ជា វ៉ាន់សាន្ត បុគ្គលឆ្នើមដែលនៅពីក្រោយសៀវភៅល្អៗរបស់អ្នកនិពន្ធកម្ពុជាល្បីៗជាច្រើនរូប
- August 17th, 2020
ជា វ៉ាន់សាន្ត បុគ្គលឆ្នើមដែលនៅពីក្រោយសៀវភៅល្អៗរបស់អ្នកនិពន្ធកម្ពុជាល្បីៗជាច្រើនរូប
បើលោកអ្នកជាអ្នកនិយមតាមដានវិស័យតែងនិពន្ធនៅកម្ពុជា និងជាអ្នកស្រឡាញ់ការអានសៀវភៅចាស់ថ្មីស្នាដៃរបស់កវីអ្នកនិពន្ធកម្ពុជានោះ នោះលោកអ្នកមុខជាបានស្គាល់ច្បាស់ជាក់ជាមិនខានអំពីសៀវភៅល្បីៗមួយចំនួន ដូចជា សៀវភៅ “វាចាមាសរបស់ម៉ែ” ស្នាដៃនិពន្ធរបស់យុវសាមណៈ ឆិម ប៊ុនឆា, “វិញ្ញាសាជីវិត” ស្នាដៃនិពន្ធរបស់ កញ្ញា សែត ហត្ថា ហៅ “កូនចាបមាស” និង “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” ដែលជាស្នាដៃតែងនិពន្ធរបស់លោក ឡាំ លីម ជាដើម។ ពិតណាស់! មិនមែនសុខៗស្រាប់តែសៀវភៅដ៏ល្អទាំងនេះ អាចលេចចេញជារូបរាងឡើងដោយឯកឯងនោះឡើយ នេះក៏ព្រោះតែអ្នកនិពន្ធស្នាដៃអស់ទាំងនេះ ជាអ្នកនិពន្ធឆ្នើមៗ ដែលអាចតាក់តែងស្នាដៃល្អប្រកបដោយគុណតម្លៃពិតប្រាកដឡើង ចំពោះអ្នកអាននេះឯង ជាពិសេសបុគ្គលដ៏សំខាន់មួយរូបផ្សេងទៀតដែលនៅពីក្រោយ ចាំជួយប្រឹក្សា ក៏ដូចជាពិនិត្យឃ្លោងឃ្លាអក្ខរាវិរុទ្ធតែម្ដង។ ដូច្នេះ តើបុគ្គលរូបណាជាអ្នកនៅពីក្រោយសៀវភៅល្អៗប្រកបដោយអត្ថន័យខ្លឹមសារចំពោះអ្នកអានទាំងនេះ? នោះគឺលោក ជា វ៉ានសាន្ត ជាពលករខ្មែរមួយរូបដែលកំពុងបំពេញការងារនៅកូរ៉េខាងត្បូងនេះឯង ហើយខ្ញុំជឿថា បើលោកអ្នកបានដឹងពីប្រវត្តិជីវិតរបស់លោក មុខជាស្ងើចសរសើរលោកមិនស្ទើរឡើយ។
ជា វ៉ាន់សាន្ត បុគ្គលឆ្នើមដែលនៅពីក្រោយសៀវភៅល្អៗរបស់អ្នកនិពន្ធកម្ពុជាល្បីៗជាច្រើនរូប
លោក ជា វ៉ាន់សាន្ត កើតថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៨៣ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកមានឪពុកឈ្មោះ ជា វ៉ាន់ (ស្លាប់២០១៨) និងម្ដាយឈ្មោះ គឹម សំអាត (ស្លាប់២០០៦), មានបងប្អូនបង្កើតទាំងអស់ចំនួន៨នាក់ ប្រុស៦នាក់ ស្រី២នាក់ ក្នុងនោះស្លាប់អស់៥នាក់ នៅសល់តែប្រុស៣នាក់ចុងក្រោយប៉ុណ្ណោះ) ដោយលោកជាកូនពៅទី៨ក្នុងគ្រួសារ។លោករៀបអាពាហ៍ពិពាហ៍នៅ ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាមួយភរិយាឈ្មោះ ឈន ចន្ថា ហៅ “រាជិនី” ជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូប តែអ្នកទាំងពីរមិនទាន់មានកូននៅឡើយទេ។ បច្ចុប្បន្ន ក្រៅពីជាពលករកំពុងបំពេញការងារនៅកូរ៉េខាងត្បូងមួយរូប លោកគឺជាអ្នកនិយមចូលចិត្តសរសេរអត្ថបទខ្លីៗបែបអប់រំ លើកទឹកចិត្ត គំនិត ទស្សនៈ សង្គម… ជាពិសេសអ្នកជំនាញផ្នែកត្រួតពិនិត្យឃ្លោងឃ្លាអក្ខរាវិរុទ្ធស្នាដៃនិពន្ធរៀបរៀងរបស់កវីអ្នកនិពន្ធកម្ពុជាផ្សេងៗ ដោយបើទោះជាលោករៀនក្នុងសាលាបានតិច និងពុំធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីនរណាផ្នែកនេះក៏ដោយ ក៏លោកមានជំនាញយ៉ាងខ្លាំង ព្រោះនេះជាសមត្ថភាពទេពកោសល្យពីធម្មជាតិរបស់លោក។
លោក ជា វ៉ាន់សាន្ត និងភរិយា
អំពីប្រវត្តិសិក្សា
ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០២ លោករៀននៅបឋមសិក្សា ព្រះនរោត្តម និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ (ធ្លាប់រៀនបានជ័យលាភីលេខ២ប្រចាំវិទ្យាល័យ និងរាជធានីឆ្នាំ២០០១ និងជាជើងឯកសិស្សប្រវត្តិវិទ្យា៤ឆ្នាំជាប់ៗគ្នា)។ ថ្វីដ្បិតតែការសិក្សាលោកឃើញថាល្អបន្តិចមែន តែធាតុពិតលោកចង់បោះបង់ចោលការសិក្សាច្រើនលើកទៅហើយ ព្រោះតែកត្តាក្រីក្រក្នុងគ្រួសារ លោកទៅរៀនទាំងឃ្លានគ្មានលុយ គ្មានស្គាល់បាយព្រឹកនិងថ្ងៃដូចគេទេ ក្រពះក៏ឃ្លាន រៀនក៏មិនសូវចងចាំល្អ មួយថ្ងៃលោកញ៉ាំបាយតែមួយពេលល្ងាចប៉ុណ្ណោះ ពិតជាកម្សត់ណាស់។ នៅថ្នាក់បឋម លោកគ្មានស្បែកជើងទៅរៀនអស់៤ឆ្នាំ ឯកសណ្ឋានជាសិស្សក៏មិនសូវសមរម្យ។ លោកជាកូនអ្នកក្រទៅរៀននៅសាលាល្អ ពោរពេញទៅដោយកូនអ្នកមាន វាគ្មានអ្វីក្រៅពីសម្ពាធផ្លូវចិត្ត ពេលត្រូវគេមាក់ងាយតិះដៀលម្តងៗ។ កាលនៅវិទ្យាល័យសម្តីមួយឃ្លាដែលលោកតែងចងចាំពីមិត្តរួមថ្នាក់ម្នាក់គេថា “បើចង់ចេះហោះ កុំដើរជាមួយសត្វមាន់” នេះជាពាក្យដាស់កម្លាំងចិត្តដ៏ល្អសម្រាប់លោក តែលោកក៏មានឃ្លាតស៊ូមួយក្នុងចិត្តដែរថា “គ្មានការឈឺចាប់ គ្មានជ័យជម្នះ” ។ ជាសិស្សនឹងគេដែរ តែគ្មានលុយរៀនកួរ គ្មានលុយទិញឯកសាររៀន លោកត្រូវដើរខ្ចីសៀវភៅពីមិត្តភក្តិនិងមិត្តរៀនថ្នាក់ផ្សេង។ ពេលម៉ោងចេញលេង លោកដើរអើតតាមបង្អួចមើលក្តារខៀនថ្នាក់រៀនណាដែលគ្រូបានបង្រៀនមុនថ្នាក់របស់លោក។ ជីវិតនៅវិទ្យាល័យរបស់លោកមានច្រើនរសជាតិទៀត ពេលខ្លះដើម្បីបានរៀនបន្ត ពេលវិស្សមកាលម្តងៗ លោកត្រូវទៅធ្វើសំណង់ជាមួយបងៗរបស់លោក ជួនក៏ទៅស៊ីឈ្នួលលីសែងអីវ៉ាន់ឱ្យគេតាមផ្សារ ដើម្បីរកប្រាក់ទុករៀនពេលសាលាបើកបវេសនកាលវិញ។ នេះហើយជាប្រវត្តិសិក្សាដ៏កម្សត់កម្រពោរពេញដោយការស៊ូរបស់លោក ជា វ៉ាន់សាន្ត (ពលករពនេចរ) ដែលស្ដាប់ទៅពិតជាគួរឱ្យសង្វេគអាណិតដល់លោកយ៉ាងខ្លាំង។
លោក ជា វ៉ាន់សាន្ត កំពុងរកមើលសៀវភៅក្នុងបណ្ណាគារមួយក្នុងប្រទេសកូរ៉េខាងត្បូង បញ្ជាក់ពីការស្រឡាញ់ការសិក្សា
អំពីប្រវត្តិកីឡា
ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ លោកបានចូលហាត់កីឡាគុន ហាប់គីដូដំបូង តែក៏បោះបង់ម្តង ដោយត្រូវវះកាត់ខ្នែងពោះវៀន។ លុះពេលប្តូរការងារទៅនៅក្រុងព្រះសីហនុ ឆ្នាំ២០១០, ២០១១លោកក៏ចូលហាត់ឡើងវិញ តែក៏ត្រូវបោះបង់ចោលលើកទី២ជាថ្មីម្ដងទៀត ដោយសារត្រូវទៅធ្វើជាពលករនៅកូរ៉េខាងត្បូង។ ចូលមកដល់ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ ទើបលោកចូលហាត់ឡើងវិញនៅប្រទេសកូរ៉េខាងត្បូង ដែលជាទឹកដីលោកបំពេញការងារជាពលករនោះ។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ ក្នុងចន្លោះពីឆ្នាំ២០១៧ដល់២០២០ លោកបានក្លាយជាកីឡាករខ្សែក្រវាត់ខ្មៅ៣ដាន់ហាប់គីដូលំដាប់ពិភពលោក និងថែមទាំងឈ្នះមេដាយមាសហាប់គីដូអន្តរជាតិ៣ជំនាន់ជាប់ៗគ្នា ដែលនេះពិតជាមិនធម្មតាឡើយ។ ក្នុងនោះ នៅឆ្នាំ២០១៩ លោកបានក្លាយជាពលករខ្មែរនៅកូរ៉េខាងត្បូងដំបូងគេ ដែលទទួលបានមេដាយមាសស្ថាបនាជាតិ ផ្នែកសប្បុរសធម៌ និងកសាងលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជានៃយើង ដែលជាកិត្តិយសមួយយ៉ាងខ្លាំងក្នុងនាមជាពលករខ្មែរនៅកូរ៉េខាងត្បូងមួយរូប។ ប្រវត្តិផ្នែកកីឡារបស់លោក ជា វ៉ាន់សាន្ត ដូចដែលបានរៀបរាប់ខាងលើនេះ ខ្ញុំជឿថា ពេលលោកអ្នកបានដឹងហើយ មុខជាមានមោទកភាពចំពោះលោកមិនស្ទើរឡើយ។
