ពៅ មករា ៖ ការក្លាយជាអ្នកនិពន្ធមួយរូបដែលមានការទទួលស្គាល់ គឺជាក្ដីស្រមៃរបស់ខ្ញុំ
- December 17th, 2019
ពៅ មករា ៖ ការក្លាយជាអ្នកនិពន្ធមួយរូបដែលមានការទទួលស្គាល់ គឺជាក្ដីស្រមៃរបស់ខ្ញុំ
លោក ពៅ មករា កើតឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោកធ្លាប់សរសេររឿងតាំងពីអាយុ៨ឆ្នាំ កាលពីរៀនថ្នាក់ទី៣មកម្ល៉េះ និងបន្តសរសេររឿងលេងជាធម្មតាដែលមានមិត្តជាច្រើនចូលចិត្តអានរហូតដល់ថ្នាក់ទី១២ ទើបលោកផ្អាកសរសេរ ដោយសារជាឆ្នាំប្រលងចង់យកពេលផ្ដោតលើការសិក្សាឱ្យបានច្រើន រហូតទាល់តែដល់ឆ្នាំ២០១៤ ទើបលោកចាប់ផ្ដើមប្រឡូកនឹងការតែងនិពន្ធពេញលេញ ដោយបានសរសេររឿងខ្លីមួយចំនួនផ្ញើទៅផ្ទះអ្នកនិពន្ធសប្បាយ ដូចជា រឿង “ឱ! ឆ្នេររាមអើយ” និង រឿង “ហេតុអ្វីសន្យា” និងរឿងកុមារនៅអង្គការរ៉ូមធូរីត គម្រោងតោះអាន(មូនិធិអាស៊ី) ជាដើម។
អ្នកនិពន្ធ ពៅ មករា ម្ចាស់ស្នាដៃសៀវភៅ “ម៉ឺនឯក”
លោក ពៅ មករា បានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទសម្ភាសន៍នេះថា “និយាយរួមការប្រលូកក្នុងវិស័យនេះ ខ្ញុំចាប់ផ្តើមផ្លូវការតាំងពីឆ្នាំ២០១៤មក ហើយមកដល់ពេលនេះស្នាដៃនិពន្ធរបស់ខ្ញុំមានដូចជា ប្រលោមលោកខ្នាតខ្លីរឿង “ស្បែកជើងកែងហោះ” (ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត), ហៃអើ និងរឿងខ្លីដទៃទៀត (បោះពុម្ព២០១៨), រឿងកុមារ ជ្រូកនិងសេក បីសាចសំគម, ថង់យួរ, ទៅលេងផ្ទះលោកតា…និង រឿង “ម៉ឺនឯក” (បោះឆ្នាំនេះ ២០១៩) លើសពីនេះ ខ្ញុំក៏នៅមានប្រលោមលោកជាច្រើនទៀតដែលមិនបានបោះពុម្ព ដូចជា រឿង ជំនោរជីវិត (២០១២), រឿង ថ្ងៃអើយកុំលិច (២០១២), រឿង ព្រះចន្ទក្តៅ (២០១២), រឿង ដួងចន្ទសេអ៊ូល (២០១២), រឿង សង្ឃឹមដួងចន្ទ (២០១៣),រឿង កំពូលអ្នកលេង (២០១១), រឿង ឋានសួគ៌ឬស្យា (២០១២), រឿង សល់តែស្នាមស្នេហ៍ (២០១១), នៅមានទៀត តែភ្លេចនិងបាត់ និងរឿងភាគទូរទស្សន៍របស់ហង្សមាស៤រឿង ដែលជារឿងភាគខ្នាតខ្លីផងដែរ។” លោកបានសង្កត់ធ្ងន់ទាក់ទងនឹងសៀវភៅ “ម៉ឺនឯក” ដែលលោកទើបតែបានបោះពុម្ពផ្សាយថ្មីៗថា “ហើយសៀវភៅ “ម៉ឺនឯក” ស្នាដៃថ្មីដែលខ្ញុំទើបតែបានបោះពុម្ពចេញផ្សាយនេះ ជាប្រភេទរឿងមនោសញ្ចេតនា បែបអភិនិហា លាយរសជាតិ BL (ប្រុសស្រឡាញ់ប្រុស) ដោយសៀវភៅនេះ ខ្ញុំដាក់លក់ក្នុងតម្លៃ២៨០០០៛ និងអាចរកទិញបាននៅក្នុងផេក ម៉ឺនឯក ឬ សិល្បៈមករា-Pao MaKara ឬ ហ្វេសបុកខ្ញុំបាទផ្ទាល់ Pao Makara , បណ្ណាល័យឥន្ទ្រទេវី នៅបាត់ដំបង និង បងសួស្តី (និស្ស័យស្នេហ៍កាហ្វេ) ជម្ពូវ័នក៏ទាក់ទងយកទៅលក់បន្តផងដែរ។”
សៀវភៅ “ម៉ឺនឯក” របស់អ្នកនិពន្ធ ពៅ មករា តាំងលក់ក្នុង “ពិព័រណ៌សៀវភៅកម្ពុជា លើកទី៨” កាលពីពេលថ្មីៗ
