យ៉េង ឈាងលី និងបទពិសោធន៍ផ្នែកកំណាព្យទំនើបនិយមនៅបរទេស

  • April 9th, 2020

លោក យ៉េង ឈាងលី កើតឆ្នាំ១៩៨៨ នៅខេត្តកណ្តាល មានបងប្អូនបង្កើតចំនួន៦នាក់ ដោយ​លោក​​ជា​កូន​ទី៥ក្នុង​គ្រួសារ។ លោកមានឪពុកឈ្មោះ ជា យ៉េង និងម្តាយ​​ឈ្មោះ រស់ សុផល។ លោក​បានរៀនវិជ្ជាតែងនិពន្ធប្រលោមលោកខ្នាត​វែង ខ្នាតខ្លី និងក្បួនតែងកំណាព្យខ្មែរ តាំង​ពី​ឆ្នាំ​២០០៤ រហូតដល់ឆ្នាំ២០០៧ ពីអតីតព្រះភិក្ខុ ជិន មាស ដែលគង់នៅវត្តពាមមង្គល ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ ក្រោយ​ប្រឡង​ជាប់ជ័យលាភីលេខ២ ពីការប្រកួតប្រជែងស្នាដៃតែងនិពន្ធ ​ក្រោម​ប្រធាន​បទ កំណាព្យ​ទំនើប​និយម នៅឆ្នាំ២០១៣ និងក្រោយចូល​រួមសិក្ខាសាលា​សំណេរ​ប្រតិដ្ឋ​ញាណ ក្រោម​ប្រធាន​បទ “កំណាព្យទំនើបនិយម” ចែករំលែកដោយ លោក យិន លួត នៅ​ឆ្នាំ​ដដែលនោះរួចមក ក៏បណ្តាល​ឱ្យ​លោក​ចាប់​ផ្ដើម​​ចូលចិត្តកំណាព្យបែបទំនើបនិយមកាន់តែខ្លាំងពីថ្ងៃ​នោះ​មក។

លោក យ៉េង ឈាងលី អ្នកនិពន្ធកំណាព្យទំនើបនិយម

ទាក់ទងនឹង​កំណាព្យ​ទំនើប​និយមនេះ លោក យ៉េង ឈាងលី បានរៀបរាប់​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុង​បទសម្ភាសន៍ថា “កំណាព្យជាប់​ជ័យលាភីដំបូងរបស់ខ្ញុំដែលមានចំណងជើងថា ភ្លើងពណ៌ និងសៀវភៅចាស់​ ត្រូវ​បាន​ចេញផ្សាយក្នុងសមូហកម្មអក្សរសិល្ប៍ នូ ហាច លេខ.០៧ នៅ​ឆ្នាំ​២០១៣។ តែ​គួរឱ្យ​ចង់សើចត្រង់ថា តាំង​ពីពេលនោះមកដល់ឥឡូវ ខ្ញុំ​គ្មានស្នាដៃទោលឡើយ។ កំណាព្យ​ខ្ញុំមួយចំនួន ដូចជា ស្ត្រីអេដចាយ និង​ភ្លើងពណ៌ ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​ស្នាដៃ​កវីនិពន្ធ​ខ្មែរមួយចំនួនទៀត ក្នុង​កម្រង​ស្នាដៃអក្សរសិល្ប៍​ទំនើប​និយមកម្ពុជា ឬ Modern Literature of Cambodia រៀប​រៀង​ដោយ​អ្នកស្រីបណ្ឌិត ធារី សេហ្វឺ យ៉ាម៉ាដា ក្នុង​ឆ្នាំ​២០១៥។ ឆ្នាំ២០១៦ ខ្ញុំបាន​សហការជាមួយលោកគ្រូ ជិន មាស, លោក សាយ ប្រាក់​ឈីម និង​ កញ្ញា សុទ្ធ បូផា ដើម្បីប្រ​មូល​ចង​ក្រង​ស្នាដៃកវីនិពន្ធ៥រូប ដែល​មាន​ស្នាដៃខ្ញុំ សាយ ប្រាក់ឈីម, លោកគ្រូ ជិន មាស រួមនឹងកវីនិពន្ធ គ្រឿន យឺន (ចែកឋាន) និង ផុន ណាត ដែល​​​ស្នាដៃ​កំណាព្យ​ទាំងអស់នោះ សុទ្ធតែធ្លាប់បានជាប់ជ័យលាភី ពីការ​ប្រកួត​ប្រជែង​ការតែងនិពន្ធ​កំណាព្យ​ទំនើបនិយម រៀបចំ​ដោយ សមាគមអក្សរសិល្ប៍ នូ ហាច ចន្លោះឆ្នាំ២០០៧ ដល់​ឆ្នាំ​២០១៤។ យើង​ខ្ញុំបាន​ដាក់​ឈ្មោះ​សៀវ​ភៅកម្រងកំណាព្យខ្មែរដែលមានពីរភាសាដំបូងនោះថា ស្រមោល​។”