លោក ជា វ៉ាន់សាន្ត ជាមួយមេដាយមាសផ្នែកកីឡាហាប់គីដូ ក្នុងព្រឹត្តិការណ៍ប្រកួតនៅកូរ៉េខាងត្បូង
បន្ថែមលើសពីអ្វីដែលបានរៀបរាប់ខាងលើនេះ ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក ជា វ៉ាន់សាន្ត ក៏បានបន្តទៀត ទាក់ទងនឹងការងារផ្នែកពិនិត្យផ្ទៀងផ្ទាល់ឃ្លោងឃ្លាអក្ខរាវិរុទ្ធរបស់លោកម្ដងវិញថា “សៀវភៅដំបូងដែលខ្ញុំបានពិនិត្យមានចំណងជើងថា ម៉ែអើយកូនសូមទោស ជាស្នាដៃនិពន្ធរបស់យុវសាមណៈ ឆិម ប៊ុនឆា ហើយរហូតមកដល់ពេលនេះ ខ្ញុំបានពិនិត្យសៀវភៅបានចំនួនប្រហែល១៧ក្បាលហើយ ក្នុងនោះស្នាដៃរបស់យុវសមណៈ ឆិម ប៊ុនឆា ចំនួន៩ក្បាល រួមមានចំណង ម៉ែអើយកូនសូមទោស (ដូចបានបង្ហាញមុននេះ), វាចាមាសរបស់ម៉ែ, តំណក់ទឹកភ្នែកម៉ែ, សំនៀងបេះដូង, ទឹកភ្នែកភរិយា, ពាក្យពេជ្រឪពុក, សាលារៀនជីវិត, រឿងនិទាន ទូន្មានជីវិត និង អត្ថបទកំណាព្យខ្មែរ មួយចំនួនទៀត… ស្នាដៃរបស់ កញ្ញា សែត ហត្ថា ហៅ “កូនចាបមាស” ចំនួន២ក្បាល មានចំណងជើងថា វិញ្ញាសាជីវិត និង កាដូជីវិត… ស្នាដៃរបស់លោក ឡាំ លីម ចំនួន២ចំណងជើងគឺ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ និង ប្រតិទិនទស្សនៈ ២២២ថ្ងៃ… ស្នាដៃរបស់លោក ឡាំ ឡាយ ១ក្បាលមានចំណងជើងថា ផ្តាច់ផ្លូវក្រោយ… ស្នាដៃរបស់លោកស្រី ម៉ៅ សំណាង ១ក្បាលមានចំណងជើងថា ទន្សាយជានរណា?… ស្នាដៃរបស់លោក តឹក ង៉ូយ ១ក្បាលមានចំណងជើងថា ស្តេចនំដូណាត់… ស្នាដៃរបស់លោក សុខ ចាន់ផល ១ក្បាលមានចំណងជើងថា មនោសញ្ចេតនា និងចុងក្រោយស្នាដៃនិពន្ធរបស់លោក កែវ សេងរដ្ឋា មានចំណងជើងថា សំឡេងខ្សឹប។”
លោក ជា វ៉ាន់សាន្ត និងសៀវភៅរបស់អ្នកនិពន្ធល្បីមួយចំនួន ដែលលោកធ្លាប់ជួយពិនិត្យផ្ទៀងផ្ទាត់
