តើអ្នកស្គាល់ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” ហើយឬនៅ?

  • October 9th, 2019

បើ​អ្នក​ជា​បុគ្គល​មួយរូបដែលចូលចិត្ត​អានសៀវភៅ​បែប​រៀប​រៀង​ច្រង​ក្រង ជាពិសេស​សៀវភៅ​ទស្សនៈ​វិជ្ជា​បែប​យុទ្ធសាស្ត្រ នោះ​លោក​អ្នក​មុខជា​ពើបប្រទះ​នឹង​សៀវភៅមួយ​ក្បាល​ដែលមាន​ចំណងជើងថា “ទស្សនៈផ្ដាច់​ផ្លូវ​ក្រោយ” ជាក់ជាមិនខាន ព្រោះ​សៀវភៅមួយ​ក្បាលនេះ ថ្វីបើ​ទើបតែ​បោះ​ពុម្ព​ចេញ​ដាក់​លក់​លើ​ទីផ្សារ​ក៏ពិតមែន តែ​ទទួលបាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​ពីសំណាក់​ប្រិយ​មិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ ដូច្នេះ តើ​លោក​អ្នក​មាន​ដឹង​ដែរឬទេថា តើ​ម្ចាស់​ស្នាដៃ​សៀវភៅ​រៀប​រៀង​ដ៏ល្អនេះគាត់ជានរណា?

លោក ឡាំ ឡាយ ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” 

