ប្រវត្តិ និងស្នាដៃ កវីនិពន្ធល្បី អ៊ុន សុខហ៊ាង

  • October 24th, 2019

លោក អ៊ុន សុខហ៊ាង, កើត​ថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៧, នៅភូមិក្បាលថ្នល់ សង្កាត់លេខ៦ ក្រុងភ្នំពេញ។ លោក​មានឪពុកឈ្មោះ អ៊ុន ប៉ិច និងម្ដាយឈ្មោះ ម៉ិល យ៉ុង, លោក​មាន​បងប្អូន​បង្កើតចំនួន៧នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៤នាក់ ដោយ​លោកជាកូនទី៥​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជាដ៏ឆ្នើមមួយរូប លោកមានតួនាទីការងារជាមន្រ្តីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៅមជម្ឈមណ្ឌល ផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង

ប្រវត្តិ​តែង​និពន្ធ  

ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ លោក អ៊ុន សុខហ៊ាង ​ជាកុមារម្នាក់ ចូលចិត្តអាន សរសេរ ស្រាវជ្រាវ ចងក្រងនូវភាសាខ្មែរ ហើយទោះបីជានៅទីកន្លែងណា ក៏លោក​មានប៊ិច ក្រដាសជាប់ខ្លួនជានិច្ច ។ ជាពិសេស លោក​ជាចៃដ៏តូចល្អិតនៃបណ្ណាគារ និងទីផ្សារដែលមានលក់សៀវភៅនានានៅរាជធានីភ្នំពេញ ហើយទោះបីជានៅទីកន្លែងឆ្ងាយយ៉ាងណា លោកត្រូវចំណាយពេលវេលាជិះកង់ទៅជាវសៀវភៅ និងប្រមូលយកឯកសារទាំងឡាយ មកអាន ចងក្រង ប្រមូលនូវពាក្យពេចន៍ (អក្ខរក្រម ភាសាជាតិ) បានជាកូនសៀវភៅ សទ្ទានុក្រមហោប៉ៅ ០២ក្បាល។ ជាទម្លាប់ លោក​រៀនបណ្តើរ រៀនបង្វឹកខ្លួនក្នុងការសរសេរ ដូចជាកំណាព្យ រឿងខ្លី ប្រលោមលោក រូបត្លុក ល្បែងល្បងប្រាជ្ញា…។ លោក​ខំប្រឹងដុសខាត់ និងបង្កើតគំនិតថ្មី ទស្សនៈថ្មី ដែលយល់ឃើញថាល្អ ជាផលប្រយោជន៍ជូនសង្គមជាតិ ចាប់ពីឆ្នាំ១៩៨៣។ ទោះបីជាសំណេរនៅក្មេងខ្ចីក៏ពិតមែន ក៏ប៉ុន្តែលោក​តែងតែយកស្នាដៃថ្មីៗ ដែលខិតខំសរសេរទាំងនោះ ជូនអ៊ំពូមីង បងប្អូន មិត្តភ័ក្តិ លោកគ្រូអ្នកគ្រូ ឱ្យជួយផ្តល់ដំបូន្មាន កែតម្រូវ និងសម្របសម្រួលបន្ថែមទៀត។ សរុបមក ទម្រាំបានក្លាយជាកវីនិពន្ធមកដល់ថ្ងៃនេះ  លោក​បានពុះពារ និងឆ្លងកាត់នូវបទពិសោធជាច្រើន ដោយបណ្តុះគំនិត ស្មារតី និងឆន្ទៈយ៉ាងស្រួចស្រាល់ គឺមិនទុកពេលវេលាឱ្យរំលងហួស ហើយបង្កើតស្នាដៃពីកំណាព្យ រឿងខ្លី មកជាប្រលោមលោក និងផ្នត់គំនិត។

កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ជាមួយប្រធានសមគមអ្នកនិពន្ធ និងអ្នកនិពន្ធល្បីមួយរូប​