ត្រង់ការងារផ្នែកនេះរបស់លោក ជា វ៉ាន់សាន្ត ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះអ្វី? នេះក៏ព្រោះថាលោកជាពលករទេ តែលោកបែរជាអាចធ្វើកិច្ចការនេះបានទាំងខ្លួនរវល់ខ្លាំងទៅវិញ ហើយថែមទាំងធ្វើបានយ៉ាងលម្អិតល្អទៀតផង។ ទាក់ទងនឹងចំណុចនេះ លោកបានបញ្ជាក់ពីហេតុផលថា “គ្រប់យ៉ាងសុទ្ធតែមានបុព្វហេតុរបស់វា ដ្បិតតែខ្ញុំធ្លាប់ជាសិស្សពូកែពីមុន តែទោះជាខ្ញុំគ្មានឱកាសបានបញ្ចេញសមត្ថភាពអស់រាប់សិបឆ្នាំមែន ក៏ចំណេះដឹងរបស់ខ្ញុំមិនទាន់សាបរលាបអស់ដែរ ម្យ៉ាងទៀត ទោះជាខ្ញុំសព្វថ្ងៃគ្រាន់តែជាពលករនៅកូរ៉េខាងត្បូងក៏ដោយ ក៏ខ្ញុំនៅតែអាចឆ្លៀតពេលធ្វើការងារផ្នែកនេះបាន ព្រោះដោយក្ដីស្រឡាញ់ និងមានទឹកចិត្តចង់ជួយឱ្យស្នាដៃរបស់អ្នកនិពន្ធកម្ពុជាកាន់តែមានលក្ខណៈល្អពេលបោះពុម្ពផ្សាយចេញទៅ ដើម្បីប្រយោជន៍ចំពោះអ្នកអាន និងសង្គមកម្ពុជានៃយើង។” លោកបានបន្តទៀតទាក់ទងនឹងចំណុចនេះថា “ខ្ញុំចូលចិត្តអានអត្ថបទក្នុងបណ្តាញសង្គមហ្វេសប៊ុក ខ្ញុំតែងតែឃើញការសរសេរអត្ថបទ ឬកំណាព្យមានពាក្យខុសខ្លះដោយអចេតនាពីអ្នកនិពន្ធ តែមិនសូវឃើញមានអ្នកផ្សេងជួយកែតម្រូវជូនពួកគាត់នោះទេ! ដូច្នេះ ខ្ញុំក៏សម្រេចចិត្តជួយពិនិត្យអក្ខរាវិរុទ្ធណាដែលខុសៗជូនពួកគាត់ តាមរយៈការទំនាក់ទងគ្នាតាមឆាតដោយផ្ទាល់តែម្តង ព្រោះដោយសារតែខ្ញុំជាប់រវល់ធ្វើការងារនៅកូរ៉េគ្មានពេលជួយធ្វើដោយផ្ទាល់ឡើយ ហើយដោយសារតែហ្វេសប៊ុកនេះឯង ធ្វើឱ្យចំណងទំនាក់ទំនងរវាងខ្ញុំនិងបណ្ដាអ្នកនិពន្ធកម្ពុជាមួយចំនួន កាន់តែជិតស្និទ្ធនឹងគ្នារហូតដល់ពួកគាត់ទទួលខ្ញុំឱ្យជួយពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលអត្ថបទក្នុងសៀវភៅមុនពេលបោះពុម្ពផ្សាយ។”
លោក ជា វ៉ាន់សាន្ត ក្នុងសកម្មភាពមនុស្សធម៌ជាមួយសិស្សានុសិស្សក្រីក្រក្នុងសាលាមួយ
ស្ដាប់ទៅពិតជាគួរឱ្យសរសើរលោក ជា វ៉ាន់សាន្ត ខ្លាំងណាស់ដែលគាត់អាចឆ្លៀតពេលធ្វើបែបនេះបានដោយមិនខ្លាចនឿយហត់ ហើយអ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរនូវទឹកចិត្តរបស់លោកអ្នកនោះ ការជួយត្រួតពិនិត្យផ្ទៀងផ្ទាត់ស្នាដៃរបស់អ្នកនិពន្ធទាំងឡាយដូចបានរៀបរាប់ខាងលើនោះ លោកមិនបានគិតនូវប្រាក់កម្រៃឡើយ គឺជួយដោយទឹកចិត្តពិតប្រាកដតែម្ដង។ លោកបានបន្តរៀបរាប់ និងបង្ហើបពីការបញ្ចេញស្នាដៃផ្ទាល់ខ្លួននៅពេលខាងមុខនេះថា “ប៉ុន្មានឆ្នាំមកនេះខ្ញុំធ្លាប់សរសេរអត្ថបទឱ្យហ្វេសប៊ុកផេកមួយចំនួន និងអត្ថបទខ្លីៗក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់យូរៗម្តងដែរ ដើម្បីជាបទពិសោធន៍បន្ថែមក្នុងការពង្រឹងសមត្ថភាពខ្លួន មុនឈានដល់ការសម្រេចបញ្ចេញស្នាដៃនិពន្ធបោះពុម្ពជាសៀវភៅរបស់ខ្លួនផ្ទាល់នៅពេលខាងមុខនេះ។ ខ្ញុំនឹងនិពន្ធស្នាដៃសាកល្បងដំបូងមានចំណងជើងថា “បេះដូងពលករ” និងសៀវភៅបែបប្រលោមលោកបុរាណ និងសម័យដូចជា “សម្រែកឈាមសង្គ្រាមស្នេហ៍ខ្ញុំ” “តំណក់ឈាម សង្គ្រាមចុងក្រោយ” “តម្រាពិជ័យបុរោរាជតេជោមាស” និង “និរាសស្នេហ៍ទ្វេភព” ជាដើម។
លោកបានបន្តបង្ហាញពីបំណងដ៏ធំបំផុតក្នុងវិស័យតែងនិពន្ធរបស់លោកថា “បំណងដ៏ធំបំផុតរបស់ខ្ញុំក្នុងវិស័យតែងនិពន្ធនៅកម្ពុជា ខ្ញុំចង់ចូលរួមលើកស្ទួយឱ្យវិស័យអំណានឱ្យកាន់តែរីកចម្រើនទ្វេឡើង បង្កើនការអានឱ្យទូលំទូលាយជាសាធារណៈ ដើម្បីជួយចូលរួមចំណែកអភិវឌ្ឍកម្ពុជាលើវិថីអក្សរសិល្ប៍ជាមួយអ្នកនិពន្ធថ្មីចាស់ដទៃៗទៀត ព្រោះខ្ញុំយល់ថា ការអានប្រៀបដូចជាការបើកលំហមេឃទៅកាន់ពិភពលោក យ៉ាងដូច្នោះដែរ។”
ជាការពិត ការដែលលោក ជា វ៉ាន់សាន្ត អាចមានជំនាញនិងចំណេះដឹងទូលំទូលាយបែបនេះ ក្នុងនោះមុខជាទទួលបានពីការអានមួយជាក់ជាមិនខាន។ ត្រង់ចំណុចនេះ លោកក៏បានគាំទ្រដែរ ហើយថែមទាំងទទួលស្គាល់ទាំងស្រុងទៀតផង ដោយលោកបានសម្ដែងនូវមតិថា “ដោយសារតែកត្តាអានអត្ថបទ និងការអានសៀវភៅល្អៗជាច្រើន ធ្វើឱ្យមនុស្សដូចខ្ញុំ ក៏អាចមានឱកាសកែប្រែជោគវាសនារបស់ខ្លួនបានល្អក្នុងសង្គមនឹងគេដែរ… នេះហើយជាអ្វីដែលខ្ញុំទទួលបានពីការអាន និងផ្ដល់តម្លៃដល់ការអានបំផុត។” លោកបន្ត “លោកអ្នកសាកគិតទៅមើលថា ត្រឹមអ្នកនិពន្ធម្នាក់អាចជួយបង្ហាញផ្លូវដល់យុវជនបានភ្លឺស្វាងជាច្រើន… ចុះទម្រាំតែមានអ្នកនិពន្ធជាច្រើនរូបទៀតនោះ តើអាចបំភ្លឺផ្លូវដល់យុវជនយើងបានច្រើនប៉ុនណាទៅ?