លោក យ៉េង ឈាងលី និងសិល្បករច្នៃប្រតិដ្ឋវ័យក្មេងក្នុងតំបន់មេគង្គ

លោក យ៉េង ឈាងលី បន្តថា “ក្នុងឆ្នាំដដែលនោះ ខ្ញុំទទួលបានឱកាសល្អមួយពី អង្គការសិល្បៈខ្មែរអមតៈ ដែល​គេ​ជ្រើស​រើស​ឱ្យខ្ញុំ​ចូលរួមសិក្ខាសាលាសិល្បៈវប្បធម៌មួយ ដែល​មានវត្តមាន​សិល្បករ​ច្នៃប្រតិដ្ឋ​​វ័យក្មេង​ មក​ពីទ្វីប​អាស៊ី និងអ៊ីរ៉ុប អញ្ជើញមកជួប​ជុំគ្នាចែករំលែកនូវ​គម្រោង​សិល្បៈវប្បធម៌ ដែលពួកយើងកំពុង​ធ្វើនៅ​តា​ម​សហគមន៍​រៀងៗខ្លួន។ សិក្ខាសាលាសិល្បករច្នៃប្រឌិតវ័យក្មេង ឬ Young Cultural Innovator នោះ ​ប្រារព្ធ​នៅក្នុងទីក្រុង Salzburg ប្រទេសអូទ្រីស្ត។ ក្រោយចប់ពីសិក្ខសាលា និង​ក្រោយ​សកម្មភាព​អាន​កំណាព្យ​ក្នុង​ទី​ក្រុង​ភ្នំពេញជាមួយនឹងកវីបរទេស និងខ្មែរជាច្រើនលើកច្រើនសា ធ្វើឱ្យខ្ញុំបានស្តាប់​កំណាព្យ​ជាច្រើន និងប្លែកៗ ដែល​កំណាព្យ​ទាំង​នោះ​សុទ្ធ​សឹង​តែ​ត្រូវ​បាន​តាក់​តែងឡើងក្នុងក្របខណ្ឌ​ទំនើប​និយម និងប្រពៃណីនិយម។ ហើយកំណាព្យទំនើបនិយម ភាគច្រើនស្តែងនូវមនោស​ញ្ចេត​នា និង​សោកនាដកម្ម តាមរយៈលំហូរទឹកខ្មៅកវី។ ដើម​ខែមីនា ឆ្នាំ២០១៧ ខ្ញុំបានចូលរួមមហោស្រព​អ្នក​និពន្ធវ័យ​​ក្មេង​ប្រារព្ធ​នៅ​ប្រទេស សិង្ហបុរី។ នៅកម្មវិធី​នោះ ខ្ញុំបានស្តាប់កំណាព្យល្អៗ​ជាច្រើន​ដែល​កវីមកពីអាស៊ីអាគ្នេយ៍អាន​ចែក​រំលែកទៅវិញទៅមក។ ស្នាដៃពួក​គេ​​ភាគច្រើនតែងប្រើប្រាស់​រូបភាព​ជំនួស​​​ឱ្យ​គំនិត​ប្រដៅ ឬប្រាប់ត្រង់ៗ។ សំណាងល្អ នៅ​ដើម​ខែតុលាឆ្នាំដដែល ខ្ញុំ​ត្រូវ​បាន​​អញ្ជើញ​ឱ្យ​ចូល​រួមមហោស្រពចម្រុះសិល្បៈ ឬ KL-Diversity Arts Festival មួយទៀត ប្រារព្ធនៅ​ក្នុង​ទី​ក្រុង​​កូឡា​ឡាំ​ពួ ប្រទេសម៉ាឡេស៊ី។ ស្នាដៃកំណាព្យ ភ្លើងពណ៌ និង​រឿង​ខ្លីលំនាំ​ប្រវត្តិ​សាស្ត្រ​ក្រោម​ចំណងជើង “ដើម្បីអី?” ត្រូវបានចុះ​ផ្សាយ​ក្នុង​កម្រង​អក្សរ​សិល្ប៍​ទំនើបនិយម និងប្រពៃណីនិយមអាស៊ាន រួមគ្នាជាមួយកវី​និពន្ធ​ទាំងដែលមកពី១០ប្រទេសក្នុងសហគមន៍នេះថែមទៀតផង។ ដោយមើលឃើញពីគុណតម្លៃ អត្ថ​ន័យ​ខ្លឹមសារសំខាន់ៗ និងសាច់រឿងល្អៗ​នៅក្នុង​កម្រងស្នាដៃ​រួមគ្នានោះ ខ្ញុំបានសម្រេច​ស្នើសុំ​សិទ្ធិ​ប្រែ​សម្រួល​​​មក​ជា​ភាសាខ្មែរ ដោយដាក់ចំណង​ជើងថ្មី​មួយថា “តស៊ូដើម្បីជាតិ” ដ្បិត​ចំណង​ជើង​នេះ ប្រសូត្រចេញមកពី​ប្រធានបទរួមមួយ ដែល​ក្រុមការងារ​នៃសមាគមន​អ្នកនិពន្ធ​ម៉ាឡេស៊ី និង​វិទ្យាស្ថាន​សៀវភៅ និងការ​បក​ប្រែ​ម៉ាឡេ បាន​កំណត់​​ឱ្យកវីនិពន្ធអាស៊ាន​ទាំងអស់​សរសេរអត្ថបទសិក្សា និងកំ​ណាព្យ​មួយចំណងជើង​ផ្ញើឱ្យគេ មុនពួក​យើងចូលរួម។ កម្រងស្នាដៃប្រែសម្រួល “តស៊ូដើម្បីជាតិ” ជាកម្រងស្នាដៃពិសេសមួយដែលមានស្នាដៃអត្ថបទសិក្សា និងកំណាព្យ របស់កវីនិពន្ធអាស៊ាន ដែល​អាចជួយឱ្យអ្នកអានមានឱកាសបានស្វែងយល់ពីប្រវត្តិតស៊ូតាមរយៈអក្សរសិល្ប៍ក្តី និងចលនា​បដិវត្តក្តី ដែលអ្នកតស៊ូនៃជាតិសាសន៍នីមួយៗបានពុះធ្វើដើម្បីប្រយោជន៍រួម។”

