យួង សូដា ៖ ស្នាដៃនិពន្ធរៀបរៀងទាំងឡាយរបស់ខ្ញុំ គឺដើម្បីពលរដ្ឋនិងសង្គមកម្ពុជា

  • February 5th, 2020

អ្នក​និពន្ធ​ម្នាក់ៗ​សុទ្ធតែ​មាន​បុព្វហេតុ​ក្នុង​ការ​បង្កើត​ស្នាដៃ​រៀងៗ​ខ្លួន និង​សុទ្ធតែមាន​លក្ខណៈ​សម្បត្តិ​មួយ​ជារបស់ខ្លួន ជាពិសេស​បែប​ផែន​សំណេរ​ដែល​ខ្លួន​បាន​បង្ហាញ​តាម​រយៈ​ស្នាដៃ​និពន្ធ​របស់​ខ្លួន។ អ្នក​និពន្ធ​ខ្លះ និពន្ធ​ដើម្បីកម្សាន្ត។ អ្នក​និពន្ធ​ខ្លះ​ និពន្ធ​ដើម្បីជីវភាព។ អ្នក​និពន្ធ​ខ្លះ​ និពន្ធដើម្បី​មុខ​មាត់​កិត្តិយស។ អ្នក​និពន្ធ​ខ្លះ​ និពន្ធ​ដើម្បី​មហិច្ចតា។ ឯអ្នក​និពន្ធ​មួយចំនួន​ទៀត បែរជា​ខិត​ខំ​យ៉ាង​សស្រាក់សស្រាំ ហ៊ាន​លះ​បង់អ្វីៗ​គ្រប់​យ៉ាងមិនខ្លាច​នឿយហត់ ពុះពារនិពន្ធសាង​បង្កើត​ស្នាដៃ​ឡើង ដើម្បី​បម្រើ​ជាប្រយោជន៍ចំពោះ​ពលរដ្ឋនិង​សង្គមទៅវិញ ដែល​អ្នក​និពន្ធ​ប្រភេទ​នេះ ពិតជា​គួរឱ្យស្ងើចសរសើរណាស់។ ដូច្នេះ ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” នឹង​ធ្វើ​ការ​បង្ហាញ​ឱ្យលោកអ្នកបាន​ស្គាល់​នូវអ្នកនិពន្ធមួយរូប ដែលប្រកាន់ទស្សនៈដ៏ល្អខាងលើនេះ លើសពីនេះ ​លោកថែមទាំងជាអ្នក​និពន្ធ​មួយរូប ដែលមាន​ការ​តស៊ូ​យ៉ាង​ខ្លាំងខ្លាំង​ក្នុង​ជីវិត ទម្រាំ​តែ​អាច​ឈរ​ជើង​លើ​​​វិថីតែង​និពន្ធមកទល់​សព្វថ្ងៃ​នេះទៀតផង នោះ​គឺ​ លោក យួង សូដា ។  ​

លោក យួង សូដា ម្ចាស់ស្នាដៃសៀវភៅ “ច្បាំងនឹងខ្លួនឯង”

