សោម នីសោភា អ្នកនិពន្ធឆ្នើមវ័យក្មេងដែលចេះនិពន្ធតាំងពីរៀនថ្នាក់ទី២!

  • November 5th, 2019

កញ្ញា​ សោម នីសោភា គឺ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា​ប្រកបដោយទេពកោសល្យ​មួយរូប ដែល​ប្រើ​នាម​ប៉ាកកា “គជ់ខ្យង”, កញ្ញា​កើតឆ្នាំ១៩៩៩ នៅទីក្រុងភ្នំពេញ។ កញ្ញា​មានឪពុកឈ្មោះ អ៊ូច វុត្ថា និងម្តាយឈ្មោះ ម៉ៅ ស៊ីណាត, មានបងប្អូនបង្កើត​ចំនួន​៥នាក់ (ស្រីទាំងអស់) ហើយខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ក្រៅពីអាជីពជាអ្នកនិពន្ធ បច្ចុប្បន្នកញ្ញា​ជា​និស្សិត​កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកបរិញ្ញាប័ត្រភាសាជប៉ុនឆ្នាំទី៤។

កញ្ញា​ សោម នីសោភា ជាបុគ្គលដែល​ស្រឡាញ់​ការ​តែងនិពន្ធតាំងតែពីនៅកុមារមកម្ល៉េះ ហើយអ្វីដែលគួរឱ្យស្ងើច​សរសើរ​ចំពោះ​កញ្ញា​បំផុតនោះ កញ្ញា​ចេះ​និពន្ធ​តាំង​តែពីខ្លួនរៀនថ្នាក់ទី២ ដោយគ្រាន់តែ​ចេះ​អាច​អក្សរ​ភ្លាម ក៏ខិតខំ​ប្រឹង​រៀនសរសេរ រៀនតែងនិពន្ធតែម្ដង ដែល​ចំណុច​នេះ​ពិតជា​កម្រ​នឹង​មាន​ណាស់​ក្នុង​អតីត​កាល​របស់​អ្នក​និពន្ធ​កម្ពុជា​ដទៃៗទៀត ព្រោះ​តែវ័យនោះ​ជាវ័យក្មេងពេក។ ទាក់ទងនឹង​ដំណើរលើ​​វិថី​តែងនិពន្ធនិង​ស្នាដៃ​និពន្ធនេះ កញ្ញា​បាន​រៀបរាប់​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ទាំង​ស្រុង​ថា “ចំពោះចំណេះដឹងខាងផ្នែកនិពន្ធរបស់ខ្ញុំគឺជាការរួមផ្សំរវាងទេពកោសល្យពីកំណើត ជាមួយនឹងការបង្ហាត់បង្រៀនពីអ៊ុំស្រី ម៉ៅ សំណាង ដែលត្រូវជាបងស្រីបង្កើតរបស់ឪពុកខ្ញុំផងដែរ។ អាចនិយាយបានថាដោយសារតែមានខ្សែស្រឡាយដែលជាអ្នកចូលចិត្តផ្នែកអាននិងសរសេរតាំងពីជំនាន់លោកតាមក