ថុន ថាវរី ម្ចាស់ស្នាដៃ “នារីប្រពៃ” សៀវភៅដ៏មានគុណតម្លៃសម្រាប់ស្ត្រីគ្រប់រូប

  • November 23rd, 2019

ស្ត្រីគឺ​ជាកម្លាំងចលករដ៏សំខាន់​ក្នុង​សង្គម​មិនអាច​ខ្វះបាន​ឡើយ។ ដូច្នេះហើយ ស្រីគ្រប់រូបគួរតែ​ត្រូវបាន​លើកតម្កើងឱ្យបាន​ខ្ពស់ លើក​ទឹក​ចិត្ត​ឱ្យបាន​ខ្លាំង និងជួយ​បង្កើន​សមត្ថភាព​ចំណេះដឹង​ដល់​ពួកគាត់​ឱ្យដល់​កម្រិត​មួយ ដែលអាច​ឱ្យពួកគាត់ជួយខ្លួនឯងបាន ជាពិសេស​ក្រុម​គ្រួសារ ពលរដ្ឋ និង​សង្គម​ជាតិ​តែម្ដង។ សរុប​មក​សង្គម​ជាតិ​មួយ បើចង់ឱ្យខ្លាំង និងមាន​ការ​រីកចម្រើនលូត​លាស់ដូច​បណ្ដា​សង្គម​អភិវឌ្ឍ​ជឿនលឿនដទៃៗ គឺចាំបាច់​ត្រូវតែ​មាន​ការ​ចូល​រួម​ពីស្ត្រី​ក្នុង​សង្គម​នោះមិនអាច​ខ្វះបាន​ឡើយ ហើយ​ត្រូវ​ផ្ដល់​សិទ្ធិ​ឱ្យស្មើ​ភាព​គ្នា​ជាមួយ​បុរស និង​បើក​ឱកាស​ឱ្យពួកគាត់បាន​ប្រើចំណេះដឹងសមត្ថភាព​របស់​ពួកគាត់​ម្នាក់ៗ​ឱ្យអស់ តាមអ្វីដែលពួកគាត់​អាច​ធ្វើ​ទៅបាន ប្រៀបបីដូចទស្សនៈសកល​ដែលបាន​​លើក​ឡើងថា “ស្ត្រីគឺ​ជាមាតាពិភពលោក” យ៉ាង​ដូច្នោះដែរ! មិនមែន​ដូចទស្សនៈ​ដ៏ងងឹត​ងងុលមួយចំនួន ដែលបាន​លើក​ឡើងថា “ស្ត្រីបង្វិល​ចង្ក្រាន្តមិន​ជុំ” នោះឡើយ នេះ​គ្រាន់តែ​ជាទស្សនៈបែប​ចាស់កំរឹល​ហួស​សម័យ​មួយប៉ុណ្ណោះ។

អ្នកនិពន្ធ ថុន ថាវរី ម្ចាស់ដៃសៀវភៅ “នារីប្រពៃ”

