ម៉ៅ សំណាង អ្នកនិពន្ធក្នុងក្រអៅបេះដូងអ្នកអានខ្មែរជាអមតៈ

  • September 24th, 2019

ការ​សាង​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នកនិពន្ធមួយរូបមិនមែនជារឿង​ពិបាក​ឡើយ ធ្វើឱ្យ​ខ្លួន​មាន​ការទទួល​ស្គាល់​ពីសំណាក់​ប្រិយមិត្ត​អ្នក​អានទៅវិញទេ ទើបជារឿងដ៏លំបាកបំផុត ព្រោះចាំបាច់ត្រូវតែដែលមានការទទួលស្គាល់ មានការគោរពផ្ដល់តម្លៃ ការស្រឡាញ់ចូលចិត្ត និង​អាច​តាក់​តែង​និពន្ធបង្កើត​ស្នាដៃដែលល្អ​ប្រកបដោយ​គុណ​តម្លៃ​ចំពោះប្រិយមិត្តអ្នកអាន ​ពលរដ្ ឋ​និង​សង្គម​ ទើបអាច​ទៅ​រួច។​​

រូបលោកស្រី ម៉ៅ សំណាង ពេលអាយុ២២ឆ្នាំ

លោកស្រី ម៉ៅ សំណាង (ទន្សាយ) ​កើត​ឆ្នាំ១៩៥៩ នៅក្រុងព្រះសីហនុ, មាន​បងប្អូន​បង្កើត​ចំនួន៥នាក់ ដោយ​លោក​ស្រី​​ជាកូនច្បងក្នុងគ្រួសារ​។ លោក​ស្រី​ចាប់ផ្ដើមប្រឡូក​ក្នុងការ​តែង​និពន្ធចាប់តាំងពីឆ្នាំ១៩៨១មក​ម្ល៉េះ មក​ទល់នឹងពេលនេះមានរយៈពេលជាង៣៨ឆ្នាំហើយ ដោយក្នុង​ចន្លោះ​ពេល​នោះ ​​​លោក​ស្រីធ្លាប់​ទទួលបាន​នូវ​ជ័យលាភី​សំខាន់ៗ​ជាច្រើន ទាំង​មេដាយ​ ពាន់​រង្វាន់ និង​គ្រឿង​ឥស្សរិយយសជាដើម ​និង​និពន្ធសរុប​​បានចំនួន​១២២រឿង ​ស្នាដៃ​និពន្ធ​ដំបូងរបស់អ្នកស្រី​មានចំណងជើងថា “ទឹក​ភ្នែកគ្រីយ៉ាណា” និង​រឿងចុង​ក្រោយ​បំផុត​ដែល​លោក​ស្រីបាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៩នេះមាន​ចំណង​ជើងថា “សែងសុរិយា” ដែលជា​ប្រលោម​លោក​មនោសញ្ចេតនា​ស្នេហា​ដ៏​គួរឱ្យ​ជក់​ចិត្ត​បំផុត។

