ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម
- February 16th, 2020
ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម
លោក ផាត ភឿក ដែលជាស្គាល់ជាទូទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុនឈ្មោះ Sopheak MC លោកគឺជាអ្នកនិពន្ធកម្ពុជាមួយ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩០ ក្នុងភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកមានឪពុកឈ្មោះ គាំ ផាត និងម្ដាយឈ្មោះ លីម រ៉ន ។ លោកមានបងប្អូនបង្កើតចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដោយលោកជាកូនច្បងក្នុងគ្រួសារ ដែលមានឪពុកម្ដាយជាកសិករ។ សព្វថ្ងៃ ក្រៅពីមានអាជីពជាអ្នកនិពន្ធ លោកគឺជាគ្រូបង្រៀនម្នាក់នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច។ បន្ថែមលើសពីនេះ លោកក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាមផងដែរ។
ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម
លោក ផាត ភឿក ចាប់ផ្ដើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅចុងឆ្នាំ២០១៨។ ការតែងនិពន្ធនេះ លោកពុំបានរៀនពីសាលាជំនាញណាមួយនោះទេ ពោលគឺជាឧបនិស្ស័យ និងទេពកោសល្យពីកំណើត គួបផ្សំនឹងការចូលចិត្តអាន និងសរសេររបស់លោក ក៏ជំរុញឱ្យលោកចាប់ផ្ដើមសរសេរជាប្រលោមលោកតែម្ដងទៅ ហើយកន្លងមក លោកធ្លាប់សរសេរជាកំណាព្យ និងរឿងខ្លីៗលេងដែរ តែពុំដែលចេញផ្សាយឡើយ រហូតទាល់តែចុងឆ្នាំ២០១៨ ទើបលោកតាំងចិត្តនិពន្ធបោះពុម្ពផ្សាយរឿងប្រលោមលោកមួយឱ្យលេចចេញជារូបរាងឡើង ដែលមានចំណងជើងថា “ហេមន្ដស្នេហ៍គីហ្សូណា” ដោយបានចេញផ្សាយនៅ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ថ្មីៗនេះឯង និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តអ្នកអាន។
ទាក់ទងនឹងស្នាដៃតែងនិពន្ធរបស់លោកនេះ លោកបានបន្ថែមក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “ក្រៅតែពីប្រលោមលោកខ្ញុំអាចសរសេរកំណាព្យអប់រំ សៀវភៅលើកទឹកចិត្ត និងសៀវភៅសេដ្ឋកិច្ចដែលជាគោលដៅចម្បងរបស់ខ្ញុំ។ មុននឹងមានគំនិតសរសេរប្រលោមលោកនេះ ពីដំបូងខ្ញុំចង់សរសេរសៀវភៅសេដ្ឋកិច្ច និងសៀវភៅលើកទឹកចិត្តជាង តែដោយហេតុថាចំណេះ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅមានកម្រិត ខ្ញុំចាំបាច់ត្រូវសិក្សាបន្ថែម និងសាងកេរ្តិ៍ឈ្មោះតាមរយៈការសរសេរប្រលោមលោកនេះសិន។” នេះជាការបញ្ជាក់របស់លោក ផាត ភឿក លើកពីនេះលោកក៏បានបន្ថែមទៀតថា “បន្ទាប់ពីប្រលោមលោករឿង “ហេមន្ដស្នេហ៍គីហ្សូណា” ខ្ញុំក៏មានគម្រោងចេញប្រលោមលោកមួយទៀតផងដែរ តែសុំលាក់ចំណងជើងសិន គ្រាន់តែបង្ហើបថា សាច់រឿងនឹងរៀបរាប់ទេសភាព និងស្នេហានៅខេត្តពីរ គឺរតនគីរី(បឹងយក្សលោម) និងខេត្តព្រះសីហនុ(កោះរ៉ុង)។”
“ហេមន្ដស្នេហ៍គីហ្សូណា” ស្នាដៃរបស់លោក ផាក ភឿក
សៀវភៅប្រលោមលោករឿង “ហេមន្ដស្នេហ៍គីហ្សូណា” របស់លោក ផាត ភឿក អ្នកនិពន្ធដែលមានដើមកំណើតចេញពីខេត្តកំពង់ចាមរូបនេះ ទទួលបានការគាំទ្រខ្លាំងណាស់ ហើយយើងខ្ញុំជឿថា ស្នាដៃក្រោយៗទៀតរបស់លោកក៏នឹងដូចគ្នាផងដែរ។ ដូច្នេះ ប្រសិនបើប្រិយមិត្តទាំងអស់គ្នាអាចរកជាវសៀវភៅរបស់លោកយកទៅអាន លោកអ្នកអានរកទិញបានដូចជា ៖
– ប្រទេសកូរ៉េ តាមរយៈលោកគ្រូ ទិត្យ សំអាង (Tit Sam Ang) លេខទូរស័ព្ទ (+821) 075239031
– ត្បូងឃ្មុំ ក្រុងសួង តាមរយៈអ្នកគ្រូ ស៊ីរ៉ែន (Siren Srun) ០៩៦ ៣០៦ ៣៦០៣
– ពញាក្រែក អ្នកគ្រូ ហេង ស្រីនិត ០៨៨ ២៦៣០៩៤០
