អ្នកស្រី អ៊ុច ថាវី អ្នកនិពន្ធល្បី ដែលប្រិយមិត្តប្រុសស្រីស្គាល់តាមរយៈនាម “មេអំបៅ”

  • March 7th, 2020

អ្នកស្រី អ៊ុច ថាវី មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “មេអំបៅ” ។ អ្នកស្រីកើតឆ្នាំ១៩៧៩ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឪពុកឈ្មោះ អ៊ុច ហ៊ត់ និង​ម្តាយឈ្មោះ ហ៊ិន លីមហួយ។ លោកស្រីជាកូនទី១ ក្នុង​ចំណោម​បងប្អូនចំនួន៤នាក់ ស្រី៣នាក់ ប្រុស១នាក់។ ​អ្នកស្រីរៀបការឆ្នាំ២០០៧ ជាមួយស្វាមីឈ្មោះ អ៊ូ សៀរ៉ែន ដោយរហូតមកទល់នឹងពេលនេះមានកូនចំនួន២នាក់ កូនស្រីច្បង អាយុ១១ឆ្នាំ និងកូនប្រុសពៅ អាយុ៤ឆ្នាំ។ អ្នក​ស្រីចាប់ផ្តើមការងារជាអ្នកនិពន្ធ នៅពេលដែល​អ្នកស្រីមាន​អាយុ២១ឆ្នាំ ដោយធ្វើ​ជា​អ្នក​និពន្ធ​រឿងវីដេអូនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្នុងឆ្នាំ​២០០១។ ចំណែក​បច្ចុប្បន្ន ក្រៅពីមានអាជីពជា Copywriter នៅក្រុមហ៊ុនឯកជនមួយ អ្នកស្រី​ជាគ្រូបង្រៀននៅវិទ្យាល័យ​ និងជា សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយអាយរីដ iRead Publisher ដែលជាគ្រឹះស្ថានមួយ ធ្វើការ​លើ​ផ្នែក​ផលិតបោះពុម្ពចែកចាយ​សៀវភៅ។

អ្នកស្រី អ៊ុច ថាវី  អ្នកនិពន្ធ “មេអំបៅ”

អ្នកស្រី អ៊ុច ថាវី បាន​បង្ហាញ​ពីហេតុផលដែល​អ្នកស្រីជ្រើស​ប្រើ​នាម​ប៉ាកកា “មេអំពៅ” របស់​ខ្លួនថា “មានមនុស្សមួយចំនួនសើចពេលឃើញនាមប៉ាកកានាងខ្ញុំដាក់ថា «មេអំបៅ» ព្រោះក្នុងផ្នត់គំនិតមនុស្សភាគច្រើនក្នុង​ន័យអវិជ្ជមាន ដូចជាស្រីមេអំបៅស្មើនឹងស្រីផ្កាមាសជាដើម។ ប៉ុន្តែវាមិនមែនជារឿងចៃដន្យទេដែលខ្ញុំជ្រើសប្រើនាមប៉ាកកានេះ។” អ្នកស្រីបានបន្តបង្ហាញ​ហេតុផលថា “ហេតុផលទី១ មេអំបៅមានពណ៌ស្រស់ស្អាត អ្នកណាៗក៏ស្រឡាញ់ចូលចិត្ត ហើយមេអំបៅជាសត្វស្លូតបូត មិនមែនជាសត្វចង្រៃឡើយ។ គ្រប់គ្នានឹងមានអារម្មណ៍ស្រស់ស្រាយ នៅពេលឃើញសត្វមេអំបៅហោះហើរ។ មេអំបៅកាន់តែច្រើន អារម្មណ៍ស្រស់ស្រាយនឹងមានកាន់តែ​ខ្លាំង។ ហេតុផលទី២ ទម្រាំក្លាយជាមេអំបៅដ៏ស្រស់ស្អាត មេអំបៅត្រូវឆ្លងកាត់​ការ​វិវត្ត​៤​ដំណាក់​កាល…​ ពី​ពង​ទៅជាកូនដង្កូវ រួចសកបីបួនដង ទើបក្លាយជាមេអំបៅ… បើសិនមេអំបៅមិនបានឆ្លងកាត់ដំណាក់កាលទាំងនោះក្នុងវដ្តជីវិតទេ ធ្វើម៉េចនឹងអាចក្លាយខ្លួនទៅជាមេអំបៅដ៏ស្រស់ស្អាតបានទៅ! បើប្រៀបមកជីវិតរបស់យើងវិញ បើមិនមានការផ្លាស់ប្តូរ គឺមិនមានការរីកចម្រើននោះ​ឡើយ… បើយើងមិនហ៊ានជម្នះនឹងឧបសគ្គ បើយើងមិនហ៊ានផ្លាស់ប្តូរ បើយើងមិនចេះតស៊ូអំណត់អត់ធន់ តើធ្វើម្តេចជីវិតយើងនឹងផ្លាស់ប្តូរទៅជាស្រស់បំព្រង និងរីកចម្រើនកើត? ហើយ​ចំពោះហេតុផលទី៣នោះ ខណៈដង្កូវបានត្រឹមតែវាគើមៗ មេអំបៅអាចហោះហើរឆ្វែលឆ្វាត់មើលពិភពលោកដោយសេរី ក្រេបលំអងពីផ្កាស្អាតៗ រស់នៅដោយរីករាយ ស្រស់ស្រាយ… ចំពោះខ្ញុំ មេអំបៅគឺតំណាងឱ្យសេរីភាព និងការផ្លាស់ប្តូរដើម្បីរីកចម្រើន! មេអំបៅផ្តល់អារម្មណ៍ស្រស់ស្រាយដល់មនុស្សគ្រប់គ្នា ប្រើជីវិតសុចរិតដើម្បីរស់ និងរស់នៅដោយសន្តិភាព មិនបៀតបៀនអ្នកណាទាំងអស់។” នេះ​ហើយជាហេតុផលដែលអ្នកស្រីជ្រើសប្រើ “មេអំបៅ” ជានាមប៉ាកការបស់​ខ្លួនដល់​សព្វ​ថ្ងៃ។

