លោក សួង ប្រុសប្រាថ្នា អ្នកនិពន្ធឆ្នើមវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្ម Sastra Film មួយរូប ដែលលោកអ្នកគួរស្គាល់!
- November 28th, 2020
លោក សួង ប្រុសប្រាថ្នា អ្នកនិពន្ធឆ្នើមវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្ម Sastra Film មួយរូប ដែលលោកអ្នកគួរស្គាល់!
លោក សួង ប្រុសប្រាថ្នា កើតថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកមានឪពុកឈ្មោះ ឌុច សាវឿន និងម្តាយឈ្មោះ ហៀង ម៉ាលី ដោយមានបងប្អូនបង្កើតចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានងារជាអ្នកនិពន្ធកម្ពុជាមួយរូប លោកជាអ្នកនិពន្ធនិងដឹកនាំសម្តែងនៅផលិតកម្ម Sastra Film ដែលជាផលិតកម្មមួយកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងវិស័យផលិតភាពយន្ដនៅកម្ពុជាសព្វថ្ងៃ។
លោក សួង ប្រុសប្រាថ្នា អ្នកនិពន្ធឆ្នើមវ័យក្មេងល្បីឈ្មោះមួយរូបនៅកម្ពុជាបច្ចុប្បន្ន
ក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិចជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក សួង ប្រុសប្រាថ្នា ក៏បានបន្តបង្ហាញបន្ទាប់ពីប្រវត្តិត្រួសៗរបស់លោកខាងលើទៀតថា “ចំពោះការងារនិពន្ធ ខ្ញុំបានចាប់ផ្ដើមនៅឆ្នាំ២០១៧ ដែលកាលនោះជាអ្នកកែសម្រួលអត្ថបទរឿងវិកលចរឹត និង រឿងកុមារ។ ការពិតទៅ ខ្ញុំចូលចិត្តមើលកុន ហើយក៏ឃើញមានភាពមិនប្រក្រតីជាច្រើននៅក្នុងភាពយន្ត ហើយក៏ចេះតែគិតថា បើសិនជាមានឱកាស ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អជាងនេះ។” លោកបានបន្តពីគោលជំហររបស់ខ្លួនក្នុងកិច្ចការតែងនិពន្ធថា “សម្រាប់ពេលអនាគត ខ្ញុំគិតថា ខ្ញុំនឹងនៅតែបន្តសរសរជានិច្ច ទោះជាបានតិច ឬច្រើនក្តី ព្រោះមានរឿងជាច្រើនទៀតណាស់ ដែលខ្ញុំចង់បង្ហាញតាមរយៈស្នាដៃតែងនិពន្ធរបស់ខ្ញុំ។”
ដូចបញ្ជាក់ខាងលើអ៊ីចឹង លោក សួង ប្រុសប្រាថ្នា បច្ចុប្បន្នគឺជាអ្នកនិពន្ធនិងដឹកនាំសម្តែងមួយរូបនៅផលិតកម្ម Sastra Film ដែលជាផលិតកម្មមួយកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងវិស័យផលិតភាពយន្ដនៅកម្ពុជាយើងសព្វថ្ងៃ។ ទាក់ទងនឹងចំណុចនេះ លោកក៏បានបង្ហាញពីកិច្ចការផ្នែកនិពន្ធ ក៏ដូចជាសមិទ្ធផលការងាររបស់ខ្លួនកន្លងមកថា “ក្នុងការងារជាអ្នកនិពន្ធ ក៏ដូចជាអ្នកដឹកនាំសម្តែងមួយរូបនៅក្នុងផលិតកម្ម Sastra Film រហូតមកដល់ពេលនេះ ខ្ញុំមានស្នាដៃនិពន្ធជាង២០ចំណងជើងហើយ ក្នុងនោះ រឿង “ឯងមានខ្ញុំក្រ”, “ផ្ញើសញ្ញាបត្រជូនម៉ែ”, “បងអាឆ្កួត”, “ពោះធំ”, “សង្សារចាស់” និង រឿង “ប្តីគេ”….. សុទ្ធតែជាស្នាដៃដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនរបស់ Sastra Film ទាំងឡាយ។” លោកបានបន្តបង្ហាញពីសមត្ថភាពក្នុងការនិពន្ធរបស់លោកទៀតថា “ក្រៅពីស្នាដៃជាខ្សែភាពយន្តដែលខ្ញុំបានបង្ហាញមុននេះ ខ្ញុំក៏នៅមានស្នាដៃនិពន្ធជាសៀវភៅកុមារដែលបានចេញផ្សាយរួចប៉ុន្មានចំណងជើងទៀតផងដែរ ដូចជា រឿង “ឌីឌី “ច្រមុះខ្លី” និង “គ្រាប់ពូជ” ជាដើម។
រឿងល្បីៗមួយចំនួននិពន្ធដោយ លោក សួង ប្រុសប្រាថ្នា នៅផលិតកម្ម Sastra Film
ការណ៍ដែលអ្នកនិពន្ធមួយរូបអាចតាក់តែងនិពន្ធស្នាដៃល្អមួយល្អបាន មិនមែនជារឿងចៃដន្យឡើយ គឺទាមទារនូវការមានសមត្ថភាពចំណេះដឹងផ្នែកតែងនិពន្ធពិតប្រាកដទើបអាចទៅរួច ជាក់ស្ដែងប្រៀបដូចជាលោក សួង ប្រុសប្រាថ្នា តែម្ដង។ ពាក់ព័ន្ធនឹងចំណុចនេះ លោកបានចែករំលែកជាចំណេះដឹងដល់បុគ្គលទាំងឡាយ ដែលមានបំណងចង់និពន្ធស្នាដៃឱ្យបានល្អថា “សម្រាប់ខ្ញុំ ការនិពន្ធរឿងឱ្យបានល្អ អ្នកនិពន្ធត្រូវយល់ធាតុសំខាន់នៃការបង្ហាញតួអង្គ សាច់រឿង និងវត្ថុដែលត្រូវបង្ហាញ។ មានន័យថា ការផ្តល់ភាពសំខាន់ទៅលើអ្វីដែលយើងបានបង្ហាញ។ ត្រូវយល់ពីខ្លួនឯង ចំពោះសាច់រឿងដែលចង់បង្ហាញឱ្យអ្នកអាន ឬអ្នកទស្សនា។ យើងមិនចេះតែនឹកឃើញសរសេរ នឹកឃើញសរសេរនោះទេ វាអាចឱ្យបែបសាច់រឿង ឬភាពពិសេសរបស់តួអង្គ ឬ សាច់រឿងបាន។ សរុបមក យើងត្រូវចេះក្តោបសាច់រឿងខ្លួនឯងឱ្យបានមូល កុំឱ្យបែក ដែលយើងពិបាកនឹងទាញសាច់រឿងត្រឡប់មកវិញ។”
រឿងល្បីៗមួយចំនួនទៀតនិពន្ធដោយ លោក សួង ប្រុសប្រាថ្នា នៅផលិតកម្ម Sastra Film
ការអាន ជាផ្នែកមួយនៃការទទួលបាននូវចំណេះដឹងថ្មីចាស់យ៉ាងសម្បូរបែប បើយើងអានកាន់តែច្រើន យើងក៏ហ្នឹងទទួលបាននូវចំណេះដឹងកាន់តែច្រើនផងដែរ ជាពិសេសវានឹងជួយយើងជាច្រើនក្នុងការពង្រឹងភាពជោគជ័យលើអាជីពការងាររបស់យើងសព្វថ្ងៃ។ នេះហើយជាអត្ថប្រយោជន៍នៃការអាចដែលមិនអាចប្រកែកបាន ដែលលោកអ្នកគួរតែព្យាយាមអានឱ្យបានច្រើនបំផុត មិនថាពីសៀវភៅ ឬពីប្រភពណាផ្សេងទៀតនោះទេ។ មែនទែនទៅ បើនិយាយពីការអាននេះ លោក សួង ប្រុសប្រាថ្នា ក៏ជាអ្នកនិពន្ធមួយរូបដែលចូលចិត្តអានសៀវភៅខ្លាំងណាស់ដែរ ដោយលោកបានបង្ហាញថា “ខ្ញុំចូលចិត្តអានសៀវភៅណាស់ តែដោយសារ ការងារមួយរយៈនេះ មមាញឹក ខ្ញុំមិនសូវជាបានអានច្រើនទេ តែពេលទំនេរ ខ្ញុំតែងតែឆ្លៀតអានសៀវភៅ បែបប្រលោមលោកអភិនីហារ ចិត្តសាស្រ្ត ក៏ដូចជាអានសៀវភៅថ្មី ដែលទាក់ទងនឹងប្រធានបទដែលខ្ញុំត្រូវនិពន្ធ ព្រោះជាក់ស្តែងវាជួយឱ្យខ្ញុំ ទទួលបានគំនិតថ្មីៗជាច្រើន ដោយវាជួយឱ្យយើង មិនបែកគំនិតចេញពីប្រធានបទ ពីអ្វីដែលយើងកំពុងសរសេរឡើយ។ ដូច្នេះ ខ្ញុំសូមធ្វើការលើកទឹកចិត្តឱ្យគ្រប់គ្នា អានសៀវភៅ មិនថាជាសៀវភៅប្រភេទណា ឱ្យតែគ្រប់គ្នាពេញចិត្តក្នុងការអាន ព្រោះវាជួយឱ្យយើងមានគំនិតក្នុងការនិយាយ ក៏ដូចជាមានអ្វីថ្មីៗ ប្លែកៗ ក្នុងការលើកយកមកជជែកក្នុងន័យការងារ ឬប្រាស្រ័យទាក់ទងគ្នាទូទៅ។”
“ពោះធំ” និង “សង្សារចាស់” រឿងល្បីៗទាំងពីរថ្មីៗរបស់ លោក សួង ប្រុសប្រាថ្នា នៅផលិតកម្ម Sastra Film
ជាចុងបញ្ចប់ក្នុងបទសម្ភាសន៍ លោក សួង ប្រុសប្រាថ្នា ក៏បានថ្លែងថា “ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់អ្នកគ្រប់គ្នា ដែលបានចំណាយពេលនៅជាមួយទំព័រមួយនេះ ដោយខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានចែករំលែកជាមួយអ្នកទាំងអស់គ្នាតាមរយៈបទសម្ភាសន៍មួយនេះ និងពិតជាសូមអរគុណខ្លាំងណាស់ ដែលអ្នកទាំងអស់គ្នាតែងតែគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក។ ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ដែលស្រឡាញ់ការងារតែងនិពន្ធនិង ដឹកនាំសម្តែងទាំងអស់ សូមឱ្យអានសៀវភៅឱ្យបានច្រើន ជាពិសេសសៀវភៅដែលអាចផ្ដល់ជាចំណេះដឹងដល់ការតែងនិពន្ធឱ្យល្អ និងត្រូវតែដឹងឱ្យបានច្បាស់ពីអ្វីដែលខ្លួនឯងស្រឡាញ់បំផុត។”
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក សួង ប្រុសប្រាថ្នា កើតឆ្នាំ១៩៩៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន លោកជាអ្នកនិពន្ធនិងដឹកនាំសម្តែងនៅ Sastra Film ដែលជាផលិតកម្មមួយកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងវិស័យផលិតភាពយន្ដនៅកម្ពុជាសព្វថ្ងៃ ក្នុងនោះនិពន្ធល្បីៗរបស់លោក រួមមានដូចជា រឿង “ឯងមានខ្ញុំក្រ”, “ផ្ញើសញ្ញាបត្រជូនម៉ែ”, “បងអាឆ្កួត”, “ពោះធំ”, “សង្សារចាស់” និង រឿង “ប្តីគេ” ជាដើម។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើរឿងរបស់លោកមានអត្ថន័យខ្លឹមសារល្អយ៉ាងណាខ្លះនោះ លោកអ្នកអាចចូលទស្សនាតាម Channel YouTube របស់ ផលិតកម្ម Sastra Film https://www.youtube.com/results?search_query=sastra+film នោះលោកអ្នកមុខជាបានដឹងច្បាស់ និងមិនខកបំណងឡើយ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ សួង ប្រុសប្រាថ្នា / រក្សាសិទ្ធិ ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា