ប្រវត្តិ និងស្នាដៃ អ្នកនិពន្ធ ឈុំ សីហា សហស្ថាបនិកគ្រឹះស្ថានហាតប៊ុក

  • February 20th, 2020

លោក ឈុំ សីហា កើតនៅឆ្នាំ១៩៨៦ ក្នុងខេត្តបាត់ដំបង។ លោក​មានឪពុកឈ្មោះ ឈុំ សាំងរិទ្ធ គឺជាគ្រូបង្រៀន និងម្តាយឈ្មោះ ផាន ឡា ជាស្រ្តីមេផ្ទះ។ លោក​មាន​បងប្អូនបង្កើត​ចំនួន៨នាក់ ប្រុស៦នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៤ក្នុងគ្រួសារ។ លោក​រៀបការជាមួយអតីតមិត្តស្រីរបស់លោក ឈ្មោះ លី ស្រីពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០០៩ និងមានកូនប្រុសចំនួន​៣នាក់ និង​កំពុង​រួមរស់​ជាមួយ​គ្នានៅទីក្រុងភ្នំពេញ។ អតីតកាល លោក​ធ្លាប់បានបំពេញការងារនៅសាកលវិទ្យាល័យឯកជន ក្នុងនាមបុគ្គលិកធម្មតា ប្រធានផ្នែក និងជាសាស្រ្តាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រ រយៈពេល៥ឆ្នាំ មុនពេលផ្លាស់ទីលំនៅមកភ្នំពេញក្នុងឆ្នាំ២០០៩ ដោយបំពេញការងារនៅក្រុមហ៊ុនឯកជនមួយកន្លែង​។ ពីឆ្នាំ២០១០ ដល់​ឆ្នាំ២០២០ លោក​បានបំពេញការងារជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ។ ឯការ​សិក្សា លោក​បានប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០០៣ និងបន្តថ្នាក់ឧត្តមសិក្សា ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៧ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម នៅឆ្នាំ២០០៩។

លោក ឈុំ សីហា អ្នកនិពន្ធ និងជាសហស្ថាបនិកគ្រឹះស្ថានហាតប៊ុក

ទាក់​ទនឹង​នឹងការ​តែង​និពន្ធ​វិញ លោក ឈុំ សីហា បាន​រៀបរាប់​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា”​ ថា “ខ្ញុំ​ចាប់ផ្តើម​ការសរសេរសៀវភៅ និងបានបោះពុម្ពផ្សាយសៀវភៅដំបូងនៅឆ្នាំ២០១២។ កាលនោះ ដោយសារមានការជំរុញ​លើកទឹកចិត្តពីបងប្រុសទី៣ ខ្ញុំក៏សម្រេចចិត្តបង្កើត​គ្រឹះស្ថាន​បោះពុម្ពផ្សាយហាតប៊ុក (Heartbook) ឡើង ដោយ​ដំណើរការរហូតដល់បច្ចុប្បន្ន។” លោកបានបញ្ជាក់ពីការ​សរសេរ​របស់​លោក​ថា “ការចាប់ផ្តើមសរសេរនេះ អាចដោយសារ​ទេពកោសល្យផង ការស្រឡាញ់ចូលចិត្តផង និងការរៀនសូត្រ​ខ្លះផង ព្រោះ​ខ្ញុំជាសិស្សម្នាក់ដែលចូលចិត្តមុខវិជ្ជាតែងសេចក្តីតាំងពីថ្នាក់បឋមមកម្ល៉េះ និង​ចូលចិត្តមុខវិជ្ជាភាសាខ្មែរជាងគេ បើ​ទោះបីពិន្ទុមិនសូវបានច្រើនក៏ដោយ។ ខ្ញុំធ្លាប់​បានតំណាងឱ្យ​សាលារៀនរបស់ខ្ញុំ ចូលរួមប្រលងសិស្សពូកែភាសាខ្មែរ ថ្នាក់ខេត្តចំនួនពីរដង គឺនៅថ្នាក់ទី៩ម្តង​ និងថ្នាក់ទី១២ម្តង ប៉ុន្តែមិនដែលជាប់បានលទ្ធផលល្អ​ម្តងណាឡើយ។” លោក​បន្ត “ក្រោយៗមក ដោយសារខ្ញុំចូលធ្វើការងារ ហើយភាគច្រើន គឺកិច្ចការរដ្ឋបាលដែលតម្រូវឱ្យ​សរសេរលិខិត និងគោលការណ៍មួយចំនួន។ នេះអាចជាឱកាស​ដែលធ្វើឱ្យខ្ញុំ​អាច​ហាត់​ពត់ការសរសេរដែរ។ បន្ថែមពីលើនេះ មុខវិជ្ជានៅថ្នាក់មហាវិទ្យាល័យ​ ក៏តម្រូវឱ្យខ្ញុំ​មានការស្រាវ​ជ្រាវ​ច្រើន ហើយធ្វើកិច្ចការស្រាវជ្រាវ (Assignment) ច្រើន ហើយមុខវិជ្ជាខ្លះក៏​និយាយអំពីរបៀបសរសេរផងដែរ ពិសេសថ្នាក់អក្សរសាស្រ្តអង់គ្លេស។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានចូលរួមវគ្គសិក្សាតិចតួច ពិសេសជាមួយវិទ្យុបារាំងអន្តរជាតិ(RFI) អំពីរបៀប​សរសេរអត្ថបទជាបទវិភាគ និងសារព័ត៌មានជាដើម។” នេះ​ជា​សម្ដី​ទាំង​ស្រុងរបស់អ្នកនិពន្ធ ឈុំ សីហា ទាក់ទងនឹង​ដំណើរ​លើវិថី​តែងនិពន្ធ​របស់​លោក​កន្លងមក។