អ្នកស្រី អ៊ុច ថាវី  និងបុគ្គលល្បីៗក្នុងវិស័យតែងនិពន្ធកម្ពុជា

ពាក់ព័ន្ធនឹងការតែងនិពន្ធដែលអ្នកស្រីមាន​រាល់ថ្ងៃ អ្នកស្រីបាន​បង្ហាញថា “ការតែងនិពន្ធគឺជាទេពកោសល្យពីកំណើតរបស់មនុស្សម្នាក់ៗ។ ការងារតែងនិពន្ធជាការងារទាក់ទងនឹងសិល្បៈ ទាក់ទងនឹងអារម្មណ៍ និងមនោសញ្ចេតនា ដូច្នេះបើយើងមានមានដុងខាងផ្នែកនេះទេ យើងពិបាកនឹងក្លាយជាអ្នកនិពន្ធបានណាស់។ ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យស្នាដៃតែងនិពន្ធរបស់ខ្លួនក្លាយជាស្នាដៃមានគុណភាព មានតម្លៃជាសកល វាមិនមែនអាស្រ័យលើតែទេពកោសល្យ ឬដុងពីកំណើតតែមួយមុខឡើយ។ ចំពោះខ្ញុំ ខ្ញុំបានចូលរួមក្នុងវគ្គសិក្សាខ្លីស្តីពីជំនាញតែងនិពន្ធពីសមាគមអ្នកសាបព្រោះ (ក្រោយមកក្លាយជាសមូហកម្មអក្សរសិល្បិ៍ នូ ហាច) កាលពីឆ្នាំ១៩៩៩ ហើយទទួលបានការបណ្តុះបណ្តាលជាបន្តបន្ទាប់ទាក់ទងនឹងការតែងនិពន្ធស្ពតវីដេអូអប់រំ ការសរសេរអត្ថបទឯកសារ បទយកការណ៍… នៅពេលខ្ញុំ​ចូលធ្វើការនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។ ដូច្នេះមែនទែនទៅ ចំណេះដឹងក្នុងការសរសេរ​រឿងប្រលោមលោក គឺខ្ញុំកាឡៃចេញពីជំនាញក្នុងការសរសេរអត្ថបទរឿងវីដេអូអប់រំ គួបផ្សំនឹងការ​សិក្សាពីស្នាដៃអ្នកនិពន្ធប្រលោមលោកដទៃទៀត។ ដោយសារខ្ញុំជាអ្នកនិពន្ធដែលប្រាកដនិយម ចូលចិត្តតែងនិពន្ធតែរឿងរ៉ាវដែលកើតមានពិតនៅក្នុងសង្គម ដូច្នេះចំណេះដឹងទូទៅទាក់ទងនឹងសង្គម ការសិក្សាស្រាវជ្រាវបន្ថែមលើប្រធានបទដែលខ្ញុំសរសេរ ការស្វែងរកមតិយោបល់កែលម្អពីអ្នកដទៃលើស្នាដៃរបស់ខ្ញុំ និងការបង្កប់សារអប់រំនៅក្នុងសាច់រឿង គឺជាអ្វីដែលខ្ញុំមិនដែលមើលរំលង។”