លោក ឡាំ ឡាយ គឺ​ជាអ្នកខេត្តសៀមរាប​ ដែល​មួយ​ជីវិត​របស់​លោក​ស្គាល់ពាក្យតែថា “ប្រឹង” ប៉ុណ្ណោះ ដ្បិតលោក​ជាកូន​កំព្រា​ឪពុក រស់​ជាមួយម្ដាយតាំងតែ​ពី​តូច​មកម្ល៉េះ ដោយ​លោក​ធ្លាប់​ឆ្លងកាត់នូវ​រឿងរ៉ាវ​លំបាកៗជា​ច្រើន ទម្រាំតែដឹងក្ដី​អាច​សាង​ខ្លួន​ជា​ម្ចាស់​​ស្នាដៃសៀវភៅ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” ដូច​ដែល​លោក​អ្នក​បាន​អាននៅពេលនេះ។ សម្រាប់​រូប​លោក លោកឪពុកនិង​អ្នកម្ដាយ​ គឺជាព្រលឹងនៃភាពប្រឹងប្រែង​របស់​លោក​រហូត​មក​។ លោក​មានបងប្អូន​បង្កើត​ចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់ និងប្រុស ចំនួន២នាក់ ដោយ​លោក​គឺជាកូនទី៥ក្នុង​គ្រួសារ។ លោក​គឺ​ជា​បុគ្គល​មួយរូប ដែល​ធ្លាប់ភ្លក់នូវ​រសជាតិជីវិត​​ការ​ងារ​ជាច្រើន។ គួរបញ្ជាក់ថា អំឡុងពេលដែលលោកកំពុងសិក្សានៅកម្រិតវិទ្យាល័យ លោកគឺជាមេដឹកនាំយុវជនក្រៅប្រព័ន្ធមួយក្រុមក្នុងបំពេញកិច្ចការងារសង្គមផ្សេងៗនៅក្នុងខេត្តសៀមរាប។ ងាកចូលជីវិតការងារវិញ កាលពីបួនឆ្នាំមុន លោក​គឺអ្នកបម្រើសេវាអតិថិជន នៅគ្រឹះស្ថានបោះពុម្ពមួយកន្លែង តែលោក​ធ្វើបាន​តែរយៈពេល១ខែ ក៏​ត្រូវបានគេបញ្ឈប់ពីការងារ ដោយសារតែជា​ការងារមួយដែល​មិនសមនឹងវ័យ​របស់​លោក​។ បន្ទាប់​ពីនោះ ក្រោយពីអត់ជម្រើស លោក​ក៏​បាន​ស្ម័គ្រចិត្តចូលដៃចូល​ជួយដាំដំណាំ ជាមួយ​ម្ដាយរបស់​លោក និងប្រលូក​ក្នុង​ការងារជាគ្រូបង្រៀន​ផ្នែក​ភាសាអង់គ្លេសតាមទីជនផង ទាំងកាលនោះលោក​នៅ​ពុំទាន់ចេះភាសាអង់គ្លេសមូលដ្ឋានគ្រឹះអស់នៅឡើយទេ។ ពេលវេលាចេះតែរំកិលទៅមុខ ឯការងារ​របស់​លោក​ក៏ចេះ​តែ​ផ្លាស់​ប្ដូរ​ជាបន្ត​បន្ទាប់​ផងដែរ។ ក្នុងដើមឆ្នាំ២០១៩នេះ លោកបាន​ចូលបម្រើ ការងារជាមន្រ្តីការិយាល័យធនធានមនុស្ស (HR Officer) នៅក្នុងសណ្ឋាគារមួយកន្លែងក្នុង​ខេត្តសៀមរាប ​ក៏​​លាលែងពីការងារទៅ​វិញ។ ឯ​សព្វថ្ងៃ​នេះ លោក​គឺជា​បុគ្គលិកបម្រើការងារនៅស្ថាប័នអន្តរជាតិមួយកន្លែងក្នុង​ខេត្តសៀមរាប, ជាគ្រូបណ្ដុះបណ្ដាលបំនិនជីវិត និងជាអ្នកជ្រើសរើសសិស្សតាមតំបន់ដាច់ស្រយាលមកសិក្សានៅខេត្តសៀមរាប។ ក្រៅពីនេះ លោក​និងយុវជនមួយក្រុម បាន​ស្ម័គ្រដឹក​នាំកម្មវិធីបណ្ដុះ​បណ្ដាលវប្បធម៌អំណាន នៅខេត្តសៀម​រាប ដែលមកទល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ​។ ហើយ​បន្ទាប់​ពីនោះ​លោកនឹងមានគម្រោងរៀបចំ៩ខេត្តបន្តបន្ទាប់ទៀតក្នុងអំឡុងពេលមួយឆ្នាំខាងមុខនេះ។ សម្រាប់រូបលោកឱ្យ​តែ​ទំនេរពីការសិក្សា ពីស្រែចម្ការ ពីការងារ លោក​តែង​តែ​ឆ្លៀតកាន់ប៊ិកបញ្ចេញ​ជាសំណេរខ្លីៗ​តាម​អ្វី​ដែល​លោក​ចង់​បង្ហាញ ទាំង​ដែល​លោកមិន​ដែលធ្លាប់​រៀន​ជំនាញសរសេរពីខាងណាមក​ឡើយ​កន្លង​មក គឺ​លោក​សរសេរ​តាម​សិល្ប៍វិធីរបស់ខ្លួនផ្ទាល់ ដោយ​មិនមាន​ក្បួនច្បាប់​ឡើយ។ នេះ​ហើយ​គឺជា​ប្រវត្តិជីវិត​​ត្រួសៗ​​របស់​លោក ឡាំ ឡាយ ក៏ដូចជា​​បុគ្គលិក​លក្ខណៈ​ដ៏ប្លែក​របស់​លោក ក្នុងនាម​ជាអ្នក​សរសេរ​ រៀបរៀង​ចងក្រង​សៀវភៅ​មួយរូប ជាពិសេស​សៀវភៅ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ​” តែម្ដង។​​

