លោក កៅ សីហា បង្ហាញពីការងារដឹកនាំសម្ដែង

  • September 2nd, 2019

លោក កៅ សីហា កើតឆ្នាំ១៩៨២ នៅក្រុងភ្នំពេញ។ លោកមានឪពុកឈ្មោះ អ៊ឹង កៅ និងម្ដាយឈ្មោះ រស់ ប៉ិច។ លោកមានបងប្អូនបង្កើតសរុបទាំងអស់ចំនួន១៧នាក់ តែ​បច្ចុប្បន្ននៅរស់រានមានជីវិត​តែ៨នាក់ប៉ុណ្ណោះ ​ក្នុង​នោះ​ស្រី៣នាក់ ប្រុស៥នាក់ ដោយលោកជាកូនប្រុសពៅក្នុងគ្រួសារ។ បច្ចុប្បន្ន លោក​ជាមន្ត្រីក្រសួងអប់រំ នាយកដ្ឋាន ទំនាក់ទំនងវប្បធម៌ និងអាហាររូបករណ៍ ប៉ុន្ដែ​លោកបានសុំព្យួរការងារនេះសិន  ដោយសារតែលោកមមាញឹកក្នុង​ការងារជាអ្នកនិពន្ធ និង​ដឹកនាំសម្ដែងខ្លាំង​ពេក។ លោកចាប់​ផ្ដើម​​ចូលបម្រើ​ការងារ​ជាអ្នក​ដឹកនាំសម្ដែងនៅ ផលិត​កម្ម រស្មីហង្សមាស ក្នុង​ឆ្នាំ២០០៩ ដោយ​គិត​​មក​ទល់នឹង​ពេលនេះមានយៈ​ពេល១០ឆ្នាំហើយ ហើយ​ក្នុង​ចន្លោះ​​ពេលនោះ លោក​បានដឹកនាំសម្ដែង​បទ​ចម្រៀង​បានដល់​ទៅជាង៦០០-៧០០បទឯណោះ ដែល​ចំនួន​នេះ​ពិតជា​មិនធម្មតាឡើយ។

លោក​ កៅ សីហា ដែលជាអ្នកនិពន្ធ​និងដឹកនាំ​សម្ដែងពោរពេញ​ដោយ​បទ​ពិសោធ​​ជោកជាំរូបនេះ បានបង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា​ “​ខ្ញុំ​ស្រឡាញ់ការងារដឹកនាំសម្ដែងនេះខ្លាំងណាស់ ហើយ​ក៏ជាទេពកោសល្យពីធម្មជាតិរបស់ខ្ញុំផងដែរ តែដោយស្រុកយើងគ្មានសាលាបណ្ដុះបណ្ដាលផ្នែកនេះជាផ្លូវការ ទើបបាន​ជាខ្ញុំចាំបាច់​ត្រូវតែ​ខិតខំសិក្សាស្វែងយល់ពីចំណេះដឹងផ្នែកនេះដោយខ្លួនឯងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន តាមរយៈការស្រាវជ្រាវពីរៀនអ៊ីនធើណេត, រៀនមើលពីរៀមច្បង  និងរៀនដោយការចុះអនុវត្តការងារជាក់ស្ដែងជាដើម ព្រោះ​មាន​តែ​វិធីនេះទេ ដែលអាចជួយពង្រឹងសមត្ថភាពផ្នែក​នេះរបស់ខ្ញុំឱ្យកាន់តែ​រីកចម្រើន និង​អាច​ឈរជើង​​លើ​វិស័យផ្នែកនេះបានមកដល់សព្វថ្ងៃ។”