លោក យួង សូដា មានឪពុកឈ្មោះ យួង ជាតិ និងម្ដាយឈ្មោះ សាន សំណាង ។ លោក​មានបងប្អូនបង្កើត​ចំនួនពីរនាក់ ប្រុស​១នាក់ និង​ស្រី១នាក់ ដោយ​លោក​ជាកូនប្រុស​ច្បងក្នុងគ្រួសារ។ លោក​កើតនៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ  ខេត្តកំពង់ចាម។ សព្វថ្ងៃ ក្រៅ​ពីមានអាជីពជាអ្នក​និពន្ធ​កម្ពុជា​មួយរូប លោក​គឺ​ជាគ្រូបង្រៀនថ្នាក់​បឋមសិក្សា និងជានិស្សិតនៅសាកល​វិទ្យាល័យ​​បៀលប្រាយ ខេត្តបាត់ដំបង។ កាលពីកុមារភាព ដោយសារតែលោក​ជាកូនកសិករក្រីក្រម្នាក់ លោក​ត្រូវពុះពាររៀនសូត្រជានិច្ច ដើម្បីងើបឱ្យផុតពីជីវភាពដ៏លំបាកនេះ។ នៅឆ្នាំ២០១៥ លោក​ក៏បានបញ្ចប់សញ្ញាប័ត្រទុតិយភូមិដោយជោគជ័យ នៅវិទ្យាល័យក្រុងទេពិម្មិតប៉ៃលិន រួចបន្តការសិក្សានៅវិទ្យាស្ថានគរុកោសល្យនិងវិក្រឹតការខេត្តបាត់ដំបង។ នៅឆ្នាំ២០១៧ លោក​ក៏​បានបញ្ចប់ការសិក្សាដោយជោគជ័យ រួចបន្តចូលរៀនថ្នាក់បរិញ្ញាប័ត្រ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបង។ លោក​ក៏​ជា​បុគ្គល​មួយរូប​ដែល​​ចូល​ចិត្ត​ការ​អានផងដែរ គឺ​ចូលចិត្ត​អាន​តាំងតែពីរូប​លោក​រៀន​នៅថ្នាក់បឋមសិក្សាមក​ម្ល៉េះ និង​​ចាប់ផ្ដើម​ប្រឡូក​ក្នុង​ការ​សរសេរសៀវភៅបោះពុម្ពជាលើកដំបូងនៅ​ឆ្នាំ២០១៦។ លោក​គឺជា​អ្នក​និពន្ធ​មួយរូប ដែល​បានប្រកាន់ខ្ជាប់នូវគោលការណ៍និពន្ធ​រៀបរៀង​សៀវភៅសម្រាប់​ចែក​ជូន​ដោយ​ឥតគិតថ្លៃ គឺ​តាំងតែ​ពីស្នាដៃ​ដំបូងរបស់លោកមកម្ល៉េះ ដែលខុសប្លែកពីអ្នកនិពន្ធភាគច្រើននៅកម្ពុជា។ តែសកម្មភាព​ក្នុង​​លក្ខណៈ​​បែបនេះ ក៏​បាន​ធ្វើ​ឱ្យ​រូប​លោក​ជួប​ប្រទះនូវផលលំបាកជាច្រើន​តាំង​ពី​ដំបូង​ផងដែរ ដូចជាការ​ខ្វះ​បទពិសោធក្នុង​ការ​រៀបចំសៀវភៅ ការរៀបចំបោះពុម្ព ការផ្សព្វផ្សាយស្នាដៃទៅកាន់មហាជន និងការ​ស្វែង​រក​ថវិកាសប្បុរសជនពីប្រភព​នានា ដើម្បីបោះពុម្ពផ្សាយឱ្យលេចចេញ​ជារូបរាង​ជាដើម។ ទាក់​ទង​នឹង​ផល​លំបាក​នេះ ក៏បាន​​បង្ហាញ​ប្រាប់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ពីរំដោះស្រាយ​របស់​លោក​ថា “តែទោះជាយ៉ាងណា ខ្ញុំពុំបានចុះចាញ់នូវឧបសគ្គទាំងនេះទេ។ ខ្ញុំបានព្យាយាមទាក់ទងមិត្តភក្តិមួយចំនួនឱ្យជួយជ្រោមជ្រែងទៅលើកិច្ចការរៀបចំសៀវភៅ ហើយព្យាយាមស្វែងរករោងពុម្ពទាំងនៅតាមខេត្តនិងរាជធានី។ ចំពោះការផ្សព្វផ្សាយវិញ​ ខ្ញុំបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាសំខាន់ ក៏ដូចជាទាក់ទងជាមួយនឹងម្ចាស់គេហទំព័រ ឬម្ចាស់ App សៀវភៅទាំងឡាយ ដែលបើកទូលាយសម្រាប់ការផ្សព្វផ្សាយស្នាដៃខ្ញុំ។ ដោយឡែកបញ្ហាថវិកាវិញ ខ្ញុំព្យាយាមប្រកាសសេចក្ដីអំពាវនាវតាមគ្រប់រូបភាពមិនថាផ្ទាល់មាត់ តាមហ្វេសប៊ុក ឬតាមកម្មវិធីមួយចំនួនដែលខ្ញុំបានចូលរួមជាវាគ្មិននោះទេ ដោយទីបំផុត ខ្ញុំ​ក៏ទទួលបានថវិកាគ្រប់គ្រាន់ក្នុងការបោះពុម្ពមួយលើកៗ គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។ ពីដំបូង ខ្ញុំ​មានជំនួយតែនៅក្នុងប្រទេស តែក្រោយមកក៏មានការទំនុកបម្រុងពីក្រៅប្រទេស ដូចជាពី​អាមេរិក ស៊ុយអែត កូរ៉េ និងថៃជាដើម។ ឧបសគ្គដ៏ចម្បងមួយទៀត គឺខ្ញុំត្រូវបានមនុស្សមួយចំនួនណែនាំឱ្យផ្លាស់ប្ដូរគោលការណ៍ពីសៀវភៅឥតគិតថ្លៃទៅសៀវភៅលក់ តែខ្ញុំពុំបានបោះបង់គោលការណ៍ឥតគិតថ្លៃឡើយ និងក៏ពុំជំទាស់នឹងគោលការណ៍លក់សៀវភៅដែរ ពោលគឺអ្វីដែលសំខាន់ ខ្ញុំ​សរសេរដើម្បីសង្គមជាតិទាំងអស់គ្នា។ ក្រោយមក មានយុវជនជាច្រើនបានគាំទ្រពួកយើង ហើយយុវជនមួយចំនួនក៏សម្រេចចិត្តដើរតាមគោលការណ៍របស់ពួកយើងក្នុងបំណងជួយសង្គមខ្មែរឱ្យរឹតតែរីកចម្រើនលើវិស័យអំណាននិងតែងនិពន្ធ។” នេះ​ជា​សម្ដី​របស់​លោក យួង សូដា