… អាស្រ័យហេតុនេះ មានតែការចូលរួមអានពីយុវជនហ្នឹងហើយ ដែលអាចបង្កើតបានជាអ្នកនិពន្ធច្រើនរូបទៀតទៅថ្ងៃក្រោយបន្ថែមទៀត ដើម្បីជួយរួមគ្នាពង្រឹងនិងពង្រីកសក្តានុពលភាពធនធានមនុស្សនៅកម្ពុជាយើង ទៅថ្ងៃអនាគតឱ្យកាន់តែរីកចម្រើន។ បើថ្ងៃនេះយើងអាចកែប្រែខ្លួនឯងឱ្យល្អបានតាមរយៈការអាន ដូច្នេះយើងក៏អាចកែប្រែប្រទេសកម្ពុជាយើងឱ្យកាន់តែល្អ កាន់តែខ្លាំង កាន់តែចម្រើនរុងរឿង តាមរយៈការការចូលរួមអានពីសំណាក់យើងដែលជាពលរដ្ឋទាំងអស់គ្នាផងដែរ។”
លោក ជា វ៉ាន់សាន្ត ក្នុងរូបភាពដំណើរកម្សាន្តមួយ នៅសួនច្បារទន្លេហាន ក្រុងសេអ៊ូល កូរ៉េខាងត្បូង
មុននឹងបិទបញ្ចប់បទសម្ភាសន៍នេះ លោក ជា វ៉ាន់សាន្ត ក៏បានសម្ដែងនូវមតិជាចុងក្រោយថា “ជាចុងបញ្ចប់នេះ ខ្ញុំសូមអរគុណដល់ គេហទំព័រអ្នកនិពន្ធកម្ពុជា ជាពិសេស លោក គង់ រង្សី ដែលជាស្ថាបនិក និងជាម្ចាស់គេហទំព័រដ៏មានសារៈសំខាន់មួយនេះ ដែលបានផ្តល់កិត្តិយស ក៏ដូចជាឱកាសដល់រូបខ្ញុំបាទក្នុងកិច្ចសម្ភាសន៍មួយនេះ… ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូគ្រប់វិស័យទាំងអស់ ដែលបានបង្ហាត់បង្រៀនខ្ញុំពីមុនមកដោយចេញពីចិត្តស្រឡាញ់ពិតប្រាកដ និងសូមអរគុណដល់មិត្តភក្តិបងប្អូនទាំងអស់ ដែលជួយផ្តល់ជាកម្លាំងចិត្ត ជាពិសេសបណ្ដាអ្នកនិពន្ធកម្ពុជាទាំងឡាយ ដែលខិតខំនិពន្ធសៀវភៅល្អសម្រាប់កុលបុត្រខ្មែរយើងរហូតមក។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា តាមរយៈបទពិសោធន៍ជីវិតរបស់ខ្ញុំទម្រាំអាចមកដល់ថ្ងៃនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់ថា វិស័យអំណាននេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា… ដូច្នេះ ខ្ញុំសូមផ្តាំទៅយុវជនកម្ពុជាយើងទាំងអស់ សូមខិតខំព្យាយាមបង្កើតទម្លាប់អានជារឿយៗទោះតិចក្ដីឬច្រើនក្តី ព្រោះបើយើងស្គាល់អំណានសៀវភៅ គឺហាក់បីដូចជាស្គាល់អំណានជីវិតយ៉ាងដូច្នេះដែរ… ព្រោះស្នូលនៃគំនិតគឺអំណាន ដោយបើយើងអានកាន់តែច្រើន នោះយើងក៏នឹងកាន់តែកើនគំនិតនិងចំណេះដឹងទៅតាមនោះដែរ។” នេះជាមតិ និងសំណូមពរចុងក្រោយរបស់លោក ជា វ៉ាន់សាន្ត ជាពិសេសទាក់ទងនឹងអត្ថប្រយោជន៍នៃការអានសៀវភៅ។ ទស្សនៈរបស់លោកដែលតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមកទាក់ទងនឹងការអានសៀវភៅនេះគឺ “ចូរខំប្រឹងអានសៀវភៅចុះ បើអ្នកពិតជាស្រឡាញ់ជាតិពិតប្រាកដមែន… បើក្នុងដៃគ្មានសៀវភៅ ប្រៀបដូចបិទផ្លូវឱ្យជាតិក្ស័យយ៉ាងដូច្នោះដែរ… ចូរបណ្ដុះដើមសៀវភៅជំនាន់នេះ ដើម្បីបានផ្លែផ្កាថ្លៃថ្លាដល់ជាតិយើងជំនាន់ក្រោយៗតរៀងទៅ” ។
លោក ជា វ៉ាន់សាន្ត ក្នុងរូបភាពរចនាយ៉ាងស្រស់ស្អាត ទាក់ទងនឹងសៀវភៅដែលលោកធ្លាប់ពិនិត្យផ្ទៀងផ្ទាត់
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ជា វ៉ាន់សាន្ត កើតឆ្នាំ១៩៨៣ នៅភ្នំពេញ។ លោកមានឪពុកឈ្មោះ ជា វ៉ាន់ (ស្លាប់២០១៨) និងម្ដាយឈ្មោះ គឹម សំអាត (ស្លាប់២០០៦), មានបងប្អូនបង្កើតទាំងអស់ចំនួន៨នាក់ ដោយលោកជាកូនពៅទី៨ក្នុងគ្រួសារ។ លោករៀបការ នៅឆ្នាំ២០១៩ ជាមួយភរិយាឈ្មោះ ឈន ចន្ថា ហៅ “រាជិនី” ជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូប។ បច្ចុប្បន្ន ក្រៅពីជាពលករ(ពនេចរ)កំពុងបំពេញការងារនៅកូរ៉េខាងត្បូងមួយរូប លោកគឺជាអ្នកនិយមចូលចិត្តអាននិងសរសេរអត្ថបទខ្លីៗបែបអប់រំ លើកទឹកចិត្ត គំនិត ទស្សនៈ សង្គម… ជាពិសេសអ្នកជំនាញផ្នែកត្រួតពិនិត្យឃ្លោងឃ្លាអក្ខរាវិរុទ្ធ បើទោះជាលោកពុំធ្លាប់ទទួលបានការបណ្ដុះបណ្ដាលផ្នែកនេះពីមុនមកក៏ដោយ។ លោកជាបុគ្គលដ៏មានទឹកចិត្តល្អមួយរូប ដែលទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញដែលស្គាល់លោកយ៉ាងខ្លាំង ព្រោះចូលចិត្តជួយអ្នកដទៃដោយពុំទាមទារនូវផលតបស្នង។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើស្នាដៃទាំងឡាយដែលលោកបានជួយពិនិត្យផ្ទៀងផ្ទាត់ទាំងឡាយមានលក្ខណៈល្អយ៉ាងណានោះ លោកអ្នកអាចស្វែងរកសៀវភៅដូចមានចំណងជើងខាងលើយកទៅអានបាន ហើយបើចង់ដឹងថា តើទឹកដៃក្នុងការនិពន្ធរបស់លោកមានកម្រិតណានោះ មានតែរង់ចាំតាមដានជាបន្តទៀតប៉ុណ្ណោះ ព្រោះមិនយូរនោះទេ លោកនឹងបញ្ចេញស្នាដៃផ្ទាល់ខ្លួនជាសាធារណៈហើយ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ជា វ៉ាន់សាន្ត / រក្សាសិទ្ធិ ៖ cambowriter.com