កូនចាបមាស អ្នកនិពន្ធល្បី និងស្នាដៃ លោក ឡាំ ឡាយ

លោក ឡាំ ឡាយ បាន​ធ្វើ​ការ​រៀបរាប់បង្ហាញ​ប្រាប់​ “គេហទំព័រ​អ្នក​និព្ធ​កម្ពុជា” ទាក់​ទង​នឹងស្នាដៃ​សៀវភៅ​ “ទស្សនៈផ្ដាច់​ផ្លូវ​ក្រោយ” របស់​លោកថា “សៀវភៅនេះ ខ្ញុំសរសេរឡើងមកក្នុងគោលបំណងដើម្បី​ចែករំលែកតែ​មួយមុខគត់ ហើយវាគឺជាចុងប៊ិកសច្ចៈ។  សៀវភៅ ទស្សនៈផ្ដាច់ផ្លូវក្រោយ គឺជាកម្រងអត្ថបទទស្សនវិជ្ជាបែបយុទ្ធសាស្រ្តថ្មីមួយ ដែលខ្ញុំបានតាក់តែងឡើងដើម្បីជាបញ្ញាមួយផ្នែកក្នុងការឈ្វេងយល់បន្ថែមអំពី ខ្លួនគឺជានរណា? អ្នកដទៃជាមនុស្សបែបណា? និងតើយើងត្រូវរស់ក្នុងសង្គមបែបណា? សៀវភៅនេះ​មានគោលបំណងផ្សព្វផ្សាយនូវតម្លៃរួមមួយឱ្យមនុស្សស្គាល់ពីតម្លៃខ្លួនឯង ស្គាល់ពីយុទ្ធសាស្រ្ត និងស្គាល់ពីសង្គម ពីព្រោះថាកត្តាខាងលើ គឺជាកាតព្វកិច្ចចាំបាច់សម្រាប់មនុស្សក្នុងសង្គម ជាពិសេសយុវជន ព្រោះ​ពួកគេគឺជាកម្លាំងជាតិ ដ្បិតជាតិខ្លាំងព្រោះយុវជនថ្ងៃនេះ ជាតិរងាញាក់ ក៏ព្រោះតែយុវជនថ្ងៃនេះដូចគ្នា។ ហើយលទ្ធផលដែលទទួលបានផ្លែផ្កានៅថ្ងៃនេះ គឺជាស្នាដៃរបស់មនុស្សជំនាន់មុន។ ជាតិមានមែកធាងល្អនៅថ្ងៃស្អែក ក៏ព្រោះតែមានអ្នកថែថួនថ្ងៃនេះបានល្អ។ ដូច្នេះយើងថ្ងៃនេះ ត្រូវរៀបចំខ្លួនឱ្យ​សមសួនបំផុតសម្រាប់ថ្ងៃស្អែក។ ថ្វីត្បិតតែខ្ញុំពុំបានស្ពាយសញ្ញាបត្របណ្ឌិត ឬអនុបណ្ឌិតពិតមែន តែខ្ញុំ​ស្ពាយទឹកចិត្តជាអ្នកផ្ដល់ឱ្យ។ បន្តិចម្ដងៗ វាគង់តែបានផលទេ ឬនិយាយម្យ៉ាងទៀតអាចនិយាយថា ខ្ញុំស្ពាយភាពក្លាហានបន្តិចក្នុងការសរសេរសៀវភៅមួយក្បាលនេះឡើង (ខុសខ្លះ ត្រូវខ្លះ គឺដឹងតែរៀន និងទៅមុខ)។ ទឹកប៊ិកសង្គម គឺកម្លាំងជាតិ។ សៀវភៅនេះខ្ញុំចំណាយពេល២ឆ្នាំ២ខែគត់ ដោយផ្អែកលើមូលដ្ឋានស្រាវជ្រាវ បទពិសោធន៍ការងារ បទពិសោធន៍ជីវិត រឿងស្រែចម្ការ និងក្នុងទិដ្ឋភាពជាអ្នកអង្កេតមើលព្រឹត្តិការណ៍សង្គមមួយចំនួន។”