បន្ទាប់ពីស្នាដៃ “ម៉ឺនឯក” នេះ លោកក៏មានគម្រោងបោះពុម្ពស្នាដៃថ្មីផងដែរ ដោយលោកសុំលាក់ចំណងជើងសិន តែលោកបានបង្ហើបថាជាប្រភេទរឿងយុវវ័យបែបBL និងមិនទាន់កំណត់ថ្ងៃចេញផ្សាយច្បាស់លាស់ទេ ព្រោះចាំមើលសន្ទុះនៃការគាំទ្ររឿង “ម៉ឺនឯក” នេះសិន។ ក្នុងនាមជាអ្នកនិពន្ធកម្ពុជាមួយរូប លោកពិតជាផ្ដល់តម្លៃដល់ការតែងនិពន្ធណាស់ ដោយលោកបានបង្ហាញពីអារម្មណ៍ពិតថា “សម្រាប់ខ្ញុំ ការតែងនិពន្ធពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយការក្លាយជាអ្នកនិពន្ធដែលមានការទទួលស្គាល់មួយរូប គឺជាក្ដីស្រមៃរបស់ខ្ញុំរហូតមក។ មែនទែនទៅ! ខ្ញុំធ្លាប់អស់សង្ឃឹមចំពោះខ្លួនឯងជាខ្លាំងកន្លងមក ដែលខ្ញុំមិនអាចឈានជើងដើរលើវិថីនេះបាន តែដោយការតស៊ូមិនបោះបង់ ទីបំផុតខ្ញុំក៏អាចធ្វើបាន គឺអាចសាងខ្លួនជាអ្នកនិពន្ធដែលមានការទទួលស្គាល់មួយរូប។ ខ្ញុំនឹងគ្មានថ្ងៃបោះបង់ការតែងនិពន្ធចោលឡើយ ហើយខ្ញុំនឹងព្យាយាមដុសខាត់សមត្ថភាពរបស់ខ្ញុំបន្ថែមទៀត ដើម្បីឱ្យខ្លួនកាន់តែមានសមត្ថភាពអាចនិពន្ធស្នាដៃបានកាន់តែល្អ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកអាន ក៏ដូចជាដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យតែងនិពន្ធកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។”
អ្នកនិពន្ធ ពៅ មករា និងសៀវភៅ “ម៉ឺនឯក” របស់លោក
ជាចុងបញ្ចប់ លោក ពៅ មករា ក៏បានថ្លែងអំណរគុណផងដែរថា “ជាចុងបញ្ចប់ ខ្ញុំសូមអរគុណទៅកាន់ប្រិយមិត្តដែលគាំទ្រស្នាដៃនិពន្ធរបស់ខ្ញុំ ទោះបីជានៅមានកម្រិតក៏ពួកគាត់នៅតែស្រឡាញ់ និងអានជានិច្ច។ ហើយក៏សូមអរគុណដល់មនុស្សពិសេសដែលខ្ញុំគោរព ដែលតែងតែចង្អុលបង្ហាញផ្លូវដល់ខ្ញុំបាទ ដូចជាបងប្រុស ខាំ ភូរិ (អ្នកដឹកនាំរឿង), នាង សុធារី (អ្នកនិពន្ធអត្ថបទភាពយន្ត), ជុំ សំអង (អ្នកនិពន្ធ និងដឹកនាំរឿងនៅផលិតកម្មហង្សមាស), បងប្រុស សួង ម៉ាក់, បងស្រី ស៊ីណេត, បងស្រី គឹម ឌីណា, បងប្រុស សុខ ចាន់ផល, បងស្រី នូ សុខា, បងប្រុស កែវ សុបញ្ញា (តារាចម្រៀងហង្សមាស), បងស្រី លឹម ផាន់ណា, បងស្រី លឹម សន្តិភាព, បងប្រុស ណារ៉ាក់ និងមិត្តភក្តិនៅសាកលវិទ្យាល័យភូមិវិចិត្រសិល្បៈផងដែរ ដែលតែងតែលើកទឹកចិត្ត ជម្រុញបង្រៀនដល់រូបខ្ញុំបាទ ជាពិសេសចុងក្រោយ ខ្ញុំបាទសូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ដែលបានផ្ដល់កិត្តិយសសម្ភាសន៍រូបខ្ញុំបាទនៅពេលនេះ។”
អ្នកនិពន្ធ ពៅ មករា ក្នុងដំណើរកម្សាន្តមួយ
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ពៅ មករា កើតឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោកជាម្ចាស់ស្នាដៃសៀវភៅ “ម៉ឺនឯក” ដែលទើបតែបោះពុម្ពចេញផ្សាយជាផ្លូវការថ្មីៗ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន។ បច្ចុប្បន្ន ក្រៅពីមានអាជីពនិពន្ធកម្ពុជាមួយរូប លោកគឺជាអ្នកនិពន្ធអត្ថបទភាពយន្ត, ចម្រៀង និងជាជំនួយការដឹកនាំសម្ដែងនៅផលិតកម្មរស្មីហង្សមាស។ សូមអរគុណ៕
អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ពៅ មករា / រក្សាសិទ្ធិ ៖ cambowriter.com