ទើបខ្ញុំមានចំណូលចិត្តទៅខាងនេះតាំងពីចាប់ផ្តើមដឹងក្តី។ បើនិយាយពីការចាប់ផ្តើមនិពន្ធបែបមិនផ្លូវការវិញគឺតាំងពីថ្នាក់ទី២ កាលពីនោះគ្រាន់តែចេះអានអក្សរភ្លាមក៏ខ្ចីសៀវភៅប្រលោមលោកអ៊ុំស្រីមកអាន ហើយរៀនសរសេរដោយខ្លួនឯងដែរប៉ុន្តែសរសេរមិនដែលចប់មួយរឿងឡើយ។ រហូតដល់អាយុ១៦ឆ្នាំ អ៊ុំស្រីក៏បានផ្តល់ឱកាសអោយខ្ញុំសាកល្បងសរសេរអត្ថបទភាពយន្តចាក់ទូរទស្សន៍ ប៉ុន្តែកាលនោះនៅតែមិនដែលបានបញ្ចប់រឿងអ្វីមួយដដែល។ បន្ទាប់ពីមានការបាក់ទឹកចិត្តព្រោះតែមិនធ្លាប់បញ្ចប់ស្នាដៃណាសោះ ខ្ញុំក៏សម្រាកពីការនិពន្ធអស់មួយរយៈ រហូតក្នុងឆ្នាំ២០១៨ ក្រុមទសប៉ាកកា ជាក្រុមអ្នកនិពន្ធវ័យក្មេងទាំង១០រូប ក៏បានឱ្យខ្ញុំចូលជាសមាជិកដោយដាក់នាមប៉ាកកាថា ប៉ាកកា៨ ហើយនោះក៏ជាពេលដែលខ្ញុំចាប់ផ្តើមត្រឡប់មកបន្តក្តីស្រមៃរបស់ខ្លួនឯងម្តងទៀត។ ចំពោះផ្នែកនិពន្ធដែលខ្ញុំចូលចិត្តនិងស្ទាត់ជំនាញជាងគេគឺអត្ថបទភាពយន្ត​និងប្រលោមលោកបែបមនោសញ្ចេតនា និងអត្ថបទខ្លីៗ។ មកដល់ពីនេះខ្ញុំធ្លាប់និពន្ធបាន អត្ថបទភាពយន្តសម្រាប់ចាក់ក្នុងរោងកុន ដែលមានចំណងជើងថា រឿងអាស្រូវ , ប្រលោមលោកមនោសញ្ចេតនាផ្សាយនៅលើទំព័រហ្វេសបុក ទសប៉ាកកា រឿង បោះជំរំស្នេហ៍ , រឿងខ្លីបែបអប់រំ មានចំណងជើងថា បក្សីប្រាំពីរពណ៌ និង ចុងប៉ាកកា , រឿងប្រលោមលោកខ្លី ទីប្រឹក្សាកំពូលស្នេហ៍ , អត្ថបទល្ខោនវិទ្យុ រឿង ប្អូនស្រី , រួមទាំងអត្ថបទខ្លីៗនៅលើទំព័រហ្វេសបុក ទសប៉ាកកា និងគេហៈទំព័រ Zourbong ប្រមាណជាង៤០អត្ថបទ។ បច្ចុប្បន្ននាងខ្ញុំមិនទាន់ធ្លាប់បោះពុម្ពស្នាដៃអ្វីមួយជាសៀវភៅនោះទេព្រោះចង់ដុសខាត់សមត្ថភាពអោយល្អជាងនេះសិន ប៉ុន្តែខ្ញុំរួមទាំងក្រុម ទសប៉ាកកា គឺមានគម្រោងបង្កើតសៀវភៅមួយរួមគ្នានៅឆ្នាំក្រោយ។”