សេចក្ដីអំពាវនាវរបស់ លោក យួង សូដា ក្នុងការបោះពុម្ពស្នាដៃមួយចំនួន

លោក​បាន​បន្ថែមទៀត ទាក់ទងនឹង​ដំណើរ​ក្នុង​វិថី​តែង​និពន្ធ​របស់​លោកថា “ខ្ញុំ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​តែងនិពន្ធឆ្នាំ២០១៦ ហើយរហូតមកទល់នឹងពេលនេះ ខ្ញុំនិពន្ធ និង​រៀប​រៀង​ស្នាដៃ​បាន​មួយចំនួនហើយ។ ទី១មានចំណងជើងថា «លោហិតអ្នកអ្នកចម្បាំង» ជាប្រលោមលោកខ្នាតខ្លី, ទី២មានចំណងជើងថា ​«បទ​ពិសោធ​សាមញ្ញ» ជាកម្រងអត្ថបទ,  ទី៣​មានចំណងជើងថា «បុប្ផាកោះជីវាំង» ជាប្រលោមលោកខ្នាតខ្លី,  ទី៤មានចំណង​ជើងថា ​«ច្បាំង​នឹង​ខ្លួន​ឯង» ជា​កម្រងអត្ថបទបែបទស្សនវិជ្ជា ទី៥មានចំណងជើងថា «បិសាចក្រមុំ» ជា​កម្រងកំណាព្យ, ទី៦មានចំណងជើងថា ​«លង់​ស្នេហ៍​និស្សិត​ច្បាប់» ជាប្រលោមលោកខ្នាតខ្លី” និង​មាន​ស្នាដៃ​ខ្លះ​ទៀត​ត្រៀមចេញជាបន្ត​បន្ទាប់​ទៀត។ ដូច្នេះ ប្រសិន​បើ​ប្រិយ​មិត្ត​អ្នក​អានចង់បានស្នាដៃ​របស់ខ្ញុំយក​ទៅអាន លោក​អ្នក​អាច​ទំនាក់​ទំនង​មក​ខ្ញុំ​ផ្ទាល់​បាន​ តាម​រយៈលេខ​ទូរសព្ទ (០៨៦ ៨៣ ២៦ ២០) ឬគណនីហ្វេសប៊ុក (Yuong So Da) https://www.facebook.com/yuong.soda.9  ឬ​គេហទំព័រ​(កម្រងស្មេរ/Collection of Writers) ដោយខាងយើងខ្ញុំ​​នឹងរៀបចំ​ផ្ញើ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ទៅ​តាម​គ្រប់​បណ្ដា​ខេត្ត​ក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា។”