ដំណើរ​វិល​ត្រឡប់​របស់​លោក​ស្រី​លើ​វិថី​តែង​និពន្ធ​ប្រលោមលោកលើកនេះ បាន​ធ្វើ​ឱ្យ​កក្រើក​វិស័យតែង​និពន្ធ​នៅ​កម្ពុជា​យ៉ាង​ខ្លាំង ជាពិសេសវា​ជា​ដំណឹង​ដ៏រីករាយបំផុត​សម្រាប់​​ប្រិយមិត្តទាំង​ឡាយ​​​​ដែល​តែង​តែ​គាំទ្រ​ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក​របស់​លោក​ស្រី​តែ​ម្ដង ព្រោះ​​លោក​ស្រី​​ស្ងប់​ស្ងាត់​ខាត​ចេញ​ស្នាដៃប្រលោមលោក​​ថ្មីៗ​ជិត​១០ឆ្នាំហើយ។ ​​​ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​បាន​ពីមូលហេតុឡើងថា “មូលហេតុដែលខ្ញុំ​លែង​ចេញ​ស្នាដៃ​ប្រ​លោមលោក​​អស់​ពេល​យ៉ាងយូរ​បែប​នេះ មិនមែនដោយសារ​ខ្ញុំ​​បញ្ចប់ការងារតែងនិពន្ធនោះទេ តែដោយសារតែ​​ខ្ញុំ​មាន​បញ្ហា​សុខភាព និងមានការ​មមាញឹកខ្លាំង​ក្នុង​ការ​និពន្ធ​អត្ថបទភាពយន្ត​ឱ្យ​បណ្ដាស្ថានីយ៍ទូរទស្សន៍ ទើប​បានជា​​ខ្ញុំ​សម្រេច​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​​បណ្ដា​សារព័ត៌មាននានាតែម្ដង​ទៅ ដើម្បី​យក​ពេលនោះ​មក​សរសេរ​អត្ថបទ​ភាព​យន្តឱ្យ​បាន​ល្អ កុំ​ឱ្យ​​​​ខាត​ពេល ព្រោះ​ខ្លាច​​មាន​បញ្ហា​ជាមួយ​ខាង​ស្ថានីយ៍ទូរទស្សន៍ដោយសារតែយឺត​យ៉ាវ​និពន្ធ​មិន​ទាន់! ហើយ​មូលហេតុដែលចម្បងមួយ​ទៀតដែល​ជា​ធ្វើ​ឱ្យ​ខ្ញុំ​លែង​ចេញ​ស្នាដៃ​ប្រ​លោមលោក​យូរបែបនេះ គឺដោយ​សារ​តែ​ខ្ញុំខកចិត្ត​អស់​សង្ឃឹមរឿងមាន​គេ​រំលោភ​លើ​ស្នាដៃ​តែង​និពន្ធ​​ប្រលោមលោក​របស់​ខ្ញុំ​ខ្លាំងពេក។”

មុន​នឹង​បញ្ចប់ លោកស្រីក៏បាន​ផ្ដាំ​ផ្ញើ​និង​ថ្លែង​អំណរគុណដូច្នេះថា “ជា​ចុង​​ក្រោយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​យុវវ័យ​ទាំង​អស់​សូម​​ឱ្យ​ស្រឡាញ់​ការ​អាន ព្រោះ​ការ​អាន​ជា​ប្រភព​ផ្ដល់​ចំណេះដឹង និង​បទ​ពិសោធ​រាប់​មិន​អស់​សម្រាប់​ជីវិត និងសូម​ថ្លែង​អំណរគុណ​ដល់​ប្រិយ​មិត្ត​គ្រប់​ទិស​ទី ដែល​តែង​តែ​ផ្ដល់​ក្ដី​ស្រឡាញ់​ ការ​គាំ​ទ្រ និង​កម្លាំង​ចិត្ត​ដល់​ខ្ញុំ រហូត​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​តែង​និពន្ធរហូត​មក​ទល់នឹងថ្ងៃ​នេះ និង​សូមអរគុណ​ដល់​គេហទំព័រអ្នកនិពន្ធកម្ពុជាផងដែរ ចំពោះ​កិច្ច​សម្ភាសន៍រូប​ខ្ញុំ។”

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” ជា​អ្នក​និពន្ធ​កម្ពុជា​មួយរូប​ ដែល​មាន​ដើម​កំណើត​ចេញ​ពី​ទឹក​ដី​ក្រុង​ព្រះសីហនុ។ បច្ចុប្បន្ន​ លោក​ស្រី​ជា​អ្នក​និពន្ធ​ប្រលោមលោក​​ដ៏​ជោគជ័យ​បំផុតនៅ​កម្ពុជា ហើយ​ក៏​ជា​អ្នក​និពន្ធ​​ក្នុង​ស្រអៅ​បេះ​ដូង​ប្រិយមិត្ត​អ្នកអាន​ខ្មែរ​ជាអមតៈផងដែរ ដោយប្រិយមិត្ត​ទាំងអស់គ្មាន​ថ្ងៃ​បំភ្លេច​លោក​ស្រី​ចេញ​ពីបេះ​ដូង​បាន​ឡើយ ព្រោះ​ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក​របស់​លោក​ស្រី​ ពិតជា​ល្អ​ឯងខ្លាំងណាស់។ សូមអរគុណ៕ 

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ម៉ៅ សំណាង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!