អ្នកនិពន្ធប្រលោមលោកបរទេស កញ្ញា គន់ សុភក្ត្រា អ្នកនិពន្ធវ័យក្មេងស្រស់សោភា ដែលគ្រប់គ្នាស្គាល់តាមរយៈឈ្មោះ ឈៀរី

  • September 8th, 2020

កញ្ញា​ គន់ សុភក្ត្រា មាន​នាម​ប៉ាកកា​ក្នុងស្នាដៃតែងនិពន្ធ “ឈៀរី កើត​នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ​មានឪពុកឈ្មោះ អាន គន់ និងម្តាយឈ្មោះ ខួន ភា និង​មានបងប្អូន​បង្កើត​ចំនួន៣នាក់ ប្រុស១នាក់ និងស្រី២នាក់ ដោយ​កញ្ញា​ជាកូនទី៣ក្នុងគ្រួសារ។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជានិស្សិតសអាហាររូបករណ៍ឆ្នាំទី២ នៅសាកលវិទ្យាល័យ Tongren University នៃទីក្រុង Tongren ខេត្ត Guizhou ប្រទេសចិន។

អ្នក​និពន្ធប្រលោមលោកបរទេស កញ្ញា គន់ សុភក្ត្រា ហៅ ឈៀរី 

ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាមសារអេឡិចត្រូនិច កញ្ញា​ គន់ សុភក្ត្រា បាន​បង្ហាញ​ពីដំណើរីជីវិត​លើវិថីតែងនិពន្ធ ក៏ដូចជា​ចំណង់​ចំណូល​ចិត្ត​លើ​ផ្នែក​និពន្ធ​របស់​ខ្លួន​យ៉ាង​ដូច្នេះថា “ខ្ញុំ​មានចំណូលចិត្តខាងគូររូបតុក្កតា និងសរសេរអមសាច់រឿងជាមួយរូបតុក្កតា តាំងពីអាយុ១០ឆ្នាំ ។ វាចាប់ផ្ដើមឡើងនៅពេលខ្ញុំរៀនថ្នាក់ទី៤នៅសាលាបឋម ហើយក្នុងមួយសប្តាហ៍ ថ្នាក់របស់ខ្ញុំមានម៉ោងចូលបណ្ណាល័យអានសៀវភៅ២ម៉ោង ពេលនោះហើយ វាគឺជាចំណុចចាប់ផ្តើមដែលខ្ញុំបានកាន់សៀវភៅតុក្កតាអាន និងចាប់ផ្តើមចូលចិត្តការតែងនិពន្ធ។ ប៉ុន្តែកាលនោះខ្ញុំគ្រាន់តែជាក្មេង ម្យ៉ាងទៀតបរិបថសង្គមជុំវិញខ្លួនខ្ញុំ គេមិនផ្តល់តម្លៃលើការអាន និងការតែងនិពន្ធទេ ខ្ញុំបានបោះបង់វា ហើយបញ្ឈប់ក្ដីស្រមៃខ្លួនឯង។ ប៉ុន្តែនៅពេលខ្ញុំមានអាយុ១៥ឆ្នាំ គ្រួសារខ្ញុំបានបញ្ជូនខ្ញុំទៅរៀនបន្តនៅទីក្រុងភ្នំពេញ ពេលនោះហើយដែលខ្ញុំមានឱកាសស្គាល់ និងបានអានរឿងប្រលោមលោកបែបបរទេស ខ្ញុំក៏ងាកមកចាប់អារម្មណ៍រឿងបែបប្រលោមលោកបរទេសដែលនិពន្ធដោយកូនខ្មែរ។ ចំពោះខ្ញុំ វាជារឿងគួរឱ្យកោតសរសើរមែនទែន ដែលក្នុងនាមជាកូនខ្មែរមួយរូបរស់នៅក្នុងប្រទេសខ្មែរ ប៉ុន្តែគំនិត និងការសរសេររៀបរាប់ពីទីតាំងទីកន្លែង និងរបៀបរបបរស់នៅរបស់ប្រទេសគេបាន ហាក់ដូចជាគាត់បានរស់នៅទីនោះដោយផ្ទាល់ វាមើលទៅហាក់ទាមទារឱ្យអ្នកនិពន្ធត្រូវមានសមត្ថភាពខ្ពស់ក្នុងការស្រាវជ្រាវ។ ខ្ញុំចាប់ផ្ដើមសម្រេចចិត្តចូលប្រឡូកក្នុងវិស័យជាអ្នកនិពន្ធលាក់បាំងមុខមាត់ នៅអាយុ១៦ឆ្នាំ។ ហើយការណ៍ដែលខ្ញុំអាចនិពន្ធសៀវភៅបានដូចសព្វថ្ងៃនេះ ខ្ញុំអាចនិយាយថាវាគឺជាទេពកោស្យធម្មជាតិរបស់ខ្ញុំ ប៉ុន្តែវាមិនមែនមានន័យថាការចាប់ផ្តើមដំបូងរបស់ខ្ញុំគឺល្អដូចរាល់ថ្ងៃទេ ខ្ញុំត្រូវបានដុសខាត់ដោយពាក្យរិះគន់ទាំងល្អ និងអាក្រក់របស់អ្នកអាន ពួកគាត់ជាអ្នកដែលកែលម្អខ្ញុំ​ឱ្យ​រីកចម្រើនដូចសព្វថ្ងៃនេះ។”