ដោយមើល​ឃើញ​ពីតម្លៃ​របស់​ស្រ្តី និង​ភាព​ខ្លាំង​របស់​ស្ត្រីក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​នេះ​ហើយ ទើបបានជា កញ្ញា ថុន ថាវរី បាន​លះ​បង់​អស់​កម្លាំង​កាយចិត្ត ខិតខំ​និពន្ធ​សៀវភៅ​ដ៏មាន​តម្លៃ​មួយ​ក្បាលឡើងមាន​ចំណងជើងថា “នារីប្រពៃ” ដើម្បី​ទុកជាការ​លើក​ទឹក​ចិត្ត​ខ្លួនឯងផង ជំរុញ​លើក​ទឹក​ចិត្ត​ស្ត្រីដទៃៗផង និងក្នុង​ន័យ​ចូលរួមចំណែក​អភិវឌ្ឍសង្គម​​កម្ពុជាផង ហើយ​ដោយសារតែ​សៀវភៅនេះ​ពិតជាមានតម្លៃ​ពិត​ប្រាកដ​មែននោះ ទើបបាន​ជាសៀវភៅ​ដែល​ជាស្នាដៃ​និពន្ធ​របស់​កញ្ញា​នេះ ទទួលបាន​ការគាំទ្រយ៉ាង​ខ្លាំងទាំង​ពេល​បោះ​ពុម្ព​ចេញ​ផ្សាយ​ដំបូងៗ និងរហូត​មកទល់​នឹង​សព្វថ្ងៃ ព្រោះ​សៀវភៅមួយក្បាល​នេះ បន្ទាប់​ពីប្រិយមិត្ត​បាន​អាន​ហើយ សុទ្ធតែ​ទទួលស្គាល់​ថា បាន​ជួយ​អប់រំ លើក​ទឹក​ចិត្ត និង​ជំរុញ​ចិត្ត​ខ្លួន​ឱ្យកាន់តែ​មាន​ភាព​មោះមុត​តស៊ូ​ក្នុង​ជីវិត​ពិតប្រាកដមែន។​ ទាក់​ទង​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យ​និពន្ធ​​សៀវភៅ​ដ៏មាន​គុណតម្លៃ​សម្រាប់​​ស្ត្រីនេះឡើង​ កញ្ញា​បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទស​ម្ភាសន៍ថា “ដោយសារតែនាង​ខ្ញុំចង់ឃើញនារីក្មេងៗចេះរៀនតស៊ូដើម្បីក្តីស្រមៃរបស់ពួកគេ ហើយ​មិន​បោះបង់​ក្តី​ស្រមៃ​នោះដោយងាយៗពេក… ដោយ​នាង​ខ្ញុំគ្រាន់តែសង្ឃឹមថា តាមរយៈសៀវភៅមួយ​ក្បាលនេះ អ្នក​អាន​នឹង​ទទួល​បាន​ការ​លើកទឹកចិត្តដើម្បីបន្តក្តីស្រមៃរបស់ខ្លួនបន្ត​ទៀត។” កញ្ញា​បាន​បង្ហាញ​បន្ត​ទាក់​ទង​នឹង​ការ​បោះ​ពុម្ព​ស្នាដៃ​លើកដំបូង​ថា “ដោយសារ​ការ​បោះពុម្ព​លើក​ទី​មួយ​ គឺ​នាង​ខ្ញុំ​ត្រូវ​រ៉ាប់រង​ធ្វើខ្លួនឯងទាំងអស់នោះ ដូច្នេះសៀវភៅនេះបានបង្រៀននាង​ខ្ញុំច្រើនណាស់ តាំង​ពី​ការ​សរសេរ ការ​ធ្វើ​ទីផ្សារ ការលក់ជាដើម។ លើស​ពីនេះ វា​ក៏បានធ្វើឱ្យនាង​ខ្ញុំ​​បាន​ទៅ​ប្រទេស​នានា​តាម​​រយះ​សៀវភៅ​មួយ​ក្បាល​នេះដែរ។ លើស​ពីនេះ វា​បាន​ធ្វើ​ឱ្យ​នាងខ្ញុំ​កាន់តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​សរសេរ​សៀវភៅថ្មីៗបន្ថែមទៀត ដោយ​មិនខ្លាច​នឿយហត់អ្វី​ទាំង​អស់​ ដើម្បី​ទុក​ជាប្រយោជន៍​​ដល់​អ្នកអាន ពលរដ្ឋ និងសង្គម​ជាតិ​កម្ពុជា​នៃ​យើងបន្តទៀត​ផងដែរ​។”