កាលពីពេលថ្មីៗនេះ កញ្ញា​ សោម នីសោភា ថែមទាំង​បាន​ប្រឡង​ជាប់ ​ជ័យលាភីក្នុង “មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣” ទៀតផង ដោយកញ្ញាបាន​បង្ហាញថា​ “​ជ័យលាភីដែលនាងខ្ញុំប្រឡងជាប់ក្នុង មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣នេះ មានចំណងជើងថា ចុងប៉ាកកា ផ្នែករឿងខ្លី ដែលជាប់ក្នុងចំណាត់ថ្នាក់លេខ៣។” ក្រៅពីជាប់ជ័យលាភីខាងលើ កញ្ញាក៏ធ្លាប់ប្រឡងជាប់ក្នុងកម្មវិធីផ្សេង​ទៀត​ផងដែរ គឺកាលពីឆ្នាំពី២០១៧ ដោយកញ្ញា​ប្រឡង​ជាប់​ទទួលបានជ័យលាភីលេខ៥ ក្នុងកម្មវិធីប្រកួតប្រជែងអ្នកនិពន្ធឆ្នើមរបស់ផលិតកម្ម Rock

ជ័យលាភី ដែលកញ្ញា​ សោម នីសោភា ទើបទទួលបានថ្មីៗ

កញ្ញា​ សោម នីសោភា បាន​ចែក​រំលែកនូវគំនិតរបស់​កញ្ញាផ្ទាល់ ទាក់ទងនឹង​ការនិពន្ធស្នាដៃមួយបានល្អយ៉ាង​ដូច្នេះថា “ដោយសារខ្ញុំទើបតែជាអ្នកនិពន្ធថ្មីដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្វែងយល់នៅឡើយ ដូច្នេះគ្រប់ស្នាដៃមិនទាន់ល្អនោះទេ ប៉ុន្តែចំពោះគំនិតរបស់នាង​ខ្ញុំផ្ទាល់ ដើម្បីនិពន្ធស្នាដៃមួយបានល្អ គឺនាង​ខ្ញុំផ្តោតទៅលើ៥ចំណុចគឺ ទី១/អត្ថន័យអប់រំនៅក្នុងសាច់រឿង, ទី២/ដំណើរសាច់រឿងដែលមានភាពប្រទាក់ក្រឡាផ្តល់ភាពជក់ចិត្តដល់អ្នកអានឬអ្នកទស្សនា, ទី៣/បុគ្គលិកលក្ខណៈរបស់តួអង្គដែលមានភាពច្បាស់លាស់សមស្របនិងសាច់រឿងហើយមិនឆ្គង, ទី៤/សិល្ប៍វិធីក្នុងការសរសេររៀបរាប់ឃ្លាសន្ទនា ឬក៏ឈុតឆាកនៃសាច់រឿងអោយចូលជ្រៅទៅក្នុងអារម្មណ៍របស់សាច់រឿង និងគោរពតាមបែបបទនៃការនិពន្ធ និងទី៥ចុងក្រោយបង្អស់ គឺការធ្វើអោយស្នាដៃរបស់យើងមានភាពអវិជ្ជមានតិចបំផុតសម្រាប់សង្គម។” កញ្ញា​បានបន្ថែមថា “ដោយសារតែការនិពន្ធគ្រប់ផ្នែកទាំងអស់ សុទ្ធតែមានចំណុចលម្អិតរួមទាំងធាតុផ្សំផ្សេងៗមិនដូចគ្នាទេ ដូច្នេះចម្លើយរបស់នាង​ខ្ញុំ គឺមិនផ្តោតចំពោះផ្នែកនិពន្ធណាមួយឡើយ។”

កញ្ញា​ សោម នីសោភា និងបុគ្គលដទៃៗទៀត ក្នុងថ្ងៃទទួលជ័យលាភី

កញ្ញា​ សោម នីសោភា ស្រឡាញ់​និង​ផ្ដល់​តម្លៃ​ដល់​ការតែងនិពន្ធណាស់ ហើយ​នេះ​ហើយ​ទើបបានជា​កញ្ញា​ជួប​ផលលំបាក​ដល់​បាក់​ទឹក​ចិត្ត​យ៉ាង​ណា ក៏កញ្ញា​មិនដែល​បង់​បោះដែរ ដោយ​បាន​បង្ហាញថា “នាង​ខ្ញុំធ្លាប់បាក់ទឹកចិត្ត ហើយសម្រាកពីការនិពន្ធជាច្រើនដង ព្រោះនាង​ខ្ញុំមិនច្បាស់ថា តើនាង​ខ្ញុំពិតជាអាចធ្វើជា​អ្នកនិពន្ធ​បានឬអត់? ហើយនាង​ខ្ញុំស្រឡាញ់ការនិពន្ធកម្រិតណា? ប៉ុន្តែបន្ទាប់ពីការសាកល្បងធ្វើការងារផ្សេងៗជាច្រើន ចុងក្រោយនាង​ខ្ញុំនៅតែរកឃើញថា នាង​ខ្ញុំមិនអាចបោះបង់ការនិពន្ធជាដាច់ខាត ព្រោះការនិពន្ធសម្រាប់នាង​ខ្ញុំគឺដូចជាគ្រួសារ ដែលជាចំណែកសំខាន់បំផុតនៅក្នុងជីវិត! នាង​ខ្ញុំមិនដឹងថាអនាគតនាង​ខ្ញុំនឹងត្រូវធ្វើអ្វី ប្រកបមុខរបរអ្វីនោះទេ ប៉ុន្តែសម្រាប់ការនិពន្ធ គឺនាង​ខ្ញុំនៅតែបន្ត ព្រោះការនិពន្ធគឺជាចម្លើយនិងហេតុផលនៃការរស់នៅរបស់នាង​ខ្ញុំ! នាងខ្ញុំចង់ប្រើទេពកោសល្យដែលខ្លួនមាន ធ្វើជាកន្លែងសម្រាប់ចែករំលែកចំណេះដឹង ផ្តល់ការលើកទឹកចិត្ត រួមទាំងរួមចំណែកដើម្បីផ្តល់អ្វីល្អៗដល់សង្គមរួមទាំងអ្នកជំនាន់ក្រោយ។”