អ្នកនិពន្ធ គន់ សុភក្ត្រា ហៅ ឈៀរី ថតនៅប្រទេសចិនពេលសិក្សា ក្នុងនាមជានិស្សិតអាហារូបករណ៍នៅទីនោះ

កញ្ញា គន់ សុភក្ត្រា បាន​បង្ហាញ​ពីស្នាដៃនិពន្ធ​ប្រលោមលោកប​រទេសរបស់ខ្លួនយ៉ាង​ដូច្នេះថា​ “រហូតមកដល់ពេលនេះ ខ្ញុំចេញរឿងជាសៀវភៅទើបតែបាន៦ក្បាលទេ ប៉ុន្តែរឿងចេញផ្សាយបែបជា PDF File គឺបានដល់ទៅ១៥រឿង។ ហើយរឿងទាំងអស់ដែលខ្ញុំបានតែងខាងលើសុទ្ធតែជាប្រលោមលោកបរទេសទាំងអស់។ ក្នុងចំណោមនោះ​ ប្រលោមលោកដែលទទួលបានការគាំទ្រច្រើនជាងគេគឺ រឿង អន្ទាក់ទណ្ឌកម្ម, រឿង ពិសស្នេហ៍កំហឹងសងសឹក, រឿង ល្បែងស្នេហ៍ភ្លើងប្រាថ្នា, រឿង ទាសករបំណុល, និងរឿង សំណងទឹកភ្នែក។” កញ្ញា​បាន​បន្តថា “ប៉ុន្ដែស្នាដៃប្រលោមលោកទាំងអស់ដែលខ្ញុំចេញផ្សាយ ខ្ញុំមិនបានប្រើឈ្មោះពិតទេ ព្រោះពេលដំបូងដែលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកនិពន្ធ ខ្ញុំគ្រាន់តែចង់ធ្វើជាអ្នកនិពន្ធលាក់មុខមាត់ម្នាក់ប៉ុណ្ណោះ។ ឯស្នាដៃជាសៀវភៅដែលខ្ញុំចេញផ្សាយ មាន៤ក្បាលដែលខ្ញុំចេញនៅក្នុងក្រុម Love Novels។ ហើយបន្ទាប់ពីចេញមកធ្វើអ្នកនិពន្ធឯករាជ្យ ខ្ញុំបានប្រគល់សិទ្ធិបោះពុម្ភឱ្យ​ទៅខាង ពិភពសុបិន ដែលជាក្រុមបោះពុម្ពរឿងឱ្យ​អ្នកនិពន្ធឯករាជ្យ។”

ក្របសៀវភៅប្រលោមលោកបែបបរទេសមួយចំនួនរបស់​ កញ្ញា​ គន់ សុភក្ត្រា ហៅ ឈៀរី

ជាការពិតបើ កញ្ញា​ គន់ សុភក្ត្រា មិនស្រឡាញ់​ការតែងនិពន្ធទេ ក៏កញ្ញា​មិនអាច​និពន្ធ​​ប្រលោមកលោក​បានជាច្រើន​ស្នាដៃ​យ៉ាង​ដូច្នោះដែរ។ ត្រង់​ចំណុច​នេះ កញ្ញា​បាន​បញ្ជាក់ថា “នាងខ្ញុំពិតជាស្រឡាញ់ការតែងនិពន្ធនេះខ្លាំងណាស់​ ព្រោះនេះ​ ជាអ្វីដែលនាងខ្ញុំប៉ងប្រាថ្នាតាំងពីក្មេងមក។ នាងខ្ញុំនឹងមិនបោះបង់វិស័យ​ដែលខ្លួនឯងស្រឡាញ់នេះ​ចោលជាដាច់ខាត! ផ្ទុយទៅវិញ​ នាងខ្ញុំនឹងតស៊ូក្នុងវិស័យមួយនេះឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត​ ទោះបីនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន​ មិនសូវមានការរីកចម្រើន​ និងឱ្យ​តម្លៃខ្លាំងលើវិស័យនេះក៏ដោយ​។”