សៀវភៅ “នារីប្រពៃ” របស់អ្នកនិពន្ធ ថុន ថាវរី 

កញ្ញា​ ថុន ថាវរី ម្ចាស់​ស្នាដៃ​សៀវភៅ “នារីប្រពៃ” ​ដ៏ល្បីមាន​គុណតម្លៃ​សម្រាប់​ស្ត្រីគ្រប់​រូប កញ្ញាកើត​ឆ្នាំ១៩៨៩ នៅ​ភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្ត​កណ្តាល។ កញ្ញា​ជាកូនស្រីកណ្ដាលតែ​ម្នាក់​គត់​​ក្នុង​គ្រួសារ​ដែលមាន​បងប្អូនបង្កើត​ចំនួន​បីនាក់។ កញ្ញា​បាន​បង្ហាញ​ពីហេតុផល​​ដែល​បណ្ដាល​ឱ្យ​កញ្ញា​​អាច​និពន្ធស្នាដៃ​ជាសៀវភៅ​​បានល្អដូចសព្វថ្ងៃថា “អាច​មក​ពី​ដោយសារតែ​ចំណូលចិត្តចូលចិត្តអាននិងសរសេរ​របស់​នាង​ខ្ញុំ​តាំង​ពី​ក្មេង បូកផ្សំនឹង​ការ​សរសេរ​កំណត់​ហេតុតាំងពីឆ្នាំ២០០៧ផង​នោះ ទើប​បានជា​ធ្វើ​ឱ្យ​នាង​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​ឡើង​ដោយ​ខ្លួន​ឯង ដោយ​នាង​ខ្ញុំមិនធ្លាប់ទទួល​បាន​ការបង្ហាត់បង្រៀនពីនរណាម្នាក់​ទេ។” នេះ​ជា​សម្ដី​របស់​អ្នក​និពន្ធ​ល្បីឈ្មោះ ថុន ថាវរី ដែល​អាចឱ្យ​យើង​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់ថា កញ្ញា​ពិត​ជាបុគ្គល​មួយរូបដែល​មាន​ទេពកោសល្យ​ផ្នែក​និពន្ធ​ពី​ធម្មជាតិ​យ៉ាង​ប្រាកដ ដែល​គួរ​ឱ្យស្ងើច​សរសើរ​​យ៉ា​ង​ប្រាកដ។

អ្នកនិពន្ធ ថុន ថាវរី ជាមួយស្នាមញញឹមនៅកន្លែងសៀវភៅមួយ

អ្នក​និពន្ធ ថុន ថាវរី បាន​បន្ត​រៀបរាប់​ពី​សៀវភៅ “នារីប្រពៃ” ដែលជាស្នាដៃ​និពន្ធ​មួយ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ទៀតថា “សៀវភៅ “នារីប្រពៃ” ​ស្នាដៃ​និពន្ធ​របស់​នាង​ខ្ញុំ​នេះ មានជា៣ភាសា គឺ ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាឆេក ដោយ​នាង​ខ្ញុំ​បាន​ចាប់​ផ្ដើម​និពន្ធ​បោះពុម្ពជាភាសាអង់គ្លេសមុនគេ​បំផុត ក្រោម​ចំណង​ជើងថា A Proper Woman” ។ ប្រាំ​ខែបន្ទាប់មក​ទៀត​ នាង​ខ្ញុំក៏បោះពុម្ពជាភាសាខ្មែរ ដោយ​ដាក់​ចំណង​ជើងថា នារីប្រពៃ” ដូចអ្វីដែល​លោក​អ្នក​ឃើញ​នៅ​ពេល​នេះឯង.. បន្ទាប់​មក​​ក៏​បាន​បោះ​ពុម្ព​ជា​ភាសា​ឆេក និង​កំពុង​តែ​ចរាចរ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឆេក​ផងដែរ។” កញ្ញា​ក៏បាន​បង្ហាញ​ពីស្នាដៃ​និពន្ធ​សៀវភៅ​ថ្មីៗ​បន្ទាប់ពី សៀវភៅ​ “នារីប្រពៃ” ​របស់​កញ្ញាថា “ចំណែកក្នុង​​ឆ្នាំ២០១៨ នាង​ខ្ញុំបាន​បោះពុម្ពសៀវភៅថ្មីមួយទៀតមានចំណងជើងថា កាពីទែនជីវិត ភាគ១” បន្ទាប់​មក​ក្នុង ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ នាង​ខ្ញុំក៏បានបោះពុម្ពសៀវភៅ កាពីទែនជីវិត ភាគ២” ជាបន្តទៀត។ ឯចុងឆ្នាំ២០១៩ខាងមុខនេះ នាង​ខ្ញុំ​នឹងចេញផ្សាយ​សៀវភៅថ្មី​មួយក្បាល​ទៀត បែប​បណ្តុះគំនិតនិងលើកទឹកចិត្ត ដែលមាន៣ជំពូកធំៗ គឺការស្វែងរកខ្លួនឯង ការដើរតាមក្តីស្រមៃ និងការផ្តល់ឱ្យ… មានចំណងជើងថា ដំណើរ” ជា​ប្រភេទសៀវភៅ​សហនិពន្ធរួមគ្នាជាមួយអ្នក​និពន្ធ​ពីររូបទៀតគឺ លោក ឡាំ លីម និង កញ្ញា សែត ហត្ថា ហៅ “កូនចាបមាស” ។”

