លោក មនោ វិជ្ជា ជាអ្នកនិពន្ធសៀវភៅ “ទុកផ្លូវក្រោយ” ទើបនឹងបង្ហាញស្នាដៃទី៦ របស់លោកគឺ សៀវភៅ “យុទ្ធសាស្ត្រវាយលុក”

  • February 18th, 2020

លោក “មនោ វិជ្ជា”  ជានាមប៉ាកការបស់លោក​ ឆន រិទ្ធី ដែលជាអ្នកនិពន្ធនិងស្រាវជ្រាវ​ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែល​គ្រប់​ស្នាដៃ​របស់លោក​កន្លងមក​មានការ​គាំទ្រពីសំណាក់​​​​ប្រិយមិត្ត​អ្នកអានយ៉ាងខ្លាំង ជាពិសេស​អ្នកដែលនិយមអានសៀវភៅ​ផ្នែកទស្សនវិជ្ជា ការដឹកនាំ​​ និងបែបយុទ្ធសាស្ត្រ ដោយសារតែស្នាដៃរបស់លោកភាគច្រើន ច្រើនតែផ្ដោតលើផ្នែកអស់​ទាំង​​នេះ ដែលជាផ្នែក​មិនជាងាយស្រួលប៉ុន្មានឡើយក្នុង​ការ​តាក់តែង។ លោក​ជាអ្នក​និពន្ធមួយរូប​ ដែលមានដើម​កំណើត​នៅជាយដែនកម្ពុជា-វៀតណា ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុក​លើកដែក ខេត្តកណ្តល។ លោកមាន​បងប្អូនបង្កើត​ចំនួន៩នាក់ ដោយ​លោក​ជាកូនទី៩ក្នុង​គ្រួសារ។​  បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណភាព និងគុណតម្លៃ​មួយ នៅកម្ពុជានាពេលបច្ចុប្បន្ន​នេះ។

លោក ឆន រិទ្ធី នាមប៉ាកកា “មនោ វិជ្ជា

លោក ឆន រិទ្ធី ដែលប្រិយមិត្ត​អ្នកអានគ្រប់​គ្នាស្គាល់គាត់​ក្នុងវិស័យតែងនិពន្ធ​តាមរយៈឈ្មោះ មនោ វិជ្ជា លោកបាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ពីដំណើរលើវិថីតែងនិពន្ធរបស់លោក​ថា “ខ្ញុំចាប់ផ្តើមប្រឡូកក្នុងអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំ២០១៤មកម៉្លេះ! ​ហើយការណ៍ដែលខ្ញុំ​​អាច​និពន្ធ​បាន​ល្អ​ដូចសព្វថ្ងៃនេះ វាជាទេពកោសល្យ​ពីកំណើតខ្លះ រៀនសូត្របន្ថែមខ្លួនឯងខ្លះ ប្រឹងប្រែងអានសៀវភៅបន្ថែមខ្លួនឯងខ្លះ និងទទួលបានការណែនាំខ្លះៗពីរៀមច្បងមួយចំនួនទៀត ដែលមានជំនាញផ្នែកតាក់តែងនិពន្ធ” លោកបន្ថែមទៀតថា “ចំពោះស្នាដៃរបស់​ខ្ញុំដែលបានបោះពុម្ពផ្សាយកន្លងមក មានចំនួន៦ចំណងជើង ជាប្រភេទសៀវភៅបែបទស្សនវិជ្ជាខ្លះ ការដឹកនាំខ្លះ​ បែបចិត្ត​វិទ្យាខ្លះ និងបែបយុទ្ធសាស្ត្រខ្លះផងដែរ ដែលមានចំណងជើងដូចជា “ទស្សនៈទម្លុះជីវិត” “ហេតុអ្វីមនុស្សគួរតែរៀន?” “វិធីកម្ចាត់សេចក្តីខ្ជិល” “ទុកផ្លូវក្រោយ” “មនុស្សមានពិស” និងស្នាដៃ​សៀវភៅចុងក្រោយទី៦មានចំណងជើងថា “យុទ្ធសាស្ត្រវាយលុក” ដែល​ទើបនឹងចេញផ្សាយកាលពីខែមករា ដើមឆ្នាំ២០២០នេះថ្មីៗ។ ហើយ​ក្នុង​ចំណោម​នោះ សៀវភៅដែលទទួលបានការគាំទ្រខ្លាំងជាងគេ មានចំណងជើង “ទុកផ្លូវក្រោយ” ដែលរហូតមកទល់ពេលនេះ យើងបានបោះពុម្ពចំនួន៦លើកហើយ ហើយសៀវភៅនេះ និយាយអំពីយុទ្ធសាស្ត្រក្នុងការទប់ទល់ និងការពារភាពទ័លច្រករបស់មនុស្ស ដោយមិនមែន​ត្រូវតែនៅក្នុងសម័យមុនទេ សម័យនេះក៏នៅតែប្រើការកើតដែរ ព្រោះថាមនុស្សយើងអាច​ទ័ល​ច្រកបានគ្រប់ពេលវេលាបើគេគ្មានការត្រៀមលក្ខណៈទុកជាមុន ឬគ្មានផ្លូវក្រោយ​នេះ​ទេនោះ។”