លោក​ កៅ សីហា បានបង្ហាញពីការលំបាកនិងវិធីជម្នះបញ្ហាទាំងឡាយ​ក្នុងការងារ​ដឹកនាំ​សម្ដែង​របស់​លោកថា ឧបសគ្គលំបាកក្នុងដឹកនាំមានច្រើនកត្តា! ធនធានមនុស្សជាមែងធាងក្នុងជំនាញការងារ, ថវិកា, ទីតាំង, តួ, script, អាកាសធាតុ, មធ្យោបាយផលិត, ឧបករណ៍ប្រើប្រាស់និងសម្ភារៈដែលខ្វះខាតតាមអ្វីដែលចង់បាន ការអនុវត្តច្បាប់ពីរដ្ឋាភិបាល ទីតាំងថតមានការពិបាកមិនអំណោយផលជាដើម ហើយ​ចំពោះ​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នេះ ពេលខ្លះក៏សមបំណង ខ្លះទៀតក៏មិនសមបំណង តែ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​សម្ដែង បើ​យើង​ចង់​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព យើងត្រូវមានភាពឈ្លាសវៃ, រីផ្លិច, ចេះបត់បែនទៅតាមកាលៈទេសៈ។ ឧទាហរណ៍ថា បើតួមកយឺត ឬសម្ដែងមិនសម យើងត្រូវមានបច្ចេកទេសក្នុងនិយាយពន្យល់ ឬលួងលោមទៅតាមចរឹតនិស្ស័យរបស់តួអង្គ​ម្នាក់ៗ។ បើជួបរឿងថវិកា យើងត្រូវចេះលៃលក សន្សំ ហើយធ្វើឱ្យ​មានគុណភាព។ បើជួបបញ្ហាធនធានមនុស្សលើមុខជំនាញ ដែលត្រូវរួមការងារ យើងត្រូវចេះផ្ដល់ឱកាសឱ្យ​ ពន្យល់បន្ថែមទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង​ បើគេខុស ត្រូវប្រាប់ឱ្យគេដឹង ដោយ​មិន​ត្រូវស្ដីបន្ទោសខ្លាំងៗឱ្យឡើយ តែ​ត្រូវ​ជំនួសដោយការពន្យល់ណែនាំនិងលើកទឹកចិត្តវិញ។ បើករណីអាកាសធាតុ យើងត្រូវចេះកែច្នៃ ផ្លាស់​ប្ដូរ script និងទីតាំង ខល ឬពិភាក្សាជាមួយអ្នកនិពន្ឋ។ បើជួបឧបសគ្គលើលិខិតស្នាមពាក់ពន្ឋទីតាំងថត យើងត្រូវចេះសម្របសម្រួល ដោយ​បញ្ហានេះ ខ្ញុំតែងជួបជាញឹកញាប់ និងតែងធ្វើការដោយផ្ទាល់ជាមួយជំនួយការ ឬក្រុមការងាររបស់​ខ្ញុំតែម្ដង។”

ខាងលើ គឺជា​ការលំបាក​និង​វិធីដោះស្រាយបញ្ហា​របស់​ លោក កៅ សីហា ដែល​លោក​តែង​ជួប​ប្រទះ​ក្នុងការងារដឹកនាំសម្ដែង​របស់លោកកន្លងមក ដែល​ស្ដាប់​ទៅពិតជា​មិនមែនជាការងារដែលងាយស្រួល​ឡើយ ហើយ​នៅពេលដែល​សួរលោកថា ដើម្បីអាចក្លាយជាអ្នកដឹកនាំ​សម្ដែងមួយរូបបាន តើ​ត្រូវមានការយល់ដឹងអ្វីខ្លះ? និងមានចំណេះដឹងកម្រិតណានោះ លោក កៅ សីហា ក៏បានចែករំលែកជាចំណេះដឹងដូច្នេះថា “ដើម្បីអាចក្លាយជាអ្នកដឹកនាំសម្ដែងពិត​ប្រាកដ​មួយរូបបាន​ សំខាន់បុគ្គលនោះត្រូវ​មានដុងនិស្ស័យពីកំណើត, ​មានសិល្បៈក្នុងខ្លួន, មានភាពរីផ្លិច, ចេះបត់បែនតាមកាលទេសៈ និង​ត្រូវ​​មានគំនិតច្នៃប្រឌិតខ្ពស់ ជាពិសេស​ត្រូវមានចំណេះដឹងទូទៅទូលំទូលាយ ដែល​យើង​អាច​បង្កើនដល់ខ្លួនបាន​តាមរយៈការអានសៀវភៅ មើលចម្រៀង និងទស្សនាភាពយន្តល្អៗជាដើម។” លោកបានបញ្ជាក់បន្ថែមទៀតថា “ចំណេះដឹង​ផ្នែកដឹកនាំសម្ដែងនេះ ស្រុកយើងមិនទាន់មានសាលាបើកបង្រៀនជាផ្លូវការទេ ដូច្នេះបើយើងចង់មានចំណេះដឹង​ផ្នែកនេះ តោងយើងត្រូវចេះឈ្វេងយល់ដោយខ្លួនឯង និងរៀនពីរៀមច្បងក្នុង​ផ្នែកនេះ ឬមើល​ស្នាដៃ​របស់​ផលិតករឆ្នើមៗរបស់បរទេសឱ្យបាន​ច្រើន រៀនអនុវត្ត​ជាក់ស្ដែង និងបំបែកការងារនេះឱ្យបានកាន់តែល្អបន្ថែមទៀត ​បើ​យើង​អាច​ធ្វើបាន នោះយើង​មុខជា​អាចធ្វើការងាផ្នែកនេះបានជោគជ័យជាក់ជាមិនខាន។”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា សព្វថ្ងៃ លោក កៅ សីហា គឺជាអ្នកនិពន្ធ និងដឹកនាំសម្ដែងដ៏ឆ្នើមមួយរូបប្រចាំ ផលិតកម្ម រស្មីហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ហើយ​អ្វីដែលគួរជាទីមោទនៈចំពោះរូបលោកបំផុតនោះ ថ្មីៗនេះលោកថែមទាំងទទួលបានការកោតសរសើរពី “សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា” ចំពោះស្នាដៃ​ដឹកនាំសម្ដែងរបស់លោកថែមទៀតផង។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ កៅ សីហា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!