សូ ភីណា អ្នកផ្ដួចផ្ដើមគំនិតដំបូងក្នុងការបង្កើត “មហោស្រពអក្សរសិល្ប៍ខ្មែរ” ក្នុងប្រទេសកម្ពុជា
- October 1st, 2019
សូ ភីណា អ្នកផ្ដួចផ្ដើមគំនិតដំបូងក្នុងការបង្កើត “មហោស្រពអក្សរសិល្ប៍ខ្មែរ” ក្នុងប្រទេសកម្ពុជា
“ជីវិតដ៏មានន័យបំផុត គឺជាជាជីវិតដែលបានបំពេញជាប្រយោជន៍ដល់ពលរដ្ឋនិងសង្គមជាតិខ្លួន” ទស្សនៈដ៏ល្អនេះហើយដែលជាកត្តាជម្រុញឱ្យកើតមានឡើងនូវសមិទ្ធផលល្អៗជាច្រើនក្នុងវិស័យជាតិសំខាន់ៗនានា តាមរយៈការរិះគិតខិតខំប្រឹងប្រែងសាងបង្កើតនូវការងារ ក៏ដូចជាកម្មវិធីសំខាន់ៗផ្សេងៗ ដោយបុគ្គលឆ្នើមៗទាំងឡាយ ដែលពោរពេញដោយសមត្ថភាពទេពកោសល្យយ៉ាងពិតប្រាកដ។
អ្នកនាង សូ ភីណា មានស្រុកកំណើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នកនាងមានឪពុកឈ្មោះ សូ សឿន និងម្តាយឈ្មោះ អ៊ុង ណារិន ដោយអ្នកនាងជាកូនទី១ក្នុងចំណោមបងប្អូន៣នាក់។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប អ្នកនាងគឺជាប្រធានកម្មវិធីចំណេះដឹង បណ្តាញ និងគោលនយោបាយ នៃ “អង្គការសិល្បៈខ្មែរអមតៈ” ដែលជាអង្គការមួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈ និងវប្បធម៌ និងធ្វើសកម្មភាពក្នុងវិស័យសិល្បៈយ៉ាងសកម្មនៅកម្ពុជាសព្វថ្ងៃ។
ក្របសៀវភៅស្នាដៃរបស់អ្នកនិពន្ធមួយរូប ដែលត្រូវប្រើក្នុងពិព័រណ៌ “មរតកអក្សរសិល្ប៍”
នៅក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” អ្នកនាងបានបង្ហាញប្រាប់ទាក់នងនឹងស្នាដៃផ្នែកតែងនិពន្ធរបស់អ្នកនាងកន្លងមកថា “ខ្ញុំគឺជាអ្នកសរសេររឿងខ្លី និងជាអ្នកផ្តួចផ្តើមចងក្រងកម្រងរឿងខ្លីៗជាមួយអ្នកនិពន្ធជាច្រើនរូបទៀត ដោយកន្លងមកបាននិពន្ធរឿងខ្លីជាច្រើនចំណងជើង និងបានបោះពុម្ពនៅក្នុងសៀវភៅមួយចំនួនដូចជា រឿង “ធ្លាក់ក្នុងអន្លង់ស្នេហ៍” “វិធាវី២០១៦ និងរឿងខ្លីដទៃទៀត” និង “ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត” ដែលកម្រងរឿងខ្លីទាំងអស់នេះបានបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា ដែលមានរូបនាងខ្ញុំផ្ទាល់ និង គី សុជាតា ជាសហស្ថាបនិក។ ចាប់តាំងពីឆ្នាំ២០១៧មក នាងខ្ញុំបានចាប់ផ្តើមស្រាវជ្រាវ និងនិពន្ធប្រលោមលោកមួយក្បាលមានចំណងជើងថា “បុប្ផាណា ផ្កាមិនរុះរោយ” ជាប្រលោមលោក បែបលក្ខណៈច្នៃប្រឌិត ដោយផ្អែកលើជីវិតពិតរបស់នាង ហួត បុប្ផាណា ដែលជាជនរងគ្រោះម្នាក់នៃសម័យខ្មែរក្រហម។ ស្នាដៃនេះ នាងខ្ញុំសង្ឃឹមថានឹងលេចជារូបរាងឡើងនាចុងឆ្នាំ២០១៩នេះ។ ចំណែកឯរឿងប្រលោមលោកមួយចំណងជើងទៀតគឺមានចំណងជើងថា “សៀវភៅកំណត់ហេតុ” វាជារឿងមួយដែលនាងខ្ញុំសរសេរទាក់ទងនឹងស្រ្តីម្នាក់ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូទ្រីស