អ្នកស្រី អ៊ុច ថាវី  និងប្រិយមិត្តអ្នកគាំទ្ររបស់អ្នកស្រី

ស្នាដៃ​របស់​អ្នកស្រី អ៊ុច ថាវី ភាគច្រើន ច្រើនតែទាក់ទងនឹងការផលិតរឿងវីដេអូអប់រំ និងវីដេអូឯកសារនានា ហើយ​រឿងវីដេអូអប់រំដែលល្បីជាងគេមាន​ដូចជា រឿង “ដើមក្រសាំង” រឿង “ម្ចាស់កាំបិតត្នោត” រឿង “បង្គងវល្លិ៍មាស” (សហនិពន្ធ), រឿង “ចិត្តបុណ្យ” រឿង “ជញ្ជីងគ្មានស្រមោល” (សហនិពន្ធ), រឿង “ជនរងគ្រោះ” រឿង “ពុកខ្ញុំ” រឿង “ភ្លើង​គ្មា​នផ្សែង” និងរឿងអប់រំជាច្រើនទៀត។ ដោយឡែកចំពោះស្នាដៃបោះពុម្ពជាសៀវភៅវិញ អ្នកស្រីក៏មានជាប្រលោមលោកចំនួនពីររឿងផងដែរ គឺ “តាមប្រមាញ់ឧក្រិដ្ឋជន” និង រឿង “សំណាញ់ជីវិត” ដែលសុទ្ធតែទទួលបានការគាំទ្រពីប្រិយមិត្ត​អ្នក​អានយ៉ាងខ្លាំង។ ចំពោះ​ស្នាដៃរឿងខ្លីវិញ អ្នកស្រីមាន​ស្នាដៃរួមក្នុង “ក្រុមអ្នកនិពន្ធមន្តទឹកខ្មៅ” ទាំងបីឆ្នាំតែម្ដង ដូចជា រឿង “ពេលដែលគ្មានម៉ែ” “មិត្តដែលខ្ញុំស្អប់” និង រឿង “ផ្កាយ” ជារឿងប្រកបដោយតម្លៃអប់រំយ៉ាងខ្លាំង។ ក្រៅពីនេះ ​អ្នក​ស្រីក៏នៅមានស្នាដៃរឿងខ្លីមួយចំនួនទៀតដែលបង្ហោះតាមផេក និងគេហទំព័រអាយរីដ ដូចជា រឿង “ស្រឡាញ់ព្រោះអូនជាអូន” “ហេតុផលក្រៅបេះដូង” “រវើរវាយ” “ហួសពេលត្រូវស្តាយ” “លង់ស្នេហ៍សិស្សវិទ្យាល័យ” និងរឿងខ្លីមួយចេញផ្សាយនៅប្រលោមលោកសប្បាយមានចំណងជើងថា “កាដូចុងក្រោយ”។ ដូច្នេះ បើ​លោកអ្នក​មានបំណងជាវស្នាដៃរបស់​អ្នកស្រីយកទៅអាន លោក​អ្នក​អាចរកទិញបានតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់​គ្រឹះស្ថានអាយរីដ https://www.facebook.com/ireadpublisher/  តូបណាណាអាន, ស្រឡាញ់សៀវភៅ, បណ្ណាល័យបញ្ញវន្ត និងនៅតាមបណ្ណាគារនានា ឬអាចទាក់ទងទិញ​​តាមរយៈទូរសព្ទលេខ ០១២ ៥១៩ ៨០២ ក៏បាន នោះអ្នកលោកមុខជាដឹងពីទឹកដៃក្នុង​ការ​និពន្ធថា មានកម្រិតខ្ពស់​ប៉ុនណាមិនខាន។