ប្រិយមិត្តអ្នកគាំទ្រស្នាដៃសៀវភៅរបស់ លោក ឡាំ ឡាយ

លោក​បាន​បន្ថែមទៀតថា “សៀវភៅ ទស្សនៈផ្ដាច់ផ្លូវក្រោយ មាន៣ជំពូកធំៗ។ ទី១ ខ្ញុំ, ទី២ ខ្ញុំនិងយុទ្ធសាស្រ្ត, ទី៣ ខ្ញុំនិងសង្គម។ ជំពូកទី១ ខ្ញុំ និយាយពីខ្លួនឯងជាមួយការគិត ការផ្លាស់ប្ដូរផ្នត់គំនិត ការរៀបចំទស្សនវិស័យ បើកគំនិតឱ្យទូលាយ ប្រឹងរៀន និងប្រឹងសម្អាតចិត្ត។ ជំពូកទី២ ខ្ញុំនិងយុទ្ធសាស្រ្ត និយាយអំពីខ្លួនឯងក្នុងការឈ្វេងយល់ពីយុទ្ធសាស្រ្ត ដែលបង្ហាញពីសកម្មភាពក្នុងរឿងបុរាណចិន និងទស្សនៈច្រើនទម្រង់ ដើម្បីវែកញែកពិចារណាបន្ថែមទៀតក្នុងការចាក់ទម្លុះល្បិចកលគគ្រិចរបស់បុគ្គលប្រយោជន៍និយម (សង្គមខ្មែរឥតអាចយកសាមកុកយករួបរួមទេ)។ ជំពូកទី៣ ខ្ញុំនិងសង្គម គឺបកស្រាយពីខ្លួនឯង និងទំនួលខុសត្រូវសង្គមប្រកបដោយបញ្ញា ក្នុងការស្វែងរកភាពយុត្តិធម៌ ចេះងើបក្រោកឈរចេញពីការជិះជាន់ក្រោមរូបភាពណាមួយ។ និយាយដោយខ្លីទៅបរិបទខ្មែរបច្ចុប្បន្ននេះ គឺត្រូវការភាពរួបរួមជាចាំបាច់។ ខ្ញុំហ៊ាននិយាយថា “សាមកុក ពុំមែនជាគ្រឹះនៃភាពរួបរួមពិតប្រាកដរបស់ខ្មែរនោះទេ”។ គុណធម៌ពិតប្រាកដ ទើបជាថ្នាំព្យាបាលជំងឺអញនិយមបាន។”

សៀវភៅ​ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” របស់​លោក ឡាំ ឡាយ

សៀវភៅ​ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” របស់​លោក ឡាំ ឡាយ ធ្លាប់បានបោះពុម្ពផ្សាយម្ដងរួចមកកាល​ពី​ឆ្នាំ២០១៨, ចំនួន២០០០ក្បាល ដោយ​បោះ​​ក្នុង​ទំហំ A5, កម្រាស់​២៦៩ទំព័រ និង​បាន​បោះ​លើក​ទី២ ក្នុង​២០១៩ថ្មីៗនេះ ចំនួន៣០០០ក្បាលបន្ថែមទៀត និងមាន​កម្រាស់​៣៣៧ទំព័រ។ ដូច្នេះ​ប្រសិន​បើបងប្អូនប្រិយមិត្តចង៉ជាវ​សៀវភៅ​ស្នាដៃ​របស់​លោក​យក​ទៅអាន លោក​អ្នក​អាចស្វែងរក​ទិញ​សៀវភៅនេះបាន​ នៅ​តាមបណ្ណាគារនានា​ដែលនៅជិតបំផុត។ តែបើរកមិនប្រទះទេ លោលក​អ្នកអាចបញ្ជាទិញតាម Online ក៏បាន ដោយគ្រាន់តែទាក់ទងដោយផ្ទាល់ទៅក្រុមការងារ សៀវភៅជីវិត ឬ​ទំនាក់​ទំនង​តាម​រយៈ​ទូរសព្ទ ​លេខ 086 66 94 24 ឬ 011 64 31 47 ជាការស្រេច ដោយ​យើង​ខ្ញុំ​ហ៊ាន​ធានាថា ពិតជា​មិនខក​បំណង​ឡើយ ព្រោះ​សៀវភៅ​នេះ​ពិត​ជា​ប្រកបដោយគុណ​តម្លៃ​ប្រាកដមែន។

សៀវភៅ​ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” របស់​លោក ឡាំ ឡាយ (បោះពុម្ពលើកទី២)

