ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម

  • February 16th, 2020

លោក ផាត ភឿក ដែលជាស្គាល់​ជាទូទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុនឈ្មោះ Sopheak MC លោក​គឺជា​អ្នក​និពន្ធ​កម្ពុជា​មួយ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩០ ក្នុងភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោក​មាន​ឪពុកឈ្មោះ គាំ ផាត និងម្ដាយឈ្មោះ លីម រ៉ន ។ លោក​មានបងប្អូនបង្កើត​ចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដោយ​លោក​ជាកូនច្បងក្នុង​គ្រួសារ ដែល​មាន​ឪពុកម្ដាយជាកសិករ។ សព្វថ្ងៃ ក្រៅ​ពីមានអាជីព​ជាអ្នក​និពន្ធ​ លោកគឺ​​ជាគ្រូបង្រៀនម្នាក់នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច។ បន្ថែម​លើស​ពីនេះ លោក​ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាមផងដែរ។

ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម

លោក​ ផាត ភឿក ចាប់ផ្ដើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅចុងឆ្នាំ២០១៨។ ការតែងនិពន្ធនេះ លោកពុំបានរៀនពីសាលាជំនាញណាមួយនោះទេ ពោលគឺជាឧបនិស្ស័យ និងទេពកោសល្យពីកំណើត គួបផ្សំនឹងការចូលចិត្តអាន និងសរសេររបស់លោក​ ក៏​ជំរុញឱ្យលោក​ចាប់​ផ្ដើម​សរសេរជាប្រលោមលោកតែម្ដងទៅ ហើយ​កន្លងមក លោក​ធ្លាប់សរសេរជាកំណាព្យ និងរឿងខ្លីៗលេងដែរ តែពុំដែលចេញផ្សាយឡើយ រហូត​ទាល់តែចុងឆ្នាំ២០១៨ ទើប​លោក​តាំង​ចិត្តនិពន្ធ​បោះ​ពុម្ព​ផ្សាយ​រឿងប្រលោមលោក​មួយឱ្យលេច​ចេញ​ជារូបរាង​ឡើង ​ដែលមានចំណងជើងថា “ហេមន្ដស្នេហ៍គីហ្សូណា” ដោយ​បានចេញផ្សាយនៅ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ថ្មីៗនេះឯង និង​ទទួល​បានការគាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​អ្នក​អាន។

 ទាក់ទងនឹង​ស្នាដៃ​តែង​និពន្ធ​របស់​លោក​នេះ លោកបានបន្ថែមក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ថា “ក្រៅតែពីប្រលោមលោកខ្ញុំអាចសរសេរកំណាព្យអប់រំ សៀវភៅលើកទឹកចិត្ត និងសៀវភៅសេដ្ឋកិច្ចដែលជាគោលដៅចម្បងរបស់ខ្ញុំ។ មុននឹងមានគំនិតសរសេរប្រលោមលោកនេះ ពីដំបូងខ្ញុំចង់សរសេរសៀវភៅសេដ្ឋកិច្ច និងសៀវភៅលើកទឹកចិត្តជាង តែដោយហេតុថាចំណេះ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅមានកម្រិត ខ្ញុំចាំបាច់ត្រូវសិក្សាបន្ថែម និងសាងកេរ្តិ៍ឈ្មោះតាមរយៈការសរសេរប្រលោមលោកនេះសិន។” នេះជាការបញ្ជាក់របស់លោក​ ផាត ភឿក លើក​ពីនេះ​លោក​ក៏បាន​បន្ថែមទៀតថា “បន្ទាប់ពីប្រលោមលោករឿង “ហេមន្ដស្នេហ៍គីហ្សូណា” ខ្ញុំក៏​មានគម្រោងចេញប្រលោមលោកមួយទៀតផងដែរ តែសុំលាក់ចំណងជើងសិន គ្រាន់តែបង្ហើបថា សាច់រឿងនឹងរៀបរាប់ទេសភាព និងស្នេហានៅខេត្តពីរ គឺរតនគីរី(បឹងយក្សលោម) និងខេត្តព្រះសីហនុ(កោះរ៉ុង)។”

  “ហេមន្ដស្នេហ៍គីហ្សូណា” ស្នាដៃ​របស់លោក ផាក ភឿក

សៀវភៅប្រលោមលោករឿង “ហេមន្ដស្នេហ៍គីហ្សូណា” របស់លោក ផាត ភឿក អ្នក​និពន្ធ​ដែលមានដើមកំណើតចេញ​ពីខេត្តកំពង់ចាមរូបនេះ ទទួលបានការគាំទ្រខ្លាំង​ណាស់ ហើយយើងខ្ញុំ​ជឿថា ស្នាដៃ​ក្រោយៗ​ទៀត​របស់​លោកក៏នឹង​ដូចគ្នា​ផងដែរ​។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្តទាំងអស់គ្នាអាចរកជាវសៀវភៅរបស់លោក​យកទៅអាន លោក​អ្នក​អាន​រកទិញបានដូចជា ៖

– ប្រទេសកូរ៉េ តាមរយៈលោកគ្រូ ទិត្យ សំអាង (Tit Sam Ang) លេខទូរស័ព្ទ (+821) 075239031

– ត្បូងឃ្មុំ ក្រុងសួង តាមរយៈអ្នកគ្រូ ស៊ីរ៉ែន (Siren Srun) ០៩៦ ៣០៦ ៣៦០៣

– ពញាក្រែក អ្នកគ្រូ ហេង ស្រីនិត ០៨៨ ២៦៣០៩៤០

– កំពង់ចាម តូបសៀវភៅក្រោយសាលាព្រះសីហនុ ០៨៦ ៨១៩ ៥៧៩

– តូបសៀវភៅមុខសាលាព្រះសីហនុ (ក្រុងកំពង់ចាម)

– ស្គន់ អ្នកគ្រូ ពិសី (Pisey Jasmine) ០៩៦ ៤០៤ ៧១២២

– ចំការលើ អ្នកគ្រូ តេង ចន្ទវត្ដី (Teng Chanvatey) ០៩៦ ៣០៩ ០០០៦

– ស្ទឹងត្រង់ អ្នកគ្រូ សុង តាក់វណ្ណ (Takvann Son) ០៩២ ៧១២៤៤៨ / ០៨៧៨០៩៦៤៧

– តំបែរ Lun Sreyleak (០៩៧ ៤០៦ ៦០៦១)

– បណ្ណាគារម្ដាយ Online ក្រុងកំពង់ចាម ០៦៩៦៨៦៧០៦ / ០៧១៧១ ៨ ៩១៩១

– អ្នកគ្រូប៊ុន លក្ខិណា (Leakhena Bun) ០៩៨ ៤៦២០៧៥ ក្រុងកំពង់ចាម

– ភ្នំពេញតាមរយៈ ៖ លោកគ្រូ សុខ ឡាក់ (Sok Lak) ០៦៩ ៩៥០ ៥៥៦ / ហាងសៀវភៅ ស្រឡាញ់សៀវភៅ (#Lanhseavpoav) / តូបពន្លឺវិជ្ជា ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ / ផេក Grey Universe, ចំណីខួរក្បាល, Ahgogo Books, FN Library – បណ្ណាល័យ អេហ្វ អិន, Seithakun Books, បណ្ណាគារ Online, បណ្ណាគារ MY Bookshop Cambodia

– បាត់ដំបងតាមរយៈបណ្ណាគារឥន្រ្ទទេវី Indradevi Bookshop ខេត្តបាត់ដំបង

– ក្រចេះតាមរយៈលោកគ្រូ សេន ចិត្រា​ (Chettra Sen) 097 583 8933 និងមានបណ្ណាគារ និងផេកមួយចំនួនទៀត។

