមិនប្រាកដឡើយថា បំណងប្រាថ្នានេះនឹងបានសម្រេចឬអត់ទេ ប៉ុន្តែដើម្បីមហិច្ឆតាមួយនេះ ខ្ញុំបានព្យាយាមធ្វើយ៉ាងណាឱ្យស្នាដៃដែលខ្ញុំចេញផ្សាយទៅ ជាស្នាដៃដែលមានជីវិតគ្រប់សម័យកាល ពោលគឺស្នាដៃរស់ទោះអ្នកនិពន្ធស្លាប់ទៅក៏ដោយ ព្រោះខ្ញុំជឿថា ស្នាដៃមួយមានអាយុកាលយូរអង្វែងបាន ដោយសារតែគុណតម្លៃដែលអ្នកនិពន្ធបានបញ្ជ្រាបចូលទៅក្នុងស្នាដៃនោះឯង។”

បណ្ណជ័យលាភីនិងបាច់ផ្កាមួយ ដែលលោក កែវ សេងរដ្ឋា ទទួលបានពីការប្រឡងប្រជែងស្នាដៃនិពន្ធ

ជាចុងក្រោយមុននឹង​បញ្ចប់​បទសម្ភាសន៍នេះ លោក កែវ សេងរដ្ឋា ក៏មាននូវ​ពាក្យពេចន៍​ថ្លែង​អំណរគុណចំពោះប្រិយមិត្តអ្នកអានរបស់លោក ក៏ដូចជា​​​ពាក្យ​ពេចន៍ផ្ដាំផ្ញើខ្លះជូនដល់​​ប្អូនៗយុវវ័យទាំង​ឡាយ ដែល​​ស្រឡាញ់​ចូលចិត្ត​ការ​អាន និងប្រាថ្នា​ចង់ក្លាយជាអ្នកនិពន្ធដែល​មានការ​ទទួលស្គាល់​មួយរូប​ថា “ខ្ញុំពិតជា​សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានរបស់ខ្ញុំទាំងអស់​ខ្លាំង​ណាស់ ដែលតែងតែគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក ជាពិសេសអ្នកដែលបានផ្ដល់យោបល់ត្រឡប់មកវិញ ក្រោយពីបានអានចប់ស្នាដៃនីមួយៗរបស់ខ្ញុំ… ប្រសិនបើគ្មានការគាំទ្រពីអ្នកអានទាំងអស់គ្នាទេ ខ្ញុំក៏គ្មានទឹកចិត្តសរសេរបន្តមកដល់ពេលនេះដែរ។ ជាចុងក្រោយ ខ្ញុំមានពាក្យមួយចំនួនចង់និយាយទៅកាន់ប្អូនៗយុវវ័យ​យើងទាំងអស់គ្នាថា ខ្ញុំពិតជារីករាយណាស់ដែលឃើញយុវវ័យ​មួយចំនួនចូលចិត្តអានសៀវភៅ ហើយសម្រាប់អ្នកដែលមិនទាន់ចូលចិត្តអាន ខ្ញុំសូមលើកទឹកចិត្តឱ្យចាប់ផ្ដើមអាន គឺអាននូវអ្វីដែលយើងចូលចិត្តជាមុនសិន ដើម្បីបណ្ដុះទម្លាប់ក្នុងការអាន ព្រោះនៅពេលដែលយើងក្លាយជាអ្នកចូលចិត្តអានហើយនោះ ការអានសៀវភៅប្រភេទផ្សេងៗអាចមិនមែនជាបញ្ហាលំបាកសម្រាប់យើងទៀតឡើយ។ ហើយ​ចំពោះអ្នកដែលចង់ក្លាយជាអ្នកនិពន្ធវិញ​ ត្រូវតែជាអ្នកដែលចូលចិត្តអាន និងចូលចិត្តសរសេរ… ដូច្នេះបើ​អ្នក​ចង់និពន្ធស្នាដៃប្រភេទណា អ្នក​ចាំបាច់​ត្រូវអានស្នាដៃប្រភេទនោះឱ្យ​បាន​ច្រើន ដើម្បីរៀនសូត្រតាម រួចចាប់ផ្ដើមសរសេរ និងសុំការណែនាំពីអ្នកនិពន្ធរៀមច្បង និងសុំយោបល់ពីអ្នកនៅជុំវិញខ្លួនដែលចូលចិត្តអាន។ ខ្ញុំក៏ធ្លាប់ជាមនុស្សម្នាក់ដែលមិនមានចំណូលចិត្តអានសៀវភៅក្រៅជំនាញ ហើយក៏ធ្លាប់ជាមនុស្សម្នាក់ដែលមិនចេះនិពន្ធដូចគ្នា ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែចាប់ផ្ដើមឡើងដោយជំហានដំបូង គ្រប់គ្នា​សុទ្ធតែចាប់ផ្ដើមពីចំណុចសូន្យ ទម្រាំតែ​អាច​ដល់គោលដៅបាន​នៅថ្ងៃ​ខាងមុខ។” ទាំងអស់​នេះ​ហើយ​ ជា​សម្ដី​ចុង​ក្រោយ​របស់​លោក មុននឹង​បិទ​​បញ្ចប់​បទសម្ភាសន៍។

លោក កែវ សេងរដ្ឋា ក្នុង​ឯកសណ្ឋានការងារ​ជាវេជ្ជបណ្ឌិតរបស់លោក

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក កែវ សេងរដ្ឋា កើតថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៩១​​ នៅភូមិកណ្ដាល ឃុំលេខ២ ស្រុកទីរួមខេត្ត ខេត្តកំពង់ឆ្នាំង។ លោកមានឪពុកឈ្មោះ កែវ វង្សតារា និងម្ដាយឈ្មោះ ច័ន្ទ សុគន្ធា ដោយលោក​ជាកូនទោលក្នុងគ្រួសារ។ លោក​គឺជា​ម្ចាស់​ស្នាដៃសៀវភៅ សំឡេងខ្សឹប និង សៀវភៅ ហឫទ័យ ដែលជាប្រភេទសៀវភៅបែបលើកទឹកចិត្ត ឱ្យមនុស្សមានភាពរឹងមាំក្នុងជីវិត ចេះដោះស្រាយបញ្ហាប្រកបដោយ​ការគិតវិជ្ជមាន និងចេះរស់នៅប្រកបដោយចិត្តស្ងប់សុខ។ បច្ចុប្បន្ន ក្រៅមាន​អាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺជាវេជ្ជបណ្ឌិត និងជាគ្រូបង្រៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ដែល​សុទ្ធតែ​ជាអាជីពប្រកបដោយចំណេះដឹង ជំនាញ និង​កិត្តិយស​ក្នុង​សង្គម ដែល​មនុស្ស​ទូទៅ​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់​ដឹងថា តើ​ស្នាដៃ​និពន្ធ​របស់​លោក​វេជ្ជបណ្ឌិត​សង្ហាខាង​លើ មាន​លក្ខណៈ​និង​ប្រកបដោយ​គុណ​តម្លៃ​ល្អ​យ៉ាង​ណា​ខ្លះ​នោះ លោក​អ្នក​អាច​រកទិញ​យកមកអាន តាម​ការ​ណែ​នាំ​ខាង​លើ​បាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ កែវ សេងរដ្ឋា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!