សៀវភៅ “តស៊ូដើម្បីជាតិ” ដែលប្រែ​សម្រួល​​​មក​ជា​ភាសាខ្មែរ ដោយក្រុមការងារគម្រោងដាំដុះ​

អ្នក​និពន្ធ​កំណាព្យទំនើបនិយម ដែលមានដើមកំណើតចេញ​ពីទឹកដីខេត្តកណ្ដាល​រូបនេះ​ បាន​បន្ត ពីបទពិសោធការងារ​ផ្នែក​កំណាព្យ​ទំនើប​និយម​របស់​ខ្លួន​នៅបរទេស​បន្ត​ទៀតថា “ហើយឆ្នាំ​២០១៩ ខ្ញុំ​ត្រូវបានអញ្ជើញ​ឱ្យចូលរួមមហោស្រពអក្សរសិល្ប៍​ធំៗពីរទៀត ដែល​ទីមួយ ​គឺមហោ​ស្រពអក្សរសិល្ប៍ ប្រាម៉ា​ពុត្រា (Brahmaputra Literary Festival) ប្រារព្ធធ្វើនៅសង្កាត់ ហ្គូវ៉ាហាទី រដ្ឋអាសាម ស្ថិត​ក្នុង​ភាគខាងជើង​ប្រទេស​ឥណ្ឌា។ នៅ​ទីនោះ កវីនិពន្ធខ្មែរយើងដែលមានខ្ញុំ លោកគ្រូ ជិន មាស, អ្នក​និពន្ធ សូ ភីណា និងលោក សុខ ចាន់ផល បានពាំនាំស្នាដៃអក្សរសិល្ប៍ខ្មែរយើង ទៅ​ចែក​រំលែក​ដល់​កវីនិពន្ធដែល​អញ្ជើញមកពីទ្វីបអ៊ីរ៉ុប ​និង​​អាស៊ីថែមទៀតផង។ រំលង​​​គ្នាប៉ុន្មានថ្ងៃ ខ្ញុំត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ព្រឹត្តិការណ៍នៃមហោ​ស្រព​កំណាព្យ​អាស៊ីរាល់ពីរឆ្នាំម្តង ឬ Biennale of Asian poetry មួយ​ទៀត ប្រារព្ធ​នៅមជ្ឈ​មណ្ឌល​វប្បធម៌អន្តរជាតិ​ឥណ្ឌា (Indian International Centre) ស្ថិតក្នុងក្រុង ​ញ៉ូវ ដេលី។ អ្នករៀបចំមហោស្រព បាន​ជ្រើសរើសស្នាដៃកំណាព្យខ្ញុំចំនួន ១០ ចំណងជើង ​​ចុះ​ផ្សាយ​ជាមួយ​កវី​និពន្ធ​ផ្សេងៗ​ទៀត​មក​ពី១៨ ប្រទេស​ក្នុងទ្វីបអាស៊ីយើងនេះ។ ហើយប្រធាបទរួមដែលយើងត្រូវ ចែករំលែកពេលនោះ គឺសង្គ្រាម និងការផ្សះផ្សា តាមរយៈកំណាព្យ។ នៅទីនោះ ខ្ញុំត្រូវបានអញ្ជើញចូល រួមជាវាគ្មិនម្នាក់ក្នុងវេទិកាពិភាក្សាមួយ ក្រោមប្រធានបទ តើកំណាព្យមាននាទីអ្វីខ្លះក្នុងការផ្សះផ្សារបួស។ ក្រៅអំពីកម្មវិធី ខ្ញុំត្រូវឡើងសំដែងស្នាដៃកំណាព្យជូនកវីអាស៊ីទាំងស្អាប់ និងក្រេបរសនៃកំណាព្យខ្មែរ តាមរយៈការស្មូតកំណាព្យ។ ក្នុងវេទិកាដ៏ធំសម្បើមនោះ មានតែកម្ពុជា និងវៀតណាមប៉ុណ្ណោះ ដែល​ស្មូត្រ​កំណាព្យតាមបែបនៃរចនាបថកំណាព្យខ្លួន។”

