លោក ជា បូណាន អ្នកនិពន្ធសៀវភៅជំនាញផ្នែក ហិរញ្ញវត្ថុរូបវន្តបុគ្គល

  • August 6th, 2020

លោក ជា បូណាន កើតថ្ងៃទី៥ ខែមករា ឆ្នាំ​​១៩៨២ នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកមានឪពុកឈ្មោះ ជា អ៊ន ជាអតីតគ្រូបង្រៀន (ស្លាប់) និង​ម្តាយឈ្មោះ ស៊ន សេត ជាកសិករ។ លោកមានបងប្អូនបង្កើត​ចំនួន៥នាក់ ប្រុសទាំងអស់ ដោយ​លោក​ជាកូនទី២ក្នុងគ្រួសារ។ ក្រៅពីជាអ្នក​សរសេរសៀវភៅជំនាញ​មួយរូប លោកជាគ្រូ​បង្រៀនផ្នែក​អចលនទ្រព្យ ហិរញ្ញវត្ថុរូបវន្តបុគ្គល បំណុល និងវិនិយោគដល់យុវជនតាមអនឡាញ ហើយក៏ជាមន្ត្រីរាជការមួយរូបផងដែរ។

លោក ជា បូណាន អ្នកនិពន្ធសៀវភៅជំនាញផ្នែក ហិរញ្ញវត្ថុរូបវន្តបុគ្គល

លោក​ចាប់ផ្តើមសរសេរនៅ​ឆ្នាំ​២០១៦ ដែល​រហូតមកទល់​នឹង​ពេលនេះលោក​និពន្ធ​បាន៤ក្បាលហើយ ដែល​សុទ្ធសឹងជាសៀវភៅទាក់ទងជាមួយ បំណុល, អចលនទ្រព្យ និងហិរញ្ញវត្ថុរូបវន្តបុគ្គល ទាំងអស់ ដែល​សៀវភៅ​ប្រភេទ​នេះ​ពុំសូវជាមានអ្នកនិពន្ធនិយម​​សរសេរ​ឡើយ​។ ហេតុនេះ​ហើយ ទើបជាលោក​មានងារជា​ “ហិរញ្ញវត្ថុរូបវន្តបុគ្គល” រហូត​មកទល់​សព្វថ្ងៃ ព្រោះ​ជាអ្នក​ជំនាញ​ផ្នែកនេះ។

​សៀវភៅ​ទាំង​៤ក្បាលរបស់លោក រួមមានចំណងជើងដូចជា ៖

ទី១ “វិថីទៅកាន់ភាពស្តុកស្តម្ភ”

ទី២ “ប្តូរបំណុល ជាសេរីភាពហិរញ្ញវត្ថុ”

ទី៣ “បង្កើតលុយពីអចលនទ្រព្យ ដោយថាមពលជំនួយ”

និងទី៤ ដែលជា​ស្នាដៃចុងក្រោយទើបចេញផ្សាយ មានចំណងជើងថា “ហិរញ្ញវត្ថុ​រូបវន្តបុគ្គល” ជាសៀវភៅរៀបរាប់ពីវិធីសាស្ត្រ​គ្រប់គ្រងចាត់ចែងលុយ ដែលអាច​ជួយ​ឱ្យជីវិតរស់នៅរីករាយសុខសាន្ត អនាគត​ថ្កុំថ្កើង​រុងរឿង។

សៀវភៅ “ប្តូរបំណុល ជាសេរីភាពហិរញ្ញវត្ថុ” ដែលទទួលបានការគាំទ្រខ្លាំងជាងគេ និងសៀវភៅពីរក្បាលទៀត

ទាក់​ទងនឹង​ស្នាដៃ​ទាំង៤ក្បាលនេះ លោក​ក៏បាន​បញ្ជាក់​ប្រាប់​ដល់ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “សៀវភៅដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺសៀវភៅ “ប្តូរបំណុល ជាសេរីភាពហិរញ្ញវត្ថុ” តែសៀវភៅដែលខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាបានអាន និងគិតថាមានប្រយោជន៍ដល់សង្គមគឺសៀវភៅ ហិរញ្ញវត្ថុរូបវន្តបុគ្គល” ដែលខ្ញុំ​ទើបតែចេញផ្សាយ ក្នុងនោះ​យុវជនជាបុគ្គលដំបូងបំផុតដែល​គួរតែអានសៀវភៅនេះ​ជាពិសេស​។” 

សៀវភៅ “ហិរញ្ញវត្ថុរូបវន្តបុគ្គល” ស្នាដៃទី៤ របស់លោក ជា បូណាន

លោក ជា​ បូណាន បន្ថែមថា “ខ្ញុំក៏​មានគម្រោងចេញផ្សាយ​សៀវភៅថ្មីៗចំនួន​ពីរក្បាលទៀតផងដែរ​នៅចុងឆ្នាំ២០២០នេះ ចំណងជើងអាចជា និទានជីវិត ដែលជារឿងខ្លីៗនិយាយអំពី ទស្សនៈអប់រំ អំពី ជីវិត និង ហិរញ្ញវត្ថុរូបវន្តបុគ្គល។”

មិនថា​វិស័យអ្វីនោះ​ទេ បុគ្គលដែលជោគជ័យសុទ្ធតែ​ជា​បុគ្គលដែល​ពូកែអាន និងផ្ដល់​តម្លៃ​ដល់​ការ​អានសៀវភៅទាំងអស់។ នៅពេលដែល​សួរ​ដល់ចំណុចនេះ លោក​ ជា បូណាន ក៏​បាន​បង្ហាញថា “ខ្ញុំចូលចិត្តអានសៀវភៅស្ទើរតែគ្រប់ប្រធានបទ ស្របតាមបរិបទ និងតម្រូវតាម​ការងារផ្សេងៗដែលខ្ញុំកំពុងអនុវត្ត និងមានផែនការទៅថ្ងៃអនាគត។ ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់ ការអានសៀវភៅផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា ជាមិត្តជជែកដើម្បីស្វែងរកដំណោះស្រាយផ្សេងៗ, ផ្តល់ទិន្នន័យដែលចាំបាច់ក្នុងជីវិតរស់នៅ, ផ្តល់ចំណេះដឹងបន្ថែម ធ្វើឱ្យមានទំនុកចិត្តក្នុងការងារ និងធ្វើឱ្យមានជំនឿចិត្តក្នុងជីវិតរស់នៅជាដើម។”

លោក ជា បូណាន និងប្អូនប្រុស(អាវខៀវឆ្នូត) រួមនឹងមិត្តរួមការងារ

លោក ជា បូណាន បានថ្លែងមុននឹង​បិទបញ្ចប់​បទសម្ភាន៍ថា “ខ្ញុំ​សូមអរគុណដល់ក្រុមការងារ គេហទំព័រអ្នកនិពន្ធកម្ពុជា ដែលបានផ្តល់កិត្តិយសសម្ភាសន៍រូបខ្ញុំនៅពេលនេះ។ ជាចុងបញ្ចប់ ខ្ញុំចង់និយាយថា ការអានសៀវភៅជា​ចំណែកមួយនៃការរៀនសូត្រ មនុស្សគ្រប់រូបខំប្រឹងរៀនដើម្បីទទួលបានការងារល្អ ខំប្រឹងរកដើម្បីទទួលបានលុយ តែមានមនុស្សមិនច្រើននោះទេ ដែលចេះចាត់ចែងលុយដែលរកមកបានដោយលំបាក នោះឱ្យបានល្អប្រសើរដើម្បីធ្វើឱ្យជីវិតមានភាពល្អប្រសើរ។ ដូច្នេះ សៀវភៅ ហិរញ្ញវត្ថុរូបវន្តបុគ្គល ដែលជាស្នាដៃទី៤របស់ខ្ញុំទើបចេញផ្សាយនេះ គឺអាច​ជួយ​លោក​អ្នក​បាន ព្រោះ​រៀបរាប់ពីវិធីសាស្ត្រ​គ្រប់គ្រងចាត់ចែងលុយ ធ្វើឱ្យមនុស្សគ្រប់រូបមានជីវិតរស់នៅរីករាយសុខសាន្ត អនាគតថ្កុំថ្កើង​រុងរឿង។”

លោក ជា បូណាន ក្នុងការិយាល័យបំពេញការងាររបស់ខ្លួន

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក ជា បូណាន កើត​ឆ្នាំ​​១៩៨២ នៅខេត្តបាត់ដំបង។ ​រហូតមកទល់​នឹង​ពេលនេះ លោក​និពន្ធ​បាន៤ក្បាលហើយ ដែល​សុទ្ធសឹងជាសៀវភៅទាក់ទងជាមួយ បំណុល, អចលនទ្រព្យ និងហិរញ្ញវត្ថុរូបវន្តបុគ្គលទាំងអស់។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្តចង់​ទិញយកទៅអាន លោកអ្នក​អាចរកទិញសៀវភៅរបស់លោក​បាន តាម App Kumnit និង Owlebook ជា PDF និង សំឡេង ហើយក៏អាចទិញជាសៀវភៅតាមរយៈហ្វេសប៊ុកផេក ហិរញ្ញវត្ថុរូបវន្តបុគ្គល ​ផងដែរ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ លោក ជា បូណាន / រក្សាសិទ្ធិ ៖ cambowriter.com  


error: អត្ថបទរក្សាសិទ្ធ !!