ខណៈដែលត្រូវប្រឈមនឹងបញ្ហាគ្រួសារ និងអតីតកាលដ៏ជូរចត់របស់នាង។ ក្រៅពីនេះ នៅមានសៀវភៅកម្រងកំណាព្យមួយក្បាលទៀត ដែលមានចំណងជើងថា “លិខិតជូនមេឃ” ជាកម្រងរឿងខ្លី និងកំណាព្យ តាក់តែងដោយកវីនិពន្ធ៤រូប រួមមានរូបនាងខ្ញុំផ្ទាល់, លោក យ៉េង ឈាងលី, លោក ជិន មាស, និង លោក សុខ ចាន់ផល ដែលសុទ្ធតែជាអ្នកនិពន្ធដែលត្រូវបានអញ្ជើញជាតំណាងឱ្យកម្ពុជាទៅចូលរួមមហោស្រពប្រាម៉ាពុត្រាក្នុងរដ្ឋអាសាម ប្រទេសឥណ្ឌា។ នាងខ្ញុំក៏សង្ឃឹមថា សៀវភៅទាំងនេះនឹងចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីទុកជាប្រយោជន៍ដល់អក្សរសិល្ប៍ខ្មែរ សង្គម ក៏ដូចជាមនុស្សជាតិទាំងមូល។”
កម្មវិធី “មហោស្រពអក្សរសិល្ប៍ខ្មែរ” លើកទី៣ ឆ្នាំ២០១៩
អ្នកនាង សូ ភីណា គឺជាអ្នកនិពន្ធមួយរូប ដែលផ្ដល់តម្លៃដល់វិស័យអក្សរសិល្ប៍។ ហេតុនេះហើយដើម្បីជាការចូលរួមចំណែកអភិវឌ្ឍវិស័យអក្សរសិល្ប៍ខ្មែរឱ្យកាន់តែរីកចម្រើន អ្នកនាងក៏បានផ្ដួចផ្ដើមគំនិតបង្កើតឱ្យមានជា “មហោស្រពអក្សរសិល្ប៍ខ្មែរ” ឡើង ដោយអ្នកនាងបានបង្ហាញ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ឱ្យបានដឹងពីដំណើរដើមទងដំបូងក្នុងការបង្កើតកម្មវិធីដ៏មានសារៈសំខាន់នេះថា “ដើមឡើយខ្ញុំបានបំផុសគំនិតនេះជាមួយសហស្ថាបនិកស្លាបប៉ាកកាខ្មែរ និង គី សុជាតានិងបន្ទាប់មក ក៏យកគំនិតនេះទៅផ្ដួចផ្ដើមរួមជាមួយអ្នកនិពន្ធមួយក្រុមតូចទៀត ដើម្បីបង្កើត “មហោស្រពអក្សរសិល្ប៍ខ្មែរ” ឡើងនៅដើមឆ្នាំ២០១៧។ ជាលទ្ធផល ពួកយើងបានប្រារព្ធរៀបចំនៅខែតុលា ឆ្នាំដដែល នៅខេត្តសៀមរាបជាលើកដំបូង។ ហើយមូលហេតុដែលខ្ញុំបង្កើតមហោស្រពអក្សរសិល្ប៍នេះឡើង ដោយសារតែនាងខ្ញុំមើលឃើញថានៅកម្ពុជាយើងមិនទាន់មានមហោស្រពអក្សរសិល្ប៍បែបនេះដូចប្រទេសដទៃទៀតនៅឡើយ។ ម៉្យាងទៀត ក្នុងនាមជាអ្នកនិពន្ធកម្ពុជាមួយរូប មិត្តភក្តិអ្នកនិពន្ធបរទេសជាច្រើនរូប តែងតែសួរនាងខ្ញុំថា «តើនៅកម្ពុជាមានមហោស្រពអក្សរសិល្ប៍ទេ?» ដែលតែងតែសួរសំណួរនេះដល់នាងខ្ញុំជាញឹកញាប់ ដែលសំនួរនេះហើយ បានធ្វើឱ្យខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា តើពេលណាទើបប្រទេសកម្ពុជាយើងមានមហោស្រពអក្សរសិល្ប៍? បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមគិតថា ចុះម្តេចក៏យើងមិននាំគ្នាបង្កើតឱ្យមានមហោស្រពអក្សរសិល្ប៍បែបនេះឡើងដោយខ្លួនឯងតែម្តងទៅ? មួយទៀត ខ្ញុំគិតថាមហោស្រពនឹងជាទិវាមួយ ដែលអ្នកនិពន្ធកម្ពុជារួបរួមគ្នា ប្រារព្ធពិធីនេះ និងរីករាយអបអរសាទរនូវសមិទ្ធផល និងស្នាដៃជាមួយគ្នា។ ហើយអ្វីដែលធ្វើឱ្យនាងខ្ញុំរំភើបខ្លាំងបំផុតនោះ នាងខ្ញុំស្ទើរតែមិនជឿថា ពេលរៀបចំជាលើកដំបូងនៅខេត្តសៀមរាប មានអ្នកនិពន្ធខ្មែរចូលរួមច្រើនលើសពីការរំពឹងទុកបែបនោះទេ ព្រោះដើម្បីយើងខ្ញុំគ្រាន់តែគិតរៀបចំជាលក្ខណៈតូចតាចមួយសិនតែប៉ុណ្ណោះ តែបែរជាមានអ្នកនិពន្ធចូលរួមច្រើន ហើយថែមទាំងផ្តើមគំនិតបង្កើតកម្មវីធីនានាដោយជោគជ័យ ទាំងមិនបានរៀបចំទុកជាមុនទៀតផង។ វាពិតជាគួរឱ្យមានមោទនភាពណាស់។