ប្រវត្តិស្នាដៃ និង ​ជ័យ​លាភី

លោក អ៊ុន សុខហ៊ាង ​បានចាប់ផ្តើមប្រឡូកក្នុង​វិស័យតែងនិពន្ធ​ចាប់​តាំង​ពីឆ្នាំ១៩៨៤មក​ម្ល៉េះ ដែល​រហូតមកដល់បច្ចុប្បន្ននេះ ​លោកបាននិពន្ធ​ស្នាដៃថ្មីៗ​ជាច្រើន និង​ធ្លាប់​ជ័យ​ជ័យ​លាភីសំខាន់ៗមួយចំនួនផងដែរ រួមមាន​ដូចជា ៖

* ឆ្នាំ១៩៨៤-១៩៩៤ បានបង្កើតស្នាដៃជាច្រើន  ដូចជា​ រូបត្លុក​ទិតៀន កំណាព្យ រឿងខ្លី  ល្បងប្រាជ្ញា  រឿងកំប្លែង ​ចុះផ្សាយ  ស្ទើរគ្រប់​លេខតាមទំព័រកាសែតកម្ពុជា មានរឿងខ្លី «យប់ហួស​​​​អធ្រាត្រ »,  រឿង​ «ឱ! ព្រហ្មចារី»,   រឿង  «ទឹក​​បឹង​ទន្លេសាប» និងរឿង  «លោហិតតែមួយ»…។

* ឆ្នាំ១៩៨៥ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុង​ការ​ប្រឡងប្រណាំងជ្រើសរើសសិស្សពូកែ ផ្នែកតែងសេចក្ដី ប្រចាំ​រដ្ឋធានី​ភ្នំពេញ ក្នុង​ចំណោមបេក្ខជន៦០នាក់ ពិន្ទុ៨,៧៥ ។

* ឆ្នាំ១៩៨៦ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ២ ក្នុង​ការ​ប្រឡងប្រណាំងជ្រើសរើសសិស្សពូកែ ផ្នែកតែងសេចក្ដី ប្រចាំរដ្ឋធានី​ភ្នំពេញ ក្នុងចំណោមបេក្ខជន៥៤នាក់ ពិន្ទុ៨,០០។

* ឆ្នាំ១៩៨៦ ទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុង​ប្រលោម​លោក រឿង «ចូលជ្រៅក្នុងបេះដូង» ​រង្វាន់អក្សរសិល្ប៍ «យុវជន​រដ្ឋធានី​ភ្នំពេញ» ក្នុងការប្រឡងជ្រើសរើសរក​​​អ្នក​​ដែល​មាន​ស្នាដៃពូកែៗ  ក្នុងការ​​​​តែង​និពន្ធរឿង និងអត្ថបទផ្សេងៗ របស់​គណៈ​កម្មា​ធិការ​​​​​​​​យុវជន​បដិវត្ដ ក្រុងភ្នំពេញ។

* ឆ្នាំ១៩៨៧ ប្រលោមលោករឿង «ចូលជ្រៅក្នុងបេះដូង» បានចេញផ្សាយតាមទំព័រ​ព្រឹត្ដិបត្រ  ​របស់​សមាគមយុវជន ក្រុង​​ភ្នំពេញ ចាប់ពី​ លេខ៣  ឆ្នាំ១៩៨៦ ដល់លេខ១២ ឆ្នាំ១៩៨៧។

* ឆ្នាំ១៩៨៩ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ៣ ក្នុង​ប្រលោមលោក រឿង «រលកសមុទ្រ» ក្នុងមហោស្រព​​​តែងនិពន្ធ​អក្សរសិល្ប៍​រដ្ឋធានីភ្នំពេញ រង្វាន់អក្សរសិល្ប៍ «រដ្ឋធានី​​​ភ្នំពេញ» ​ មាន​ប្រលោមលោក ខ្នាតវែង១៩រឿង និងគំនូរ​​​​អាហ៊ី្វស២០ផ្ទាំង។