លោក ឡាំ ឡាយ ម្ចាស់​ស្នាដៃដ៏​ល្អ​​ខាង​លើបាន​បន្ថែមទៀត​ទាក់​ទង​នឹងការ​សរសេរស្នាដៃ​ថ្មីមួយ​ទៀត​​របស់​លោក​ថា “មកទល់ពេលនេះ ខ្ញុំបានចំណាយពេលប្រមាណ២ឆ្នាំគត់ ក្នុងការសរសេរសៀវភៅមួយក្បាលបន្ថែមទៀត និយាយអំពីភាពជាអ្នកដឹកនាំ ដែលមានចំណងជើងថា តម្រាទស្សនៈយុវជន ភាពជាអ្នកដឹកនាំ។ សៀវភៅនេះ មានរបៀបជាខ្មែរ និងមានឫសសៀវភៅ ស្រីហិតោបទេស ជាគោល អបជាមួយទស្សនៈនៃភាពជាអ្នកដឹកនាំបរទេស និងរឿងនិទានខ្មែរបញ្ជាក់នៅខាងក្រោម។ និយាយដោយខ្លីទៅសៀវភៅនេះសរសេរឡើងដើម្បីផ្ដោតសំខាន់ទៅលើយុវជន។ នៅក្របសៀវភៅខាងមុខពោលថា យុវជននៅថ្ងៃនេះ ត្រូវចេះសម្រួចក្រសែភ្នែកសម្លឹងមើលមេដឹកនាំថ្ងៃនេះ។ ហើយយុវជននៅថ្ងៃនេះ ក៏ត្រូវចេះសម្រួចសមត្ថភាពខ្លួនឯង ដើម្បីរៀនដឹកនាំនៅថ្ងៃស្អែក ដោយសៀវភៅ​នេះ​ខ្ញុំបានសរសេរបញ្ចប់​រួចរាល់ហើយ ដោយ​ត្រៀមតែបោះពុម្ពផ្សាយនៅដើមឆ្នាំ២០២០ ខាងមុននេះប៉ុណ្ណោះ។” ដែលនេះ​ពិតជា​ដំណឹង​ល្អ​ខ្លាំងណាស់ សម្រាប់​ប្រិយមិត្ត​អ្នក​​អាន​ដែល​និយម​គាំទ្រស្នាដៃរបស់​លោក។

សៀវភៅរបស់លោក ឡាំ ឡាយ កំពុងត្រូវបានប្រិយមិត្តអានយ៉ាងយកចិត្តទុកដាក់បំផុត​

ក្នុងនាម​លោក​ជាអ្នក​ចូលចិត្ត​អាន​មួយរូប​ផងដែរនោះ លោកបាន​បង្ហាញ​ពី​ប្រភេទ​សៀវភៅ​ដែលលោក​ចូលចិត្ត​អានជាង​គេ​បំផុតថា “ឯចំពោះសៀវភៅដែលខ្ញុំពេញចិត្តអានជាងគេវិញ គឺសៀវភៅប្រភេទអភិវឌ្ឈខ្លួន, ទស្សនវិជ្ជា, វិទ្យាសាស្រ្តនយោបាយ និងទស្សនវិជ្ជាបែបសាសនា។ ខ្ញុំនៅ​ចាំបានថា កាលខ្ញុំនៅរៀនថ្នាក់ទី១០ ខ្ញុំកាន់សៀវភៅ “ល្បិចទល់មេឃ” និងសៀវភៅ “មនោយិទ្ធិ” យ៉ាងស្អិតជាប់ដៃតែ​ម្ដង ព្រោះតែឧបនិស្ស័យតាំងពីកំណើត។”