តារាងកម្មវិធី “មហោស្រពអក្សរសិល្ប៍ខ្មែរ” លើកទី៣ ឆ្នាំ២០១៩
អ្នកនាង សូ ភីណា បានបបញ្ជាក់បន្ថែមទៀតថា “មកទល់ពេលនេះ “មហោស្រពអក្សរសិល្ប៍ខ្មែរ” បានប្រារព្ធឡើងពីរដងរួចមកហើយ ដោយលើកទីមួយ ធ្វើនៅខេត្តសៀមរាបឆ្នាំ២០១៧ និងទីពីរនៅខេត្តបាត់ដំបងឆ្នាំ២០១៨ និងលើកទីបី គឺនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា និងបណ្ណាល័យជាតិ នៅថ្ងៃទី១១ដល់១៣ ខែតុលា ខាងមុខនេះ។ មហោស្រពពីរដងខាងលើ សុទ្ធតែរៀបចំឡើងនៅក្នុងវត្តអារាម ដោយសារយើងគិតថា វត្តអារាមមានប្រវត្តិ និងជាថ្នាលបណ្តុះបណ្តាលនូវអក្សរសាស្រ្តខ្មែរ។ មហោស្រពតែងតែបានទទួលការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអជ្ញាធរដែនដី អង្គការសិល្បៈ ក្រុមហ៊ុនឯកជន និងសមាគមនានា ដែលយកចិត្តទុកដាក់ដល់ការលើកកម្ពស់វិស័យនិពន្ធ និងអាននៅកម្ពុជា។ ហើយលក្ខណៈពិសេសនៃកម្មវិធីឆ្នាំនេះគឺទី១ យើងមានពិព័រណ៍ «មរតកអក្សរសិល្ប៍» ដែលជាពិព័រណ៍អំពីអ្នកនិពន្ធពីទសវត្ស៍៦០និង៧០ ដែលមានទេពកោសល្យតែមិនសូវល្បីឈ្មោះ ឬមានគេស្គាល់ច្រើន។ ទីពីរគឺយើងនឹងមានល្ខោនអានពីររឿង ដែលរឿងទីមួយគឺរឿង «ឱ្យបងធ្វើអ្វី ក៏បងធ្វើដែរ» ជារឿងរបស់អ្នកនិពន្ធ សុទ្ធ ប៉ូលីន និងរឿងទី២ «ចម្រៀងនាំសារ» ដែលនិពន្ធដោយនាងខ្ញុំផ្ទាល់។ និងទីបីគឺ មហោស្រពនឹងមានបោះពុម្ពសៀវភៅ «ពីដៃទៅបេះដូង» ដែលជាសៀវភៅចងក្រងកម្រងស្នាដៃជ័យលាភី នៃការប្រលងប្រជែងស្នាដៃអក្សរសិល្ប៍ប្រចាំឆ្នាំ២០១៨ ហើយអ្វីដែលគួរឱ្យរំភើបបំផុតនោះ គឺឆ្នាំនេះមានតូបលក់សៀវភៅដល់ទៅជាង២០តូបឯណោះ ដោយវាកើនឡើងពី១តុ មក១០តុតូចៗ និងឆ្នាំនេះដល់ទៅជាង២០តូប ដូចនេះមិត្តអ្នកអានដែលចូលរួមនឹងមិនខកចិត្តឡើយនៅឆ្នាំ២០១៩នេះ។”
អ្នកនាង សូ ភីណា បានបន្ថែមទៀតទាំងតាំងចិត្តថា “ពួកយើងព្យាយាមបង្កើតមហោស្រពអក្សរសិល្ប៍នេះឡើងជារៀងរាល់ឆ្នាំ ព្រោះជាការចាំបាច់ ដែលប្រទេសមួយ វប្បធម៌មួយ គួរចាំបាច់ត្រូវមានមហោស្រពអក្សរសិល្ប៍ ដើម្បីថែរក្សា និងអភិវឌ្ឍវិស័យនេះ។ កត្តាដែលញ៉ាំងឱ្យយើងខ្ញុំកាន់តែមានទឹកចិត្តរៀបចំកម្មវិធីនេះឡើង ក៏ព្រោះឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំរបស់អ្នកនិពន្ធ ដែលជាគណៈកម្មការនៃមហោស្រពនេះ ដោយបានស្ម័គ្រចិត្តចែករំលែកពេលវេលាជាច្រើន