* ឆ្នាំ១៩៩៥ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ៥ ក្នុង​ប្រលោម​លោករឿង «រាត្រីស្ងប់ស្ងាត់»   ក្នុងមហោស្រព​​អក្សរសិល្ប៍​​​​​ទូទាំង​​​​ប្រទេស ពានរង្វាន់ «ព្រះសីហនុរាជ» លើកទី១ ក្នុងចំណោម​បេក្ខជន៩៦នាក់។

* ឆ្នាំ១៩៩៧ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ​ក្នុងប្រលោម​លោក រឿង  «ថ្ងៃមិនរុះរោយ» ក្នុងមហោស្រព​អក្សរសិល្ប៍​ទូទាំង​ប្រទេស ពានរង្វាន់ «៧មករា» លើកទី១ ក្នុងចំណោមស្នាដៃ​ដាក់ប្រឡង​ចំនួន១១៧វណ្ណកម្ម។

* ឆ្នាំ២០១៥ បានទទួលជ័យលាភី ​ និងពានរង្វាន់    ក្នុងប្រលោម​លោកខ្លី រឿង  «ទឹក​​ដោះ​​​​​​ម្តាយថ្លៃ» ក្នុងមហោស្រព​អក្សរសិល្ប៍​ទន្លេមេគង្គ​​ លើកទី៦ ចំនួន០៦​ប្រទេស មានកម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង​វៀតណាម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ក្នុងឱកាសទទួលពានរង្វាន់ដ៏សំខាន់មួយ ​

ស្នាដៃប្រលោមលោកទាំង​ឡាយរបស់ ​លោក អ៊ុន សុខហ៊ាង ដែល​នៅមិនបានបោះពុម្ព រួមមាន ៖

១- រឿង ស្រណោះរាល់ពេលថ្ងៃលិច

២- រឿង ឃ្មុំព្រាត់បង្គង

៣- រឿង ក្លិនថ្ពាល់អាល័យ ( នៅសល់សំណៅរឿង ច្បាប់ដើម )

៤- រឿង ក្លិនផ្កាប្រាំមួយពណ៌

៥- រឿង ជ្រកក្រោមទឹកភ្នែក ( ២ភាគ )

៦- រឿង ផ្នូរខ្មោច ( ៣ភាគ )

៧- រឿង ស្រណោះផ្កាក្ទម្ព

៨- រឿង ចូលជ្រៅក្នុងបេះដូង ( នៅសល់សំណៅរឿង ច្បាប់ដើម )

៩- រឿង ពន្លឺនៃជីវិត ( នៅសល់សំណៅរឿង ច្បាប់ដើម )

១០- រឿង រលកសមុទ្រ ( នៅសល់សំណៅរឿង ច្បាប់ដើម )

១១-​ រឿង ផែនដីខ្មៅ

១២- កំណាព្យរឿង ក្រមុំស្រុកស្រែ ( នៅសល់សំណៅរឿង ច្បាប់ដើម )

១៣-  និង ប្រលោមលោកជាង២០ចំណងទៀត ត្រូវបានបាត់បង់ ដោយសារភ្លើងឆេះផ្ទះ។

 

 

 

រូបកាល កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ទទួលបានជ័យលាភី “៧មករា” ចំណាត់ថ្នាក់លេខ១ ​

ស្នាដៃប្រលោមលោកទាំង​ឡាយរបស់ ​លោក អ៊ុន សុខហ៊ាង ដែល​បានបោះពុម្ពរួច រួមមាន ៖

១- ឆ្នាំ២០១៨ ៖ កំណាព្យ «ទ្រនំផ្ទំចិត្ត»

២- ឆ្នាំ១៩៩៨ ៖ រឿង «ថ្ងៃមិនរុះរោយ » ឧបត្ថម្ភការបោះពុម្ពផ្សាយ លើកទី១ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន និង លោកជំទាវ​គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងបោះពុម្ព​ផ្សាយ​​ជាលើកទី២ ឆ្នាំ២០០៦ ដោយ​បណ្ណាគារអង្គរ