លោក យ៉េង ឈាងលី និងសិល្បករវ័យក្មេងជុំវិញពិភពលោក

ការ​រៀបរាប់​របស់​ លោក យ៉េង ឈាងលី ទាំងអស់​នេះ​ហើយ គឺជាបទពិសោធ​ដ៏ច្រើន​របស់​លោក​នៅបរទេស​ទាក់​ទងនឹង​ការងារ​ផ្នែក​កំណាព្យ​ទើប​និយម​របស់​លោក​ ដែល​បទពិសោធទាំងអស់កន្លង​មក​នេះហើយ ដែលបានរុញច្រានរូបលោក​ឱ្យជួបកវីនិពន្ធ ក្រេប​រសកំណាព្យប្លែកៗ និង​ចម្រុះបែប។ ហើយតាមរយៈការជួបប្រាស្រ័យទាក់ទងជាមួយកវីនៅលើពិភពលោក ធ្វើឱ្យលោក​កាន់តែយល់​ឃើញថា កំណាព្យទំនើបនិយមក្តី ប្រពៃណីនិយមក្តី (បុរាណ) សុទ្ធតែមានរសល្អមួយរបស់វារៀងៗខ្លួន គ្រាន់តែថា អ្នក​តែង​​​អាចនឹង​ភាន់ច្រឡំរវាងកំណាព្យនិងរចនាបថប៉ុណ្ណោះ។ តាមការបញ្ជាក់​ជាចុងក្រោយរបស់​លោក យ៉េង ឈាងលី លោកបាន​បង្ហាញថា “មានការលើកឡើងថាកំណាព្យ​ទំនើបនិយមនេះ ចាប់​ផ្តើមសាយភាយដំបូងនៅទ្វីបអ៊ឺរ៉ុប ហើយកវីដែលបានសាយភាយរសទំនើបនិយមដំបូង គឺកវី​ជាតិ​បារាំង​​ម្នាក់ឈ្មោះ Charles ​Baudelaire  ហើយក៏មានការលើកឡើងទៀតថា វាបាន​សាយ​ភាយ​មក​ដល់​ប្រទេស​យើង​ក្នុង​ចន្លោះ​សតវត្សទី១៩ ក៏ប៉ុន្តែនេះ​គ្រាន់តែ​ជាការលើកឡើងមួយប៉ុណ្ណោះ ដោយ​វាទាមទារ​ឱ្យ​យើង​ម្នាក់ៗក្នុងនាមជា​​អ្នកសិក្សា និងស្រឡាញ់កំណាព្យ ចាំបាច់យើងត្រូវបន្តការសិក្សា​ស្រាវជ្រាវអំពីរឿងដ៏មានសារៈ​សំខាន់​​នេះ​បន្ថែមទៀត។”

លោក យ៉េង ឈាងលី ថ្លែងក្នុងវេទិការសិល្បៈវប្បធម៌ ក្នុងវាំងបុរាណ ទីក្រុង Salzburge ប្រទេសអូទ្រីស្ដ

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក យ៉េង ឈាងលី កើតឆ្នាំ១៩៨៨ នៅខេត្តកណ្តាល។ បច្ចុប្បន្ន ក្រៅពីមានជំនាញ​ជាអ្នកនិពន្ធ​កំណាព្យ​​ទំនើបនិយម និងមានបទពិសោធន៍​​ការងារលើផ្នែក​កំណាព្យ​ប្រភេទ​នេះ​ជាច្រើននៅបរទេស​មួយរូប លោកគឺ​​ជា​បុគ្គលិក​កំពុង​បំពេញ​ការងារជា​អ្នក​និពន្ធ​នៅ​គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច​ ដែលមានទីតាំង​នៅ​ទីក្រុង​ភ្នំពេញ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ យ៉េង ឈាងលី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!