ម្យ៉ាងទៀតដោយសារតែយើងទទួលបាននូវការផ្តល់ទំនុកចិត្តពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សមាគម និងមិត្តភក្តិជាច្រើន ដែលឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ។ ហើយប្រការចុងក្រោយ គឺដោយសារតែឃើញការអបអរសាទរពីអ្នកនិពន្ធ អ្នកបោះពុម្ព និងសាធារណជន ដែលបានសម្តែង ការរីករាយដែលឃើញមានវត្តមានកម្មវិធីនេះឡើង។”
ភ្ជាប់ជាមួយនឹងវិស័យនេះ អ្នកនាង សូ ភីណា ក៏បានបង្ហញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា “នាងខ្ញុំពិតជារំភើបនឹងសប្បាយរីករាយណាស់ ដែលឃើញវិស័យអក្សរសិល្ប៍ខ្មែរនាពេលបច្ចុប្បន្នមានការរីកចម្រើនគួរច្រើនបែបនេះ ដោយសារតែឃើញចំនួនបោះពុម្ពសៀវភៅមានការកើនឡើង និងចំនួនអ្នកអានក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ កត្តានេះអាចបណ្តាលមកពីការរៀបចំឱ្យមានពិព័រណ៍សៀវភៅកម្ពុជា ទិវាជាតិអំណាន និងការតស៊ូមុះមត់របស់អ្នកនិពន្ធកម្ពុជា ដែលខិតខំសរសេរ បើទោះជាមានឧបសគ្គជាច្រើនក៏ដោយ។ តែទោះជាយ៉ាងនេះក្ដី នាងខ្ញុំយល់ថា អ្នកនិពន្ធកម្ពុជាគួរតែបន្តកែច្នៃទឹកដៃ រៀនសូត្រ និងស្រាវជ្រាវបន្ថែម ដើម្បីឱ្យស្នាដៃរបស់ខ្លួនកាន់តែរំលេចនូវអក្សរសិល្ប៍ប្រកបដោយភាពច្នៃប្រឌិត និងមានទេពកោសល្យសិល្បៈអក្សរសិល្ប៍កាន់តែខ្ពស់។”
អ្នកនាងក៏បានធ្វើការសំណូមពរជាចុងក្រោយថា “ហើយជាចុងក្រោយ នាងខ្ញុំសង្ឃឹមថា អ្នកអានកម្ពុជានឹងជាអ្នកអានប្រកបដោយការគិតស៊ីជម្រៅ និងសំណូមពរដល់ស្ថាប័នរដ្ឋាភិបាលគិតគូរ ដល់ការបង្កើនថវិកាថ្នាក់ជាតិប្រចាំឆ្នាំបន្ថែមដល់វិស័យសិល្បៈ និងសកម្មភាពវប្បធម៌ និងសូមគោរពអញ្ជើញអ្នកនិពន្ធ អ្នកបោះពុម្ព អ្នកចែកចាយ បណ្ណាល័យនានា និងអ្នកចូលចិត្តអាន និងសរសេរឱ្យចូលរួមក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ព្រោះកម្មវិធីនេះជារបស់យើងទាំងអស់គ្នា។ ខ្ញុំក៏សំណូមពរដល់ស្ថាប័ន ក្រុមហ៊ុន សមាគម និងសប្បុរសជននានា នៅតែបន្តគាំទ្រ និងសហការឧបត្ថម្ភដល់ការរៀបចំមហោស្រពនេះឱ្យបានច្រើន និងរៀងរហូតតទៅ។
អ្នកនាង សូ ភីណា
“គេហទំព័រអ្នកនិពន្អកម្ពុជា” សូមបញ្ជាក់ថា អ្នកនាង សូ ភីណា មានដើមកំណើតកើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នកនាងជាអ្នកនិពន្ធ និងជាសហស្ថាបនិកនៃ «មហោស្រពអក្សរសិល្ប៍ខ្មែរ»។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប អ្នកនាងគឺជាប្រធានកម្មវិធីចំណេះដឹង បណ្តាញ និងគោលនយោបាយ នៃ “អង្គការសិល្បៈខ្មែរអមតៈ” ដែលជាអង្គការមួយ អភិរក្ស និងអភិវឌ្ឍគាំទ្រវិស័យសិល្បៈ និងវប្បធម៌ និងធ្វើសកម្មភាពក្នុងវិស័យនេះយ៉ាងសកម្មនៅកម្ពុជាសព្វថ្ងៃ។ សូមអរគុណ៕