សៀវភៅ “ឧក្រិដ្ឋជន” របស់អ្នកស្រី អ៊ុច ថាវី

សៀវភៅ “សំណាញ់ជីវិត” របស់អ្នកស្រី អ៊ុច ថាវី

ទោះជាអ្នកស្រី អ៊ុច ថាវី ដែល​អ្នកអាន​គ្រប់​គ្នា​ស្គាល់​តាម​រយៈនាមប៉ាកកា “មេអំបៅ” “​មានភាពប៉ិនប្រសប់ក្នុងការតែងនិពន្ធយ៉ាង​ណាក្ដី ក៏អ្នកស្រីនៅតែជួបការលំបាក​ក្នុង​ការ​តែង​និពន្ធដែរ ​អ្នកស្រី​បាន​បង្ហាញថា “ពេលវេលាគឺជាឧបសគ្គធំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំមានការងារពេញម៉ោង ខ្ញុំត្រូវទៅបង្រៀនសិស្ស ហើយខ្ញុំក៏ត្រូវបំពេញតួនាទីជាស្រ្តីមេផ្ទះម្នាក់ផងដែរ។ ដូច្នេះខ្ញុំត្រូវឆ្លៀតសរសេរតែនៅពេលយប់ ឬនៅថ្ងៃសម្រាក។ ដោយហេតុថាការសរសេរវាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំមិនបង្ខំខ្លួនឯងពេកនោះទេ។ ខ្ញុំមិនដែលនិពន្ធដាច់យប់ឡើយ ព្រោះខ្ញុំគិតដល់សុខភាពខ្លួនឯងជាចម្បង។ បើថ្ងៃណាខ្ញុំហត់នឿយខ្លាំងនឹងការងារ ខ្ញុំក៏សម្រាក ពេលណាមានអារម្មណ៍ល្អ ទើបខ្ញុំបន្តការសរសេរទៀត។ ឧបសគ្គធំបន្ទាប់ គឺជាការរៀបចំដំឡើងសាច់រឿងឱ្យមានភាពប្រទាក់ក្រឡាគ្នា ព្រោះខ្ញុំចូលចិត្តសរសេរបែបលាក់សាច់រឿង ចូលចិត្តធ្វើឱ្យអ្នកអានឆ្ងល់ ហើយចង់តាមដាន។ ដូច្នេះខ្ញុំត្រូវការពេលវេលាច្រើនក្នុងការគិតសាច់រឿងមួយៗ។ បើគិតមិនចេញ ខ្ញុំអាចអានស្នាដៃអ្នកនិពន្ធផ្សេង ឬមើលវីដេអូមួយចំនួន ដើម្បីសិក្សាពីរបៀប ឬវិធីសាស្រ្ត​ក្នុងការចងសាច់រឿងរបស់គេ។ ឧបសគ្គធំៗទាំងពីរនេះហើយ ដែលធ្វើឱ្យខ្ញុំមិនងាយនឹងសរសេរបានស្នាដៃមួយៗឡើង។” អ្នកស្រីបានបន្តថា “តែទោះជាយ៉ាងនេះក្ដី ខ្ញុំមិនដែលមានគំនិតថានឹងបោះបង់ការតែងនិពន្ធចោលឡើយ។ ផ្ទុយមកវិញ ការងារតែងនិពន្ធ​នឹងក្លាយជាការងារនៅវ័យចាស់របស់ខ្ញុំ។ ការបន្សល់ទុកស្នាដៃសម្រាប់អ្នកជំនាន់ក្រោយសិក្សាស្វែងយល់ គឺជាបំណងប្រាថ្នារបស់ខ្ញុំ។ ខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំចេះ អ្វីដែលខ្ញុំដឹង អ្វីដែលខ្ញុំគិតទៅមនុស្សរាល់រូបតាមរយៈស្នាដៃរបស់ខ្ញុំ។ វាក៏ជាការរួមចំណែកតូចមួយនៅក្នុងការលើកស្ទួយវិស័យតែងនិពន្ធ និងការថែរក្សានូវអក្សរសាស្រ្ត និងអក្សរសិល្បិ៍ខ្មែរយើងផងដែរ។”

