លោក សែម ពណ្ណរាយ កវីនិពន្ធឆ្នើមនៅកម្ពុជាមួយរូប ដែលប្រកបដោយសមត្ថភាពក្នុងការនិពន្ធកំណាព្យ

  • August 24th, 2020

លោក សែម ពណ្ណរាយ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីសម្តីផ្អែម” មាន​ដើម​កំណើតពិតប្រាកដនៅភ្នំពេញ។ លោកមាន​ឪពុកឈ្មោះ ជូ ពូន (ស្លាប់) ម្តាយ​ឈ្មោះ ឡុង ប៊ុនរឿង (ស្លាប់) មានបងប្អូនបង្កើត​ចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ដោយ​លោកជាកូនទីពីរក្នុង​គ្រួសារ តែ​បងប្អូនរបស់លោក​បាន​ស្លាប់ក្នុងសម័យ ប៉ុល ពត ទាំងអស់។ បច្ចុប្បន្ន លោក​ប្រើប្រាស់ស្រុកកំណើតរបស់ម្តាយ នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រោះដោយសារចុះឈ្មោះដំបូងរៀននៅទីនោះ។ បច្ចុប្បន្ន ក្រៅ​ពីមាន​ជំនាញ​ជាអ្នក​និពន្ធ​មួយរូប ដែល​ពាំនាំ​នូវ​ទេពកោសល្យ​ផ្នែក​នេះ​ស្រាប់​ពីធម្មជាតិ លោក​មាន​អាជីពជាគ្រូបង្រៀនកម្រិតឧត្តមឯកទេសអក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ដោយ​អាជីពជា​គ្រូបង្រៀនរបស់លោក លោកមានសញ្ញាបត្រគ្រូដល់ទៅបីកម្រិតឯណោះ រួមមាន កម្រិត​បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។

លោក សែម ពណ្ណរាយ កវីនិពន្ធឆ្នើមនៅកម្ពុជាមួយរូប ដែលប្រកបដោយសមត្ថភាពក្នុងការនិពន្ធកំណាព្យ

ក្នុង​បទសម្ភាសន៍​ជាមួយ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” លោក សែម ពណ្ណរាយ បាន​បញ្ជាក់ពីការ​តែង​និពន្ធ​របស់​លោកថា “ខ្ញុំសរសេរតែសម្រាប់តែ​ការប្រឡងប្រជែងទាំង​ឡាយណា ដែលមានការអនុញ្ញាតិពីក្រសួងអប់រំ និងសមាគមអ្នកនិពន្ធខ្មែរប៉ុណ្ណោះ ដោយខ្ញុំ​មិនដែលសរសេរបោះពុម្ពលក់ឡើយ ព្រោះខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ការតាក់តែង។” លោក​បន្ត “កាលនៅរៀន ខ្ញុំបានមើលភាពយន្តរឿងខ្មែរ ឥណ្ឌា… កាលនោះពេញនិយមណាស់ ខ្ញុំបានប្រាប់មិត្តភក្តិថា រឿងបែបហ្នឹងខ្ញុំក៏ចេះតែងដែរ តែគ្មាននរណាម្នាក់គេជឿខ្ញុំទេ… ដោយមិនអស់ចិត្ត ខ្ញុំក៏សួរលោកគ្រូខ្មែរបន្ថែមទៀតថា តើការនិពន្ធទាល់តែរៀនសូត្របានខ្ពង់ខ្ពស់ទើបសរសេររឿងបានមែនទេលោកគ្រូ? គាត់ក៏​ឆ្លើយថា ទេ! វាអាស្រ័យលើទេពកោសល្យរបស់មនុស្សម្នាក់ៗតើ!… ពេលនោះមិត្តភក្តិភាគច្រើនពួកគេតែងសើចចំអកឱ្យ​ខ្ញុំ តែចំពោះខ្ញុំនៅតែមានការតាំងចិត្ត។ ខ្ញុំ​ចាប់ផ្តើមសរសេរប្រលោមលោកដំបូងរឿង បំភ្លេចមិនបាន នៅឆ្នាំ១៩៩៧ ដោយមិនបានឆ្លងកាត់សាលានិពន្ធអ្វីឡើយ។ ការប្រឡងត្រូវបានធ្លាក់ ពីព្រោះអ្នកជាប់សុទ្ធសឹងជាកវីនិពន្ធជើងចាស់ ដែលបច្ចុប្បន្ន គាត់ជាគ្រូបង្រៀនរបស់ខ្ញុំ ធ្វើ​ឱ្យខ្ញុំមានអារាម្មណ៍ថា បរាជ័យនេះ គឺដូចអ្វីដែលគេមើលងាយមែន! តែខ្ញុំនៅតែ​មិនព្រមបោះបង់ឬបាក់ទឹកចិត្តឡើយ ក្រោយពីសមាគមអ្នកនិពន្ធខ្មែរ បោះពុម្ពសៀវភៅនោះរួចមក ខ្ញុំក៏ប្រមូលទិញយកមកមើលទាំងអស់ ទើបដឹងខ្លួនថានូវមានកម្រិត ស្នាដៃចាញ់ពួកគាត់មែន! ខ្ញុំក៏យករឿងដដែលនោះមកសរសេរជាកំណាព្យរឿងវិញម្តង ហើយទីបំផុត នៅឆ្នាំ១៩៩៨ ខ្ញុំ​ក៏​ទទួលបានចំណាត់ថ្នាក់លេខ ៤ រួចបន្តចូលសិក្សានៅសមាគម ទើបទទួលបាននូវជ័យលាភីជាទីគាប់ចិត្តនៅឆ្នាំ១៩៩៩។”