៣- ឆ្នាំ២០០៥ ៖ រឿង «រាត្រីស្ងប់ស្ងាត់»

៤- ឆ្នាំ២០០៥ ៖ រឿង «ម្ចាស់ជោគជតា»

៥- ឆ្នាំ២០០៥ ៖ រឿង «ទឹកភ្នែកសម្ងាត់»

៦- ឆ្នាំ២០០៦ ៖ រឿង «ផ្លូវមាស»

៧- ឆ្នាំ២០០៦ ៖ រឿង «យប់ចន្ទ្រទឹកឃ្មុំ»

៨- ឆ្នាំ២០០៧ ៖ រឿង «ផ្កាលាក់លំអង»

៩- ឆ្នាំ២០០៧ ៖ រឿង «ជំនោរដីកោះ»

១០- ឆ្នាំ ២០០៨ ៖ រឿង «សំបុត្រស្នេហ៍ម្ចាស់ចិត្ត»

 

 

ស្នាដៃផ្នែក​កំណាព្យដ៏ល្អមួយ កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង 

ស្នាដៃ​ចុង​ក្រោយរបស់លោក អ៊ុន សុខហ៊ាង

១- ឆ្នាំ២០១៩ ៖ ប្រលោមលោកខ្លី  «ទឹកដោះម្តាយថ្លៃ» (បញ្ជាក់ពីតម្លៃ ភាតរភាព សាមគ្គីភាព និងសង្គហភាព នៃប្រជាជាតិដែលរស់នៅ​តាម​ដងទន្លេមេគង្គ ត្រូវចេះរស់នៅក្នុងភាពស្ងប់សុខ និងភាពរីកចម្រើន ក្នុងកម្រងជីវិត៖ «ប្រភពទឹកតែមួយ ជីវិតតែមួយ មិត្តភាពតែមួយ សេដ្ឋកិច្ចតែមួយ អភិវឌ្ឍន៍តែមួយ ជាមួយគ្នា » )។

២- ឆ្នាំ២០១៩ ៖ ផ្នត់គំនិត  «ដុំបាយកក» ( បណ្តុំគំនិត អូសសម្រាស់ចេញពីផ្លូវ )

“ទឹកដោះម្ដាយថ្លៃ” ស្នាដៃរបស់ កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ចុងក្រោយមួយ

“ដុំបាយកក” ស្នាដៃចុងក្រោយមួយទៀតរបស់ កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង 

គម្រោង​បោះ​ពុម្ភផ្សាយស្នាដៃ​ថ្មីៈ នឹងចេញផ្សាយ នៅខែវិច្ឆិកា ឆ្នាំ២០១៩

១- ឆ្នាំ២០១៩ ៖ ប្រលោមលោក «ចិត្តកូនប្រុស» (លើកកម្ពស់សីលធម៌សង្គម លើកគុណតម្លៃស្រ្តីក្នុងសង្គម​ ប្រឆាំងអំពើហិង្សា ទម្ងន់នៃ​ផល​វិបត្តិ​ក្នុង​គ្រួសារ និង​ក្នុង​ការ​គោរព អនុវត្តន៍ឱ្យខាងតែបាននូវសីល និងច្បាប់ ព្រមទាំងជ្រោង​តម្កើងតម្លៃ​អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ)