ប្អូនស្រីលោក ផាត ភឿក និងស្នាដៃប្រលោមលោករបស់លោក

លោក​ ផាត ភឿក មិនត្រឹមតែជាអ្នកនិពន្ធមួយរូបដែលពូកែនិពន្ធ​ប៉ុណ្ណោះ​ទេ លោក​ក៏ជាអ្នកពូកែអានមួយរូបផងដែរ។ លោកបាន​បង្ហាញ​ពីការ​អាន​របស់​លោក​យ៉ាង​ដូច្នេះថា “បើនិយាយពីការអានសៀវភៅសម្រាប់ខ្ញុំគឺកម្រិតខ្ពស់បំផុតហើយ សឹងតែយកការអានជាអាជីព និងរកស៊ីទៅហើយ ព្រោះតាំងពីតូចមកសៀវភៅគឺជាមិត្តល្អបំផុតហើយ។ សៀវភៅបានកែប្រែចិត្តគំនិត អត្តចរិត ថែមទាំងអាចព្យាបាលអារម្មណ៍តានតឹងរបស់ខ្ញុំ។” លោកបាន​ផ្ដល់ជាគំនិតថា “ចំពោះអ្នកនិពន្ធ ខ្ញុំគិតថាមានសារសំខាន់ណាស់ ព្រោះដើម្បីបានគំនិតល្អៗ និងច្បាស់លាស់ទាមទារអានសៀវភៅឱ្យបានច្រើន ប្រមូលគំនិត សីល្ប៍វិធីក្នុងការសរសេរបានច្រើនបែប ដើម្បីសំយោគចេញជាគំនិតថ្មីមួយផ្សេងទៀតដែលសមហេតុផល និងស្របតាមបរិបទសង្គមៗ”

លោក​បន្ថែម​មុន​នឹង​បិទ​បញ្ចប់​បទសម្ភាសន៍ “ជាចុងក្រោយខ្ញុំសូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ជាពិសេសបងប្រុស គង់ រង្សី ដែលបានផ្ដល់បទសម្ភាសន៍ និងផ្សព្វផ្សាយស្នាដៃរបស់ខ្ញុំមួយនេះ។ ក៏សូមថ្លែងអំណរគុណដល់កវីរៀមច្បងទាំងអស់ ដែលបានផ្ដល់ជាគំនិតតាមរយៈស្នាដៃរបស់លោក ដែលអាចឱ្យខ្ញុំសរសេររឿងមួយនេះឡើង។ កាន់តែពិសេសទៅទៀតនោះ ខ្ញុំសូមថ្លែងអំណរ និងអរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ដែលបានគាំទ្រស្នាដៃដំបូងរបស់ខ្ញុំមួយនេះ បើគ្មានពុកម៉ែបងប្អូនគាំទ្រស្នាដៃមួយនេះមិនបានចេញជារូបរាងឡើងឡើយ។ សូមគោរពជូនពរដល់អ្នកគ្រប់គ្នាជួបតែសេចក្ដីសុខ និងសុភមង្គលគ្រប់ពេលវេលា។”

លោក ផាត ភឿក (Sopheak MC )

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក ផាត ភឿក លោក​គឺជា​អ្នក​និពន្ធ​កម្ពុជា​មួយ ដែលមានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នក​និពន្ធ​ លោកគឺ​​ជាគ្រូបង្រៀនម្នាក់នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច។ បន្ថែម​លើស​ពីនេះ លោក​ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាមផងដែរ។ លោក​ជាម្ចាស់​ស្នាដៃ​សៀវភៅ​ប្រលោមលោក​រឿង “ហេមន្ដស្នេហ៍គីហ្សូណា” និង​កំពុង​ត្រៀមបញ្ចេញស្នាដៃ​និពន្ធ​ថ្មីមួយទៀត​នៅថ្ងៃ​ខាងមុខ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ផាត ភឿក / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!