ខាង​ក្រោមនេះ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបង្ហាញ​ជូនលោកអ្នកឱ្យបានដឹងពីពានរង្វាន់ជ័យលាភីសំខាន់ៗ ដែល​លោក សែម ពណ្ណរាយ ធ្លាប់​ទទួលបានកន្លងមករហូតមកទល់នឹងពេលនេះ ដូចតទៅ ៖

១ / ប្រលោមកំណាព្យ “បំភ្លេចមិនបាន” ឆ្នាំ១៩៩៨ ពានរង្វាន់៧មករា ចំណាត់ថ្នាក់លេខ៤

២ / ប្រលោមកំណាព្យ “វិប្បដិសារី” ឆ្នាំម១៩៩៩ ពានរង្វាន់សីហនុរាជ ចំណាត់ថ្នាក់លេខ១

៣ / ប្រលោមកំណាព្យ “មាសទឹកដប់” ឆ្នាំ២០០០ ពានរង្វាន់ប្រាំពីរមករា ចំណាត់ថ្នាក់លេខ៣

៤ / ប្រលោមកំណាព្យ “ក្រគ្រូជាយដែន” ឆ្នាំ២០០៨ ពានរង្វាន់សុរាម្រិត (រង្វាន់លួងចិត្ត)

៥ / ប្រលោមកំណាព្យ “ស្រែស្រូវពង្រោះ” ឆ្នាំ២០០៩ ពានរង្វាន់ទន្លេមេគង្គ ចំណាត់ថ្នាក់លេខ១

៦ / ប្រលោមកំណាព្យ “ស្មារតី២ធ្នូ” ឆ្នាំ២០១០ ពានរង្វាន់ ហេង សំរិន ចំណាត់ថ្នាក់លេខ៤

៧ / កំណាព្យខ្លី “គ្រូបង្រៀនសម័យទំនើប” ឆ្នាំ២០១៨ ក្នុង​ទិវាគ្រូបង្រៀន ពានរង្វាន់សម្តេចសង្ឃរាជ ជួន ណាត ចំណាត់ថ្នាក់លេខ៣។

លើស​ពីនេះ ក្នុង​ឆ្នាំ២០២០នេះ លោកក៏កំពុងតែនិពន្ធ​ប្រលោម​កំណាព្យ​សម្រាប់ដាក់​ប្រឡង​ក្នុងពានរង្វាន់​ថ្មីមួយទៀតផងដែរ មានចំណងជើងថា  “ទន្លេផ្ទេរស្នេហ៍” ដែល​នឹង​ប្រព្រឹត្តទៅក្នុង​ពេលឆាប់ៗ​ខាងមុខនេះហើយ។ លោក​បាន​បញ្ជាក់ថា រាល់ស្នាដៃនិពន្ធ​ទាំងអស់របស់លោក លោក​មិនទាន់​បានបោះពុម្ពផ្សាយ​ដោយខ្លួនឯងនៅ​ឡើយទេ ដោយ​ប្រគល់សិទ្ធិជូនទៅខាង​ សមាគមអ្នកនិពន្ធខ្មែរ និងក្រសួងអប់រំ ជាអ្នក​រៀបចំ​ចាត់​ចែង។

ពានរង្វាន់សំខាន់ៗមួយចំនួនរបស់ លោក សែម ពណ្ណរាយ ដែលធ្លាប់ទទួលបាន

លោក សែម ពណ្ណរាយ ដែលមាន​ប៉ាកកា​ “កវីសម្ដីផ្អែម” រូបនេះ មិនត្រឹមតែ​អាច​និពន្ធ​កំណាព្យ​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​និពន្ធ​ប្រលោមលោក ទំនុកច្រៀង អាយ៉ៃ ល្ខោនបាសាក់ និងយីកេទៀតផង ហើយ​អ្វី​ដែល​រឹតតែ​ពិសេសជាងនេះទៅទៀតនោះ លោកក៏ចេះស្មូតកំណាព្យ និងច្រៀងចម្រៀងបាន​យ៉ាង​ល្អ​ផងដែរ ដែលនេះ​ពិតជា​ទេពកោសល្យមួយ​មិនធម្មតាឡើយ។ ឯថ្មីៗស្ថិត​ក្នុង​​សម័យកូវីដដ៏វឹកវរនេះ ដើម្បីបង្ហាញ​ពីអារម្មណ៍ផ្ទាល់​ខ្លួន លោក​ក៏បានថត​ចម្រៀងចំនួនបីបទ បង្ហោះផ្សាយតាមប្រព័ន្ធ YouTube និងFacebook ដែល​អាច​ឱ្យ​លោក​អ្នក​ចូលស្ដាប់បាន។