ប្រិយមិត្ត និងសៀវភៅ “ស្ត្រីដែកថែប”  ជាសៀវភៅល្បីមួយ របស់ លោក ឈុំ សីហា 

ពាក់​ព័ន្ធ​នឹងសៀវភៅ​ដែលមានដាក់​លក់​ទាំង​ឡាយ​ក្នុង​គ្រឹះ​ស្ថានហាតប៊ុក(Heartbook) ​និង​ស្នាដៃ​ផ្ទាល់​របស់​លោក លោក ឈុំ សីហា បាន​បង្ហាញថា “ក្នុងចំណោមសៀវភៅរបស់គ្រឹះស្ថានហាតប៊ុកដែលមាន​លក់​ទាំងអស់មានចំនួន​សរុបទាំងអស់​៣២ចំណងជើង ដោយ​ក្នុង​នោះ​មាន​ស្នាដៃ​សៀវភៅដែល​ខ្ញុំ​បានសរសេរផ្ទាល់ចំនួន១៨ចំណងជើង និងសហការសរសេរចំនួន២ចំណងជើងទៀត សរុបទាំង​អស់ចំនួន២០ចំណងជើង” នេះ​មិនមែន​ជាចំនួន​តិចឡើយក្នុង​នាម​លោក​ជា​អ្នក​សរសេរ​មួយរូប ដែលមាន​អ្នក​និពន្ធ​និងរៀបរៀងភាគតិចណាស់ ដែលអាច​និពន្ធ ស្រាវជ្រាវ​ ចងក្រង សៀវភៅ​ឡើងបាន​លើស​ពី១០ក្បាលនោះ។ ហើយ​ខាង​ក្រោមនេះ គឺ​ជាចំណងសៀវភៅទាំង​២០​របស់​ លោក ឈុំ សីហា​ ដែលរួមមានដូចជា ៖

  1. ពេជ្រមួយពាន់គ្រាប់ ភាគ១ (សៀវភៅដំបូងរបស់លោក)
  2. ពេជ្រមួយពាន់គ្រាប់ ភាគ២
  3. ស្រ្តីដែកថែប
  4. ភាសាស្នេហ៍
  5. ការលើកទឹកចិត្តនិងអភិវឌ្ឍន៍ខ្លួនឯង
  6. ប្រទេសចិន ក្រោមកណ្តាប់ដៃបុរសខ្លាំងទាំងបី
  7. បរាជ័យ
  8. មេដឹកនាំពិភពលោក២១រូប នាដើមសតវត្សរ៍ទី២១
  9. មនុស្ស១០០ គំនិត១០០០
  10. ១០១ អំពីប្រទេសចិន
  11. ប្រទេសអ៊ីស្រាអែល
  12. ប្រទេសជប៉ុន
  13. និទានជោគជ័យ
  14. បុគ្គលិកឆ្នើម
  15. សាងគ្រឹះនគរ
  16. វិធីសាស្រ្តប្រមាញ់ការងារ
  17. រៀនពីពួកគាត់
  18. មហាសេដ្ឋីព័ត៌មានវិទ្យា
  19. បណ្តុំគំនិត ភាគ១ (ជាស្នាដៃសហរៀបរៀង)
  20. ចំណេះដឹងសកល ភាគ១ (ជាស្នាដៃសហរៀបរៀង)