សៀវភៅ “ច្បាំងនឹងខ្លួនឯង” របស់ លោក យួង សូដា

ស្នាដៃរបស់ លោក យួង សូដា ពាក់កណ្ដាលជាស្នាដៃនិពន្ធ  និង​ពាក់​កណ្ដាល​ទៀត​ជា​ស្នា​ដៃ​​រៀប​រៀង  ហើយលោក​ជាអ្នក​និពន្ធ​ដែល​ចូលចិត្តស្នាដៃផ្នែកទស្សនវិជ្ជាជាងគេ  ព្រោះ​សម្រាប់​លោក ទស្សនវិជ្ជា​ជា​មុខវិជ្ជាសំខាន់សម្រាប់បណ្ដុះផ្នត់គំនិតអ្នកអាន ក៏​ដូច​ជា​យុវជន​ទាំង​ឡាយ។  ស្នាដៃរបស់​លោក​ដែលបានបោះពុម្ពចុងក្រោយគេ មានចំណងជើងថា “ច្បាំង​នឹង​ខ្លួន​ឯង​” ដោយបាន​បោះពុម្ព​ ចំនួន​២០០០​ក្បាល ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ និង​បានចែកចាយទាំង​​ក្នុង​និង​ក្រៅប្រទេស។

ស្នាដៃមួយចំនួនទៀតរបស់ លោក យួង សូដា

ចំពោះ​សំណួដែរ​ថា “តើការណ៍ដែល​​លោកខិត​ខំ​​និពន្ធ​រៀប​រៀង​សៀវភៅ​ដូចសព្វ​ថ្ងៃ​ក្នុង​បំណងអ្វីនោះ? លោក​ យួង សូដា ក៏បាន​ឆ្លើយ​ឡើង​ទាំង​ម៉ឺង​ម៉ាត់ថា “ការណ៍​ដែល​ខ្ញុំ​ខិត​ខំ​និពន្ធ​រៀប​រៀង​សៀវភៅដូចសព្វថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីលើក​ស្ទួយ​វិស័យ​អំណាន​និង​តែង​និពន្ធ​នៅ​ស្រុកខ្មែរ  ក៏​ដូច​ជា​ចែក​រំលែក​នូវ​ទស្សនៈ​គំនិត​ល្អៗ​ដែល​បាន​បង្កប់​នៅ​ក្នុង​ស្នាដៃ​នីមួយៗ​ទៅ​ដល់​មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។” លោកបន្ថែមថា “មាន​តែ​ការ​ពង្រឹង​ផ្នត់​គំនិត​មនុស្ស​ក្នុង​សង្គម​នេះ​ប៉ុណ្ណោះ ទើបអាចឱ្យសង្គមរីកចម្រើនទៅមុខបាន ប្រកបដោយចេរភាព។ សរុប​មក គឺខ្ញុំ​ខិតខំនិពន្ធ​រៀបរៀង​ស្នាដៃទាំង​ឡាយ​របស់​ខ្ញុំ គឺ​ដើម្បីប្រយោជន៍​​ពលរដ្ឋ​និង​សង្គម​កម្ពុជា​ទាំង​មូល​តែម្ដង” លោក​បានបន្ថែម​ថា “ការ​និពន្ធ​មាន​តម្លៃ​ខ្លាំង​ក្រៃ​លែងសម្រាប់ខ្ញុំ ហើយ​ខ្ញុំ​ពុំ​ដែលមានបំណងនឹងបញ្ឈប់ចោលនៅថ្ងៃណាមួយទេ ដោយ​នឹង​ធ្វើ​ការ​និពន្ធ ឬរៀបរៀងរាល់ឆ្នាំ  ព្រោះ​វា​បាន​ក្លាយ​ទៅ​ជា​បេសកកម្ម​មួយ​របស់​ខ្ញុំ​ទៅ​ហើយ​នៅ​ក្នុង​ជីវិត​នេះ និងនៅតែចង់បន្សល់ស្នាដៃឱ្យបានល្អនិងច្រើនសម្រាប់សង្គមជាតិ។”