សៀវភៅទាំង៦ក្បាលរបស់លោក មនោ វិជ្ជា

លោក​បាន​បង្កើបថា នៅក្នុងឆ្នាំនេះដែរ លោក​ក៏​នឹង​មានគម្រោងបញ្ចេញនូវ​ស្នាដៃថ្មីៗ​បន្ថែមចំនួនពីរក្បាលទៀត ដោយ​នៅក្នុងចំណោមនោះ ក៏មានសៀវភៅ​ “ទុកផ្លូវក្រោយ ភាគ២” ដែលជាសៀវភៅ​ដ៏ល្បី​របស់​លោក​ដែលបានរៀបរាប់​ខាងលើ​ផងដែរ ឯសៀវភៅមួយមួយចំណង​ជើងទៀត និងកាលបរិច្ឆេតក្នុងការចេញ​ផ្សាយ លោក​សន្យាថា​នឹង​បង្ហាញ​ឱ្យ​​ប្រិយមិត្ត​អ្នកអាន​បានដឹងក្នុង​បទសម្ភាសន៍លើកក្រោយ ដោយសារតែពេលនេះលោកកំពុងតែសរសេរមិនទាន់ចប់ នៅឡើយ។ ដូច្នេះ ប្រសិន​បើប្រិយមិត្តដែលមានចំណង​ចង់ជាវសៀវភៅរបស់លោក ក៏ដូចជា​សៀវភៅ​ដែលមានក្នុង​​គ្រឹះស្ថាន​លោក​ទាំង​ឡាយ លោកអ្នក​អាចទំនាក់ទំនងទៅកាន់ផ្នែកទីផ្សាររបស់លោក​បាន តាមរយៈ​ទូរសព្ទលេខ ០៩៣ ៧០១ ៥៧១ / ០៧៧ ៣៩៣ ០០៧ និង​មួយខ្សែទៀតលេខ ០៨៨៨ ០២៣ ៧៧៦ ឬតាមរយៈផេកហ្វេសប៊ុកផ្លូវការ “ទុកផ្លូវក្រោយ” ដែលជាហ្វេសប៊ុក​ផេកផ្ទាល់ខ្លួនរបស់លោក https://www.facebook.com/TheBackWays/ ឬ “មនោ វិជ្ជា អ្នកនិពន្ធ” ដែល​វេបសាយផ្ទាល់ខ្លួន​របស់លោក​ www.vicheaauthor.com ក៏បានដែរ។

លោក​បាន​បញ្ជាក់ពីចំណង់ចំណូលចិត្តរវាង​​​ការ​និពន្ធនិង​រៀបរៀងថា ចំពោះការតែងនិពន្ធ និងរៀបរៀង សម្រាប់លោក​ គឺលោក​ចូលចិត្ត​ការនិពន្ធជាង ព្រោះថាការនិពន្ធធ្វើឱ្យលោក​គិតបានច្រើន ប្រើសមត្ថភាពរបស់ខ្លួនឯងច្រើន ​ មានគំនិតច្នៃប្រឌិត​ខ្ពស់ និងមានភាពម្ចាស់ការលើខ្លួនឯងជាង។​ លោក​ស្រឡាញ់​ការ​តែង​និពន្ធខ្លាំង​​ណាស់ ដោយ​លោក​មិនដែលមាន​គំនិតគិត​​ចង់បោះបង់ចោលអាជីពជាអ្នកនិពន្ធនេះម្ដងណាឡើយ ផ្ទុយ​ទៅវិញ តាមការបញ្ជាក់​របស់​លោក លោក​មានតែគិតថាធ្វើយ៉ាងណាឱ្យបាន​កាន់តែល្អ និងរិះរក​វិធីយ៉ាងណាទើបអាចចែករំលែក​ចំណេះដឹងទៅអ្នកដទៃបានច្រើនជាងនេះថែមទៀតប៉ុណ្ណោះ ដោយគ្មាន​ថ្ងៃ​បញ្ចប់​ការតែង​និពន្ធ​ជាដាច់​ខាត។