ស្នាដៃសៀវភៅល្បីៗទាំង៣ក្បាលរបស់ លោក ឈុំ សីហា 

លោក ឈុំ សីហា បានបញ្ជាក់ទាក់ទងនឹងសៀវភៅទាំង២០ចំណងជើងខាងលើរបស់លោកថា “ក្នុងចំណោមសៀវភៅទាំងអស់ដែលជាស្នាដៃ​របស់​ខ្ញុំដូចបាន​រៀបរាប់​ខាងលើ​​ មានសៀវភៅចំនួន៣ចំណងជើង ដែលទទួលបានការគាំទ្រ​ច្រើនជាងគេ ដូចជា ៖

ទី១សៀវភៅចំណងជើង “ការលើកទឹកចិត្តនិងអភិវឌ្ឍន៍ខ្លួន” ៖ ជាសៀវភៅ​និយាយអំពីវិធីសាស្រ្ត​និងសកម្មភាពក្នុងការជំរុញ​លើកទឹកចិត្ត និងអភិវឌ្ឍន៍សមត្ថភាពដោយខ្លួនឯង។ សៀវភៅនេះ ត្រូវ​នឹងមនុស្សគ្រប់គ្នា ដែលត្រូវការលើកទឹកចិត្តខ្លួនឯងជាប្រចាំ និងត្រូវការអភិវឌ្ឍខ្លួនជាប្រចាំ​ដូចគ្នាដែរ។ 

ទី២សៀវភៅចំណងជើង “ស្រ្តីដែកថែប” ៖ ជាសៀវភៅ​និយាយអំពី​ជីវិតប្រវត្តិ និងព្រឹត្តិការណ៍នានាក្នុងជីវិតរបស់មេដឹកនាំពិភពលោកជាស្រ្តី និងស្រ្តីជើងខ្លាំងចំនួន១៥រូប។ សៀវភៅនេះ ជាគ្រឿងជំរុញ​លើកទឹកចិត្ត​ស្រ្តីគ្រប់រូប និងជាគំរូភាពមួយយ៉ាងអស្ចារ្យសម្រាប់ស្រ្តីគ្រប់រូប។ 

ទី៣សៀវភៅចំណងជើង “ប្រទេសអ៊ីស្រាអែល” ៖ ជាសៀវភៅនិយាយអំពីប្រទេសអ៊ីស្រាអែល រៀបរាប់​ពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ប្រជាសាស្រ្ត នយោបាយ វប្បធម៌ និងយោធាជាដើម។ អ៊ីស្រាអែល មានមេរៀនជាច្រើនដែល​យើងគួរសិក្សាពិចារណា។” 

សៀវភៅ​ទាំង​៣ចំណង​ជើង ដែលលោក​ ឈុំ សីហា បានរៀបរាប់ខាងលើ គ្រាន់​តែ​ស្ដាប់​ការ​រៀបរាប់​រាប់​របស់​លោក​ក៏ដឹងថា​ល្អ​ដែរ។ ដូច្នេះ ប្រសិនបើ​បងប្អូនមានចំណង​ចង់ជាវ​យកទៅអាន បងប្អូន​អាចរកទិញ​បាននៅបណ្ណាគារធំៗនៅភ្នំពេញ ដូចជា បណ្ណាគារសន្តិភាព (PBC), អន្តរជាតិ (IBC), បាក់ទូក, អង្គរធំ, នគរធំ, ប្រជាប្រិយ និង បណ្ណាគារពិភពលោក ជាដើម។ ហើយបងប្អូនក៏អាចរកទិញ​បាន​នៅតាមបណ្តាខេត្តមួយចំនួន​ ដូចជា បាត់ដំបង, សៀមរាប, បន្ទាយមានជ័យ, តាកែវ, កំពង់ឆ្នាំ, ឧត្តរមានជ័យ និង ខេត្តរតនៈគីរិ។ ជាពិសេសបំផុត​នោះ ដើម្បីងាយស្រួលរកទិញ បងប្អូនអាចទំនាក់​ទំនង​​ទិញបាន​តាមរយៈ​ហ្វេសហ៊ុកផេក​របស់ គ្រឹះស្ថានហាតប៊ុក(Heartbook)  https://www.facebook.com/HeartBookCambodia/ ដោយផ្ទាល់ គឺមានសេវាផ្ញើជូនគ្រប់​បណ្ដាខេត្តក្រុង​ទូទាំង​ប្រទេស​កម្ពុជា​តែម្ដង។