២- ឆ្នាំ ២០១៩ ៖ ប្រលោមលោក  «សាយណ្ហចុងក្រោយ» (កម្រងមនោសញ្ចេនា ដ៏ផ្អែមល្ហែម នៃប្រវត្តិស្នេហ៍មួយ… ខ្ញុំនៅចាំបានទាំងអស់ ពីដំបូងរហូតដល់ចប់នូវប្រវត្តិស្នេហ៍  និង​ប្រវត្តិជីវិតដ៏ជូរចត់របស់ខ្ញុំ…!  រឿងរ៉ាវទាំងនោះ កើតឡើងទៅតាមពន្លឺ​ព្រះអាទិត្យ​នៅរដូវក្តៅ នៅលើវាលស្មៅបៃតង… ប្រវត្តិស្នេហ៍ផ្អែមល្ហែម ហើយផ្អែមងំ​ដូចទឹកឃ្មុំ​ខែប្រាំង… ប៉ុន្តែពួកគេបែរជាច្រឡំទីកន្លែង  ថាកើតឡើងនៅលើលំហ​សមុទ្រ​ខៀវ…  អ្វីៗត្រូវរលាយសាបសូន្យទាំងអស់… ពួកគេជ្រើសយកវាលស្នេហ៍សមុទ្រខៀវ  ហើយ​​ពួកគេចង់បង្កើតរបាំស្នេហ៍នេះឡើង នៅក្នុងរដូវក្តៅ  និងបញ្ចប់ទៅវិញនៅ​ក្នុង​​រដូវរងា…! )។