– កំពង់ចាម តូបសៀវភៅក្រោយសាលាព្រះសីហនុ ០៨៦ ៨១៩ ៥៧៩
– តូបសៀវភៅមុខសាលាព្រះសីហនុ (ក្រុងកំពង់ចាម)
– ស្គន់ អ្នកគ្រូ ពិសី (Pisey Jasmine) ០៩៦ ៤០៤ ៧១២២
– ចំការលើ អ្នកគ្រូ តេង ចន្ទវត្ដី (Teng Chanvatey) ០៩៦ ៣០៩ ០០០៦
– ស្ទឹងត្រង់ អ្នកគ្រូ សុង តាក់វណ្ណ (Takvann Son) ០៩២ ៧១២៤៤៨ / ០៨៧៨០៩៦៤៧
– តំបែរ Lun Sreyleak (០៩៧ ៤០៦ ៦០៦១)
– បណ្ណាគារម្ដាយ Online ក្រុងកំពង់ចាម ០៦៩៦៨៦៧០៦ / ០៧១៧១ ៨ ៩១៩១
– អ្នកគ្រូប៊ុន លក្ខិណា (Leakhena Bun) ០៩៨ ៤៦២០៧៥ ក្រុងកំពង់ចាម
– ភ្នំពេញតាមរយៈ ៖ លោកគ្រូ សុខ ឡាក់ (Sok Lak) ០៦៩ ៩៥០ ៥៥៦ / ហាងសៀវភៅ ស្រឡាញ់សៀវភៅ (#Lanhseavpoav) / តូបពន្លឺវិជ្ជា ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ / ផេក Grey Universe, ចំណីខួរក្បាល, Ahgogo Books, FN Library – បណ្ណាល័យ អេហ្វ អិន, Seithakun Books, បណ្ណាគារ Online, បណ្ណាគារ MY Bookshop Cambodia
– បាត់ដំបងតាមរយៈបណ្ណាគារឥន្រ្ទទេវី Indradevi Bookshop ខេត្តបាត់ដំបង
– ក្រចេះតាមរយៈលោកគ្រូ សេន ចិត្រា (Chettra Sen) 097 583 8933 និងមានបណ្ណាគារ និងផេកមួយចំនួនទៀត។
ប្អូនស្រីលោក ផាត ភឿក និងស្នាដៃប្រលោមលោករបស់លោក
លោក ផាត ភឿក មិនត្រឹមតែជាអ្នកនិពន្ធមួយរូបដែលពូកែនិពន្ធប៉ុណ្ណោះទេ លោកក៏ជាអ្នកពូកែអានមួយរូបផងដែរ។ លោកបានបង្ហាញពីការអានរបស់លោកយ៉ាងដូច្នេះថា “បើនិយាយពីការអានសៀវភៅសម្រាប់ខ្ញុំគឺកម្រិតខ្ពស់បំផុតហើយ សឹងតែយកការអានជាអាជីព និងរកស៊ីទៅហើយ ព្រោះតាំងពីតូចមកសៀវភៅគឺជាមិត្តល្អបំផុតហើយ។ សៀវភៅបានកែប្រែចិត្តគំនិត អត្តចរិត ថែមទាំងអាចព្យាបាលអារម្មណ៍តានតឹងរបស់ខ្ញុំ។” លោកបានផ្ដល់ជាគំនិតថា “ចំពោះអ្នកនិពន្ធ ខ្ញុំគិតថាមានសារសំខាន់ណាស់ ព្រោះដើម្បីបានគំនិតល្អៗ និងច្បាស់លាស់ទាមទារអានសៀវភៅឱ្យបានច្រើន ប្រមូលគំនិត សីល្ប៍វិធីក្នុងការសរសេរបានច្រើនបែប ដើម្បីសំយោគចេញជាគំនិតថ្មីមួយផ្សេងទៀតដែលសមហេតុផល និងស្របតាមបរិបទសង្គមៗ”
លោកបន្ថែមមុននឹងបិទបញ្ចប់បទសម្ភាសន៍ “ជាចុងក្រោយខ្ញុំសូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ជាពិសេសបងប្រុស គង់ រង្សី ដែលបានផ្ដល់បទសម្ភាសន៍ និងផ្សព្វផ្សាយស្នាដៃរបស់ខ្ញុំមួយនេះ។ ក៏សូមថ្លែងអំណរគុណដល់កវីរៀមច្បងទាំងអស់ ដែលបានផ្ដល់ជាគំនិតតាមរយៈស្នាដៃរបស់លោក ដែលអាចឱ្យខ្ញុំសរសេររឿងមួយនេះឡើង។ កាន់តែពិសេសទៅទៀតនោះ ខ្ញុំសូមថ្លែងអំណរ និងអរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ដែលបានគាំទ្រស្នាដៃដំបូងរបស់ខ្ញុំមួយនេះ បើគ្មានពុកម៉ែបងប្អូនគាំទ្រស្នាដៃមួយនេះមិនបានចេញជារូបរាងឡើងឡើយ។ សូមគោរពជូនពរដល់អ្នកគ្រប់គ្នាជួបតែសេចក្ដីសុខ និងសុភមង្គលគ្រប់ពេលវេលា។”
លោក ផាត ភឿក (Sopheak MC )
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ផាត ភឿក លោកគឺជាអ្នកនិពន្ធកម្ពុជាមួយ ដែលមានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធ លោកគឺជាគ្រូបង្រៀនម្នាក់នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច។ បន្ថែមលើសពីនេះ លោកក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាមផងដែរ។ លោកជាម្ចាស់ស្នាដៃសៀវភៅប្រលោមលោករឿង “ហេមន្ដស្នេហ៍គីហ្សូណា” និងកំពុងត្រៀមបញ្ចេញស្នាដៃនិពន្ធថ្មីមួយទៀតនៅថ្ងៃខាងមុខ។ សូមអរគុណ៕
អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ផាត ភឿក / រក្សាសិទ្ធិ ៖ cambowriter.com