ប្រិយមិត្ត និងស្នាដៃសៀវភៅមួយចំនួនទៀតរបស់​លោក ឈុំ សីហា

ជាចុងបញ្ចប់​បទសម្ភាសន៍ លោក ឈុំ សីហា ក៏មានជាពាក្យពេចន៍ចុងក្រោយថា “ជាចុងក្រោយខ្ញុំសូមអរគុណ និងកោតសរសើរចំពោះបងប្អូនទាំងអស់ ដែល​បានចូលរួម​លើកកម្ពស់​ការអាន ទាំងអ្នកនិពន្ធ អ្នករៀបរៀង គ្រឹះស្ថានបោះពុម្ព ស្ថាប័នពាក់ព័ន្ធ ពិសេស​បងប្អូន​អ្នកអានទាំងឡាយ និង​សូមសំណូមពរឱ្យ​បងប្អូនទាំងអស់​គ្នាបន្តការអាន ចែករំលែកចំណេះដឹង និងបន្តជំរុញលើកទឹកចិត្ត​​មនុស្សជុំវិញខ្លួនឱ្យ​ក្លាយជាអ្នកអានពិតប្រាកដ ព្រោះ​ការជម្រុញប្រជាជនឱ្យស្រឡាញ់​ការអាន មិនមែន​ជាកិច្ចការ​របស់អ្នកណាម្នាក់ឡើយ ប៉ុន្តែវាគឺជាកាតព្វកិច្ចរួម​របស់យើងទាំងអស់គ្នា។ ជាពិសេស​បំផុតនោះ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ដែលបាន​ផ្ដល់កិត្តិយសសម្ភាសន៍រូបខ្ញុំបាទចុះផ្សាយ​នៅពេលនេះ” សូមជូនពរ​គេហទំព័រកាន់តែ​ជោគជ័យ និងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងជាលំដាប់។”

លោក ឈុំ សីហា និងភរិយា ព្រមទាំងកូនៗទាំង៣នាក់របស់លោក

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក ឈុំ សីហា កើតនៅឆ្នាំ១៩៨៦ ក្នុងខេត្តបាត់ដំបង។ លោក​មានឪពុកឈ្មោះ ឈុំ សាំងរិទ្ធ គឺជាគ្រូបង្រៀន និងម្តាយឈ្មោះ ផាន ឡា ជាស្រ្តីមេផ្ទះ។ លោក​មាន​បងប្អូនបង្កើត​ចំនួន៨នាក់ ប្រុស៦នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៤ក្នុងគ្រួសារ។ លោក​រៀបការជាមួយអតីតមិត្តស្រីរបស់លោក ឈ្មោះ លី ស្រីពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០០៩ និងមានកូនប្រុសចំនួន​៣នាក់ និង​កំពុង​រួមរស់​ជាមួយ​គ្នានៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីពជាអ្នកនិពន្ធ​កម្ពុជាមួយរូប, ជាម្ចាស់​ស្នាដៃ​សៀវភៅ​ល្អ​ៗ​ជាំច្រើន លោក​ជា​សហស្ថាបនិកគ្រឹះស្ថានហាតប៊ុក ដែល​ជាគ្រឹះស្ថានផលិត​បោះពុម្ពផ្សាយ​សៀវភៅល្អៗប្រកបដោយគុណតម្លៃមួយ​នៅកម្ពុជានាពេលបច្ចុប្បន្ន​ផងដែរ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឈុំ សីហា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!