ស្នាដៃនិពន្ធមួយរបស់ កញ្ញា​ សោម នីសោភា

ជាចុងបញ្ចប់នៃ​បទសម្ភាសន៍ កញ្ញាក៏មាននូវពាក្យពេចន៍​ក្នុង​ចិត្ត​ចុង​ក្រោយ​ចង់​បង្ហាញយ៉ាង​ដូច្នេះថា “នាង​ខ្ញុំទើបតែដើរបានប៉ុន្មានជំហានប៉ុណ្ណោះក្នុងវិថីនិពន្ធ ហើយនាង​ខ្ញុំដឹងថាមានមនុស្សមិនច្រើនទេដែលស្គាល់និងជាប្រិយមិត្តរបស់នាង​ខ្ញុំ ប៉ុន្តែនាង​ខ្ញុំពិតជាអរគុណពិតមែនសម្រាប់អ្នកដែលតែងតែគាំទ្រ ចូលរួមអាន រួមទាំងចែករំលែកស្នាដៃរបស់នាងខ្ញុំនៅក្នុងបណ្តាញសង្គម ដែលវាគឺជាប្រភពនៃកម្លាំងចិត្តដែលធ្វើឱ្យនាងខ្ញុំបន្តការសរសេរ ហើយនាងខ្ញុំសន្យាថានឹងខិតខំបន្ថែមដើម្បីបង្កើតស្នាដៃល្អៗដែលមានប្រយោជន៍​ដល់សង្គមនិងអ្នកដែលស្រឡាញ់ការអានទាំងអស់។ បន្ថែម​លើស​ពីនេះ ចុងក្រោយនាង​ខ្ញុំក៏សូមធ្វើការអរគុណទៅដល់ក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងជិតស្និទ្ធរបស់នាង​ខ្ញុំទាំងអស់ ដែលពួកគាត់ជាប្រិយមិត្តដំបូងគេរបស់នាង​ខ្ញុំ ជាពិសេស​នាងខ្ញុំ​សូមអរគុណដល់អ៊ុំស្រី ម៉ៅ សំណាង អ្នក​និពន្ធប្រលោមលោក​ដ៏ល្បី​បំផុត​នៅ​កម្ពុជា ដែលជាគ្រូទី១របស់​នាង​ខ្ញុំ និង ទសប៉ាកកា ដែលជាអ្នកផ្តល់យោបល់និងឱកាសល្អៗដល់នាងខ្ញុំកន្លងមក។”

កញ្ញា​ សោម នីសោភា ទទួលជ័យលាភី

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា​ សោម នីសោភា គឺ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា​ប្រកបដោយទេពកោសល្យ​មួយរូប មាន​ប្រើ​នាម​ប៉ាកកា “គជ់ខ្យង” ​កើតឆ្នាំ១៩៩៩ នៅទីក្រុងភ្នំពេញ។ កញ្ញា​មានឪពុកឈ្មោះ អ៊ូច វុត្ថា និងម្តាយឈ្មោះ ម៉ៅ ស៊ីណាត, មានបងប្អូនបង្កើត​ចំនួន​៥នាក់ (ស្រីទាំងអស់) ហើយខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ក្រៅពីអាជីពជាអ្នកនិពន្ធ បច្ចុប្បន្នកញ្ញា​ជា​និស្សិត​កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកបរិញ្ញាប័ត្រភាសាជប៉ុនឆ្នាំទី៤។ កញ្ញាគឺជា​អ្នក​និពន្ធឆ្នើម​វ័យក្មេងដែល​​ចេះ​និពន្ធ​តាំង​ពីរៀនថ្នាក់ទី២មក​ម្ល៉េះ និង​ជាអ្នក​និពន្ធដែល​ស្រឡាញ់និង​ផ្ដល់​តម្លៃដល់​ការ​តាក់​តែង​និពន្ធ​យ៉ាង​ខ្លាំង។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្តទាំង​ឡាយដែលមិនទាន់​បានអាន​ស្នាដៃ​របស់​កញ្ញា ប្រិយមិត្ត​អាច​ស្វែង​រក​យក​មកអានបាន ដោយយើងខ្ញុំជឿជាក់ថា ពិតជា​មិន​ខក​បំណង​ឡើយ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ សោម នីសោភា / រក្សាសិទ្ធិ ៖ www.cambowriter.com 


error: អត្ថបទរក្សាសិទ្ធ !!