ឡាំ លីម ម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និង “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”

  • August 22nd, 2019

លោក ឡាំ លីម កើត​នៅខេត្តសៀមរាប។ ឪពុករបស់លោកបានទទួលមរណភាពនៅឆ្នាំ ២០០៩ ហើយលោករស់នៅជាមួយម្តាយដែលប្រកបរបរជាអ្នកដាំដំណាំ និងធ្វើស្រែសម្រាប់មួយក្រពះ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ រីឯលោកជាកូនប្រុសកណ្តាល។ ពីមុនមក ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៧ លោកធ្លាប់បានបម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល, សមាគម និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយនៅខេត្តសៀមរាប។ លោក​គឺជាបុគ្គលមួយរូបដែលចូលចិត្ត​អាន​សៀវភៅនិងសរសេរ​យ៉ាង​ខ្លាំង ដែលឧបនិស្ស័យ​នេះហើយក៏បានបណ្ដាល​ឱ្យ​រូប​លោកមានការយល់​ដឹងជា​ច្រើនទាក់ទង​នឹង​រឿង​រ៉ាវផ្សេងៗ ​ហើយក៏យក​រឿង​រ៉ាវ​ដែល​លោក​ដឹងនោះ មក​ចែករំលែកជា​ចំណេះដឹងដល់​​​អ្នក​ដទៃបន្ត​ តាម​រយៈ​ការសរសេរ​ជា​​សំណេរខ្លីៗ​ ជាពិសេសអត្ថបទ​ទាក់​ទងនឹង​ទស្សនវិជ្ជា, ​ភាពជាអ្នកដឹកនាំ និង​ស្មារតីសង្គម ដែលសុទ្ធ​សឹង​តែ​ជាប្រភេទ​អត្ថបទចំណេះដឹងដ៏មាន​អត្ថប្រយោជន៍​ចំពោះ​អ្នកអាន។ ​  

លោក ឡាំ លីម បាន​បង្ហាញបន្ថែម​​ប្រាប់​ “គេហទំព័រអ្នក​និពន្ធកម្ពុជា” ទាក់ទងនឹង​ចំណង់ចំណូលចិត្ត​​ក្នុង​ការ​សរសេរ​​របស់​លោក​នេះ​ថា “ខ្ញុំចូលចិត្តសរសេរពាក់ព័ន្ធនឹងផ្នែកទស្សនវិជ្ជា, ទស្សនវិជ្ជាសាសនា, ទស្សនវិជ្ជានយោបាយ និងភាពជាអ្នកដឹកនាំ។ ពេលណានិយាយពីទស្សនវិជ្ជា គឺវាតែងធ្វើឱ្យមនុស្សចេះគិត, ចេះឆ្ងល់, ចេះសួរ, មិនរស់នៅក្នុងសភាពនៃជីវិតដដែលៗ។ មិនថាចំណេះដឹងអំពីសាសនា ឬចំណេះដឹងអំពីនយោបាយសង្គមទេ គឺវានឹងធ្វើឱ្យជីវិតមនុស្សល្អប្រសើរ។ ចំណេះដឹងកើតឡើងទៅបាន លុះត្រាតែមនុស្សប្រឹងរៀន, ចេះគិតត្រឹមត្រូវ, ស្វែងរកវិជ្ជាតាមរយៈចម្ងល់។ ចំណេះដឹង វានឹងធ្វើឱ្យយើងចេះរស់នៅសុខដុមរមនាជាមួយនឹងគ្នា មិនថានរណាម្នាក់ស្ថិតក្នុងទំនោរសាសនាណា ឬនយោបាយណាទេ។ លើសពីនេះ ចំណេះដឹងអំពីភាពជាអ្នកនាំ វានឹងធ្វើឱ្យមនុស្សចេះទទួលខុសត្រូវ ចេះធ្វើការងារជាក្រុម និងយកប្រយោជន៍រួមជាធំ។ ខ្ញុំជឿជាក់ថា កាលណាបើមនុស្សមានចំណេះដឹងត្រឹមត្រូវដែលបំពាក់នូវសីលធម៌ យល់ដឹងរឿងសាសនាស៊ីជម្រៅ គឺយើងនឹងសុខសប្បាយទាំងអស់គ្នា គ្មានជម្លោះទាស់ទែងនឹងគ្នាក្នុងនាមជាបងជាប្អូន។ នេះជាមូលហេតុខ្លះៗនៃចំណូលចិត្តនៃការសរសេរអំពីផ្នែកនេះរបស់ខ្ញុំ។”

លោក​ ឡាំ លីម បាន​បន្ត​ទៀតថា “ខ្ញុំចាប់អារម្មណ៍លើការសរសេរចែករំលែកចំណេះដឹង តែបើនិយាយដល់ការនិពន្ធវិញ គឺខ្ញុំមិន​មាន​ការយល់​ដឹង​ច្រើន​នោះទេ ប៉ុន្តែដោយសារតែការចូលចិត្តអាន, បទពិសោធជីវិតជាក់ស្តែង, ចំណេះដឹងសង្គមវិជ្ជាដែលបានមកពីការបំពេញការងារ ទើបធ្វើឱ្យខ្ញុំចង់សរសេរចែករំលែកចំណេះដឹង, ការយល់ឃើញ, ទស្សនៈ, និងគតិខ្លះៗទៅតាមបណ្តាញសង្គម ជាពិសេសផ្តោតសំខាន់ទៅយុវជន។ ទីបំផុត​កត្តាទាំងអស់​នេះ ក៏បាន​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់​ផ្ដើម​មានគំនិត​សរសេរជាសៀវភៅ គឺតាំងពីឆ្នាំ ២០១៥ ហើយ​រហូតមកដល់ថ្ងៃនេះ ខ្ញុំ​សរសេរ​សៀវភៅដែលជាស្នាដៃរបស់ខ្លួនខ្ញុំផ្ទាល់មានចំនួន ២ក្បាល រួមមានដូចជា ៖ 