វត្តមានសៀវភៅ “ទុកផ្លូវក្រោយ” របស់លោក មនោ វិជ្ជា ក្នុងជំនួបបុគ្គលសំខាន់ៗមួយ

ថាការនិពន្ធទៅលោកឆ្នើមទៅហើយ តែបើនិយាយពីការ​អានវិញ លោក មនោ វិជ្ជា ក៏រឹតតែ​ពូកែណាស់ទៅទៀត គឺ​លោក​ជាអ្នកនិពន្ធ​មួយរូបដែលចូលចិត្ត​អាន​​ខ្លាំងណាស់ លោកបាន​បញ្ជាក់ទាក់ទងនឹងការអាន​របស់​លោកថា​ “បើ​និយាយពី​ការចូលចិត្តអានសៀវភៅ ខ្ញុំពិបាកនឹងថ្លែងប្រាប់ថាខ្ញុំស្រឡាញ់សៀវភៅ និងចូលចិត្តអានសៀវភៅកម្រិតណាណាស់ ប៉ុន្តែខ្ញុំអាចប្រាប់បានថា ខ្ញុំតែង​អាន​សៀវភៅជាប្រចាំតាំងពីនៅក្មេងរហូតដល់ពេលនេះ ហើយទីណាមានខ្ញុំ នៅទីនោះក៏​តែងមានសៀវភៅជាមួយ។ ចំពោះសៀវភៅ វាគឺជាមិត្តល្អរបស់ខ្ញុំ ស្មោះត្រង់នឹងខ្ញុំ ហើយវា​តែងនៅជាមួយខ្ញុំជានិច្ច ក្បែរខ្លួនជាងប្រពន្ធកូនទៅទៀត។ អ្វីដែលញ៉ាំងចិត្ត និងអារម្មណ៍​របស់ខ្ញុំគិតបែបនេះ គឺខ្ញុំយល់ថា ចំណេះដឹងជាស្ពានចម្លងសុភមង្គលរបស់មនុស្សគ្រប់គ្នា មនុស្សគ្រប់គ្នានឹងគ្មានភាពសុខសាន្ត គ្មានភាពថ្កុំថ្កើង គ្មានគុណតម្លៃ និងគ្មានសេចក្តីថ្លៃ​ថ្នូរឡើយ ប្រសិនបើពួកគេគ្មានចំណេះដឹងណាមួយពិតប្រាកដទេនោះ។ ហើយ​ការណ៍ដែលខ្ញុំចង់ចែករំលែកថា “ចំណេះដឹង” ក៏ព្រោះ​តែ​ខ្ញុំ​យល់ថា ការធ្វើបែបនេះគឺអាចផ្លាស់ប្តូរពិភពលោកទាំងមូលបាន។”

មុននឹងបិទបញ្ចប់បទសម្ភាសន៍ លោក​ក៏បាន​ថ្លែងថា “ជាចុងក្រោយនេះ ខ្ញុំមានតែការអរគុណដល់អ្នកដែលតែងគាំទ្រស្នាដៃរបស់ខ្ញុំ និងនិយមចិត្តចូលផងដែរ។ ខ្ញុំសូមលើកទឹកចិត្តដល់យុវជន និងប្អូនៗកំពុងសិក្សាក្តី ធ្វើអ្វីតាមបេះដូងខ្លួនឯង ដើរទៅឱ្យដល់គោលដៅ មិនថាវាលំបាកប៉ុនណាទេ ត្រូវចងចាំថា “ថ្នាំល្វីង ទើបអាចព្យាបាលរោគ”។ មួយវិញទៀត យើងនៅក្មេងត្រូវសង្វាតសំភីរៀនសូត្រ ដើម្បីជួយដល់សង្គមជាតិយើង ចូលរួមលើកស្ទួយសង្គមជាតិយើងទាំងអស់គ្នា តាមសមត្ថភាពដែលបានរៀនសូត្រ។ ខ្ញុំមានពាក្យមួយឃ្លាចុងក្រោយ ចង់ចែករំលែកដល់យុវជនថា “កុំភ្លេចខ្លួនឯងជានរណា កុំភ្លេចជាតិខ្មែរធ្លាប់អស្ចារ្យ កុំភ្លេចដៃកាន់សៀវភៅអានឱ្យបានទាំងអស់គ្នា” ព្រោះសៀវភៅជាឃ្លាំងនៃចំណេះដឹងឥតគណនាបានឡើយ។ ជាពិសេស​សូមថ្លែងអំណរគុណដល់ គេហទំព័រអ្នកនិពន្ធកម្ពុជា” cambowriter.com ដែលបានបានផ្ដល់កិត្តិយសសម្ភាសន៍រូបខ្ញុំបាទនៅពេលនេះ សូមជូនពរឱ្យគេហទំព័រកាន់តែទទួលជោគជ័យ និងរីកចម្រើនកាន់តែខ្លាំងឡើង។”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក “មនោ វិជ្ជា”  ជានាមប៉ាកការបស់លោក​ ឆន រិទ្ធី ។ លោក​ជាអ្នក​និពន្ធ​មានដើមកំណើតចេញពីជាយដែនកម្ពុជា-វៀតណា, ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុក​លើកដែក ខេត្តកណ្តល។  បច្ចុប្បន្នក្រៅ​ពី​មានអាជីពជាអ្នកនិពន្ធមួយរូប លោក​គឺជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណភាព និងគុណតម្លៃ​មួយ នៅកម្ពុជាបច្ចុប្បន្ន​នេះ។ ដូច្នេះ ប្រសិនបើលោក​អ្នក​ចង់ដឹងថា តើ​ស្នាដៃ​និពន្ធ​រៀបរៀង​របស់លោក​មាន​លក្ខណៈខ្លឹម​សារ​ល្អ​យ៉ាង​ណានោះ លោក​អ្នក​អាច​ស្វែងរក​សៀវភៅទាំង​ឡាត​របស់​លោក​យកមកអាន​បានតាម​រយៈការ​បង្ហាញ​ខាងលើ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ មនោ វិជ្ជា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!