លោក យួង សូដា និងប្រិយមិត្តអ្នកគាំទ្ររបស់លោក

ជាចុង​បញ្ចប់​ លោក យួង សូដា ក៏បានថ្លែង​ទាំង​ទឹក​មុខ​រំភើបសប្បាយរីករាយថា “ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​សោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មិត្តជិតស្និទ្ធ មិត្ត​អ្នក​អាន​ទាំង​ឡាយ និងក្រុមការងារដែលសហការផ្នែកអំណាននិងតែងនិពន្ធទាំងអស់  ក៏​ដូច​ជា​សប្បុរស​ជន​ទាំងឡាយ ដែល​តែង​តែ​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​និង​ផ្សព្វ​ផ្សាយ​ស្នាដៃ​នានា​របស់​ខ្ញុំ​កន្លង​មក។ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នា ឱ្យនៅតែបន្តជួយជ្រោមជ្រែង សង្គម​យើង​បន្ត​ទៀត ក្នុង​វិស័យ​អំណាន និងតែងនិពន្ធនេះ។ ជាចុងក្រោយ ខ្ញុំ​បាទ​សូម​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​​បង​ប្រុស គង់ រង្ស៉ី ជាខ្លាំង ដែលជាម្ចាស់ “គេហទំព័រអ្នកនិពន្ធកម្ពុជា”   cambowriter.com ដែល​បង​ប្រុស​ខិត​ខំ​លើក​​ស្ទួយ​វិស័យ​អំណាន និងតែងនិពន្ធនៅក្នុងស្រុក  ព្រមទាំងមានទឹកចិត្តទូលំទូលាយ ដោយ​បាន​​បើក​ឱកាស​ដល់រូបខ្ញុំក្នុងការផ្សព្វផ្សាយស្នាដៃទាំងឡាយរបស់ខ្ញុំ។ សូម​​ជូន​ពរ​បង​ប្រុស​ឱ្យ​ជួប​ប្រទះ​​តែ​សំណាង​ល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ! សូមអរគុណ!”

លោក យួង សូដា អ្នកនិពន្ធរៀបរៀងចងក្រង

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក យួង សូដា មានឪពុកឈ្មោះ យួង ជាតិ និងម្ដាយឈ្មោះ សាន សំណាង ។ លោក​មានបងប្អូនបង្កើត​ចំនួនពីរនាក់ ប្រុស​១នាក់ និង​ស្រី១នាក់ ដោយ​លោក​ជាកូនប្រុស​ច្បងក្នុងគ្រួសារ។ លោក​កើតនៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ  ខេត្តកំពង់ចាម។ សព្វថ្ងៃ ក្រៅ​ពីមានអាជីពជាអ្នក​និពន្ធ​កម្ពុជា​មួយរូប លោក​គឺ​ជាគ្រូបង្រៀនថ្នាក់​បឋមសិក្សា និងជានិស្សិតនៅសាកល​វិទ្យាល័យ​​បៀលប្រាយ ខេត្ត​បាត់ដំបង។ លោក​គឺជាអ្នក​និពន្ធ​កម្ពុជា​មួយរូប ដែល​ប្រកាន់ជំហរ​និពន្ធ​រៀបរៀងសៀវភៅឡើង ដើម្បីប្រយោជន៍​រួមចំពោះ​ពលរដ្ឋ​និង​សង្គម​កម្ពុជា។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ យួង សូដា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!