សៀវភៅ “កាពីទែនជីវិត” របស់ អ្នកនិពន្ធ ថុន ថាវរី ភាគ១

សៀវភៅ “កាពីទែនជីវិត” របស់ អ្នកនិពន្ធ ថុន ថាវរី ភាគ២

សៀវភៅសហនិពន្ធចំណងជើង “ដំណើរ” ដែលត្រៀមចេញផ្សាយឆាប់ៗ 

ខាងលើ​គឺ​ជាចំណង​ជើង​សៀវភៅ​ទាំង​ឡាយ​របស់​អ្នក​និពន្ធ ថុន ថាវរី ទាំង​ចាស់ ថ្មី និង​ត្រៀមចេញ​ផ្សាយ​ខាងមុខ។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់ជាវ​សៀវភៅ​របស់​កញ្ញា​ និង​​សៀវភៅ​របស់​អ្នក​និពន្ធទាំង​ឡាយ​ផ្សេង​ទៀត​របស់គ្រឹះស្ថាន “សៀវភៅជីវិត” ឬក៏ចង់​កក់ទុកជាមុននូវសៀវភៅថ្មី​ដែល​កញ្ញា​ត្រៀមនឹង​​ចេញ​ផ្សាយនោះ លោក​អ្នក​​អាច​ទាក់​ទងតាម​រយៈហ្វេស​ប៊ុកផេករបស់​សៀវភៅជីវិត  https://www.facebook.com/seavphovjivet/ ​ឬ​ក៏​តាម​បណ្ណាគារ​ផ្សេងៗ ដូចតទៅនេះបាន ៖ បណ្ណាគារ 1. Monument Bookstore (គ្រប់សាខា) / 2. My Bookshop / 3. បណ្ណាគារពិភពលោក (ជិតផ្សារថ្មី) / 4. ស្រឡាញ់សៀវភៅ / 5. បណ្ណាគារអង្គរធំ (ផ្លូវកម្ពុជាក្រោម) / 6. បណ្ណាគារអង្គរធំ (ទល់មុខ សកលវិទ្យាល័យវ៉ាន់ដា) / 7. បណ្ណាគារប្រជាប្រិយ (ទល់មុខវិទ្យាល័យសន្ធរម៉ុក) / 8. បណ្ណាគារប្រជាប្រិយ (ផ្សារហេងលី) / 9. សេដ្ឋគុណ (ផ្លូវ 122) / 10. តូបកាសែតពន្លឺវិជ្ជា (ក្រោយសាលាស៊ីសុវត្ថិ) / 11. តូបលេខ ៨ (ក្រោយសាលាស៊ីសុវត្ថិ) / 12. តូបលេខ ៩ ក្រោយសាលាស៊ីសុវត្ថិ) / 13. បណ្ណាគារតាព្រហ្ម (ជិតអូរស្សី) / 14. បណ្ណាគារអង្គរ /15. បណ្ណាគារសន្តិភាព (គ្រប់សាខានៅក្នុងភ្នំពេញ) / 16. Mind Book (ក្រោយ សកលវិទ្យាល័យវ៉ាន់ដា) / 17. បណ្ណាល័យបញ្ញាវន្ត (ទល់មុខសាលាទួនហ្វា) / 18. បណ្ណាគារបាក់ទូក / 19. DJ Nana’s Store (ផ្សារសុរិយា ជាន់ទី ៤) / 20. My Home Bookstore (ទួលគោក) / 21. LA Bookstore (សៀមរាប) / 22. Footprint Cafe (សៀមរាប) / 23. បណ្ណាគារព្រះវិហារ (សៀមរាប) / 24. បណ្ណាគារពន្លឺអង្គរ (សៀមរាប) / 25. បណ្ណាគាររចនា (សៀមរាប) /26. បណ្ណាគារពន្លឺវិជ្ជា (បាត់ដំបង) / 27. បណ្ណាគារចន្រ្ទា (បាត់ដំបង) / 28. បណ្ណាគារឥន្រ្ទទេវី (បាត់ដំបង) / 29. បណ្ណាគារថ្មគោល (ស្រុកថ្មគោល) / 30. បណ្ណាគារបញ្ញាស័ក្ដិសិទ្ធិ (តាកែវ) / 31. បណ្ណាគារស្វាយរៀង (ស្វាយរៀង) /32. បណ្ណាគារមនោរម្យ (កោះកុង) / 33. បណ្ណាគារអាស៊ានមានជ័យ (បន្ទាយមានជ័យ) / 34. បណ្ណាគារពោធិ៍សាត់ (ទល់មុខអនុវិទ្យាល័យ​​ពោធិ៍សាត់)។ ចំណែក​តាម Online រួមមានដូចជា 1. L192 Online Store (App) / 2. Buyloy.com (Website) / 3. បណ្ណាគារ ​Online / 4. Book5biz (Website) / 4. Ah Gogo Online Shop / 5. Garden Online Shop / 6. កន្រ្តក Online Shop / 7. បណ្ណាល័យតូច (Little Library) និង​ចុងក្រោយអាច​រកទិញនៅ ហាងកាហ្វេឈ្មោះ “សួស្ដីកាហ្វេ (Soursdey Cafe)” បាន​ផងដែរ។