លោក​បាន​បង្ហាញ​​ពីគោលជំហរនៃ​​ការតាំងចិត្ត​ក្នុងវិថី​តែង​និពន្ធ​របស់លោកថា “និយាយ​ដោយ​ត្រង់​ទៅ ខ្ញុំ​និពន្ធ​សម្រាប់​តែដាក់ប្រឡងប្រជែងប៉ុណ្ណោះ គឺ​មិនយកទៅ​បោះពុម្ព​ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន​ឡើយ ដោយទុកសិទ្ធិ​ឱ្យ​ម្ចាស់កម្មវិធីជាអ្នកចាត់ចែង ព្រោះអាជីពជាគ្រូបង្រៀន និងមុខរបរមួយទៀត វាស៊ីពេលខ្ញុំអស់បាត់ទៅហើយ។ ចំណែក​គ្រប់ស្នាដៃ​របស់ខ្ញុំវិញ សូមបងប្អូនជនរួមជាតិ ពិសេសសិស្សនិស្សិតដែលបានអាន សូមវិនិច្ឆ័យទៅតាមនោះចុះ ហើយក៏អាចរិះគន់បែបស្ថាបនាផងដែរ ដោយខ្ញុំរង់ចាំទទួលជានិច្ចមិនមានការ​អាក់អន់ចិត្តឡើយ ហើយមួយទៀត ប្រសិន​បើ​ចង់ចេះ ខ្ញុំក៏រីករាយរង់ចាំចែក​រំលែកជាចំណេះដឹងជានិច្ចផងដែរ។”

កម្រងរូបភាពសំខាន់ៗ​របស់ កវី សែម ពណ្ណរាយ ក្នុងពិធីទទួលពានរង្វាន់ជ័យលាភីកន្លងមក

ជាចុង​បញ្ចប់ លោកក៏បាន​ថ្លែងថា “ជាចុងក្រោយ ខ្ញុំសូមអរគុណដល់​ គេហទំព័រអ្នកនិពន្ធកម្ពុជា ដែលបានផ្ដល់​កិត្តិយស​សម្ភាសន៍រូបខ្ញុំបាទនៅពេលនេះ និងសូមឱ្យ​បន្តសកម្មភាព​បែបនេះជា​មួយបណ្ដា​កវីអ្នក​និពន្ធ​ខ្មែរ​ថ្មីចាស់ផ្សេងៗ​ទៀតជាដរាបរៀងទៅ ដើម្បីប្រមូលទិន្នន័យអ្នកនិពន្ធខ្មែរយើងយកមកចងក្រងជាឯកសារទុកឱ្យ​កូនខ្មែរជំនាន់ក្រោយៗសិក្សាស្រាវជ្រាវ និងសូមជូនពរឱ្យ​ទទួលបានជោគជ័យ សុភមង្គល និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ។”

លោក សែម ពណ្ណរាយ ហៅ “កវីសម្ដីផ្អែម” និងពាន​រង្វាន់​ជ័យលាភីមួយរបស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក សែម ពណ្ណរាយ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីសម្តីផ្អែម” និងមាន​ដើម​កំណើតនៅភ្នំពេញ។ បច្ចុប្បន្ន ក្រៅ​ពីជាកវីនិពន្ធកម្ពុជាដ៏មានទេពកោសល្យសមត្ថភាពមួយ​រូប ដែល​ធ្លាប់​ប្រឡងជាប់​នូវជ័យលាភីតែង​និពន្ធ​ផ្នែក​ប្រលោមកំណាព្យសំខាន់ៗ​ជាច្រើន លោកគឺជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេសអក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់ដឹងពីទឹកដៃ​ក្នុងការ​និពន្ធ​កំណាព្យរបស់លោក ឬចង់​សាកសួរអ្វីបន្ថែមពីលោក​ទាក់ទងនឹងការ​និពន្ធ​ ជាពិសេស​កំណាព្យ លោក​អ្នក​អាច​ទំនាក់ទំនងលោកតាមរយៈហ្វេសប៊ុករបស់លោកឈ្មោះ Punakreay Sem  https://www.facebook.com/profile.php?id=100007439505862 បាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ សែម ពណ្ណរាយ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!