អ្នក​និពន្ធ​ប្រលោមលោក​បរទេសវ័យក្មេងស្រស់​ស្អាត​ខាងលើ ក៏បាន​ចែករំលែកជាដំបូន្មាននិង​ចំណេះដឹងទៅកាន់ប្អូនៗដែលចង់ក្លាយជាអ្នកនិពន្ធថា “ក្នុងនាមនាងខ្ញុំជាអ្នកនិពន្ធវ័យក្មេងមួយរូប ដែលទើបប្រឡូកក្នុងវិស័យតែងនិពន្ធបាន៥ឆ្នាំ នាងខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលទទួលបានកន្លងមកទៅកាន់ប្អូនៗដែលកំពុងចង់ក្លាយជាអ្នកនិពន្ធដូច​ជា​រូបនាងខ្ញុំ​ថា នៅពេលដែលអ្នកទាំងអស់គ្នាសម្រេចចិត្តចង់ក្លាយជាអ្នកនិពន្ធ អ្នកទាំងអស់គ្នាត្រូវធ្វើវាដោយក្ដីស្រឡាញ់ ព្រោះបើអ្នកទាំងអស់គ្នា​ ស្រឡាញ់វាពិតប្រាកដមែន មិនថា​មនុស្សជុំវិញខ្លួនមិនគាំទ្រ​ ឬក៏ក្នុងលក្ខខណ្ឌណាក៏ដោយ​ អ្នកទាំងអស់គ្នានៅតែអាចតស៊ូបាន​ ដោយមិនរួញរាឡើយ។ ជំហានដំបូងដែលអ្នកគួរមានមុនពេលធ្វើជាអ្នកនិពន្ធ គឺត្រូវរឹងមាំ​ និងបើកចិត្តឱ្យ​ទូលាយ។ ពីរយ៉ាងនេះសំខាន់ណាស់ចំពោះអ្នកនិពន្ធ នៅពេលដែលប្រឈមមុខជាមួយពាក្យរិះគន់របស់អ្នកអាន ព្រោះ​ពាក្យរិះគន់ មិនថាក្នុងន័យស្ថាបនា ឬជាន់ពន្លិច​ គឺមិនពីរោះស្ដាប់នោះទេ តែវានឹងធ្វើឱ្យ​អ្នករីកចម្រើនកាន់តែលឿន បើអ្នករឹងមាំ​ ហើយបើកចិត្តទូលាយក្នុងការស្ដាប់ពាក្យរិះគន់ទាំងនោះ។”

​អ្នកនិពន្ធ គន់ សុភក្ត្រា ហៅ ឈៀរី ក្នុងដំណើរកម្សាន្តបែបធម្មជាតិមួយនៅស្រុកខ្មែរ

មុននឹង​បិទបញ្ចប់​បទសម្ភាសន៍ កញ្ញា​ គន់ សុភក្ត្រា ក៏បាន​សម្ដែង​នូវមតិជាចុងក្រោយថា  “ជាចុងក្រោយនាងខ្ញុំសូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គេហទំព័រអ្នកនិពន្ធកម្ពុជា ដែលបានផ្តល់កិត្តិយសឱ្យ​រូបនាងខ្ញុំបានមាន​​ឱកាសចែករំលែកបទពិសោធន៍តាមរយៈការធ្វើបទសម្ភាស៍មួយនេះ និង​ដែល​តែងតែចុះផ្សាយព័ត៌មានអំពីអ្នកនិពន្ធកម្ពុជាជាច្រើន ដែលផ្តល់ភាពងាយស្រួលចំពោះការតាមដាន និងលើកស្ទួយដល់វិស័យតែងនិពន្ធក្នុងប្រទេសកម្ពុជាឱ្យ​កាន់តែរីកចម្រើន។ ជាពិសេសនាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់គ្នាយ៉ាងក្រៃលែង ព្រោះមានអ្នកអាន មានអ្នកគាំទ្រ ទើបខ្ញុំមានឱកាសក្លាយជាអ្នកនិពន្ធដូចសព្វថ្ងៃ។ ហើយជាការសំណូមពរ នាងខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជាយើងនឹងងាកមកចាប់អារម្មណ៍លើការអានកាន់តែច្រើនឡើង ហើយខ្ញុំសង្ឃឹមថាអាណាព្យាបាលដែលអ្នកមានកូនស្រឡាញ់ការតែងនិពន្ធប្រលោមលោកបែបបរទេស ឬចូលចិត្តអានប្រលោមលោកបែបបរទេស សូមចូលរួមលើកទឹកចិត្តពួកគាត់ ព្រោះលំហូរចេញចូលនៃប្រលោមលោកបរទេសលើសកលលោកនេះមានការរីកដុះដាលជាខ្លាំង ហើយខ្ញុំនិងអ្នកនិពន្ធដទៃតែងតែសង្ឃឹមថា ថ្ងៃណាមួយប្រលោមលោកបរទេសដែលនិពន្ធដោយកូនខ្មែរនឹងមានបកប្រែលក់លើទីផ្សារបរទេស និងមានមុខមាត់លើឆាកអន្តរជាតិ ដែលទាំងអស់នេះ គឺអាចកើតឡើងបានពីការគាំទ្ររបស់ប្រជាជនខ្មែរទាំងអស់គ្នា។ សូមអរគុណ។”