ស្នាដៃអ្នកនិពន្ធ ថុន ថាវរី និងសៀវភៅជីវិតដទៃៗទៀត

អ្នក​និពន្ធ ថុន ថាវរី បាន​បង្ហាញ​ពីគោលបំណងក្នុង​ការ​និពន្ធ និង​ផលលំបាកដែលកញ្ញា​ធ្លាប់បាន​ឆ្លងកាត់យ៉ាង​ដូច្នេះថា “ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ចំណេះដឹង​និង​បទពិសោធ​ទៅ​អ្នក​ដែល​បាន​អានសៀវភៅនាងខ្ញុំសរសេរ។ នោះគឺជាគោលដៅចម្បងមុនគេ ពេល​នាងខ្ញុំ​ចាប់​ផ្តើម​សរសេរ​សៀវភៅ​ “នារីប្រពៃ”។ ប៉ុន្តែការលំបាកកាលណោះគឺ នាង​ខ្ញុំមិនដឹងទៅពិភាក្សា ឬ​សុំ​យោបល់​ពី​នរណា ដោយសារការតែងនិពន្ធ ក៏ដូចការលក់សៀវភៅ មិនទាន់ផុសផុលដូចសព្ធថ្ងៃនេះទេ។ ខ្ញុំ​ត្រូវប្រថុយប្រើលុយសន្សំផ្ទាល់ខ្លួនក្នុងការបោះពុម្ពសៀវភៅឱ្យចេញជារូបរាងនិងអាចចរាចរនៅលើ​ទីផ្សារក្នុងស្រុកខ្មែរ។ នៅបណ្ណាគារខ្លះខ្ញុំសុំដាក់សៀវភៅលក់ គេមិនទទួល ឬ​ក៏​ទារ​​តម្លៃ​ជើង​សារ​ថ្លៃហួសជាដើម។”