“ចិត្តកូនប្រុស” ស្នាដៃរបស់លោក​ថ្មីមួយត្រៀមបោះពុម្ភ

“សាយណ្ហចុងក្រោយ” ស្នាដៃរបស់លោក​ថ្មីមួយទៀតត្រៀមបោះពម្ព

សាររបស់លោក អ៊ុន សុខហ៊ាង ចំពោះប្រិយមិត្តអ្នក​គាំទ្រស្នាដៃរបស់លោក

“ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះកល្យាណមិត្ត មិត្តសម្លាញ់ និងមិត្តអ្នកអានជាទីគោរព ស្រឡាញ់ រាប់អានទាំងអស់ ដែលតែងតែបានគាំទ្រ ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ស្នាដៃរបស់ខ្ញុំ ដោយបានចំណាយថវិកា និងពេលវេលា បានជួយជាវ និងអាន នូវរាល់ស្នាដៃរបស់ខ្ញុំគ្រប់ពេលវេលា នៅពេលបានចេញផ្សាយជាសាធារណៈ ជាពិសេសខ្ញុំបាទ សូមសំណូមពរដល់ប្អូន កូន ក្មួយជាយុវវ័យទាំងអស់ ឱ្យបានជ្រាបថា បើសិនជាអ្នកសិក្សាមិនបានដល់ថ្នាក់ខ្ពស់ បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យ ឬ​ជា​បណ្ឌិត​​​នៃផ្នែកណាមួយ  ចាំបាច់ត្រូវតែខំប្រឹង​សិក្សា​ភាសាជាតិ   ឱ្យ​ចេះ​​ដឹងជ្រៅ​ជ្រះ ស៊ីជម្រៅ និងចេះវិភាគគិតវែងឆ្ងាយ ហើយសូមអ្នកទម្លាក់​ទូរស័ព្ទចុះ សុំត្រឹម​តែ​រយៈពេល ០១ម៉ោងប៉ុណ្ណោះ បែរមកកាន់សៀវភៅ​​អាន​វិញ នោះផ្នត់គំនិតអ្នក  នឹងរីកដុះដាល ដើម្បីការអភិវឌ្ឍ​ខ្លួន  ឆ្ពោះទៅចំ​គោលដៅពិត នៃជីវិតជោគជ័យ​​ ជា​ពុំខាន។ នៅរាល់គ្រប់ចំណងជើងសៀវភៅខ្ញុំបាទ គឺរូបខ្ញុំបានចូលរួមចំណែកចែករំលែកគោលគំនិត និងផ្តល់បទពិសោធនៃជីវិត ដែល​ខ្ញុំ​បាន​ឆ្លងកាត់ ទុកជាទុនចំណេះដឹងថ្មី ផ្នត់គំនិតថ្មី របកគំហើញថ្មី​ និងទស្សនទា​ន​ថ្មី​ ជូន​អ្នកទាំងអស់ សម្រាប់ជួយបំពេញបន្ថែមនូវ​ភាព​ខ្វះចន្លោះ ឆកល្វែងក្នុងការសិក្សាស្រាវជ្រាវ ពង្រីកសមត្ថភាព​ចំណេះដឹង ពង្រឹង​ការរស់នៅ និងបម្រើការងារឱ្យកាន់តែមានសុក្រឹតភាព ត្រឹមត្រូវ និង​ភាពទូលំ​ទូលាយ ដោយឃ្លាតចាកឱ្យបានឆ្ងាយ នូវភាពទន់ជ្រាយ រវើរវាយ អសកម្ម បាក់ទឹកចិត្ត អស់ទំនុកចិត្ត អស់ក្តីសង្ឃឹម និងការបង្កនូវរឿងរ៉ាវមិនសមហេតុ​ផល ឱ្យជ្រះ​ស្រឡះពីក្នុងជីវិត ដែលកំពុងប្រឈមនឹងបញ្ហារាប់មិនអស់ នឹងត្រូវទាមទារ​រក​ដំណោះស្រាយ ឱ្យបានល្អប្រសើរឡើងវិញ។ គ្រប់ពេលវេលា អ្នកត្រូវតែគិតពីផលវិជ្ជមាន នោះទើបគេហៅថា “មនុស្ស” មិនមែនជួបបញ្ហា រត់គេចពីបញ្ហានោះទេ ហើយក៏គ្មាននរណាម្នាក់ ដែលមួយជីវិត មិនចេះមានកំហុសនោះដែរ។ គ្មាននរណាម្នាក់មកជួយដោះស្រាយអ្នក ក្រៅពីរូបអ្នកនោះទេ ហើយកុំ​សង្ឃឹមមេឃ សង្ឃឹមផ្កាយ សង្ឃឹមអាទិទេព ចុះមកជួយស្រោចស្រង់ជីវិតអ្នកឱ្យ​សោះ ពីព្រោះជោគជតា​ជីវិតអ្នក គឺរូបអ្នក ជាអ្នកចាត់ចែង និងម្ចាស់ការទាំងអស់។ អ្នកត្រូវតែខិតខំធ្វើអ្វីៗ ជាប្រយោជន៍ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជានិច្ច។ ជាថ្មីម្តងទៀត ខ្ញុំបាទសូមសំណូមពរចំពោះកល្យាណមិត្ត មិត្តសម្លាញ់ និងមិត្តអ្នកអាន ក៏ដូចជាយុវវ័យទាំងអស់ សូមនាំគ្នាលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត គាំទ្រ ចំពោះនូវរាល់ស្នាដៃកវីនិពន្ធថ្មីចាស់ ក្មេងចាស់ប្រុសស្រីទាំងអស់ ឱ្យបានសស្រាក់សស្រាំ និងផុលផុសពេញទំហឹង ដើម្បីឱ្យខិតខំបន្តនូវការសាងស្នាដៃថ្មីៗ ទុកជាសម្បត្តិវប្បធម៌មុស្សជាតិ មរតកមនុស្សរស់ និងត្រូវតែខិតខំជ្រោងតម្កើង លើកកម្ពស់ ពូន ជ្រុំ រក្សានូវតម្លៃមរតកវប្បធម៌ខ្មែរ អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ កុំពេលបាត់បង់ ទើបនាំគ្នាសោកស្តាយ ហើយរូបយើងជាជនជាតិខ្មែរ នោះត្រូវតែនាំគ្នា ប្រឹងថែរក្សាឱ្យនៅគង់វង្ស និងបន្តសាងស្នាដៃល្អទុកជាកេរតំណែល គ្រប់ពេលវេលា និងជានិរន្តរ៍។”

រូបភាពកវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រី

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក អ៊ុន សុខហ៊ាង, បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជាដ៏ឆ្នើម​មួយរូប លោកមានតួនាទីការងារជាមន្រ្តីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៅមជម្ឈមណ្ឌល ផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ អ៊ុន សុខហ៊ាង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!