អ្នកនិពន្ធ “មេអំបៅ” និងសៀវភៅ “សំណាញ់ជីវិត” របស់អ្នកស្រី

ជាចុងបញ្ចប់ ​អ្នកស្រី អ៊ុច ថាវី ក៏មានពាក្យពេចន៍ចង់និយាយ​ទៅកាន់ប្រិយមិត្តដែលតែងតែគាំទ្រស្នាដៃនិពន្ធ​​របស់​អ្នកស្រី និងប្អូនៗ​យុវវ័យទូទៅថា “អ្វីដែលខ្ញុំចង់និយាយទៅកាន់អ្នកអានរបស់ខ្ញុំ គឺអរគុណចំពោះការគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក។ អរគុណដែលបានចំណាយពេលអាន ហើយចំណាយពេលសរសេរយោបល់ត្រឡប់មកខ្ញុំវិញ តាមរយៈការផ្ញើសារមកប្រអប់សារ ឬក៏ការផុសនៅលើបណ្តាញសង្គម។ យោបល់ត្រឡប់របស់អ្នកអានទាំងអស់គឺជាកម្លាំងចិត្តសម្រាប់ខ្ញុំ ធ្វើឱ្យខ្ញុំមានចិត្តចង់បន្តការតែងនិពន្ធរបស់ខ្លួនតទៅទៀត។ ហើយ​ចំពោះប្អូនៗដែលមានបំណងចង់ក្លាយជាអ្នកតែងនិពន្ធ បងសូមលើកទឹកចិត្តឱ្យប្អូនៗក្លាហានក្នុងការចាប់យកក្តីស្រមៃនេះ។ ស្នាដៃដំបូងរបស់ប្អូនៗអាចនៅមានលក្ខណៈក្មេងខ្ចី មានខ្វះចន្លោះ ប៉ុន្តែបើប្អូនៗបើកចិត្តទទួលយកមតិយោបល់ស្ថាបនាប្អូនៗនឹងអាចកែប្រែគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរឡើង។ បងចង់សំណូមពរឱ្យប្អូនៗគិត​ពិចារណា និងប្រយ័ត្នប្រយែងក្នុងការសរសេរអ្វីមួយនៅក្នុងស្នាដៃរបស់ប្អូន ព្រោះថាវាអាចនឹងជះឥទ្ធិពលដល់អ្នកអានដែលជាប្រិយមិត្ត​របស់ប្អូន។ សូមយកចិត្តទុកដាក់លើអក្ខរាវិរុទ្ធ និងសូមកុំសរសេរអ្វីដែលមិនមានសារអប់រំ ព្រោះវាអាចនឹងធ្វើឱ្យស្នាដៃមិនមានតម្លៃយូរអង្វែង។ ចុងក្រោយ សូមកុំភ្លេចគិត​ពីសុខភាពខ្លួនឯង។ ថែរក្សាសុខភាពខ្លួនឯងឱ្យល្អ ដើម្បីមានពេលវេលាបង្កើតស្នាដៃល្អៗ។ កុំយល់ច្រឡំថាការចំណាយពេលតែងនិពន្ធដាច់យប់ វានឹងធ្វើឱ្យស្នាដៃល្បីឱ្យសោះ។”

អ្នកនិពន្ធ អ៊ុច ថាវី  ជាមួយស្វាមី និងកូនៗរបស់អ្នកស្រី

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកស្រី អ៊ុច ថាវី ជាអ្នកនិពន្ធ​កម្ពុជាល្បីឈ្មោះ​មួយរូប ដែលប្រិយមិត្ត​ប្រុសស្រីស្គាល់​តាម​រយៈ​នាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “មេអំបៅ”។ អ្នកស្រីកើតឆ្នាំ១៩៧៩ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកស្រីជាកូនទី១ ក្នុង​ចំណោម​បងប្អូនចំនួន៤នាក់។ រៀបការឆ្នាំ២០០៧ ជាមួយស្វាមីឈ្មោះ អ៊ូ សៀរ៉ែន មានកូនចំនួន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។ បច្ចុប្បន្ន ក្រៅពីមានអាជីពជា Copywriter នៅក្រុមហ៊ុនឯកជនមួយ អ្នកស្រី​ជាគ្រូបង្រៀននៅវិទ្យាល័យ​ និងជាសហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយអាយរីដ iRead Publisher ។ ដូច្នេះ បើ​លោក​អ្នក​ចង់ដឹងថា ស្នាដៃនិពន្ធ​របស់​អ្នកស្រីមាន​លក្ខណៈ​និង​គុណ​តម្លៃ​យ៉ាង​ណាខ្លះ​នោះ? លោក​អ្នក​អាច​រកទិញស្នាដៃ​របស់​អ្នកស្រី​យកមកអាន​បានតាម​ការ​បង្ហាញ​ខាងលើ​។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ អ៊ុច ថាវី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!