ប្រិយមិត្តអ្នកគាំទ្រស្នាដៃសៀវភៅរបស់ លោក ឡាំ ឡាយ ដែលបោះពុម្ពលើក២

មុន​នឹង​បញ្ចប់បទសម្ភាសន៍ លោក ឡាំ ឡាយ ក៏បានថ្លែង​អំណរគុណ និង​ផ្ដាំ​ផ្ញើយ៉ាង​ដូច្នេះថា “ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត អ្នកគាំទ្រ និងអ្នកជ្រោមជ្រែងស្នាដៃនេះខ្ញុំកន្លងមក ដោយពុំថាតែអ្នកស្រឡាញ់ អ្នកស្អប់ ឬក៏អ្នកចាក់ខ្សែកណ្ដាលឡើយ។ ថ្វិដ្បិតតែខ្ញុំមានវ័យក្មេង យ៉ាងហោចណាស់ ខ្ញុំរៀនបោះចោលសេចក្ដីស្អប់ និងសេចក្ដីស្រឡាញ់ចោលបណ្ដើរៗហើយ។ ទឹកចិត្តស្មេរ មានលក្ខណៈធំទូលាយខ្លាំងណាស់ មិនមែនចង្រ្អៀតចង្អល់រកតែច្រកចេញមិនឃើញនោះឡើយ។ ចំពោះទឹកប៊ិក គឺជាស្នាមខ្មៅសច្ចៈ និងតំណាងឱ្យភាពរួបរួម។ ក្នុងឱកាសនេះខ្ញុំសូមលើកទឹកចិត្តចំពោះអ្នកអាន ដោយពុំថាតែអ្នកនិយមប្រលោមលោក ទស្សនវិជ្ជា ឬក៏ការអភិវឌ្ឈខ្លួននោះទេ ត្រូវធ្វើយ៉ាងណា ជ្រើសរើសសៀវភៅអានឱ្យត្រូវ។ ត្រូវសង្កត់ចិត្តឱ្យនឹងរវាងសៀវភៅដែលត្រូវតែអានពេលនេះ និងសៀវភៅដែលអាចអានបានតាមក្រោយ។ គួរចងចាំថា “គ្មានអីក្រៅពីសៀវភៅបែបអភិវឌ្ឈខ្លួនឡើយ បើយើងជាយុវជន។ គ្មានអីក្រៅពីចំណាយពេលវេលាឱ្យត្រូវ លៃលកយ៉ាងណាដើម្បីទៅមុខទេ បើយើងពិតជាចង់ទៅមុខពិតមែន”។ តែបើយើងមិនព្រមទៅមុខទេនោះបានសេចក្ដី ថាយើងជ្រើសរើសរកវិធីស្លាប់មួយមុខគត់។ ហើយសៀវភៅមួយក្បាលនេះ សូមបងប្អូនពិចារណាឱ្យ​ល្អិតល្អន់សិន មុននឹងសម្រេចចិត្តជាវ។”

លោក ឡាំ ឡាយ កំពុងអង្គុយបំពេញការងារជាមួយធម្មជាតិ

“គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា​ លោក ឡាំ ឡាយ គឺជាម្ចាស់​ស្នាដៃ​សៀវភៅ “ទស្សនៈផ្ដាច់​ផ្លូវក្រោយ” ដែលជាសៀវភៅកម្រងអត្ថបទទស្សនវិជ្ជាបែបយុទ្ធសាស្រ្តថ្មីមួយ ដែល​លោក​អ្នក​គួរតែ​ស្វែងរក​យកមក​អាន​ ដើម្បី​ឈ្វេងយល់បន្ថែមឱ្យ​បាន​កាន់តែ​ច្បាស់ថា តើខ្លួនគឺជានរណា? អ្នកដទៃជាមនុស្សបែបណា? និងតើយើងត្រូវរស់ក្នុងសង្គមបែបណា? លោកគឺ​​ជាកូន​​ពៅ​ក្នុង​ចំណោម​បងប្អូនបង្កើត​ចំនួន៥នាក់ ក្នុង​គ្រួសារ​អ្នក​ធ្វើ​ស្រែ​ចម្ការ​មួយ​នៅ​​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ បច្ចុប្បន្ន លោក​គឺ​ជាអ្នក​សរសេរ​សៀវភៅមួយរូប ដែល​ប្រកបដោយទឹក​ដៃ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឡាំ ឡាយ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!