* ក្បាលទី១ គឺជាសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ ដែលសៀវភៅនេះមានខ្លឹមសារផ្តោតសំខាន់ទៅទស្សនវិជ្ជា ការអភិវឌ្ឍន៍ខ្លួន និងភាពជាអ្នកដឹកនាំ។ សៀវភៅនេះបានបង្កើតជាសៀវភៅឌីជីថល (eBook) ដាក់ឱ្យទាញយកមកអានដោយឥតគិតថ្លៃនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ មួយរយៈក្រោយមក ខ្ញុំបានសម្រេចចិត្តបោះពុម្ពជាផ្លូវការលើកទីមួយ ចំនួន ២០០០ក្បាល នៅខែមេសា ឆ្នាំ២០១៨។ រហូតមកដល់ពេលនេះ សៀវភៅនេះបានបោះពុម្ពជាលើកទីពីរ ចំនួន ២០០០ក្បាលថែមទៀត នៅខែមីនា ឆ្នាំ២០១៩។ 

* ក្បាលទី២ គឺជាសៀវភៅ ប្រតិទិនទស្សនៈ ២២២ថ្ងៃ ដែលសៀវភៅនេះផ្តោតសំខាន់ទៅលើខ្លឹមសារបីប្រភេទ មនុស្សនិងការប្រឹងប្រែង សាសនានិងចិត្តវិញ្ញាណ សង្គមនិងភាពជាអ្នកដឹកនាំ។ សៀវភៅនេះបានបោះពុម្ពផ្សាយលើកទីមួយជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៩។ លក្ខណៈសៀវភៅជាក្របរឹង (Hard Cover) ដែលមានកម្រាស់ ៣៥៥ទំព័រ។”

ទាំង​នេះ​ជាសម្ដីរបស់​ លោក ឡាំ លីម ម្ចាស់​ស្នាដៃ​សៀវភៅ​ទាំង​ពីរ​ក្បាល​ខាង​លើ ​បើ​​លោក​អ្នក​​មានចេតនាចង់ជួយគាំទ្រនូស្នាដៃរបស់​លោក​ អាចស្វែងរកទិញ​បាន​តាមបណ្ណាគារនៅទីក្រុងភ្នំពេញ និង​បណ្ណាគារតាមបណ្ដាខេត្តនានា ឬអាចបញ្ចាទិញតាម Online ក៏បាន ដោយគ្រាន់តែទាក់ទងដោយផ្ទាល់ទៅក្រុមការងារ សៀវភៅជីវិត ឬទូរសព្ទទំនាក់ទំនងតាមរយៈ​លេខ 086 66 94 24011 64 31 47 ឬទាក់ទងទៅកាន់​ផេកហ្វេសប៊ុក សៀវភៅជីវិត នោះជាការស្រេច ដោយ​គេហទំព័រយើង​ខ្ញុំ​ជឿជាក់ថា​មុខជា​មិន​ខក​បំណង​ឡើយ។”

ជាចុងបញ្ចប់ លោក ឡាំ លីម សូម​ថ្លែង​អំណរគុណយ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​​​ប្រិយមិត្តទាំងអស់​​ដែល​បាន​​​គាំទ្រស្នាដៃ​​សៀវភៅ​​របស់​លោក និង​សូម​ផ្តាំផ្ញើជាពិសេសដល់​យុវជនខ្មែរទាំង​ឡាយ សូមប្រឹងប្រែងសិក្សា​រៀនសូត្រ, ​​អានសៀវភៅ​ឱ្យបាន​ច្រើន និងខិតខំ​សាង​ខ្លួនឱ្យ​ក្លាយ​ជាបុគ្គលដ៏មាន​តម្លៃ និង​ខ្លាំងពូកែ​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅមួយរូប​ឱ្យបាន ដោយត្រូវតែ​សាង​ភាព​រីក​ចម្រើន​ដល់​ខ្លួន​ និងសូម​កុំធ្វើជាបន្ទុកសង្គមឱ្យសោះ។

 

“គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា សព្វថ្ងៃ លោក ឡាំ លីម ម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និង “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ក្រៅ​ពីមាន​ជំនាញផ្នែកសរសេរមួយរូប លោកគឺជាអ្នក​ធ្វើស្រែចម្ការ ដែល​និយម​ចូលចិត្ត​អានសៀវភៅ, សរសេរ​អត្ថបទ​និងសៀវភៅ និង​ផ្ដល់​តម្លៃ​លើ​ការសិក្សា​រៀន​សូត្រ​យ៉ាង​ខ្លាំង។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!