និពន្ធ ថុន ថាវរី កំពុងចុះហត្ថលេខាលើសៀវភៅរបស់ខ្លួនទុកជូនប្រិយមិត្ត

ដោយសារ​តែ អ្នក​និពន្ធ ថុន ថាវរី ចូលចិត្តចែករំលែកតាមរយៈការសរសេរ ដូច្នេះ​ការ​តែង​និពន្ធ​គឺ​ជា​ផ្នែក​មួយ​នៃ​សុភមង្គល​​ផ្ទាល់ខ្លួនរបស់កញ្ញា​មិនអាច​ខ្វះបាន​ឡើយ។ លើស​ពី​នេះ កញ្ញា​បានតាំង​ចិត្តថានឹង​បន្តការសរសេរជាបន្ត​ទៅទៀត គ្រាន់តែមិនអាចស្មានទុកមុនថា ខ្លួន​នឹង​​អាច​ចេញ​សៀវភៅ​១ចំណងក្នុងមួយឆ្នាំឬអត់ប៉ុណ្ណោះ ព្រោះ​ដោយសារតែកញ្ញា​ក៏មាន​ការងារ​ផ្សេង​ទៀត​ដែលមមាញឹក ​ក្រៅ​ពីការ​ងារ​និពន្ធ។ ហើយ​ជាចុងបញ្ចប់នៃ​បទសម្ភាសន៍ កញ្ញាក៏​មានពាក្យ​អ្វីចង់​និយាយ​ទៅកាន់ប្រិយមិត្តដែលតែងតែគាំទ្រស្នាដៃនិពន្ធ​​របស់កញ្ញាផងដែរថា “នាង​ខ្ញុំពិតជា​​សូម​អរគុណខ្លាំង​ណាស់​​​ដល់​មិត្ត​អ្នកអានទាំង​ឡាយ​ដែលតែងតែគាំទ្រស្នាដៃនាងខ្ញុំ ព្រោះ​តែ​ការ​គាំទ្រ​នេះ​គឺ​ជា​កម្លាំង​ជំរុញ​ចិត្តរបស់​នាងខ្ញុំឱ្យបន្តនិពន្ធ និងខិតខំរកគំនិតថ្មីដើម្បីនិពន្ធសៀវភៅថ្មីៗ​បន្ថែមទៀត។”

និពន្ធ ថុន ថាវរី និង អ្នកនិពន្ធ សែត ហត្ថា ហៅ “កូនចាបមាស”

“​គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា​ ថុន ថាវរី  បច្ចុប្បន្នក្រៅពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាមួយរូប កញ្ញា​គឺជាអ្នកគ្រប់គ្រងផ្នែកផលិតនៅ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​ សៀវភៅជីវិត” ដែលជាគ្រឹះស្ថាន​បោះពុម្ភផ្សាយ​សៀវភៅ​ល្អៗ​ប្រកបដោយ​គុណ​តម្លៃ​មួយ​នាពេល​បច្ចុប្បន្ន ជាពិសេស​សៀវភៅបែបទស្សនវិជ្ជា​អប់រំ សង្គម នយោបាយ, ប្រលោមលោក​, ​ការ​អភិវឌ្ឍផ្នត់គំនិត, ការគិត និងសៀវភៅ​ចំណេះដឹង​ផ្សេងៗ​ទៀតជាដើម​។  កញ្ញា​គឺ​ជាអ្នក​និពន្ធ​ប្រកបដោយទេពកោសល្យ​ពីធម្មជាតិ​មួយរូប ដែលនិយម​ចូលចិត្ត​សរសេរ​​ផ្ដោត​លើ​ការជំរុញ​ចិត្ត​ឱ្យ​​ហ៊ានចាក​​ចេញ​ពី​រង្វង់នៃ​ក្ដី​​សុខ​ស្រួល, ការហ៊ានដើរតាមក្តីស្រមៃ និង​ការ​ដើរ​ផ្សង​ព្រេង​ទៅ​កន្លែង​ផ្សេងៗ​ក្នុង​នាម​ជាមនុស្សស្រី ដែល​លក្ខណៈ​នេះ​ពិតជា​ប្លែក​ណាស់​បើ​ប្រៀប​ធៀបជាមួយនឹងអ្នកនិពន្ធដទៃទៀត។ នេះ​ហើយ​គឺ កញ្ញា ថុន ថាវរី ម្ចាស់​ស្នាដៃ​​ “នារីប្រពៃ” សៀវភៅ​ដ៏មាន​គុណតម្លៃសម្រាប់​ស្ត្រីគ្រប់រូប​ ដែលលោកអ្នកគួរតែស្គាល់ ជាពិសេសមិត្តៗ​នារី គួរតែ​ទិញស្វែករកស្នាដៃ​នេះយកទៅអាន ដើម្បីបង្កើនគុណភាពជីវិតរបស់ខ្លួន​ឱ្យបាន​កាន់តែប្រសើរ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ថុន ថាវរី / រក្សាសិទ្ធិ ​៖ cambowriter.com

 


error: អត្ថបទរក្សាសិទ្ធ !!