កញ្ញា​ គន់ សុភក្ត្រា ហៅ ឈៀរី កំពុងចុះហត្ថលេខាលើសៀវភៅប្រលោមលោកបរទេសរបស់ខ្លួន

សៀវភៅប្រលោមលោកបរទេសចំណងជើង “សំណងទឹកភ្នែក” ដែល​កញ្ញា​ គន់ សុភក្ត្រា ហៅ ឈៀរី ទើបនឹងចេញផ្សាយ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា​ គន់ សុភក្ត្រា មាននាមប៉ាកកាក្នុង​ស្នាដៃ​របស់ខ្លួនថា “ឈៀរី” កើតឆ្នាំ២០០០ នៅស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលផ្ដោតសំខាន់លើការនិពន្ធ​ប្រលោមលោក​បរទេស កញ្ញា​គឺជានិស្សិតអាហាររូបករណ៍រៀនបន្តនៅប្រទេសចិន នៅសកលវិទ្យាល័យ Tongren University នៃទីក្រុង Tongren ខេត្ត Guizhou ប្រទេសចិន។ ស្នាដៃសៀវភៅចុងក្រោយរបស់​កញ្ញាដែល​ទើបតែចេញផ្សាយមានចំណងជើងថា “សំណងទឹកភ្នែក”។ លើស​ពីនេះ កញ្ញា​ក៏មានគម្រោងចេញផ្សាយសៀវភៅថ្មីបន្ទាប់​ក្នុងពេលឆាប់ៗនេះផងដែរ ប៉ុន្តែកញ្ញា​សុំលាក់ចំណងជើងជាអាថ៌កំបាំងសិន ដោយសន្យាថា​នឹងបង្ហាញ​ឱ្យដឹងលម្អិត​នៅបទសម្ភាសន៍លើក​ក្រោយ​ទៀត ដើម្បីជាការពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្ររបស់កញ្ញាជាពិសេស។ ហើយអ្វីដែលកាន់តែ​ពិសេស​បំផុតនោះ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ កញ្ញា​នឹង​មានចេញផ្សាយរឿងថ្មីមួយទៀតនៅលើPageរបស់កញ្ញា​ផ្ទាល់ ដែលមានចំណងជើងថា “បំណុលឈាម” ដែលជាប្រលោមលោកបរទេសបែបអប្បិយជំនឿ និងអមដោយការស៊ើបអង្កេតក្ដីឃាតកម្មដ៏អយុត្តិធម៌មួយ។” ដូច្នេះ ប្រសិនបើ​លោក​អ្នកចង់ដឹងថា​ តើស្នាដៃ​និពន្ធ​របស់​កញ្ញា​មានទឹកដៃ​កម្រិត​ណា? និង​អត្ថន័យខ្លឹមសារ​ល្អ​យ៉ាង​ណានោះ? លោក​អ្នក​អាចរង់ចាំតាមអាន និង​រកជាវស្នាដៃ​របស់​កញ្ញា​បានតាមទីតាំងសំខាន់ៗមួយចំនួនដូចជា ហាងស្រលាញ់សៀវភៅ, តាមបណ្ណាគារ ឬតូបលក់សៀវភៅនានា ក៏ដូចជា​អាចទាក់ទងទិញ​តាម​រយៈ​ហ្វេស​ប៊ុក​ផេក​ផ្លូវការ​របស់​កញ្ញាផ្ទាល់ ដែលមានឈ្មោះថា Novel-ឈៀរី https://www.facebook.com/Novel-%E1%9E%88%E1%9F%80%E1%9E%9A%E1%9E%B8-483593925166869  ក៏បាន នោះ​លោកអ្នកមុខជាបាន​ដឹង​ច្បាស់​យ៉ាង​ប្រាកដ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ គន់ សុភក្ត្រា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!